38 C
Phnom Penh

កូរ៉េខាងជើង​បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​បាលិស្ទិច ICBM គំរាម​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូរ៉េខាងជើង បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​បាលិស្ទិច ICBM ដ៏​ទំនើប​ចុងក្រោយ​បំផុត នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៨ ខែ​ធ្នូ នេះ ដោយ​បាញ់​ចេញពី​តំបន់​មួយ​ក្នុង​ទីក្រុង​ព្យុងយ៉ាង។

ក្រសួង​ការពារ​ជាតិ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន បាន​ប្រកាស​ថា គ្រាប់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​បាលិស្ទិច​របស់​កូរ៉េខាងជើង រត់​បាន​ចម្ងាយ ១​ពាន់​គីឡូម៉ែត្រ​ក្នុង​រយៈពេល ៧២​នាទី មុន​នឹង​ធ្លាក់​នៅ​ភាគ​ខាងលិច​កោះ​ហុកកៃដូ របស់​ជប៉ុន។

ក្រសួង​ការពារ​ជាតិ​ជប៉ុន សន្និដ្ឋាន​ថា មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​បាលិស្ទិច​របស់​កូរ៉េខាងជើង អាច​ហោះ​ចម្ងាយ ១៥០០០​គីឡូម៉ែត្រ ដែល​វា​អាច​ទៅ​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​គ្រប់​រដ្ឋ​ទាំងអស់​ដោយ​ងាយ​បំផុត។

ការ​បាញ់​មីស៊ីល​ផ្លោង ICBM នេះ តែ​ជាង ១២​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​បាន​បាញ់​​មីស៊ីល​បាលិស្ទិច​រយៈ​ខ្លី​កាលពី​យប់​អាទិត្យ ទី​១៧ ធ្នូ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នៃ​គេហទំព័រ​សារព័ត៌មាន The Times of Israel នៅ​ចន្ទ ទី​១៨ ខែ​ធ្នូ។

កូរ៉េខាងជើង បាន​បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​បាលិស្ទិច ICBM ពីរ​ដង​ហើយ​កាលពី​ខែ​មេសា និង​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ។

ទោះ​ទីក្រុង​ព្យុងយ៉ាង នៅ​មិន​ទាន់​ចេញ​មុខ​មក​បញ្ជាក់​ពី​ប្រភេទ​មីស៊ីល​ដែល​ខ្លួន​បាញ់​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​កូរ៉េខាងត្បូង ជឿ​ថា មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​នៅ​ថ្ងៃ​នេះ ជា​ប្រភេទ​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​បាលិស្ទិច ICBM ដ៏​ទំនើប​បំផុត។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ជប៉ុន កូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក បាន​ថ្កោលទោស​កូរ៉េខាងជើង​ភ្លាមៗ​ដែល​បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​នេះ ព្រោះតែ​វា​រំលោភ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ដែល​ហាម​ប្រទេស​ផ្ដាច់ការ​មួយ​នេះ​សាកល្បង​អាវុធ​ប្រភេទ​នេះ។

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យុន សុខយូល ភ្លាមៗ​បាន​បញ្ជា​ឲ្យ​មាន​ការ​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​ញុះញង់​របស់​កូរ៉េខាងជើង។ ចំណែក​នាយករដ្ឋមន្ត្រី​ជប៉ុន ថ្កោលទោស​ដោយ​ហៅ​ការ​រំលោភ​របស់​កូរ៉េខាងជើង ថា​ជា​ការ​គំរាមកំហែង​សន្តិភាព និង​បង្ក​អស្ថិរភាព​ក្នុង​តំបន់។

កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​បាលិស្ទិច​រយៈ​ចម្ងាយ​ឆ្ងាយ​ជា​ថ្មី​ទៀត​នេះ បន្ទាប់ពី​សេតវិមាន​ព្រមាន​ថា ការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង លើ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក គឺជា​ថ្ងៃ​អវសាន​នៃ​របប​ផ្ដាច់ការ​នៅ​ក្រុង​ព្យុងយ៉ាង។

កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល ICBM មួយ​ថ្ងៃ​បន្ទាប់ពី​នាវាមុជទឹក​របស់​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង​ទៀត​បាន​ទៅ​ដល់​សមុទ្រ​កូរ៉េខាងត្បូង។

តាម​អ្នកជំនាញ​យោធា និង​ចារកម្ម​របស់​កូរ៉េខាងត្បូង ខណៈ​នេះ​កូរ៉េខាងជើង​កំពុង​សម្រុក​អភិវឌ្ឍ​កម្មវិធី​ផលិត​មីស៊ីល​បាលិស្ទិច ក្រោយ​ប្រកាស​ខ្លួន​ថា​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ។

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង បាន​ព្រមព្រៀង​គ្នា​ថា នឹង​ប្រើប្រាស់​អាវុធ​ដែល​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​រួម​នៅ​ខែ​កក្កដា នៅ​ឆ្នាំ​ក្រោយ ដែល​នាំ​ឱ្យ​ក្រុង​ព្យុងយ៉ាង ប្រតិកម្ម​ជា​ខ្លាំង ហើយ​ក៏​ឈាន​ដល់​ការ​បាញ់​មីស៊ីល​ផ្លោង ICBM។

ស្រប​ពេល​កូរ៉េខាងត្បូង ជប៉ុន និង​សហរដ្ឋ​អាមេរិក ថ្កោលទោស​កូរ៉េខាងជើង រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បង្ហាញ​ការ​គាំទ្រ​របប​ព្យុងយ៉ាង ដោយ​មិន​និយាយ​ដល់​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង ឡើយ។

លោក វ៉ាង យី ប្រាប់​លោក Pak Myong Ho អនុរដ្ឋមន្ត្រី​កូរ៉េខាងជើង នៅ​ទីក្រុង​ប៉េកាំង ថា នៅ​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​នេះ ចិន​នៅតែ​បន្ត​គាំទ្រ​ក្រុង​ព្យុងយ៉ាង ជានិច្ច។

ក្រុម​អ្នកជំនាញ​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង សង្ស័យ​ថា កូរ៉េខាងជើង​អាច​នឹង​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​មួយ​គ្រាប់​ទៀត ដែល​អាច​ធ្វើ​ឡើង​នៅ​ចុង​ខែ​ធ្នូ ឬ​នៅ​ថ្ងៃទី​១ មករា ជា​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ចូល​ឆ្នាំ​២០២៤។ តែ​សហរដ្ឋ​អាមេរិក ព្រមាន​ថា បើ​កូរ៉េខាងជើង បាញ់​គ្រាប់​នុយក្លេអ៊ែរ គឺ​របប​ក្រុង​ព្យុងយ៉ាង កាន់តែ​ទៅ​រក​ក្ដី​វិនាស​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស