28 C
Phnom Penh

អគ្គនាយក​ពន្ធដារ​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ពលរដ្ឋ​មិន​បង់​ពន្ធ​អចលនទ្រព្យ​និង​ដីធ្លី​មិន​ប្រើប្រាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា លោក គង់ វិបុល ព្រមាន​ថា​ចាប់ពី​ឆ្នាំ​២០២៤ តទៅ ម្ចាស់​អចលនទ្រព្យ​ដែល​មិន​ទាន់​បំពេញ​កាតព្វកិច្ច​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​ដែល​មិន​បាន​ប្រើប្រាស់​ឱ្យ​បាន​ទាន់​ពេល​ទេ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​អនុវត្ត​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​ជា​កំហិត ខណៈ​ពេលវេលា​កំណត់​នៅ​សល់​ត្រឹមតែ ៦០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

លោក គង់ វិបុល បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​លើកលែង​ទណ្ឌកម្ម​រដ្ឋបាល ពន្ធ​បន្ថែម និង​ការប្រាក់​ចំពោះ​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​ដែល​មិន​បាន​ប្រើប្រាស់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដើម្បី​ទទួល​បាន​ការ​លើកលែង​ទណ្ឌកម្ម​រដ្ឋបាល ពន្ធ​បន្ថែម និង​ការប្រាក់​ចំពោះ​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​ដែល​មិន​បាន​ប្រើប្រាស់ ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ត្រូវ​រួសរាន់​មក​ចុះបញ្ជី ឬ​ធ្វើ​បច្ចុប្បន្នភាព​ប្រកាស និង​បង់​ប្រាក់​ពន្ធ​ឱ្យ​បាន​មុន​ដំណាច់​ឆ្នាំ​២០២៣ ជា​កំណត់។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​រូប​នេះ​លើកឡើង​ថា ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​អចលនទ្រព្យ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ប្រកាស និង​បង់​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​មិន​បាន​ប្រើប្រាស់ និង​ជំរុញ​ការ​ចុះបញ្ជី​អចលនទ្រព្យ ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ដែល​កន្លង​មក​មិន​ទាន់​បាន​ចុះបញ្ជី និង​ប្រកាស​បង់​ប្រាក់​ពន្ធ ឬ​បង់​ប្រាក់​ពន្ធ​ខ្វះ ឬ​បង់​ប្រាក់​ពន្ធ​យឺត​កន្លងមក ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តម្រូវ​ឱ្យ​បង់​ត្រឹមតែ​ប្រាក់​ពន្ធ​ប៉ុណ្ណោះ មិន​មាន​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋបាល ពន្ធ​បន្ថែម និង​ការប្រាក់​ឡើយ។

លោក គង់ វិបុល បញ្ជាក់​ថា ក្នុង​ករណី​អចលនទ្រព្យ និង​ដីធ្លី​ដែល​មិន​បាន​ប្រើប្រាស់​ទាំងនោះ​ប្រែប្រួល ដូចជា​ដី​ត្រូវ​បាន​យក​ទៅ​សាងសង់​ផ្ទះ អគារ និង​សំណង់​ផ្សេងៗ ឬ​ផ្ទះ អគារ និង​សំណង់​ផ្សេងៗ​ត្រូវ​បាន​សាងសង់​បន្ថែម ឬ​បន្ថយ ឬ​រំលាយ​ចោល ឬ​អចលនទ្រព្យ​ត្រូវ​បាន​ផ្លាស់ប្ដូរ​កម្មសិទ្ធិករ អ្នក​កាន់កាប់ ឬ​អ្នក​ទទួល ប្រយោជន៍​ចុងក្រោយ​នៃ​អចលនទ្រព្យ អ្នក​ជាប់​ពន្ធ​ដែល​ជា​ម្ចាស់​អចលនទ្រព្យ ត្រូវ​ផ្ដល់​ព័ត៌មាន​ជូន​រដ្ឋបាល​សារពើពន្ធ​អំពី​បច្ចុប្បន្នភាព​អចលនទ្រព្យ​របស់​ខ្លួន​ជាបន្ទាន់ ដោយ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដែល​ពាក់ព័ន្ធ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បង់​ពន្ធ ឱ្យ​រួសរាន់​ទៅ​ចុះបញ្ជី​អចលនទ្រព្យ​របស់​ខ្លួន​ឱ្យ​បាន​មុន​ដាច់​ឆ្នាំ​២០២៣ នេះ។

រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កំពុង​ចាត់​វិធានការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​គ្រប់​ច្រកល្ហក​នៅ​ដើម​ឆ្នាំ​២០២៤ ខាងមុខ​នេះ​តទៅ ខណៈ​ពន្ធ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​បង់​ជូន​រដ្ឋ គឺ​មាន​ដល់​ទៅ ២០​ប្រភេទ​ខុសៗ​គ្នា ទាំង​ត្រូវ​បង់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ដូចជា ពន្ធ​លើ​ប្រាក់ចំណូល​ចាប់ពី ៥% ទៅ ២០% ពន្ធ​លើ​ចំណេញ​មូលធន​ចំនួន ២០% ពន្ធ​លើ​អចលនទ្រព្យ ០,១% ពន្ធ​អាករ​បំភ្លឺ​សាធារណៈ ៣%។

បន្ថែម​ពី​នេះ ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​ដែល​ត្រូវ​កំណត់​តម្លៃ​តាម​ប្រភេទ​យានយន្ត ពន្ធ​ប្រថាប់ត្រា ៤% ពន្ធ​ស្នាក់នៅ ២% ពន្ធ​លើ​ដីធ្លី​មិន​ទាន់​បាន​ប្រើប្រាស់ ២% ពន្ធ​លើ​ថ្លៃឈ្នួល​អចលនទ្រព្យ ១០% ពន្ធ​ប៉ាតង់ គឺ​ត្រូវ​កំណត់​តាម​ប្រភេទ​អាជីវកម្ម និង​ពន្ធ​លើ​តម្លៃ​បន្ថែម ១០% ជាដើម។

ជាង​នេះ​ទៀត នៅ​មាន​ពន្ធ​កាត់​ទុក ១៥% ពន្ធ​អប្បបរមា ១% ពន្ធ​លើ​ប្រាក់បៀវត្ស​ចាប់ពី ៥% ទៅ ២០% ពន្ធ​កាត់​ទុក​ពី​ការ​ចំណេញ​លើ​ការប្រាក់ ៦% ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ចាប់ពី ០% ទៅ ៣០% ពន្ធ​ប្រថាប់ត្រា​មាន ៤% និង ១% ពន្ធ​កាត់​ទុក​ចាប់ពី ១០% ១៥% និង ១៤% ពន្ធ​កាត់​ទុក​ពី​ការ​បញ្ញើ​ប្រាក់​គ្មាន​ដែន​កំណត់ ៤% ពន្ធ​អាករ​ពិសេស​លើ​ទំនិញ និង​សេវា ១០% និង​ពន្ធ​ចំណេញ​មូលធន ២០% ផង​ដែរ។

ទាក់ទិន​នឹង​ការ​ប្រមូល​ពន្ធ​នេះ បណ្ឌិត ប៉ា ចន្ទរឿន ធ្លាប់​បាន​លើកឡើង​ថា ប្រទេស​ស្វីស គឺជា​ប្រទេស​ដែល​យក​ពន្ធ​គ្រប់​មុខ​ដូច​ប្រទេស​ដទៃ​ដែរ ដូចជា ពន្ធ​លើ​ប្រាក់​បៀវត្ស ពន្ធ​អចលនទ្រព្យ ពន្ធ​យានយន្ត និង​ពន្ធ​អាជីវកម្ម ជាដើម ប៉ុន្តែ​ជា​ការ​ឆ្លើយតប​នឹង​ការ​ប្រមូល​ពន្ធ​នេះ រដ្ឋាភិបាល​ស្វីស បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ត្រឡប់​មក​វិញ​នូវ​ផ្លូវ​ថ្នល់​ស្អាត​គ្រប់​ទីកន្លែង សន្តិសុខ សុវត្ថិភាព​ពេញលេញ ផ្តល់​សេវា​សុខភាព​មាន​គុណភាព ផ្តល់​កន្លែង​ស្នាក់នៅ ថវិកា អាហារ និង​ការ​រៀនសូត្រ​ដល់​អ្នក​ក្រីក្រ ព្រមទាំង​ជួយ​ឧបត្ថម្ភ​បង្គ្រប់​ជីវភាព​សម្រាប់​គ្រួសារ​ដែល​មាន​ចំណូល​ទាប​ជាង​ស្តង់ដារ ជាដើម។

ជាង​នេះ​ទៀត រដ្ឋាភិបាល​នៃ​ប្រទេស​ស្វីស ក៏​បាន​ផ្តល់​ប្រាក់​ចិញ្ចឹម​កូន​ដែល​ទើប​នឹង​ប្រសូត​ប្រមាណ ៤០០​ដុល្លារ​មួយ​ខែ​សម្រាប់​កូន​ម្នាក់​ក្នុង​រយៈពេល ១៨​ឆ្នាំ ផ្តល់​នូវ​សង្គម​មួយ​ដែល​គ្មាន​ការ​រំលោភ​បំពាន គ្មាន​ហិង្សា។ លើស​ពី​នេះ ពលរដ្ឋ​ដែល​បាត់បង់​ការងារ រដ្ឋ​មាន​កាតព្វកិច្ច​ផ្តល់​ប្រាក់​បៀវត្ស​ប្រមាណ ៧០% នៃ​ប្រាក់ខែ​ចុងក្រោយ​របស់​ពួកគេ​សម្រាប់​រយៈពេល ១៨ ទៅ ២៤​ខែ និង​បណ្តុះបណ្តាល​លើ​ជំនាញ​ដែល​ខ្វះខាត​ឱ្យ​ឥត​គិត​ថ្លៃ​ថែម​ទៀត។

បណ្ឌិត ប៉ា ចន្ទរឿន បញ្ជាក់​ថា ពេល​ចូល​និវត្តន៍ ពលរដ្ឋ​ស្វីស អាច​ទទួល​បាន​ប្រាក់​សោធន​ដោយ​ទៀងទាត់ ទោះជា​ពួកគេ​ចាកចេញ​ពី​ប្រទេស​ស្វីស ទៅ​រស់នៅ​ប្រទេស​ដទៃ​ក៏ដោយ ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ រដ្ឋាភិបាល​ស្វីស នៅតែ​មាន​កាតព្វកិច្ច​រ៉ាប់រង​ក្នុង​ការ​ចិញ្ចឹម​ពួកគេ​ដូច​មុន​ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស