31 C
Phnom Penh

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា វត្តមាន​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ គឺ​ដើម្បី​ប្រមូល​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​ដោយ​ផ្ទាល់ ដែល​ត្រូវ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។

អ្នក​នាំពាក្យ​អង្គការ​សង្គ្រោះ​កម្ពុជា (Save Cambodia) លោក សោម កុលវឌ្ឍន៍ បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៤ ខែ​ធ្នូ ថា ការ​ដាក់​ជូន​របាយការណ៍​នេះ គឺ​ត្រូវ​ធ្វើ​ឱ្យ​បាន​មុន​អង្គការ​សហប្រជាជាតិ​អនុវត្ត​យន្តការ​ពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៤ ឬ​ហៅថា Universal Periodic Review (UPR) លើ​ការ​អនុវត្ត​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មេសា និង​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ​ក្នុង​ប្រទេស​ស្វីស។

លោក​បន្ថែម​ថា ការ​ប្រមូល​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត មុនតាប៊ន ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គាត់​នៅ​ពេលនេះ គឺជា​ភស្តុតាង​ដ៏​សំខាន់​សម្រាប់​បង្ហាញ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​អនុវត្ត​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នា​ពេល​កន្លង​មក។

លោក សោម កុលវឌ្ឍន៍ អះអាង​ថា របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​ពេលនេះ គឺ​មាន​ទម្ងន់​ខ្លាំង​ណាស់​លើ​រដ្ឋាភិបាល​កម្ពុជា ព្រោះ​ថា​ទាំង​គណៈកម្មាធិការ​សិទ្ធិមនុស្ស និង​វេទិកា​អន្តរជាតិ​នានា គេ​មិន​ទាន់​ទទួលស្គាល់​លោក ហ៊ុន ម៉ាណែត ថា​ជា​មេដឹកនាំ​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ ១០០% នោះ​ទេ ខណៈ​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត លើ​វេទិកា​អន្តរជាតិ​នានា​កន្លង​មក គ្រាន់តែ​ក្នុង​នាម​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ជា​សមាជិក​អង្គការ​តំបន់ ដូចជា​សមាជិក​អាស៊ាន និង​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។

អនុប្រធាន​អង្គការ​សង្គ្រោះ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ក្រោម​ភាព​មន្ទិល​សង្ស័យ​របស់​ក្រសែភ្នែក​អន្តរជាតិ​លើ​ភាព​ជា​តំណាង​របស់​លោក ហ៊ុន ម៉ាណែត ដែល​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​នៅ​ពេលនេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ប្រមូល និង​បញ្ចេញ​ភស្តុតាង​ឱ្យ​កាន់តែ​ច្បាស់​ពី​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ថា​តើ​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​គាត់​នៅ​ពេលនេះ​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ និង​ស្រប​តាម​គោលការណ៍​សិទ្ធិមនុស្ស រួម​ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ដែរ​ឬ​ក៏​អត់។

នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ១៤​ថ្ងៃ ក្នុង​នោះ​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​ក៏​បាន​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ។

ក្រោយ​ជំនួប​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា លោក វីទិត មុនតាប៊ន បាន​កោតសរសើរ​លើ​កិច្ចការ​របស់​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន ដូចជា ការ​ផ្តល់​វ៉ាក់សាំង​កូវីដ-១៩ ការ​បើក​ចំហ​ក្នុង​ការ​ជួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស និង​ការ​បង្កើត​ឱ្យ​មាន​ច្បាប់​ការពារ​កុមារ ជាដើម ប៉ុន្តែ​រហូត​ដល់​ពេលនេះ គេ​មិន​ទាន់​ឃើញ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ បញ្ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ឬ​សន្និសីទ​សារព័ត៌មាន​ណា​មួយ​របស់​ខ្លួន​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​ឡើយ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន ៦ ដូចជា អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Hunman Rights Watch) បណ្ដាញ​ប្រជាធិបតេយ្យ​អាស៊ី (ADN) វេទិកា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ (Forum-Asian) សមាជិក​សភា​អាស៊ាន និង​អង្គការ​អាន់ហ្វ្រែល (ANFREL) ជាដើម បាន​ចេញ​ធ្វើ​លិខិត​ចំហ​រួម​គ្នា​មួយ​កាលពី​ពេល​ថ្មីៗ​នេះ ដាក់​ទៅ​សភា​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត ដូចជា ជប៉ុន (Japan) អាមេរិក ( United Stated) កាណាដា (CANADA) អូស្ត្រាលី (Australia) និង​ប្រទេស​មួយ​ចំនួន​ទៀត ជាដើម ដោយ​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ក្រុម​អង្គការ​អន្តរជាតិ​ទាំង ៦ នេះ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងនោះ​ចាត់​វិធានការ​ជាបន្ទាន់​នៅ​មុន​ពេល​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត រៀបចំ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ដើម​ឆ្នាំ​២០២៤ ខាងមុខ​នេះ ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​នេះ​នៅតែ​រារាំង​គណបក្ស​ភ្លើង​ទៀន មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ទៀត​នោះ។

ក្រុម​អង្គការ​អន្តរជាតិ​ទាំងនេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​ទម្រង់​ជាបន្ទាន់ និង​អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​នយោបាយ​ដោយ​ឥត​លក្ខខណ្ឌ​ផង​ដែរ។ ជាង​នេះ​ទៀត ក៏​ជំរុញ​ឱ្យ​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ ធ្វើឡើង​ដោយ​សេរី និង​ត្រឹមត្រូវ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស