29 C
Phnom Penh

ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ត្អូញត្អែរ​ពី​វិធានការ​ប្រមូល​ពន្ធ ស្រប​ពេល​ជំនួញ​ពួកគេ​កំពុង​ដាំ​ក្បាល​ចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់​អាជីវកម្ម​មួយ​ចំនួន ត្អូញត្អែរ​ពី​វិធានការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ថា​វិធានការ​នេះ​កំពុង​គាបសង្កត់​អាជីវកម្ម​របស់​ពួកគេ​កាន់តែ​ធ្ងន់​ឡើងៗ ស្រប​ពេល​ដែល​មុខជំនួញ​របស់​ខ្លួន​កំពុង​ប្រឈម​នឹង​បញ្ហា ប៉ុន្តែ​រដ្ឋាភិបាល​គ្មាន​ដំណោះស្រាយ​សម្រាប់​ពួកគេ​ទាល់​តែសោះ។

ម្ចាស់​អាជីវកម្ម​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​កណ្តាល ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ ជាដើម ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ផែនការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ បាន​ក្លាយ​ជា​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ម្ចាស់​អាជីវកម្ម​របស់​ពួកគាត់ ព្រោះ​ថា​ពិត​មែន​តែ​គាត់​ជា​ម្ចាស់​អាជីវកម្ម​ធំៗ ប៉ុន្តែ​មិនមែន​ពួកគាត់​មាន​លុយ​សម្រាប់​ប្រតិបត្តិ​អាជីវកម្ម​របស់​ខ្លួន​ទាំងស្រុង​នោះ​ទេ ក្នុង​នោះ​ក៏​មាន​ការ​ខ្ចី​បំណុល​ពី​ធនាគារ​ដែរ ដើម្បី​ដំណើរការ​ជំនួញ​របស់​ខ្លួន។

ប្រភព​ខាងលើ​រៀបរាប់​ថា ក្រោយ​រដ្ឋាភិបាល​រឹតត្បិត​ការ​ប្រមូល​ពន្ធ ស្រាប់តែ​ខាង​ធនាគារ​ដែល​ពួកគេ​ធ្លាប់​ខ្ចី​លុយ ក៏​បាន​ដំឡើង​ការប្រាក់​រាល់​កម្ចី​ទាំងអស់​ផង​ដែរ ក្នុង​នោះ​ទំហំ​ទឹកប្រាក់​ដែល​ពួកគាត់​ធ្លាប់​ខ្ចី​ប្រមាណ​ជា ៤​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ ៧​ម៉ឺន​ដុល្លារ​អាមេរិក ដែល​ខាង​ធនាគារ​ធ្លាប់​កំណត់​ការប្រាក់​ត្រឹមតែ ០,៨៩​ភាគរយ ទៅ ០,៩០​ភាគរយ ស្រាប់តែ​ធនាគារ​ដំឡើង​ដល់ ១​ភាគរយ​ទៅ​វិញ ក្រោម​ហេតុផល​ថា ធនាគារ​ត្រូវ​គិត​ទៅ​លើ​ការ​បង់​ពន្ធ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​នៅ​ពេលនេះ។

ម្ចាស់​អាជីវកម្ម​ខាងលើ​ត្អូញត្អែរ​ថា នៅ​ពេល​ដែល​ធនាគារ​ដំឡើង​ការប្រាក់​បែប​នេះ ពួកគាត់​ដែល​បាន​ខ្ចី​បំណុល​ពី​ធនាគារ​មក​ប្រកប​អាជីវកម្ម ក៏​ត្រូវតែ​ដំឡើង​ថ្លៃ​អីវ៉ាន់​របស់​ខ្លួន​ដែរ ខណៈ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​តែ​ទិញ​អីវ៉ាន់​របស់​ពួកគាត់ បាន​នាំគ្នា​រអ៊ូ​រទាំ​ពី​ការ​ឡើង​ថ្លៃ​នេះ ខណៈ​ម៉ូយ​ដែល​ធ្លាប់​តែ​កុម្ម៉ង់​ទិញ​អីវ៉ាន់​ច្រើនៗ ក៏​មាន​ការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ក្រោម​ហេតុផល​ថា លក់​មិន​សូវ​ដាច់។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​ដាក់​ចេញ​នូវ​វិធានការ​នៃ​ការ​ប្រមូល​ពន្ធ​យ៉ាង​តក់ក្រហល់​ពី​ប្រជាពលរដ្ឋ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម និង​ប្រជាពលរដ្ឋ​ប្រឈម​នឹង​បញ្ហា។

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៩ តុលា នេះ​ថា អស់​រយៈពេល​ជិត ២​ខែ​មក​ហើយ​ដែល​លោក ហ៊ុន ម៉ាណែត បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ថ្មី​នេះ​មិន​ទាន់​មាន​គោលនយោបាយ​អាទិភាព​ណា​មួយ​ក្នុង​ការ​ជួយ​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ដូចជា​ការ​បញ្ចុះ​ថ្លៃ​សាំង និង​ការ​បញ្ចុះ​ថ្លៃ​ទំនិញ​លើ​ទីផ្សារ ជាដើម។

ប្រភព​ដដែល​លើកឡើង​ថា ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​តែ​ជួប​ប្រទះ​ការ​ខ្វះខាត​ជីវភាព ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក គ្មាន​លុយ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ត្រឹមតែ​មិន​បាន​ជួយ​សម្រាល​បន្ទុក​របស់​ពួកគេ​ទេ តែ​បែរ​ជា​ជំរិត​ឱ្យ​ប្រជាពលរដ្ឋ​បង់​ពន្ធ​លើ​អចលនទ្រព្យ​ដែល​ជា​ការ​ដាក់​បន្ទុក​ទៅ​លើ​ពួកគេ​កាន់តែ​ខ្លាំង​ទៅវិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចេញ​វិធានការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ បាន​បង្ហាញ​ថា រដ្ឋាភិបាល​ថ្មី​នេះ​កំពុង​ខ្វះ​លុយ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ចំណាយ​របស់​ខ្លួន​ធ្ងន់ធ្ងរ ដូច្នេះ​លោក​មិន​រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​ងើប​ពី​ឱនភាព​បាន​ទេ ក្នុង​នោះ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​នានា ក៏​នឹង​រង​នូវ​ឥទ្ធិពល​ដ៏​អាក្រក់​ពី​បញ្ហា​នេះ​ដែរ។

ចំណែក​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ព្រោះ​ថា​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​កម្ពុជា​នៅ​ខ្វះ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ទៀត ដើម្បី​បង្គ្រប់​ផែនការ​ចំណាយ​របស់​ខ្លួន ដូច្នេះ​ហើយ​ការ​ដាក់​ផែនការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​ដើម្បី​បង្គ្រប់​ការ​ចំណាយ​ក្នុង​ឆ្នាំ​នេះ បាន​ដាក់​បន្ទុក​លើ​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​កំពុង​ធ្លាក់​ចុះ​នៅ​ពេលនេះ​កាន់តែ​ខ្លាំង។

ដោយឡែក​អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក មុត ចន្ថា បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​មិន​ទាន់​អនុវត្ត​គោលនយោបាយ​ណា​មួយ​ដើម្បី​រក​ផល​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដូច​នាយករដ្ឋមន្ត្រី​ថៃ នៅឡើយ​ទេ ក្រៅតែ​ពី​អួត គឺ​មាន​តែ​កុហក​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ ដូចជា កុហក​ថា​កម្ពុជា​មាន​អត្រា​ការងារ​រហូត​ដល់​ជាង ៩៩% ជាដើម ខណៈ​កម្មករ​ថ្ងូរ​គ្រប់​ទីកន្លែង​ថា​គ្មាន​លុយ​សង​បំណុល​ធនាគារ។

កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០២៣ ចំនួន ៩,៦​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ផែនការ​ប្រមូល​ចំណូល​ត្រឡប់​មក​វិញ រដ្ឋាភិបាល​រំពឹង​ថា​នឹង​ប្រមូល​ឱ្យ​បាន ៧,២​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ជាក់ស្តែង ក្នុង​រយៈពេល ៧​ខែ​នៅ​ដើម​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​ប្រមូល​ចំណូល​ពន្ធ​បាន​ត្រឹមតែ​ជាង ២,៣​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ងើប​ពី​ឱនភាព​បាន​ទេ​សម្រាប់​ឆ្នាំ​២០២៣ នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស