37 C
Phnom Penh

លោក ហ៊ុន សែន បន្ត​កាត់​ឆ្វៀល​ដី​រដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ជិត​៨០០​ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ដែល​ល្បីល្បាញ​ខាង​លក់​ដី​រដ្ឋ និង​បំផ្លាញ​ព្រៃឈើ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ដី​សាធារណៈ​របស់​រដ្ឋ​ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ជិត ៨០០​ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ C99 International Investment (Cambodia) Co.,Ltd សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ជា​សណ្ឋាគារ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ធ្វើ​ជា​កម្មសិទ្ធិ។

លោក ហ៊ុន សែន ដែល​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​រំលោភ​ដី​រដ្ឋ​ឱ្យ​ទៅ​បក្ខពួក និង​សាច់ញាតិ​ខ្លួនឯង បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣១ តុលា នេះ បាន​សម្រេច​ធ្វើ​អនុប្បយោគ​ដី​សាធារណៈ​របស់​រដ្ឋ​ទំហំ ៧៩៩​ហិកតារ​ស្ថិត​នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ជា​ដី​ឯកជន​របស់​រដ្ឋ ដល់​ក្រុមហ៊ុន​ឯកជន​ឈ្មោះ C99 International Investment (Cambodia) Co., Ltd សម្រាប់​ធ្វើការ​អភិវឌ្ឍ ក្នុង​នោះ​ផ្ទៃដី ២០​ភាគរយ ត្រូវ​ប្រគល់​ទៅ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាន់កាប់​ជា​កម្មសិទ្ធិ​ផង​ដែរ។

មេដឹកនាំ​ដែល​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​លោក ហ៊ុន សែន អះអាង​ក្នុង​អនុក្រឹត្យ​របស់​ខ្លួន​ថា ផ្ទៃដី​ទំហំ ៧៩៩​ហិកតារ ត្រូវ​បែងចែក​ជា​ពីរ​ផ្នែក គឺ​ទំហំ​ដី ៦៣៩​ហិកតារ និង ២០​អា ដែល​ស្មើ​នឹង ៨០% ត្រូវ​ផ្ដល់​ជា​កម្មសិទ្ធិ​ជូន​ក្រុមហ៊ុន C99 International Investment (Cambodia) Co.,Ltd សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ជា​សណ្ឋាគារ វីឡា​ទំនើប អគារ​ស្នាក់នៅ រួម​មាន​ផ្សារ​ទំនើប ភោជនីយដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម តំបន់​សេវាកម្ម​នានា និង​ឃ្លាំង​ដាក់​សម្ភារៈ។

មេដឹកនាំ​ដែល​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​បន្ត​ពូជ​លោក ហ៊ុន សែន បញ្ជាក់​ថា ចំណែក​ផ្ទៃដី​ទំហំ ១៥៩​ហិកតារ និង ៨០​អា​ទៀត​ដែល​ស្មើ​នឹង ២០% នៃ​ផ្ទៃដី​សរុប​ខាងលើ​នេះ ត្រូវ​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជា​កម្មសិទ្ធិ ដូច្នេះ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ដែនដី ក្រសួង​មហាផ្ទៃ ត្រូវតែ​អនុវត្ត​តាម​ខ្លឹមសារ​របស់​អនុក្រឹត្យ​នេះ​តទៅ។

ការ​កាត់​ឆ្វៀល​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​នេះ បាន​ធ្វើ​ជា​ហូរហែ​ដែល​គេ​មើល​ឃើញ​ថា តំបន់​អភិរក្ស​នានា​កំពុង​រង​នូវ​ការ​បំផ្លាញ​ទាំង​បរិស្ថាន និង​ព្រៃឈើ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ​ទាំងនោះ​រហូត​មក។

ការ​កាត់​ឆ្វៀល​ដី​រដ្ឋ​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​ក្រុមហ៊ុន​ឯកជន​នេះ មិន​មែន​ជា​លើក​ទី​១ ទេ ហើយ​ក៏​មិន​មែន​ជា​លើក​ចុងក្រោយ​ដែរ​សម្រាប់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។ ជាក់ស្តែង កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន ១៥ ដើម្បី​ត្រៀម​ធ្វើ​អនុប្បយោគ និង​បែងចែក​ជា​កម្មសិទ្ធិ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​ធ្វើការ​អភិវឌ្ឍ ខណៈ​ខេត្ត​ដែល​មិន​ជាប់​ក្នុង​អនុក្រឹត្យ​នេះ ក៏​ត្រូវ​រង​នូវ​ការ​បែងចែក​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​កាន់កាប់​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​ផង​ដែរ។

ទាក់ទិន​នឹង​ការ​កាត់​ឆ្វៀល​ដី​ក្នុង​ខេត្ត​ព្រះសីហនុ នេះ កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​កាត់​ឆ្វៀល​ដី​ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជាង ១​ម៉ឺន​ម៉ែត្រ​ក្រឡា (១​ហិកតារ ២១​អា ៦១​សង់ទីអា) ប្រគល់​ជា​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ផង​ដែរ។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​សម្រេច​ផ្ដល់​ដី​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ជាង ២០០​ហិកតារ (២៤២​ហិកតារ) ឱ្យ​ទៅ​ក្រុមហ៊ុន​កូនប្រុស​ពៅ​របស់​លោក យឹម ឆៃលី ដែល​ជា​ដន្លង​របស់​ខ្លួន ធ្វើជា​កម្មសិទ្ធិ ព្រម​ទាំង​ទទួល​បាន​សិទ្ធិ​ជួល​ដី​ឧទ្យាន​ជាតិ​មួយ​នេះ​ទំហំ​ជាង ៤០០​ហិកតារ (៤៨៩​ហិកតារ) ថែម​ទៀត។

ជុំវិញ​ការ​ផ្តល់​ដី​នៅ​តំបន់​ការពារ​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន និង​អ្នក​មាន​ទ្រព្យធន ត្រូវ​គេ​មើល​ឃើញ​ថា មន្ត្រី​ជាន់ខ្ពស់ និង​ឧកញ៉ា​ជាច្រើន​ដែល​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន រួម​ទាំង​សាច់ញាតិ និង​កូនៗ​បង្កើត​របស់​គាត់ សុទ្ធតែ​បាន​ទទួល​ដី​ទាំងនេះ​ជាច្រើន​រយ​ហិកតារ​ធ្វើជា​កម្មសិទ្ធិ ខណៈ​ព្រៃឈើ​នៅ​តំបន់​ដែល​លោក ហ៊ុន សែន សម្បទាន​ទាំងនោះ​ត្រូវ​រង​នូវ​ការ​កាប់​បំផ្លាញ និង​គ្រប់គ្រង​ដោយ​គ្មាន​តម្លាភាព​ទាំងអស់។

ក្រៅពី​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​បក្ខពួក និង​សែស្រឡាយ​ខ្លួនឯង និង​ក្រុមហ៊ុន​ឯកជន​ដែល​ជា​បក្ខពួក​របស់​ខ្លួន លោក ហ៊ុន សែន ក៏​បាន​ផ្តល់​ដី​ក្នុង​តំបន់​ការពារ​នានា​ឱ្យ​ទៅ​ក្រុមហ៊ុន​បរទេស​ផង​ដែរ ដូចជា ក្រុមហ៊ុន Union Development Group (UDG) របស់​ចិន ដែល​ទទួល​បាន​ដី​សម្បទាន​ជាង ៣​ម៉ឺន​ហិកតារ (៣៦០០០​ហិកតារ) ផង​ដែរ​សម្រាប់​ជួល​រយៈពេល ៩៩​ឆ្នាំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ ខេត្ត​កោះកុង កាលពី​ឆ្នាំ​២០០៨ កន្លងទៅ។

កាលពី​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៣ អង្គការ​សមាគម​ធាងត្នោត បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ជុំវិញ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ថា ការ​ចេញ​អនុក្រឹត្យ​ដើម្បី​បំប្លែង​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ដី​ឯកជន​របស់​រដ្ឋ និង​ប្រគល់​ឱ្យ​បុគ្គល​ឯកជន និង​ស្ថាប័ន​នានា ហាក់ដូចជា​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ។

អង្គការ​សមាគម​ធាងត្នោត បញ្ជាក់​ថា ការ​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នា​ពេល​កន្លង​មក គឺ​ធ្វើ​ឡើង​ដោយ​ខ្វះ​តម្លាភាព និង​មិន​បាន​ផ្តល់​ហេតុផល​ឱ្យ​សាធារណជន​បាន​ដឹង​ឡើយ ក្នុង​នោះ​ច្បាប់​ភូមិបាល និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ បាន​ចែង​ថា ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ពុំ​អាច​ផ្តល់​ជា​កម្មវត្ថុ​នៃ​ការ​លក់ដូរ ប្រទានកម្ម ឬ​សម្បទាន​បាន​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ធ្លាប់​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពន្យល់ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្បាស់លាស់​ពី​ការ​កាត់​ដី​ក្នុង​តំបន់​ការពារ និង​ការ​ធ្វើ​អនុប្បយោគ​នៅ​តាម​តំបន់​ផ្សេងៗ​ដែល​ខ្លួន​បាន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​ឱ្យ​មាន​តម្លាភាព​ក្នុង​ការ​ទទួល​ខុសត្រូវ​លើ​ការងារ​របស់​ខ្លួន ប៉ុន្តែ​រដ្ឋាភិបាល​នៅតែ​បន្ត​បែងចែក​ដី​រដ្ឋ​ឱ្យ​ក្រុមហ៊ុន​ស្ថាប័ន និង​បុគ្គល​ឯកជន​ដោយ​លាក់បាំង​ដដែល​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស