29 C
Phnom Penh

ករណី​ចាប់​ខ្លួន​អ្នក​រិះគន់​រឿង​វៀតណាម លោក អ៊ុំ សំអាន ថា​នាយករដ្ឋមន្ត្រី​កូន​ផ្ដាច់ការ​ដូច​នាយករដ្ឋមន្ត្រី​ឪ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ថា​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត គឺ​ផ្ដាច់ការ​មិន​ខុស​ពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​គាត់​នោះ​ទេ ព្រោះ​ក្រោយ​ឡើង​កាន់​អំណាច​បាន​ជិត ១០០​ថ្ងៃ បាន​ប្រើ​អំណាច​ចាប់​ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល​របស់​គាត់​បណ្តើរៗ​ហើយ។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា ថា ស្លឹកឈើ​គឺ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ឡើយ។

លោក អ៊ុំ សំអាន ថា​លោក កង សារ៉ន ដែល​បាន​រិះគន់​ពី​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ចាប់​ខ្លួន​ហើយ បន្ទាប់ពី​តុលាការ​បាន​កាត់ទោស​គាត់​ឱ្យ​ជាប់​គុក ៣​ឆ្នាំ​ក្រោម​បទ​ចោទ «ញុះញង់»។

លោក អ៊ុំ សំអាន លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ណា​ដែល​ហ៊ាន​និយាយ​ប៉ះពាល់​ជនជាតិ​វៀតណាម​ខុស​ច្បាប់ គឺ​ត្រូវតែ​ជាប់​គុក ព្រោះ​ថា​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត បាន​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ ក៏​ដោយសារ​មេដឹកនាំ​វៀតណាម​លើក​បន្តុប​ដែរ ដូច្នេះ​ហើយ រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ត្រូវតែ​ចាប់​ខ្លួន​អ្នក​រិះគន់​ជាដាច់ខាត​ចំពោះ​ពលរដ្ឋ​ខ្មែរ​រូប​ណា​ដែល​ហ៊ាន​រិះគន់​វៀតណាម ដែល​ជា​ចៅហ្វាយ​ឪពុក​របស់​គាត់។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ស្លឹកឈើ​ពិត​ជា​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែន លោក ហ៊ុន ម៉ាណែត ចាប់ផ្តើម​បង្ហាញ​ពី​ការ​ដឹកនាំ​ផ្ដាច់ការ​ដូច​លោក ហ៊ុន សែន ហើយ​នៅ​ពេលនេះ គឺ​ចាប់ផ្តើម​អនុវត្ត​វិធានការ​អំណាច​ត្រកូល​ហ៊ុន​ចាប់​ដាក់​គុក​ចំពោះ​សកម្មជន​សង្គម មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​របស់​គាត់ ដែល​ហ៊ាន​រិះគន់​ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​នៅ​ប្រទេស​កម្ពុជា​នៅ​ពេលនេះ។

លោក កង សារ៉ន ដែល​មាន​ម្តាយ​ជរា​អាយុ ១០២​ឆ្នាំ និង​កូនស្រី​ពិការ​គ​ថ្លង់​ម្នាក់ រស់នៅ​ឃុំ​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ចាប់​ខ្លួន​ហើយ​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ បន្ទាប់ពី​រូបលោក​រិះគន់​ជនជាតិ​វៀតណាម​ដែល​ចូល​មក​រស់នៅ​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់ ជាពិសេស​នៅ​តាម​ដង​ទន្លេសាប​កន្លង​មក​តាម​ដីកា​បង្គាប់​ពី​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដែល​ចោទ​ប្រកាន់​រូបលោក​ថា​បាន​បង្ក​ការ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​កាត់ទោស​ឱ្យ​រូបលោក​ជាប់​ពន្ធនាគារ​ដល់​ទៅ ៣​ឆ្នាំ​ថែម​ទៀត។

ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃ​អាទិត្យ ទី​២៦ វិច្ឆិកា អំឡុង​ពេល​ដែល​សមត្ថកិច្ច​ដាក់​កម្លាំង​ចាប់​ខ្លួន​លោក កង សារ៉ន ជនរងគ្រោះ​រូប​នោះ​បាន​គំរាម​ធ្វើ​អត្តឃាត​ដោយ​ប្រើ​កាំបិត​បម្រុង​នឹង​អារ​ក​ខ្លួនឯង ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ទាន់​ពេល។

ក្នុង​វីដេអូ​នោះ លោក កង សារ៉ន រៀបរាប់​ថា សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ មិន​ដែល​ដោះស្រាយ​បញ្ហា​ឱ្យ​រូប​គាត់ និង​ពលរដ្ឋ​ជិត ៣០​គ្រួសារ (២៨​គ្រួសារ) ក្នុង​ឃុំ​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែល​រងគ្រោះ​រឿង​ដីធ្លី​ជាង ១៣​ហិកតារ​កន្លង​មក​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​រិះគន់​រឿង​ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ ស្រាប់​តែ​អាជ្ញាធរ​ទាំងនេះ​មក​ចាប់​ខ្លួន​លោក​ទៅវិញ។

កាលពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោក កង សារ៉ន បាន​រៀបរាប់​ថា បន្ទាប់ពី​រូបលោក​រិះគន់​ជនជាតិ​វៀតណាម​ដែល​ចូល​មក​រស់នៅ​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់ ជាពិសេស​នៅ​តាម​ដង​ទន្លេសាប​កន្លង​មក ស្រាប់​តែ​មាន​ពាក្យបណ្ដឹង​ប្តឹង​រូបលោក​តែម្តង ក្នុង​នោះ តុលាការ​ក៏​បាន​ចោទប្រកាន់​រូបលោក​ថា​បាន​បង្ក​ការ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​កាត់ទោស​ឱ្យ​រូបលោក​ជាប់​ពន្ធនាគារ​ដល់​ទៅ ៣​ឆ្នាំ​ផង​ដែរ។

លោក កង សារ៉ន លើកឡើង​ថា កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា សមត្ថកិច្ច​ឃុំ​ពង្រ បាន​នាំគ្នា​មក​ព័ទ្ធ​ផ្ទះ​របស់​លោក ក្នុង​បំណង​ចាប់​ខ្លួន​លោក ប៉ុន្តែ​ពួកគេ​បាន​ដក​កម្លាំង​ត្រឡប់​ទៅវិញ​ដោយ​មិន​ដឹង​ពី​មូលហេតុ​ពិតប្រាកដ។

ទាក់ទិន​នឹង​ការ​ចាប់​ខ្លួន​អ្នក​ដែល​រិះគន់​ពាក់ព័ន្ធ​នឹង​ជនជាតិ​វៀតណាម នេះ គេ​សង្កេត​ឃើញ​ថា សកម្មជន​សង្គម សកម្មជន​នយោបាយ មន្ត្រី​បក្ស​ប្រឆាំង ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ក្រោម​បង្គាប់​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ដែរ ដូចជា​សកម្មជន​សង្គម​លោក ធែល ធីលែន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២២ បន្ទាប់ពី​បាន​ប្រឆាំង​នឹង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនជាតិ​វៀតណាម។

ចំណែកឯ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដែរ កាលពី​ចុង​ឆ្នាំ​២០២០ បន្ទាប់ពី​គាត់​រិះគន់​រឿង​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ខណៈ​លោក សួង សុភ័ណ្ឌ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទាក់ទិន​នឹង​ករណី​នេះ ប៉ុន្តែ​ក្រោយ​ចេញពី​ពន្ធនាគារ លោក សួង សុភ័ណ្ឌ ក៏​សម្រេច​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ដោយឡែក​តែ​លោក រ៉ុង ឈុន ដែល​នៅតែ​បន្ត​ជំហរ​ប្រឆាំង​ដដែល។

ទោះ​យ៉ាងណា​ក៏ដោយ លោក រ៉ុង ឈុន នៅតែ​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ដដែល​សព្វថ្ងៃ​នេះ ទោះបីជា​លោក​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា រាជរដ្ឋាភិបាល និង​បុគ្គល​មាន​អំណាច​មួយ​ចំនួន តែងតែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បណ្ដឹង​តាម​ផ្លូវ​តុលាការ​គ្រប់​រូបភាព ដើម្បី​បំបាត់​សំឡេង​ក្រុម​អ្នក​រិះគន់ និង​បំបាក់​ទឹកចិត្ត​ក្រុម​អ្នក​អនុវត្ត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ដោយសារតែ​បញ្ហា​នេះ ទើប​បាន​ជា​ធ្វើ​ឱ្យ​នីតិរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​កាលពី​ពេល​កន្លង​ទៅ​ថា រដ្ឋាភិបាល​បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ព្រមទាំង​ផ្នែក​ឯ​ទៀត​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​តាំងពី​បង្កើត​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ ប៉ុន្តែ​ការ​កែទម្រង់​នេះ​ធ្វើ​បាន​ត្រឹមតែ​សម្បក​ក្រៅ​ប៉ុណ្ណោះ ព្រោះ​ថា​ប្រព័ន្ធ​យុត្តិធម៌​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​មិន​អាច​ធានា​យុត្តិធម៌​ជូន​ពលរដ្ឋ​ទន់ខ្សោយ​បាន​នៅឡើយ​រហូត​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស