ក្រោយពីទន្ទឹងរង់ចាំជាច្រើនខែព្រោះតែលោក ស៊ី ជីនពីង មិនបានទៅចូលរួមប្រជុំនៃប្រទេសសេដ្ឋកិច្ចជឿនលឿន G-20 កាលពីខែកញ្ញា ដែលធ្វើឡើងនៅលើទឹកដីនៃប្រទេសឥណ្ឌា កាលពីថ្ងៃទី១៥ វិច្ឆិកា លោក ចូ បៃដិន បានសម្រេចបំណងរបស់លោកដែលចង់ជួបលោក ស៊ី ដោយផ្ទាល់។
ជំនួបកំពូលនេះ ធ្វើឡើងនៅលើទឹកដីអាមេរិក នៅភូមិគ្រឹះ Filoli នៅក្រុង San Francisco សហរដ្ឋអាមេរិក។ នេះជាជំនួបផ្ទាល់លើកទី២ បន្ទាប់ពីលោក បៃដិន ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។ បើតាមការចុះផ្សាយរបស់កាសែត The Guardian នៅថ្ងៃទី១៦ វិច្ឆិកា នេះ។
អ្នកសារព័ត៌មានបានកត់ត្រានូវប្រសាសន៍របស់លោក ចូ បៃដិន ដែលថ្លែងក្នុងសន្និសីទសារព័ត៌មាន។ គន្លឹះដ៏សំខាន់យ៉ាងតិច ៤ចំណុចដែលលោក បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មានដែលមានដូចនេះ៖
ទី១ – លោក បៃដិន ស្វាគមន៍លោក ស៊ី ដែលសម្រេចមកចូលរួមវេទិកានៃកិច្ចសហការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហើយយល់ព្រមជួបរូបលោក ប៉ុន្តែលោក បៃដិន បានបង្ហើបថា លោក ស៊ី គាបសង្កត់លោកឱ្យបញ្ឈប់ការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងមន្ត្រីជាន់ខ្ពស់របស់ចិន ហើយស្នើឱ្យសហរដ្ឋអាមេរិកពង្រីកទំហំពាណិជ្ជកម្មឡើងវិញ។
យ៉ាងណា លោក បៃដិន មិនបាននិយាយថា លោកបានយល់ស្របតាមការស្នើសុំរបស់លោក ស៊ី នៅឡើយទេ តែលោក បៃដិន ទទួលស្គាល់ចិនជាប្រទេសសេដ្ឋកិច្ចដ៏ធំនៅលើពិភពលោក។
តាមលោក បៃដិន លោក ស៊ី បានលើកឡើងថា ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះដែលមានរវាងចិន និងអាមេរិករយៈពេល ៥០ឆ្នាំមកហើយ។ បើប្រទេសទាំងពីរប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ វានឹងអាចគ្រប់គ្រងបាននូវការខ្វែងគំនិត ហើយអាចរកឃើញនូវការដោះស្រាយដ៏ត្រឹមត្រូវសម្រាប់ការរួមរស់នៅជាមួយគ្នារវាងប្រទេសធំទាំងពីរ។
ទី២ – ជុំវិញសង្គ្រាមអ៊ីស្រាអែលវាយសងសឹកលើពួកហាម៉ាស-ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា លោក បៃដិន បានស្នើលោក ស៊ី ជាមេដឹកនាំចិន ត្រូវប្រើឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសអ៊ីរ៉ង់ ដែលលោក បៃដិន ថាអ៊ីរ៉ង់ គឺជាអ្នកនៅពីក្រោយពួកសកម្មប្រយុទ្ធនៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោកបានប្រាប់លោក ស៊ី ថា អ៊ីរ៉ង់កំពុងតែទាញសង្គ្រាមអ៊ីស្រាអែល និងពួកហាម៉ាសកាន់តែរីករាលដាល ដែលលោកព្រមានថា វាអាចក្លាយជាសង្គ្រាមដ៏ធំក្នុងតំបន់មជ្ឈិមបូព៌ា។ ជាមួយគ្នានេះ លោក បៃដិន បានស្នើឱ្យទៅលោក ស៊ី ថា ចិនត្រូវតែជួយបញ្ចប់សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ជាជាងគាំទ្រប្រទេសដែលរំលោភច្បាប់អន្តរជាតិនេះ។
ទី៣– តាមលោក បៃដិន លោក ស៊ី និយាយថាចិននឹងកាត់បន្ថយការផលិតស្បៀងកញ្ចប់ ឬកំប៉ុងដែលផ្ទុកសារធាតុម្យ៉ាងអាចប៉ះពាល់សុខភាពអ្នកបរិភោគ ហើយសន្យាជួយទប់ស្កាត់ និងបោសសម្អាតការជួញដូរគ្រឿងញៀនដែលហូរចូលដែនដីអាមេរិក។ លោក បៃដិន បានសរសើរលោក ស៊ី ដែលបានប្ដេជ្ញាតាមការស្នើរបស់លោក។
ទី៤– ចំពោះករណីដែនកោះតៃវ៉ាន់ លោក បៃដិន និងលោក ស៊ី បានពិភាក្សាគ្នាដោយមិនមានកម្ដៅក្នុងខ្លួនដូចឆ្នាំទៅមិញទៀតនោះទេ នៅខណៈដែលលោក បៃដិន នៅតែទទួលយកសំណើរបស់លោក ស៊ី ដែលទទូចឲ្យសហរដ្ឋអាមេរិកគោរពឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ។ លោក បៃដិន បានថ្លែងថា លោកមិនបានធ្វើការកែប្រែចំណុចនេះទេ។
តាមលោក បៃដិន លោក ស៊ី ក៏ស្នើឲ្យសហរដ្ឋអាមេរិកកុំជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនដែរ។ ជាមួយគ្នានេះ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាផងដែរអំពីកោះតៃវ៉ាន់ ដែលត្រូវរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយនេះ។ លោក បៃដិន បានស្នើឲ្យចិន ក៏កុំជ្រៀតជ្រែកការបោះឆ្នោតនៅកោះតៃវ៉ាន់ផងដែរ។
ប៉ុន្តែលោក បៃដិន នៅតែប្រាប់លោក ស៊ី ថា សហរដ្ឋអាមេរិកនៅតែបញ្ជូនអាវុធទៅឲ្យតៃវ៉ាន់ បើតៃវ៉ាន់នៅតែធ្លាក់ក្នុងការគំរាមកំហែងពីចិន ដែលចង់ឈ្លានពានដែនកោះមួយនេះ។ កន្លងមក សហរដ្ឋអាមេរិក គឺគ្រប់រដ្ឋការទាំងអស់ សច្ចាជួយកោះតៃវ៉ាន់ ព្រោះដែនកោះនេះជារដ្ឋប្រជាធិបតេយ្យមួយដ៏សំខាន់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
សម្រាប់លោក ស៊ី បានថ្លែងថា លោកនៅតែចង់ឃើញតៃវ៉ាន់ ក្លាយជាដែនដីបង្រួបបង្រួមជាមួយនឹងទីក្រុងប៉េកាំង។
ត្រង់ចំណុចនេះ លោក បៃដិន បានប្រាប់អ្នកកាសែតថា លោកជំទាស់ដាច់ខាតមិនឲ្យចិន លើកទ័ពវាយចូលកោះតៃវ៉ាន់នោះទេ។ ចំពោះករណីកោះតៃវ៉ាន់នេះ និងករណីផ្សេងៗទៀត បើតាមលោក បៃដិន គឺប្រទេសទាំងពីរសន្យាជាមួយគ្នា ដោយធ្វើទំនាក់ទំនងតាមខ្សែទូរសព្ទរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ក្នុងគោលដៅទប់ស្កាត់ការផ្ទុះប្រដាប់អាវុធប៉ះទង្គិចគ្នា។
ក្នុងអំឡុងពេលជំនួបនៅកោះបាលី កាលពីឆ្នាំមុន ភាគីអាមេរិកបានបង្ហាញការសន្យាថាមិនស្វែងរកការផ្លាស់ប្ដូរប្រព័ន្ធរបបដឹកនាំនៅប្រទេសចិន គឺមិនស្វែងរកការបង្កសង្គ្រាមត្រជាក់ថ្មីឡើយ។
ក្រោយពីជួបពិភាក្សាគ្នាដោយប្រើពេលដល់ទៅ ៤ម៉ោង លោក បៃដិន បានរៀបចំពិធីជប់លៀងអាហារថ្ងៃត្រង់ជូនលោក ស៊ី។
អ្នកសង្កេតការណ៍កត់ត្រាថាជាជំនួបប្រវត្តិសាស្ត្រជាថ្មីទៀតរវាងមេដឹកនាំប្រទេសមហាអំណាចដ៏ធំពីរនេះ ធ្វើឡើងខណៈពិភពលោកចេះតែជួបវិបត្តិ ដែលគេអាចរាប់ទាំងវិបត្តិនៃការផ្ទុះជំងឺកូវីដ-១៩ ហើយវិបត្តិនៃការផ្ទុះសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងសង្គ្រាមរបស់អ៊ីស្រាអែលវាយសងសឹកលើពួកហាម៉ាស-ប៉ាឡេស្ទីន ដែលសង្គ្រាមទាំងពីរនេះមិនទាន់រកពេលបិទបញ្ចប់នៅឡើយទេ៕