កូនប្រុសពៅលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវបានព្រះមហាក្សត្រព្រះបរមនាថ សីហមុនី ត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) តាមសំណើនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បីដឹកនាំ និងសម្របសម្រួលការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
ព្រះមហាក្សត្រខ្មែរព្រះបរមនាថ សីហមុនី បានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៨ វិច្ឆិកា នេះ ដោយត្រាស់បង្គាប់តែងតាំងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ហ៊ុន ម៉ានី ជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧ នេះ។
ព្រះរាជក្រឹត្យខាងលើកំណត់ក្នុងមាត្រា៣ ស្ដីពីសមាសភាព និងរចនាសម្ព័ន្ធរបស់គណៈកម្មាធិការនេះ ដោយកំណត់រដ្ឋលេខាធិការមួយរូបរបស់ក្រសួងទាំង ២៨ និងរដ្ឋលេខាធិការដ្ឋានទាំងពីររបស់កម្ពុជា ជាសមាជិករបស់គណៈកម្មាធិការនេះ ក្នុងនោះតំណាងគណៈនៃគណៈអភិបាលរាជធានីខេត្តទាំង ២៥ ក៏ត្រូវចាត់បញ្ចូលទៅជាសមាជិកនៃគណៈកម្មាធិការនេះផងដែរ។
ព្រះរាជក្រឹត្យនេះបានកំណត់ឱ្យមាន ៦ជំពូក ២១មាត្រា ដើម្បីដឹកនាំ និងសម្របសម្រួលការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចជា កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកម្មវិធីកែទម្រង់ដទៃទៀតផងដែរ ហើយគណៈកម្មាធិការនេះមានតួនាទីលើកសំណើឱ្យរាជរដ្ឋាភិបាលអនុម័តលើគោលនយោបាយ កម្មវិធីយុទ្ធសាស្ត្រ និងផែនការសកម្មភាពដែលបម្រើឱ្យការកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់រដ្ឋាភិបាលថ្មីនេះ។
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ នាយករដ្ឋមន្ត្រីបន្តពូជត្រកូលហ៊ុន លោក ហ៊ុន ម៉ាណែត បានបើកកិច្ចប្រជុំជាមួយគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយជំរុញឱ្យគណៈកម្មាធិការនេះអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ ឱ្យបានល្អប្រសើរសម្រាប់ការដឹកនាំរបស់ខ្លួន។
គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនេះ បានកែសម្រួលអនុគណៈកម្មាធិការទាំង ៤ ដែលមានក្នុងព្រះរាជក្រឹត្យចាស់ផងដែរ ដូចជា អនុគណៈកម្មាធិការបរិវត្តកម្មសេវាសាធារណៈ និងនវានុវត្តន៍ អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និងអនុគណៈកម្មាធិការកសាងសមត្ថភាពមន្ត្រី។
ការតែងតាំងលោក ហ៊ុន ម៉ានី ជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនេះ ធ្វើឡើងស្របពេលដែលក្រុមអ្នកវិភាគលើកឡើងថា ការក្តោបក្តាប់អំណាចរបស់ក្រុមគ្រួសារត្រកូលហ៊ុនរបស់លោក ហ៊ុន សែន អាចនឹងត្រូវរៀបចំឱ្យកាន់តែរឹងមាំសម្រាប់ជំនាន់ក្រោយនៃវង្សត្រកូលមួយនេះឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ វិច្ឆិកា នេះថា ប្រសិនបើរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត រៀបចំឱ្យលោក ហ៊ុន ម៉ានី ដែលជាប្អូនបង្កើតរបស់លោកមានតួនាទីខ្ពស់ក្នុងជួររដ្ឋាភិបាលថ្មីនេះ ដូចជា អ្នកជ្រើសរើសមន្ត្រីរាជការសាធារណៈទូទាំងប្រទេស ជាដើម នោះជំហាននៃការក្តោបក្តាប់អំណាចផ្ដាច់មុខសម្រាប់ត្រកូលហ៊ុន នឹងកាន់តែរឹងមាំថែមទៀត ដែលនឹងរុញប្រទេសកម្ពុជាឱ្យដើរតាមគន្លងកុម្មុយនីស្តក្រោមរូបភាពប្រជាធិបតេយ្យជាមិនខាន។
លោក ម៉ែន ណាត លើកឡើងថា ប្រសិនបើរដ្ឋាភិបាលថ្មីនេះអាចអនុវត្តផែនការក្តោបក្តាប់អំណាចឈានដល់ដំណាក់កាលនេះមែន នោះគឺវង្សត្រកូលហ៊ុន រួមទាំងបក្ខពួករបស់សែស្រឡាយនៃត្រកូលមួយនេះ ច្បាស់ជាព្រួតគ្នាប្រើអំណាចត្រួតត្រាប្រទេសកម្ពុជាតាមអំពើចិត្តដោយគ្មានកើតញញើតច្បាប់ឡើយ ព្រោះថាមន្ត្រីរដ្ឋាភិបាលត្រូវលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីជាអ្នកតែងតាំង ចំណែកមន្ត្រីរាជការតាមស្ថាប័នជាតិ ត្រូវលោក ហ៊ុន ម៉ានី ជាអ្នកតែងតាំង ដូច្នេះអ្នកដែលត្រូវតែងតាំងជាមន្ត្រីរដ្ឋាភិបាល ឬមន្ត្រីរាជការ គឺត្រូវតែរៀបចំឡើងតាមរយៈសែស្រឡាយរបស់គេទាំងអស់។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា នេះក៏ទំនងជាយុទ្ធសាស្ត្រឆ្ពោះទៅរកផែនការដែលលោកបានរៀបរាប់ខាងលើដែរ ក្រោមលេសថា ដើម្បីធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ប្រទេស ខណៈក្រសួងស្ថាប័នរដ្ឋ និងរដ្ឋលេខាធិការដ្ឋានរបស់ជាតិទាំងអស់ បានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការមួយនេះទៅហើយនោះ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា គ្រប់ជំហាននៃការធ្វើកំណែទម្រង់រចនាសម្ព័ន្ធដឹកនាំសម្រាប់រដ្ឋាភិបាលត្រកូលហ៊ុន មិនមែនដើម្បីភាពរីកចម្រើនរបស់ជាតិទេ គឺដើម្បីតែផែនការក្តោបក្តាប់អំណាចប៉ុណ្ណោះ។
ជាក់ស្តែង ដូចជាការតែងតាំងសមាសភាពសមាជិករដ្ឋាភិបាលនៅអាណត្តិថ្មីនេះ ទោះមានចំនួនរាប់ពាន់នាក់ក៏ដោយ ក៏មេដឹកនាំរដ្ឋាភិបាលថ្មីនេះនៅតែអនុវត្តដែរ ព្រោះជាផែនការនយោបាយគ្រប់គ្រងអំណាច មិនមែនជាផែនការអភិវឌ្ឍប្រទេសនោះទេ ដូច្នេះទោះត្រូវចំណាយលុយជាតិលើសមាជិករដ្ឋាភិបាលទាំងនេះច្រើនមហិមាប៉ុនណា ក៏ពួកគេហ៊ានធ្វើដោយមិនរួញរាឡើយ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

