រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ កូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលជាសាច់ឈាមជាមួយគ្នា កំពុងតែបង្ហាញកម្លាំងទ័ពដាក់គ្នាយ៉ាងសម្បើម។
ការដែលដែនដីពីរនេះបញ្ចេញសាច់ដុំកម្លាំងទ័ពដាក់គ្នានេះ គេមិនអាចបន្ទោសតែទៅលើភាគីណាមួយនោះទេ ប៉ុន្តែគេថាចុងក្រោយនេះ កូរ៉េខាងជើងតែងតែធ្វើសមយុទ្ធបាញ់គ្រាប់កាំភ្លើងធំ និងបាញ់គ្រាប់មីស៊ីលចូលទៅសមុទ្រលឿងនៃសមុទ្រឧបទ្វីប ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធគំរាមកូរ៉េខាងជើង។
យ៉ាងនេះក្ដី គេមើលឃើញថា ការធ្វើសមយុទ្ធត្រីភាគីរបស់កូរ៉េខាងត្បូង ក៏កើតឡើងទន្ទឹមនឹងកូរ៉េខាងជើង បាញ់មីស៊ីលផ្លោងប៉ាឡេស្ទិក ICBM ចំនួនពីរគ្រាប់ ឱ្យហោះរំលងកូរ៉េខាងត្បូង រំលងប្រទេសជប៉ុន ធ្លាក់ទៅសមុទ្រជប៉ុន ទៀតផង។
សមយុទ្ធបីប្រទេសនេះ អាមេរិកដឹកមុខគេក្នុងការធ្វើសមយុទ្ធនេះ ហើយក៏ចេញសេចក្ដីថ្លែងការណ៍គំរាមបញ្ចប់របបនៅទីក្រុងព្យុងយ៉ាង។
អ្វីដែលជាដើមចមទៀតនោះ គឺទីក្រុងព្យុងយ៉ាង ឯណោះវិញ បែរជាមិនចុះញ៉មនឹងការធ្វើសមយុទ្ធបីប្រទេសនេះទេ ហើយក៏បានបាញ់មីស៊ីលផ្លោង ICBM បន្ដទៀត។ បន្ថែមលើនេះ របបក្រុងព្យុងយ៉ាង បានព្រមានមិនត្រឹមតែកូរ៉េខាងត្បូង នោះទេ គឺគំរាមសហរដ្ឋអាមេរិកទៀតផង ដែលថា ICBM វាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយវាអាចបាញ់បានពាសពេញទឹកដីអាមេរិកទាំងអស់។
មីស៊ីល ICBM របស់កូរ៉េខាងជើង ត្រូវបានអ្នកជំនាញថាមិនត្រឹមតែរត់បាន ១ពាន់គីឡូម៉ែត្រនោះទេ គឺវាអាចរត់បានដល់ទៅ ១ម៉ឺន ៥ពាន់គីឡូម៉ែត្រឯណោះ។ បើដូចនេះមែន គឺគ្រប់រដ្ឋទាំងអស់នៃសហរដ្ឋអាមេរិក ងាយនឹងត្រូវគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។
យ៉ាងណា សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានដំឡើងប្រព័ន្ធមីស៊ីលផាទ្រីយ៉ូត និងថាហាត ដែលជាប្រភេទមីស៊ីលដែលមានសក្ដានុពលក្នុងការបាញ់ទម្លាក់គ្រាប់មីស៊ីល និងគ្រាប់នុយក្លេអ៊ែររបស់ភាគីសត្រូវ។
ចុះអ្វីទៅដែលគេថាឧបទ្វីបកូរ៉េកំពុងដើរទៅរកភ្លើងសង្គ្រាមនោះ?
ឥឡូវនេះឃើញថា ក្រោយពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ជាឱ្យរំលាយចោលស្ថាប័នផ្សះផ្សាជាតិ រំលាយចោលនិមិត្តរូបបង្រួបបង្រួមជាតិ ហើយបញ្ជូនទ័ព និងសព្វាវុធទៅដាក់ពង្រាយតាមព្រំដែន ជាពិសេសគឺនៅតាមព្រំដែនដែលគ្មានកងទ័ព DMZ ក៏កូរ៉េខាងជើងដាក់ពង្រាយកងទ័ពនៅតំបន់នោះផងដែរ។
សកម្មភាពរបស់កូរ៉េខាងជើង ចុងក្រោយនេះ បាននាំឱ្យកូរ៉េខាងត្បូង ក៏បញ្ជូនសព្វាវុធ និងកងទ័ពរបស់ខ្លួនទៅដាក់ពង្រាយនៅក្នុងព្រំដែនជាប់នឹងព្រំដែនកូរ៉េខាងជើង ផងដែរ។
នៅថ្ងៃនេះ (ថ្ងៃទី២៤ មករា) រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ហ្ស៊ីន វុនសិក (Shin Won-Sik) បានចេញសារព្រមានធ្ងន់ៗថា របបនៅទីក្រុងព្យុងយ៉ាង នឹងត្រូវរំលាយភ្លាមឱ្យតែរបបនេះបង្កសង្គ្រាម។
លោករដ្ឋមន្ត្រី ហ្ស៊ីន វុនសិក បញ្ជាក់ទៀតថា កងទ័ពកូរ៉េ និងប្រជាជនកូរ៉េខាងត្បូង បានត្រៀមខ្លួនរួចស្រេចហើយដោយគេគិតថា គេមិនត្រូវឱនក្បាលនៅចំពោះមុខអ្នកបង្កសង្គ្រាមនោះទេ។
លោករដ្ឋមន្ត្រីបន្តគំរាមថា របបនៅទីក្រុងព្យុងយ៉ាង ត្រូវតែបិទបញ្ចប់ បើសង្គ្រាមផ្ទុះឡើង។ ការថ្លែងរបស់ប្រមុខការពារជាតិកូរ៉េខាងត្បូង បាននាំឱ្យអ្នកសង្កេតការណ៍មើលឃើញថា ឧបទ្វីបកូរ៉េទំនងជៀសពុំរួចទេនៃការផ្ទុះសង្គ្រាមវាយប្រយុទ្ធគ្នាជាថ្មីម្ដងទៀតនេះ ព្រោះស្ថានភាពយោធារវាងប្រទេសទាំងពីរកាន់តែផុយស្រួយបំផុត។
ភាពផុយស្រួយនោះ ដោយសារតែកូរ៉េខាងត្បូង ដែលអាងអាមេរិកនៅពីក្រោយ អាងណាតូនៅពីក្រោយ បញ្ចេញកងទ័ព និងបើកការធ្វើសមយុទ្ធបាញ់គ្រាប់កាំភ្លើងធំ សមយុទ្ធទ័ពអាកាសគំរាមកូរ៉េខាងជើង។
លោករដ្ឋមន្ត្រីការពារជាតិ ហ្ស៊ីន វុនស៊ិក បានប្រាប់ទៅកងទ័ពអាកាសនៅពេលដែលលោកចុះទៅពិនិត្យមើលយន្តហោះចម្បាំង F-35 ដែលកូរ៉េខាងត្បូងមាននៅក្នុងដៃ ហើយប្រាប់កងទ័ពឱ្យធ្វើសមយុទ្ធយន្តហោះចម្បាំងប្រភេទនេះជាញឹកញាប់ ដែលលោកថា យន្តហោះនេះត្រូវតែហោះទៅវាយកម្ទេចទីក្រុងព្យុងយ៉ាង ឱ្យទៅជាផេះ បើឧបទ្វីបធ្លាក់ក្នុងសង្គ្រាមជាថ្មីម្ដងទៀត។
កូរ៉េខាងជើង និងកូរ៉េខាងត្បូង ជារដ្ឋពីរដែលបំបែកចេញពីដែនដីតែមួយ ដោយសារតែសង្គ្រាមស៊ីវិលរយៈពេល ៤ឆ្នាំ កាលពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣។ សង្គ្រាមពេលនោះគេដឹងថា ប្រទេសចិន បញ្ជូនទ័ពរាប់សែននាក់ចូលជួយកូរ៉េខាងជើង ហើយសហភាពសូវៀត បញ្ជូនគ្រាប់កាំភ្លើងយ៉ាងសម្បើមទៅឱ្យកងទ័ពកូរ៉េខាងជើង។ ចំណែកឯសហរដ្ឋអាមេរិក ក៏បញ្ជូនទ័ពជាច្រើនម៉ឺននាក់ជួយកូរ៉េខាងត្បូង។
ទីបំផុត សង្គ្រាមបិទបញ្ចប់នៅខែកក្កដា ឆ្នាំ១៩៥៣ ដោយយុទ្ធសន្តិភាពនៃអង្គការសហប្រជាជាតិ នាំឱ្យមានប្រទេសពីរនៅឧបទ្វីបតែមួយនេះ គឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង មកដល់សព្វថ្ងៃនេះ តែពេលនេះ យុទ្ធសន្តិភាពរបស់អង្គការសហប្រជាជាតិ ត្រូវបានកូរ៉េខាងជើង រំលាយចោលហើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

