ក្រុមអ្នកវិភាគនយោបាយ ព្រមានថា អធិបតេយ្យជាតិខ្មែរដែលបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់វៀតណាមដោយសារលោក ហ៊ុន សែន មិនអាចស្រោចស្រង់មកវិញបានទេនៅក្នុងជំនាន់ដឹកនាំដោយកូនប្រុសរបស់គាត់ ព្រោះថាលោក ហ៊ុន ម៉ាណែត ដែលបានទៅទស្សនកិច្ចនៅប្រទេសវៀតណាម នៅពេលនេះ គឺទៅប្រកាសខ្លួនស្បថធ្វើជាអ្នកបម្រើសហព័ន្ធកុម្មុយនីស្តឥណ្ឌូចិនប្រចាំនៅកម្ពុជា ចំពោះមុខមេដឹកនាំវៀតណាម បន្តពីលោក ហ៊ុន សែន ប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១១ ធ្នូ នេះថា លោក ហ៊ុន ម៉ាណែត មិនមែនជានាយករដ្ឋមន្ត្រីតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរទេ ព្រោះការឡើងកាន់អំណាចរបស់គាត់មិនបានឆ្លងកាត់ការបោះឆ្នោតស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងបំណងពិតប្រាកដរបស់ពលរដ្ឋខ្មែរឡើយ គឺតាមតែការចាត់ចែងរបស់លោក ហ៊ុន សែន ដែលជាឪពុករបស់គាត់ និងមេដឹកនាំវៀតណាម ប៉ុណ្ណោះ។
លោក គឹម សុខ លើកឡើងថា ក្រោយឡើងកាន់អំណាច លោក ហ៊ុន ម៉ាណែត មិនត្រឹមតែមិនមែនជានាយករដ្ឋមន្ត្រីតំណាងពលរដ្ឋខ្មែរទេ ប៉ុន្តែគាត់ក៏មិនទាន់ត្រូវបានមេដឹកនាំវៀតណាម ទទួលស្គាល់ថាជាសមាជិកបក្សកុម្មុយនីស្តឥណ្ឌូចិនរបស់វៀតណាម ដែរ ប៉ុន្តែក្រោយការស្បថប្រកាសខ្លួនជាអ្នកបម្រើវៀតណាម កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ វៀតណាមទំនងជានឹងទទួលស្គាល់គាត់ជាសមាជិកកុម្មុយនីស្តឥណ្ឌូចិនដែរហើយ ដើម្បីឱ្យគាត់ជំនួសលោក ហ៊ុន សែន បម្រើមហិច្ឆតារបស់វៀតណាម បន្តទៀត។
អ្នកវិភាគនយោបាយរូបនេះ បញ្ជាក់ថា ក្រោយការទទួលយកលោក ហ៊ុន ម៉ាណែត ជាអ្នកបម្រើរបស់ខ្លួន វៀតណាមប្រាកដជានឹងចង្អុលឱ្យនាយករដ្ឋមន្ត្រីបន្តពូជរូបនេះអនុវត្តនូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងខុសច្បាប់នានាទៅថ្ងៃមុខ ដើម្បីផលប្រយោជន៍របស់វៀតណាម ដូចដែលលោក ហ៊ុន សែន ធ្លាប់ធ្វើកន្លងមកជាមិនខាន ជាពិសេសគឺការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសវៀតណាម ផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងកិច្ចសហប្រតិបត្តិការនានាជាច្រើនទៀត ជាដើម។
បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីខ្មែរកាលពីថ្ងៃទី២២ ខែសីហា និងតែងតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះ លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅប្រទេសវៀតណាម កាលពីថ្ងៃចន្ទ ទី១១ ធ្នូ ភ្លាមៗដែរ ដើម្បីជួបជាមួយមេដឹកនាំវៀតណាមជាច្រើននាក់ ដូចជា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ្វូចុង លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម និងលោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម ផងដែរ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរវាងកម្ពុជា និងវៀតណាម។
ក្នុងជំនួបនេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងពីការសហការរវាងកម្ពុជា និងវៀតណាម ទៅថ្ងៃមុខ ដែលត្រូវបានពូនជ្រំមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។
យ៉ាងណាក៏ដោយ តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន អះអាងកាលពីពេលថ្មីៗនេះថា បក្សកុម្មុយនីស្តឥណ្ឌូចិនសម័យថ្មីដែលបន្តវេនពីមេដឹកនាំវៀតណាម លោក ហូ ជី មិញ នឹងខិតខំប្រែក្លាយកម្ពុជា វៀតណាម និងឡាវ ឱ្យទៅជាប្រទេសតែមួយ ប៉ុន្តែត្រូវដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម នាពេលអនាគត។
ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្នុងជំនួបជាមួយលោក វ៉ វ៉ាន់ធឿង អំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវនៅសាធារណរដ្ឋប្រជាមានិតចិន ប្រធានរដ្ឋវៀតណាម បានស្នើឱ្យលោក ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌកាន់តែងាយស្រួលសម្រាប់សហគមន៍វៀតណាមនៅកម្ពុជាផងដែរ ខណៈនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏មិនបានបដិសេធនឹងសំណើនេះដែរ ក្នុងនោះ រដ្ឋាភិបាលកម្ពុជាបានចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនជាតិវៀតណាមខុសច្បាប់ជាបន្តបន្ទាប់ផងដែរសព្វថ្ងៃនេះ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

