ក្រុមអ្នកតស៊ូមតិ លើកឡើងថា ការបង្កើតក្រុមការងារចម្រុះទទួលដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញារបស់លោក ហ៊ុន ម៉ាណែត ជាសញ្ញានៃការគំរាមកំហែងលើអំណាចតុលាការ ដែលជាស្ថាប័នឯករាជ្យក្នុងការធានាអនុវត្តនូវប្រព័ន្ធយុត្តិធម៌របស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ធ្នូ នេះថា ការបង្កើតក្រុមការងារនេះ គឺជាការគំរាមកំហែងដល់អំណាចតុលាការដែលជាស្ថាប័នអនុវត្តច្បាប់យ៉ាងខ្លាំង ព្រោះកិច្ចការពាក់ព័ន្ធនឹងរឿងក្តីគ្រប់ប្រភេទ គឺជាអំណាចរបស់តុលាការតែមួយមុខគត់។ ជាងនេះទៀត ក៏មានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហើយដែរ ដូច្នេះគ្មានការចាំបាច់ណាត្រូវបង្កើតក្រុមការងារនេះទៀតទេ។
លោក ម៉ែន ណាត លើកឡើងថា ប្រសិនបើប្រធានតុលាការដែលកំពុងស្ថិតក្រោមអំណាចក្រុមគ្រួសារលោក ហ៊ុន សែន នៅពេលនេះជាមនុស្សមានឆន្ទៈការពារយុត្តិធម៌ដោយពិតប្រាកដក៏ដោយ ក៏គ្មានឥទ្ធិពលអ្វីជំទាស់នឹងក្រុមការងារនេះដែរ ព្រោះថាលោក ហ៊ុន ម៉ាណែត បានតែងតាំងមេបញ្ជាការរងផ្នែកកងទ័ពធ្វើជាប្រធានក្រុមរបស់អង្គភាពនេះទៅហើយនោះ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ការធ្វើបែបនេះ ក៏ទំនងជាផែនការនយោបាយតាមបែបកុម្មុយនីស្តដែលគេចង់លុបបំបាត់អំណាចតុលាការ ដោយទុកឱ្យមានតែឈ្មោះប៉ុណ្ណោះ ប៉ុន្តែគ្មានការងារអ្វីទាំងអស់ ដើម្បីបន្លប់ប្រជាពលរដ្ឋឱ្យលែងរកយុត្តិធម៌តាមផ្លូវតុលាការបន្តទៀត ដោយឱ្យងាកមករកយុត្តិធម៌ពីក្រុមការងារដែលគេបង្កើតនេះវិញ។
លោកបន្ថែមថា ប្រសិនបើការអនុវត្តបែបនេះទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនទៅៗ នោះផែនការក្តោបក្តាប់អំណាចផ្ដាច់មុខគ្រួសារនិយមរបស់លោក ហ៊ុន សែន ក៏នឹងកាន់តែបន្តយូរអង្វែងទៅថ្ងៃមុខដែរ។
អនុក្រឹត្យរបស់លោក ហ៊ុន ម៉ាណែត ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ បានសម្រេចបង្កើតក្រុមការងារចម្រុះមួយដើម្បីទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញានៅភូមិគ្រឹះរបស់លោក ហ៊ុន សែន ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ហ៊ុន ម៉ាណែត បានសម្រេចតែងតាំងលោក ហ៊ីង ប៊ុនហៀង ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទជាប្រធាននៃក្រុមការងារនេះ ដែលមានអនុប្រធាន ៤នាក់ និងសមាជិកចំនួន ២០នាក់ ដែលមានភារកិច្ចចាំទទួលពាក្យបណ្តឹងតវ៉ាផ្សេងៗ ដើម្បីបញ្ជូនទៅជំនាញពាក់ព័ន្ធ ឬធ្វើរបាយការណ៍ស្នើសុំការណែនាំពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ផងដែរចំពោះបណ្តឹងតវ៉ាដែលបានដាក់មកទាំងនោះ។
ទាក់ទិននឹងបញ្ហានេះ ព្រះមហាក្សត្រខ្មែរក៏ធ្លាប់បានចេញព្រះរាជក្រឹត្យស្ដីពីការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមសំណើរបស់លោក ហ៊ុន ម៉ាណែត ផងដែរកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្នុងបំណងបន្ថែមប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ និងកាត់បន្ថយសំណុំរឿងនៅតាមសាលាជម្រះក្តី។
ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានសម្រេចតែងតាំងឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក នេត សាវឿន ជាប្រធាន ចំណែករដ្ឋមន្ត្រី រដ្ឋាលេខាធិការ និងតំណាងក្រសួងស្ថាប័ននីមួយៗ ត្រូវបានតែងតាំងជាអនុប្រធានទាំងអស់។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ធ្លាប់បានប្រាប់សារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា សង្គមស៊ីវិល និងមជ្ឈដ្ឋាននានា ចង់ឃើញការអនុវត្តច្បាប់ពីគ្រប់ភាគីទាំងអស់ឱ្យបានហ្មត់ចត់ ដើម្បីធានាដល់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា និងជួយកាត់បន្ថយភាពកកស្ទះសំណុំរឿងក្នុងប្រព័ន្ធតុលាការឱ្យបានកាន់តែច្រើន ដែលនឹងជួយឱ្យសំណុំរឿងរបស់ប្រជាពលរដ្ឋដែលបានអូសបន្លាយកន្លងមក ទទួលបានយុត្តិធម៌ឱ្យបានឆាប់។
លោក ស៊ឹង សែនករុណា បញ្ជាក់ថា ការបង្កើតអង្គភាព ឬស្ថាប័ន ឬក្រុមការងារដោះស្រាយវិវាទ ក្រៅពីចំណុចវិជ្ជមាន ក៏មានចំណុចគួរឱ្យប្រុងប្រយ័ត្នដែរ ដែលជាការព្រួយបារម្ភពីការរំលោភអំណាចពីស្ថាប័ននីតិប្រតិបត្តិលើការអនុវត្តច្បាប់របស់ស្ថាប័នតុលាការ ចំពោះសំណុំរឿងខ្លះដែលត្រូវដោះស្រាយនោះ។
លោកបន្ថែមថា ផ្ទុយទៅវិញ បើការបង្កើតស្ថាប័នទាំងនេះដើម្បីតែល្អមើលវិញនោះ គឺមិនខុសអ្វីពីការរិះគន់លើការអនុវត្តច្បាប់ក្នុងការកាត់ក្តីលើសំណុំរឿងតាមផ្លូវតុលាការកន្លងមកនោះទេ ហើយថែមទាំងធ្វើឱ្យប្រជាពលរដ្ឋកាន់តែអស់ជំនឿថែមទៀត៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

