មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិមនុស្ស លើកឡើងថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រៅពីចំណុចវិជ្ជមាន ក៏ជាការព្រួយបារម្ភពីការរំលោភអំណាចពីស្ថាប័ននីតិប្រតិបត្តិលើការអនុវត្តច្បាប់របស់ស្ថាប័នតុលាការ ចំពោះសំណុំរឿងខ្លះដែលត្រូវដោះស្រាយផងដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ វិច្ឆិកា នេះថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទដោះស្រាយក្រៅប្រព័ន្ធតុលាការ មិនមែនសុទ្ធតែគួរឱ្យព្រួយបារម្ភទេ ប្រសិនបើអាជ្ញាធរនេះអនុវត្តតួនាទីរបស់ខ្លួនបានត្រឹមត្រូវ ប៉ុន្តែផ្ទុយទៅវិញ បើអាជ្ញាធរនេះមិនអាចអនុវត្តតួនាទីរបស់ខ្លួនបានល្អទេ នោះគេបែរជារឹតតែធ្វើឱ្យច្របូកច្របល់ការអនុវត្តច្បាប់ ហើយនឹងធ្វើឱ្យរឹតតែមានទំនាស់រវាងគូភាគីសាមីថែមទៀត។
លោក ស៊ឹង សែនករុណា លើកឡើងថា ទោះយ៉ាងណាក៏ដោយ សង្គមស៊ីវិល និងមជ្ឈដ្ឋាននានានៅតែចង់ឃើញការអនុវត្តច្បាប់ពីគ្រប់ភាគីទាំងអស់ឱ្យបានម៉ត់ចត់ ដើម្បីធានាដល់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា និងជួយកាត់បន្ថយភាពកកស្ទះសំណុំរឿងក្នុងប្រព័ន្ធតុលាការឱ្យបានកាន់តែច្រើនផងដែរ ដែលនឹងជួយឱ្យសំណុំរឿងរបស់ប្រជាពលរដ្ឋដែលបានអូសបន្លាយកន្លងមក ទទួលបានយុត្តិធម៌ឱ្យបានឆាប់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុករូបនេះបញ្ជាក់ថា ប្រសិនបើអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អាចអនុវត្តការងារបានត្រឹមត្រូវ ក៏ជាមូលហេតុធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌របស់កម្ពុជាច្រើនជាងមុនដែរ ប៉ុន្តែបើការបង្កើតអាជ្ញាធរនេះដើម្បីតែល្អមើលវិញនោះ គឺមិនខុសអ្វីពីការរិះគន់លើការអនុវត្តច្បាប់ក្នុងការកាត់ក្តីលើសំណុំរឿងតាមផ្លូវតុលាការកន្លងមកនោះទេ ហើយថែមទាំងធ្វើឱ្យប្រជាពលរដ្ឋកាន់តែអស់ជំនឿទៅវិញ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រខ្មែរត្រាស់បង្គាប់ឱ្យបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមសំណើរបស់រដ្ឋាភិបាលថ្មីរបស់កម្ពុជា កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យស្ដីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដែលមាន ៦ជំពូក ២២មាត្រា។
ព្រះរាជក្រឹត្យនេះបានចែងក្នុងមាត្រា១ ថា ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺដើម្បីបន្ថែមប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជាឆ្ពោះទៅរកការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ក្នុងគោលបំណងកាត់បន្ថយសំណុំរឿងនៅតាមសាលាជម្រះក្តីឱ្យបានកាន់តែច្រើនទៅថ្ងៃមុខ។
ជាងនេះទៀត ជំពូក២ មាត្រា៣ នៃព្រះរាជក្រឹត្យនេះ បានត្រាស់បង្គាប់តែងតាំងសមាសភាពនៃអាជ្ញាធរជាតិនេះផងដែរ ដូចជា ឧបនាយករដ្ឋមន្ត្រីកម្ពុជា មានតួនាទីជាប្រធាន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជាអនុប្រធាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាអនុប្រធាន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធានប្រចាំការ តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកិច្ចការនារី តំណាងក្រសួងធម្មការ និងសាសនា តំណាងគណៈមេធាវីកម្ពុជា តំណាងក្រុមប្រឹក្សានីតិកម្មយុត្តិធម៌នៃក្រសួងយុត្តិធម៌ និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ដ.ក ជាសមាជិកផងដែរ។
ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីកាលពីថ្ងៃទី២៧ តុលា កន្លងទៅថា ការដោះស្រាយ និងការពង្រឹងយុត្តិធម៌ គឺជាអាទិភាពដ៏សំខាន់សម្រាប់រដ្ឋាភិបាលអាណត្តិទី៧ នេះ។
លោក ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងជំរុញសេវាយុត្តិធម៌ឱ្យកាន់តែជិតប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាយថវិកា ពេលវេលា និងសម្រួលភាពកកស្ទះសំណុំរឿងនៅតុលាការដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
ចំណែកលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងកាលពីពេលថ្មីៗនេះដែរថា យន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជា «ឧបករណ៍គតិយុត្តិមួយដ៏សំខាន់សម្រាប់ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួលដោះស្រាយបញ្ចប់វិវាទរបស់ប្រជាពលរដ្ឋ»។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកឃ្លាំមើលលើកឡើងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជារឿងល្អដើម្បីជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ប៉ុន្តែក៏ត្រូវតែកំណត់ឱ្យបានច្បាស់លាស់ដែរថា វិវាទណាខ្លះដែលអាចដោះស្រាយក្រៅប្រព័ន្ធតុលាការ និងវិវាទណាខ្លះដែលត្រូវតែដោះស្រាយតាមផ្លូវតុលាការ។
ប្រភពដដែលបញ្ជាក់ថា រដ្ឋាភិបាលត្រូវតែបណ្តុះបណ្តាលមន្ត្រីជំនាញចំពោះការដោះស្រាយវិវាទនេះ ហើយការដោះស្រាយនេះត្រូវឈរលើគោលការណ៍ច្បាប់ គោលការណ៍ផ្សះផ្សា និងសម្របសម្រួល។ ជាងនេះទៀត មន្ត្រីមានសមត្ថកិច្ចត្រូវឈរលើទស្សនៈអព្យាក្រឹត តម្លាភាព មិនមានភាពលម្អៀង និងកុំឱ្យមានភាពមិនប្រក្រតី និងអំពើពុករលួយនៅពេលអនុវត្តការងារ ដើម្បីទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ និងប្រសិទ្ធភាពនៃយន្តការថ្មីនេះ៕