30 C
Phnom Penh

គណបក្ស​ឆន្ទៈ​ខ្មែរ​តំណាង​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ដាក់​ពាក្យ​ប្រជែង​ការ​បោះឆ្នោត​ព្រឹទ្ធសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ឆន្ទៈ​ខ្មែរ ជួស​មុខ​ឲ្យ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​សម្ព័ន្ធ​ទាំង ៤ បាន​ទៅ​ដាក់​ពាក្យ​សុំ​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ រួច​រាល់​ហើយ ដោយ​រង់ចាំ​តែ​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) តែប៉ុណ្ណោះ។

អគ្គលេខាធិការ​រង និង​ជា​អ្នក​នាំពាក្យ គ.ជ.ប លោក សោម សូរីដា បាន​ថ្លែង​ថា គ.ជ.ប បាន​ទទួល​ពាក្យ​ស្នើសុំ​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ​រួច​ហើយ ដោយ គ.ជ.ប មាន​ពេល ៧​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ទទួល​ពាក្យ ក្នុង​ការ​ពិនិត្យ​ឯកសារ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ដូច​គ្នា​នឹង​ការ​ទទួល​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។

ប្រភព​ដដែល​បាន​លើកឡើង​ថា តាម​នីតិវិធី គ.ជ.ប អាច​ស្នើសុំ​ទៅ​គណបក្ស​សាមី​ឲ្យ​បំពេញ​ឯកសារ​បន្ថែម​ក្នុង​រយៈពេល ៥​ថ្ងៃ ប្រសិនបើ​មាន​ការ​ខ្វះខាត ឬ​មាន​ការ​ខុស​ឆ្គង។

គ.ជ.ប បាន​លើកឡើង​ថា ការ​ដាក់​ពាក្យ​សុំ​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នេះ អាច​នឹង​មាន​គណបក្ស​កម្លាំង​ជាតិ​មួយ​ទៀត ដោយ គ.ជ.ប កាលពី​ពេល​ថ្មីៗ​នេះ​បាន​យល់ព្រម​តាម​សំណើ​របស់​គណបក្ស​កម្លាំង​ជាតិ សុំ​បង់​ប្រាក់​តម្កល់​ចំនួន ១៥​លាន​រៀល​ទៅ​រតនាគារ​ជាតិ​រួច​ហើយ។

គណបក្ស​កម្លាំង​ជាតិ មាន​សមាសភាព​ចេញ​មកពី​គណបក្ស​ភ្លើង​ទៀន ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​ប្រជែង​គ្នា​ក្នុង​ការ​ដណ្តើម​សមាជិក​មូលដ្ឋាន​ជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដែល​ពួកគេ​ជា​អង្គ​បោះឆ្នោត​ដ៏​សំខាន់​ជាង ២​ពាន់​នាក់​ជាប់​ឆ្នោត​តាមរយៈ​គណបក្ស​ភ្លើង​ទៀន។

គិត​មក​ទល់​ថ្ងៃ​ចន្ទ សប្ដាហ៍​នេះ គ.ជ.ប បាន​ទទួល​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ចំនួន​ពីរ​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដោយ​គណបក្ស​ប្រជាជន​បាន​ដាក់​ពាក្យ​កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ហើយ​ដែល គ.ជ.ប សម្រេច​យល់ព្រម​រួច​ហើយ។

កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៣ តាម​សំណើ​របស់​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កំណត់​ថា ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ (ដែល​ជា​នីតិកាល​ថ្មី) នឹង​ប្រព្រឹត្ត​ទៅ​នៅ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា គឺជា​ការ​បោះឆ្នោត​មួយ​ក្នុង​ចំណោម​ការ​បោះឆ្នោត​ទាំង ៤ នៅ​កម្ពុជា។ ការ​បោះឆ្នោត ៣ ទៀត គឺ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។

សម្រាប់​នីតិកាល​ទី​៤ នេះ (២០១៨-២០២៤) សមាជិក​សមាជិកា​ព្រឹទ្ធសភា​មាន​ចំនួន ៦២​រូប ដោយ​ក្នុង​នោះ​សមាជិក​សមាជិកា​ទាំងអស់​ចំនួន ៥៨​រូប​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​អសកល គឺ​សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចំណែកឯ ២​រូប​ត្រូវ​បាន​ចាត់​តាំង​ដោយ​ព្រះមហាក្សត្រ ហើយ ២​រូប​ទៀត​ត្រូវ​បាន​ជ្រើសតាំង​ដោយ​រដ្ឋសភា។ សមាជិក​ព្រឹទ្ធសភា ២​រូប​ដែល​ត្រូវ​បាន​រដ្ឋសភា​ជ្រើសតាំង គឺ​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ខុស​ពី​រដ្ឋសភា​ដែល​មាន​នីតិកាល​រយៈពេល ៥​ឆ្នាំ នីតិកាល​របស់​ព្រឹទ្ធសភា​មាន​រយៈពេល ៦​ឆ្នាំ។ សមាជិក​ព្រឹទ្ធសភា​ត្រូវ​មាន​អាយុ​យ៉ាងតិច ៤០​ឆ្នាំ ឯ​សមាជិក​រដ្ឋសភា ឬ​តំណាងរាស្ត្រ ត្រូវ​មាន​អាយុ ២៥​ឆ្នាំ​យ៉ាងតិច។

អ្នក​ដែល​អាច​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ដែល​ជា​ការ​បោះឆ្នោត​តាម​បែប​អសកល គឺ​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ហើយ​អ្នក​ដែល​អាច​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ជា​ការ​បោះឆ្នោត​សកល គឺជា​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​តែ​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស