29.6 C
Phnom Penh

ពលរដ្ឋ​អះអាង​ថា​អាជ្ញាធរ​សន្យា​ផ្តល់​ដី​ជាង​៤០០​ហិកតារ​សង​សហគមន៍​ឧត្ដម​ស្រែ​ពស់​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​សហគមន៍​ឧត្ដម​ស្រែ​ពស់ ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ អះអាង​ថា មន្ត្រី​បរិស្ថាន​ខេត្ត​សន្យា​ផ្ដល់​ដី​ចំនួន​ជាង ៤០០​ហិកតារ​សង​ប្រជា​សហគមន៍​វិញ ក្រោយពី​ទទួល​រង​នូវ​ការ​ឈូស​ឆាយ និង​កាប់​បំផ្លាញ​ពី​សំណាក់​មន្ត្រី​យោធា «ង៧០»។

ប្រជា​សហគមន៍​ឧត្ដម​ស្រែ​ពស់ លោក សយ សាត បាន​ឲ្យ​ដឹង​ថា កាលពី​ចុង​ខែ​មិថុនា កន្លងទៅ ក្នុង​កិច្ចប្រជុំ​ជា​សាធារណៈ លោក នូវ ណាក់ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ បាន​សម្រេច​ឱ្យ​រក្សា​ដី​នៅ​សេសសល់​ចំនួន ៣០​ហិកតារ​នៅ​ជុំវិញ​បរិវេណ​វត្ត​ព្រៃមេត្តា​ធម្មជាតិ ហើយ​មន្ទីរ​បរិស្ថាន​បាន​សន្យា​រក​ដី​កន្លែង​ផ្សេង​ទៀត​ចំនួន​ជាង ៤០០​ហិកតារ ដើម្បី​យក​មក​សង​សហគមន៍​វិញ។

ប្រជា​សហគមន៍​ដដែល​អះអាង​ថា លោក​មិន​ជឿ​ទុកចិត្ត​ចំពោះ​ការ​លើកឡើង​របស់​អនុប្រធាន​មន្ទីរ​បរិស្ថាន​នោះ​ទេ ព្រោះ​កន្លងមក សហគមន៍​បាន​ព្យាយាម​ទាមទារ​ឱ្យ​មាន​ការ​ដោះស្រាយ​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ប៉ុន្តែ​គ្មាន​លទ្ធផល​ល្អ​ឡើយ។

យោង​តាម​វីដេអូ​ឃ្លីប​ដែល​ប្រជា​សហគមន៍ «ឧត្ដម​ស្រែ​ពស់» បាន​បង្ហោះ​អំពី​វេទិកា​សាធារណៈ អភិបាល​ស្រុក​ឱរ៉ាល់ លោក មួង ធី បាន​ឆ្លើយ​ទៅ​កាន់​ពលរដ្ឋ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​បណ្ដាញ​សង្គម​មិន​អាច​ជួយ​អ្វី​ដល់​ពលរដ្ឋ​នោះ​ទេ ពោល​គឺ​មាន​តែ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ទេ​ដែល​អាច​ជួយ និង​ដោះស្រាយ​ជូន​ពួកគាត់​បាន។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក ឱម ម៉ាក់ធារី ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ។

កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២២ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ដែល​ហៅ​កាត់​ថា CHRAC បាន​ចេញ​របាយការណ៍​មួយ​ដោយ​អះអាង​ថា ក្រុម​ទាហាន​បន្ត​ប្រើ​កម្លាំង​កម្មករ​ឱ្យ​ចូល​ទៅ​កាប់​រុករាន​ព្រៃ​សហគមន៍​នៅ​តំបន់​ការពារ​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ បាន​ប្រហែល ១០០​ម៉ែត្រ​បន្ត​ទៀត បន្ទាប់ពី​តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចុះ​ត្រួតពិនិត្យ​រួម​គ្នា​កន្លងមក។

កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​កាត់​ដី​ទំហំ​ជាង ២៦០​ហិកតារ (២៦២,២៤​ហិកតារ) ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ចែក​ទៅ​ឱ្យ​គ្រួសារ​កងទ័ព​នៃ​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ព​ជើងគោក និង​ពលរដ្ឋ​ចំនួន ៤១​គ្រួសារ​សម្រាប់​ធ្វើ​លំនៅឋាន និង​បង្កបង្កើនផល។

ក្រោយពី​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​នេះ ក្រុម​ទាហាន​បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ និង​ប្រើ​កម្លាំង​កម្មករ​ឱ្យ​ចូល​ទៅ​កាប់​រុករាន​ព្រៃឈើ​នៅ​តំបន់​នោះ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ភូមិ​រាប់​រយ​នាក់​នៅ​ឃុំ​ត្រពាំងជោរ ចេញ​តវ៉ា​ប្រឆាំង ដោយ​ពួកគេ​អះអាង​ថា ព្រៃឈើ​នៅ​តំបន់​នោះ​ជា​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ ដែល​ពួកគេ​បាន​ការពារ​ជាង ២០​ឆ្នាំ​មក​ហើយ។

កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ​នេះ ពលរដ្ឋ​បាន​ដាក់​ញត្តិ​ទៅ​ទីស្នាក់ការ​រដ្ឋសភា​ខេត្ត​កំពង់ស្ពឺ បញ្ជាក់​ថា កាលពី​ឆ្នាំ​២០០៣ ផ្ទៃ​ដី​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់​មាន​ទំហំ​ជាង ២​ពាន់​ហិកតារ (២២៤៣​ហិកតារ) ដោយ​មាន​ពលរដ្ឋ​អាស្រ័យ​ផល​ចំនួន ២៥៣​គ្រួសារ ហើយ​នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៧ អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​នេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន និង​ក្រុម​គ្រួសារ​ទាហាន «ង៧០» អស់​ជាច្រើន​ហិកតារ​ថែម​ទៀត។

បច្ចុប្បន្ន ដី​ព្រៃ​សហគមន៍​នេះ​នៅ​សល់​ប្រហែល ៩០០​ហិកតារ​ប៉ុណ្ណោះ និង​កំពុង​ទទួល​រង​ការ​កាប់​ទន្ទ្រាន​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស