36 C
Phnom Penh

ចលនា​មាតា​ធម្មជាតិ​ថា​ដី​ជិត ១០០​ហិកតារ​ដែល​លោក ហេង សួរ ទទួល​បាន​ជា​គុណសម្បត្តិ​ខំ​យកចិត្ត​ថ្លើម​បក្ស​កាន់​អំណាច ពួក​នាយទុន និង​ធ្វើ​បាប​កម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​មាតា​ធម្មជាតិ លើកឡើង​ថា ការ​ខិតខំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ រហូត​ទទួល​បាន​ដី​សម្បទាន​ជិត ១០០​ហិកតារ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គ្មាន​អ្វី​ក្រៅពី​ប្រឹង​អែបអប​យកចិត្ត​យក​ថ្លើម​ប្រធាន​បក្ស​កាន់​អំណាច រួម​ទាំង​យកចិត្ត​យក​ថ្លើម​ពួក​នាយទុន និង​ធ្វើ​បាប​កម្មករ​នោះ​ទេ។

ចលនា​មាតា​ធម្មជាតិ​ដែល​ជា​ក្រុម​សកម្មជន​ការពារ​បរិស្ថាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ពួកគេ​ពិត​ជា​រក​មិន​ឃើញ​ថា លោក ហេង សួរ មាន​គុណសម្បត្តិ​ជួយ​ប្រទេស​ជាតិ​ដល់​កម្រិត​ទទួល​បាន​ដី​សម្បទាន​ជាង ៩១​ហិកតារ​ពី​រដ្ឋាភិបាល​បែប​នេះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​ធ្លាប់​បាន​ដឹង និង​មើល​ឃើញ​កន្លង​មក គឺ​លោក ហេង សួរ គ្រាន់តែ​ជា​មនុស្ស​ដែល​ចេះ​តែ​រៀបចំ​កម្លាំង​ដើម្បី​បង្ក្រាប​កម្មករ​ស្លូតត្រង់​ប៉ុណ្ណោះ។

ប្រភព​ដដែល​លើកឡើង​ថា ក្រៅពី​ចេះ​យកចិត្ត​យក​ថ្លើម​មេដឹកនាំ​បក្ស​កាន់​អំណាច និង​ចេះ​ផ្គាប់​ចិត្ត​ពួក​នាយទុន ព្រមទាំង​ចេះ​ប្រើ​វិធី​បង្ក្រាប​កម្មករ​ដែល​តវ៉ា​ដើម្បី​សិទ្ធិ​ការងារ លោក ហេង សួរ ក៏​ចេះ​រកស៊ី​ទាំង​ក្នុង​តំណែង​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ដែរ​ពាក់ព័ន្ធ​នឹង​ការ​បើក​ក្រុមហ៊ុន​នាំ​ពលករ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដូចជា ប្រទេស​កូរ៉េ ជប៉ុន និង​ប្រទេស​ថៃ ជាដើម ដែល​ក្នុង​នោះ លោក ហេង សួរ ក៏​បាន​កៀងគរ​ឱ្យ​ពលករ​ខ្មែរ​ទាំងនោះ​ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច​ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​គាត់​ស្អុយ​អសោច​សព្វថ្ងៃ​នេះ។

ចលនា​មាតា​ធម្មជាតិ បញ្ជាក់​ថា បើ​ពិនិត្យ​លើ​គុណសម្បត្តិ​របស់​លោក ហេង សួរ ក្នុង​ការ​ជួយ​ប្រទេស​ជាតិ គឺ​គ្មាន​ទេ ប៉ុន្តែ​បើ​ងាក​ទៅ​មើល​គុណសម្បត្តិ​ជួយ​បក្ស​កាន់​អំណាច​កៀងគរ​សមាជិក និង​ជួយ​នាយទុន​ឱ្យ​ចំណេញ​ពី​ការ​កេងប្រវ័ញ្ច​ញើស​ឈាម​របស់​កម្មករ គឺ​មាន​ច្រើន​មិន​ខ្វះ​ទេ ដូច្នេះ​ការ​ទទួល​បាន​ដី​ក្នុង​តំបន់​អភិរក្ស​ជិត ១០០​ហិកតារ​ពី​លោក ហ៊ុន សែន នេះ ក៏​ទំនង​ជា​ដោយសារ​គុណសម្បត្តិ​ខ្មៅ​កខ្វក់​ដូច​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​ដែរ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អនុក្រឹត្យ​មួយ​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជុំវិញ​ការ​ផ្តល់​ដី​ក្នុង​គម្រប​ព្រៃឈើ​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​របស់​លោក ហេង សួរ កាលពី​ពេល​ថ្មីៗ​នេះ។

លោក ហ៊ុន សែន ដែល​ល្បីល្បាញ​ខាង​រំលោភ​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ បាន​សម្រេច​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជិត ១០០​ហិកតារ (៩១​ហិកតារ ៥៥​អា ៤០​សង់ទីអា) ស្ថិត​ក្នុង​ភូមិ​ចង្ហោន សង្កាត់​ព្រែកត្នោត ក្រុង​បូកគោ ខេត្ត​កំពត ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក ហេង សួរ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា កាលពី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ។

ជុំវិញ​ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​ការពារ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ និង​ឧកញ៉ា​ជាច្រើន​ដែល​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន រួម​ទាំង​សាច់ញាតិ និង​កូនៗ​បង្កើត​របស់​គាត់​ផង សុទ្ធតែ​បាន​ទទួល​ដី​ទាំងនេះ​ជាច្រើន​រយ​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ ខណៈ​ព្រៃឈើ​នៅ​តំបន់​ដែល​លោក ហ៊ុន សែន សម្បទាន​ទាំងនោះ ត្រូវ​រង​នូវ​ការ​កាប់​បំផ្លាញ និង​គ្រប់គ្រង​ដោយ​គ្មាន​តម្លាភាព​ទាំងអស់ ក្នុង​នោះ អ្នក​ដែល​រិះគន់​ពី​ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​ទាំងនេះ ក៏​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់​ដែរ។

លោក ហេង សួរ គឺជា​មន្ត្រី​លេចធ្លោ​មួយ​រូប​ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ប៉ុន្តែ​លោក​បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អ្នក​គោរព​សិទ្ធិមនុស្ស និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ពលករ ថា​ជា​មនុស្ស​កោងកាច និង​បំពាន​ច្បាប់។ ភាព​កោងកាច​នេះ បាន​ស្តែង​ចេញ​តាមរយៈ​សារ​សំឡេង​បែកធ្លាយ​មួយ ហើយ​ដែល​គេ​សន្មត​ថា​ជា​សំឡេង​របស់​លោក​និយាយ​ពី​ការ​រៀប​គម្រោង​វាយ​ធ្វើ​បាប​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ជាង​នេះ​ទៀត លោក ហេង សួរ ត្រូវ​បាន​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ភរិយា និង​ស្រី​កំណាន់​របស់​ខ្លួន បង្កើត​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ដើម្បី​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ជាពិសេស​ទៅ​ប្រទេស​ជប៉ុន ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ថៃ ហើយ​ក្រុមហ៊ុន​ទាំងនោះ​មាន​លោក​ឧកញ៉ា ជាម ឃុនណាត ដែល​ជា​អគ្គនាយក​បុរី​មេគង្គ​លែន និង​លោក ផាត់ ប៊ុន ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ចំណែក​ឯ​លោក ហេង សួរ លោក ឈាង គិច (Chheang KECH) និង​លោក ម៉េង សុភា (Meng Sophea) គឺជា​អ្នក​ឈរឈ្មោះ​ជា​នាយក​ក្រុមហ៊ុន​ទាំងនោះ។

លោក ហេង សួរ បាន​ចាប់ផ្ដើម​ការងារ​នៅ​ក្នុង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ឆ្នាំ​២០០៨។ ពី​ដំបូង លោក​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រោយ​មក​ក្លាយ​ជា​អនុរដ្ឋលេខាធិការ និង​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ។ ក្រៅពី​នេះ លោក​ជា​នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី និង​បាន​បំពេញ​តួនាទី​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៣ មក។

លោក ហេង សួរ ក៏​ជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដែរ។ ជាង​នេះ​ទៀត លោក​ក៏​មាន​តួនាទី​នៅ​ក្នុង​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​ដែល​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​បៀវត្សរ៍​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ វាយនភណ្ឌ និង​ស្បែកជើង​ថែម​ទៀត។

លើស​ពី​នេះ លោក​ក៏​មាន​តួនាទី​ជា​សមាជិក​នៃ​គណៈកម្មាធិការ​មជ្ឈិម​របស់​គណបក្ស​កាន់​អំណាច និង​ជា​ប្រធាន​ក្រុម​បណ្ដុះបណ្ដាល​យុវជន​របស់​បក្ស​កាន់​អំណាច​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដែរ ដោយសារ​ការងារ​បម្រើ​បក្ស​កាន់​អំណាច​នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ លោក​ក៏​ត្រូវ​បាន​រៀបចំ​ឱ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស