39 C
Phnom Penh

តុលាការ​ផ្ដន្ទាទោស​លោក ថាច់ សេដ្ឋា ដាក់​ពន្ធនាគារ ៣​ឆ្នាំ​ក្នុង​សំណុំរឿង​ញុះញង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាត់ទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម» ខណៈ​សំណុំរឿង​សែក​ស្អុយ តុលាការ​កាត់ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ។

ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ឈុន ដាវី នៅ​ថ្ងៃទី​១៨ ខែ​តុលា នេះ បាន​ប្រកាស​សាលក្រម​ដោយ​ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដាក់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ៤​លាន​រៀល ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។

ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ភរិយា​របស់​លោក ថាច់ សេដ្ឋា គឺ​លោកស្រី ថាច់ សុខបូរ៉ានី ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ស្វាមី​របស់​គាត់ ទាំង​ដែល​បច្ចុប្បន្ន​លោក ថាច់ សេដ្ឋា កំពុង​មាន​ជំងឺ​ជាប់​ខ្លួន​ផង​ដែរ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់ The Cambodia Daily ថា ការ​កាត់ទោស​ឲ្យ​លោក ថាច់ សេដ្ឋា ជាប់​គុក ៣​ឆ្នាំ គឺជា​ឧក្រិដ្ឋកម្ម​នយោបាយ​ជា​ប្រព័ន្ធ​របស់​របប​ដឹកនាំ​សង្គម​នៃ​ក្រុម​លោក ហ៊ុន ម៉ាណែត។ រឿង​បែប​នេះ​គ្មាន​គោលដៅ​យុត្តិធម៌​ទេ ប៉ុន្តែ​ជា​វិធី​បំបិទ​កម្លាំង​សង្គម​ប្រជាធិបតេយ្យ ដើម្បី​តែ​ក្ដោប​អំណាច​គ្រួសារ​ហ៊ុន។

លោក​និយាយ​ថា វា​ជា​រឿង​ដែល​មេដឹកនាំ​មាន​សតិ​ប្រក្រតី​មិន​អាច​ធ្វើ​បាន ព្រោះ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត សុទ្ធតែ​អួត​ក្អេងក្អាង​អំពី​ប្រជាប្រិយភាព​ដ៏​ខ្ពស់​របស់​ខ្លួន ប៉ុន្តែ​បែរ​ជា​មិន​ហ៊ាន​ប្រកួតប្រជែង ហើយ​ប្រឹង​កាឡៃ​សំណុំរឿង​ចាប់​គូប្រជែង​ដាក់​គុក ព្រោះ​តែ​ចៅក្រម​ជា​មន្ត្រី​របស់​បក្ស​កាន់​អំណាច។

លោក គឹម សុខ អះអាង​ថា អំពើ​ឧក្រិដ្ឋកម្ម​នយោបាយ​របស់​ពួក​អ្នក​ដឹកនាំ​ប្រទេស កាលណា​ប្រព្រឹត្ត​ជា​ប្រព័ន្ធ កម្ចាត់​មិន​រើស​មុខ ប្រើ​គុក និង​ការ​បំភ្លៃ​ច្បាប់​ជា​មូលដ្ឋាន​បែប​នេះ ក៏​អាច​ជា​ដំណាក់កាល​នៃ​ការ​ផ្ដាំ​ផ្ញើ​សម្រាប់​និន្នាការ​ដួល​រលំ​អំណាច​ផង​ដែរ។

ក្រៅពី​សំណុំរឿង «ញុះញង់» លោក ថាច់ សេដ្ឋា ក៏​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា កន្លងទៅ កាត់ទោស​ឲ្យ​ពន្ធនាគារ ១​ឆ្នាំ​កន្លះ និង​ក្នុង​សំណុំរឿង​សែក​អត់​សាច់ប្រាក់​ចំនួន ៥ កាលពី​ឆ្នាំ​២០១៩។ លើស​ពី​នេះ តុលាការ​បាន​បង្គាប់​ឲ្យ​លោក ថាច់ សេដ្ឋា បង់​ប្រាក់​ពិន័យ​ចំនួន ៨​លាន​រៀល ដោយ​ក្នុង​នោះ ទឹកប្រាក់​ចំនួន ៣​លាន​រៀល​បង់​ចូល​រដ្ឋ និង​ចំនួន ៥​លាន​រៀល​បង់​សង​ជំងឺចិត្ត​ដល់​ក្រុមហ៊ុន​បញ្ចាំ រិនឆាយ ផនសប (Rin Chhay Pawn Shop)។

ក្រោយពី​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ខែ​មករា ករណី​ចេញ​សែក​គ្មាន​សាច់ប្រាក់ លោក ថាច់ សេដ្ឋា ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង» បន្ទាប់​ពី​លោក​និយាយ​ពី​ប្រវត្តិសាស្ត្រ​នៃ​ថ្ងៃ ៧​មករា និង​អំពី​ដើមកំណើត​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វៀតណាម នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស