កម្មាភិបាលចិន ដែលជាមន្ត្រីកំពូលក្នុងបក្ស ហើយធ្លាប់ត្រូវគេគិតថាអាចឡើងកាន់តំណែងជាប្រធានាធិបតី ក្រោយពីលោក ហូ ជីនតាវ ចូលនិវត្តន៍កាលពីឆ្នាំ២០១៣ បានទទួលមរណភាពកាលពីម៉ោងរំលងអាធ្រាត្របន្តិចចូលថ្ងៃសុក្រ ទី២៧ ខែតុលា។
បណ្ដាញសារព័ត៌មានអង់គ្លេស LBC បានចុះផ្សាយថា មរណភាពរបស់លោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រីចិន អាចជាការធូរចិត្តបន្តិចដែររបស់លោក ស៊ី ជីនពីង។
លោក លី ខឺឈាង ស្លាប់ក្នុងវ័យ ៦៨ឆ្នាំ ជាមនុស្សជំនិតនឹងអតីតប្រធានាធិបតី ហូ ជីនតាវ ដែលមិនសប្បាយចិត្តនៅពេលដែលលោក ស៊ី កែរដ្ឋធម្មនុញ្ញបន្តកាន់តំណែងប្រធានាធិបតីអាណត្តិទី៣ ដែលប្រទេសនេះពុំធ្លាប់មានពីមុននោះ។
ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន ឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានទទួលមរណភាពដោយជំងឺគាំងបេះដូងភ្លាមៗនៅវេលាម៉ោង ១២ និង ១០នាទីយប់ឈានចូលថ្ងៃសុក្រ នេះ ក្នុងទីក្រុងសៀងហៃ។
មរណភាពរបស់អតីតមេដឹកនាំបក្សកុម្មុយនីស្តចិន លំដាប់ទី២ រូបនេះ កើតឡើងនៅប្រមាណ ១០ខែក្រោយពីលោកបានចូលនិវត្តន៍ បន្ទាប់ពីកាន់តំណែងនាយករដ្ឋមន្ត្រីចិន បាន ២អាណត្តិ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ តាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ នៅពេលដែលលោក លី ខឺឈាង ចូលនិវត្តន៍ ប៉ុន្តែលោក ស៊ី ជីនពីង បែរជាបន្តកាន់តំណែងប្រធានាធិបតីមួយអាណត្តិទៀតទៅវិញ។
យ៉ាងណា មរណភាពភ្លាមៗនៃកម្មាភិបាលលំដាប់ទី២ របស់ចិននេះ បានបង្កឲ្យមានភាពភ្ញាក់ផ្អើលក្នុងប្រទេសចិន។
គេហទំព័ររដ្ឋាភិបាលមួយបានប្ដូរពណ៌មកជាសខ្មៅ ខណៈបណ្ដាញ Weibo របស់ចិន បានប្ដូរប៊ូតុង Like មកជាប៊ូតុងផ្កា ដើម្បីជាការបង្ហាញការកាន់មរណទុក្ខ។
លោក លី ខឺឈាង បានបញ្ចប់ការសិក្សាផ្នែកច្បាប់ និងសេដ្ឋកិច្ច។ លោកក៏មានសមត្ថភាពនិយាយភាសាអង់គ្លេសផងដែរ។ លោកបានទទួលតំណែងជានាយករដ្ឋមន្ត្រីចិន ក្នុងវ័យ ៥៧ឆ្នាំ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣។ លោកក៏ធ្លាប់ត្រូវបានគេចាត់ទុកជាគូប្រជែងមួយដែរក្នុងការស្នងតំណែងជាមេដឹកនាំបក្សកុម្មុយនីស្តចិន បន្ទាប់ពីលោក ហូ ជីនតាវ កាលពីឆ្នាំ២០១៣ ក៏ប៉ុន្តែតំណែងប្រធានាធិបតីចិន ជំនាន់ទី៤ នេះ ត្រូវបានធ្លាក់ទៅលើលោក ស៊ី ជីនពីង រហូតមកដល់ពេលបច្ចុប្បន្ននេះទៅវិញ។
ក្រោយការចូលនិវត្តន៍របស់លោក លី ខឺឈាង តាំងពីខែមីនា ឆ្នាំ២០២៣ មក តំណែងនាយករដ្ឋមន្ត្រីចិន ត្រូវបានជំនួសដោយលោក លី ខឺឈាំង ដែលមានវ័យ ៦៣ឆ្នាំ និងជាអតីតលេខាបក្សកុម្មុយនីស្តចិន ក្រុងសៀងហៃ។
ក៏ប៉ុន្តែអាណត្តិរបស់នាយករដ្ឋមន្ត្រី លី ខឺឈាំង គឺមានរដ្ឋមន្ត្រី ៤រូបហើយត្រូវបានបណ្ដេញពីមុខតំណែងក្នុងនោះមានរដ្ឋមន្ត្រីការពារជាតិ Li Shangfu រដ្ឋមន្ត្រីការបរទេស លោក Qin Gang។ កម្មាភិបាលចិន ២រូបនេះមុនដកចេញពីតំណែង សុទ្ធតែបាត់មុខយូរខែពីមហាជនចិន។
ចំណែករដ្ឋមន្ត្រី ២រូបទៀតដែលត្រូវបានបណ្ដេញពីតំណែង គឺរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Liu Kun និងរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Wang Zhigang។ សំណុំរឿងឈានដល់ការដកហូតតំណែងរដ្ឋមន្ត្រី ៣រូបនេះនៅថ្ងៃទី២៤ ខែតុលា ត្រូវបានសង្ស័យថាអាចមកពីរឿងកិបកេង ពុករលួយ និងបញ្ហាទំនាស់ក្នុងបក្សកុម្មុយនីស្តចិន៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

