41.3 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម​ពីរ​ថ្ងៃ ដើម្បី​ជួប​ប្រជុំ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​១១ និង​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ តាម​ការ​អញ្ជើញ​របស់​លោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី​វៀតណាម ដើម្បី​ជួប​ប្រជុំ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន ដូចជា វិស័យ​អប់រំ ពាណិជ្ជកម្ម វិនិយោគ ការ​តភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារ​ជាតិ និង​កិច្ចការ​ព្រំដែន។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ពីរ​ថ្ងៃ​នៅ​ប្រទេស​ជិតខាង​មួយ​នេះ ប្រតិភូ​ដែល​អម​ដំណើរ​ប្រមុខ​រដ្ឋាភិបាល រួម​មាន លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រដ្ឋមន្ត្រី និង​មន្ត្រី​សំខាន់ៗ​នៃ​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់​ដឹកនាំ​វិស័យ​ឯកជន​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​លើកឡើង​ថា លោក ហ៊ុន ម៉ាណែត និង​លោក​នាយករដ្ឋមន្ត្រី ផាម មិញជីញ នឹង​ជួប​ប្រជុំ​ទ្វេភាគី​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន ដូចជា អប់រំ ពាណិជ្ជកម្ម វិនិយោគ ការ​តភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារ​ជាតិ និង​កិច្ចការ​ព្រំដែន។

មេដឹកនាំ​ទាំង​ពីរ​ក៏​នឹង​ពិភាក្សា​គ្នា​ផង​ដែរ​អំពី​បញ្ហា​អនុ​តំបន់ តំបន់ និង​អន្តរជាតិ មុន​នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​មួយ​ចំនួន និង​ធ្វើ​ជា​សហ​អធិបតី​ក្នុង​វេទិកា​កម្ពុជា-វៀតណាម ស្ដីពី​ការ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ។

លោក ហ៊ុន ម៉ាណែត ដែល​ទើប​ទទួល​បាន​ការ​តែងតាំង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធាន​រដ្ឋ​វៀតណាម និង​លោក វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធាន​រដ្ឋសភា​វៀតណាម។

ប្រភព​ដដែល​បាន​លើកឡើង​ថា លោក ហ៊ុន ម៉ាណែត ក៏​អនុញ្ញាត​ឱ្យ​លោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម ព្រមទាំង​ថ្នាក់​ដឹកនាំ​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ហូជីមិញ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​ស្ដីពី​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​វៀតណាម នៅ​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​ទីក្រុង​ហាណូយ។

ឯកអគ្គរដ្ឋទូត​វៀតណាម លោក ង្វៀន ហ៊ុយ តាំង បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត កាលពី​ខែ​តុលា ឆ្នាំ​២០២៣ ថា រដ្ឋាភិបាល​វៀតណាម នឹង​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា​ដែល​មាន​ស្រាប់​នៅ​គ្រប់​កម្រិត​ជាមួយ​កម្ពុជា​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។

ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​ដែល​រដ្ឋាភិបាល​វៀតណាម ផ្ដោត​សំខាន់​បំផុត​នោះ គឺ​វិស័យ​ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍ វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ផង​ដែរ​ជាមួយ​នឹង​កម្ពុជា ក្នុង​នោះ វៀតណាម​ក៏​នឹង​បន្ត​សម្លឹង​មើល​វិស័យ​សក្ដានុពល​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង មិន​មែន​ជា​រឿង​អាក្រក់​ទេ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នេះ​ដើម្បី​រក​ផល​ប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ឬ​ក៏​អត់​ប៉ុណ្ណោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា បើ​កិច្ច​សហប្រតិបត្តិការ​ទាក់ទង​នឹង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម កម្ពុជា​បាន​បង្ហូរ​លុយ​ឱ្យ​វៀតណាម​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ព្រោះ​ថា​កម្ពុជា​បាន​នាំចូល​នូវ​សម្ភារៈ​កសិកម្ម​គ្រប់​ប្រភេទ​ទាំងអស់​ពី​ប្រទេស​វៀតណាម ដូចជា ពូជស្រូវ ពូជ​ដំណាំ ថ្នាំ​សម្លាប់​សត្វ​ល្អិត ជី​គ្រប់​ប្រភេទ ប្រភេទ​កាណូត​ស្មាច់ ម៉ាស៊ីន​បូមទឹក និង​សម្ភារៈ​កសិកម្ម​ជាច្រើន​ផ្សេង​ទៀត ដែល​មាន​ន័យ​ថា កម្ពុជា​បាន​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​វៀតណាម​រហូត​មក។

លោក​បន្ថែម​ថា ប្រទេស​កម្ពុជា​បាន​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​របស់​ខ្លួន ប៉ុន្តែ​កម្ពុជា​គ្មាន​ផែនការ​បង្កើត​រោងចក្រ​សម្រាប់​ផ្គត់ផ្គង់​កសិកម្ម​ដោយ​ខ្លួនឯង​ទាល់តែសោះ គឺ​ពឹង​តែ​លើ​វៀតណាម​សុទ្ធសាធ ក្នុង​នោះ រាល់​ពេល​ដែល​ចាប់ផ្តើម​ធ្វើ​កសិកម្ម កសិករ​ខ្មែរ​នាំគ្នា​សម្រុក​ទិញ​សម្ភារៈ​កសិកម្ម​ពី​វៀតណាម​រាល់​ឆ្នាំ ប៉ុន្តែ​នៅ​ពេល​ប្រមូល​ផល ឈ្មួញ​វៀតណាម​នាំគ្នា​សម្រុក​មក​ទិញ​ស្រូវ​ពី​ពលរដ្ឋ​ខ្មែរ​អស់​ពី​ប្រទេស ខណៈ​តម្លៃ​ស្រូវ​ត្រូវ​ឈ្មួញ​វៀតណាម​កំណត់​តាម​អំពើ​ចិត្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស