38 C
Phnom Penh

ឧបទ្វីប​កូរ៉េ​កំពុង​ដើរ​លើ​វិថី​ទៅ​រក​សង្គ្រាម​ជា​ថ្មី​ទៀត ខណៈ​ភាព​តានតឹង​បាន​កើន​ឡើង​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពិភពលោក​បារម្ភ​ថា​សង្គ្រាម​ធំ​ជា​ថ្មី​ទៀត​អាច​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ ក្រោយពី​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​បាលិស្ទិច ICMB រយៈ​ចម្ងាយ​ខ្លី និង​រយៈ​ចម្ងាយ​ឆ្ងាយ​កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ធ្នូ ដែល​អ្នកជំនាញ​កិច្ចការ​សង្គ្រាម​ព្រមាន​ពី​ភាព​ផុយ​ស្រួយ​បំផុត​នៃ​ការ​ផ្ទុះ​សង្គ្រាម​នៅ​តំបន់​អាស៊ី​ខាងកើត។

ក្រសួង​ការពារ​ជាតិ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន បាន​ប្រកាស​ថា គ្រាប់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​បាលិស្ទិច​របស់​កូរ៉េខាងជើង រត់​បាន​ចម្ងាយ​ជិត ១​ពាន់​គីឡូម៉ែត្រ​ក្នុង​រយៈពេល ៧២​នាទី មុន​នឹង​ធ្លាក់​នៅ​ភាគ​ខាងលិច​កោះ​ហុកកៃដូ របស់​ជប៉ុន។

ក្រសួង​ការពារ​ជាតិ​ជប៉ុន សន្និដ្ឋាន​ថា មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​បាលិស្ទិច​របស់​កូរ៉េខាងជើង អាច​ហោះ​ចម្ងាយ ១​ម៉ឺន ៥​ពាន់​គីឡូម៉ែត្រ ដែល​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​គ្រប់​រដ្ឋ​ទាំងអស់​ដោយ​ងាយ​បំផុត។ ការ​បាញ់​មីស៊ីល​ផ្លោង ICBM នេះ តែ​ជាង ១២​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ បាន​បាញ់​មីស៊ីល​បាលិស្ទិច​រយៈ​ចម្ងាយ​ខ្លី​កាលពី​យប់​អាទិត្យ​ទី​១៧ ខែ​ធ្នូ។

ប៉ុន្តែ​កូរ៉េខាងជើង​ធ្វើ​ដូចនេះ ក្រោយ​ពី​មាន​សារ​ព្រមាន​ពី​សហរដ្ឋ​អាមេរិក​ដែល​និយាយ​ថា ការ​វាយប្រហារ​ណា​មួយ​របស់​កូរ៉េខាងជើង​លើ​សហរដ្ឋ​អាមេរិក​ក្តី ឬ​លើ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្តី គឺ​របប​ផ្ដាច់ការ​នៅ​ក្រុង​ព្យុងយ៉ាង អាច​ត្រូវ​រុញច្រាន​ឱ្យ​ដល់​ទី​អវសាន។

បញ្ជាការដ្ឋាន​នៃ​កង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ (UNC) បាន​និយាយ​នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែ​ធ្នូ នេះ​ថា កងទ័ព​អន្តរជាតិ​ដែល​កំពុង​ឈរជើង​នៅ​ឯ​ភូមិ Panmunjom ក្នុង​ផ្នែក​មួយ​លើ​ទឹកដី​កូរ៉េខាងត្បូង ជាប់​ព្រំដែន​ជាមួយ​កូរ៉េខាងជើង ត្រូវ​បាន​បញ្ជា​ឱ្យ​កាន់​កាំភ្លើង​ឡើងវិញ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

UNC ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក គឺជា​កងកម្លាំង​ចម្រុះ​ជាតិ​សាសន៍ និង​មាន​ភារកិច្ច​ត្រួតពិនិត្យ​ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​គ្មាន​កងទ័ព​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​នៅ​ភូមិ Panmunjom។

បើ​តាម​អ្នក​នាំពាក្យ​របស់ UNC លោក Isaac Taylor ឲ្យ​ដឹង​ថា ការ​សម្រេច​អនុញ្ញាត​ឱ្យ​កងទ័ព UNC កាន់​កាំភ្លើង​ឡើងវិញ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង បាន​បំពាក់​អាវុធ​ឡើងវិញ​ឱ្យ​កងទ័ព​របស់​ខ្លួន​ដែល​ឈរជើង​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង។ លោក Taylor បន្ថែម​ថា ការ​សម្រេច​ចិត្ត​របស់ UNC ក៏​មាន​គោលដៅ​ការពារ​ទាំង​ជនស៊ីវិល និង​កងទ័ព​របស់​ខ្លួន​នៅ​តំបន់​ព្រំដែន​អន្តរ​កូរ៉េ។

ប្រភព​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា កងទ័ព​កូរ៉េខាងត្បូង​ក៏​បាន​ត្រៀម​រួច​ហើយ​ក្នុង​ការ​ប្រតិបត្តិការ​សឹក​ការពារ​ទឹកដី។

ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​សាច់ឈាម​តែ​មួយ​នេះ មើល​ទៅ​ដូចជា​វេលា​ចុងក្រោយ​ដែល​កំពុង​ដើរ​លើ​វិថី​សង្គ្រាម​ទៅ​ហើយ ដោយ​គ្រាន់តែ​រង់ចាំ​ពេលវេលា​ប៉ុណ្ណោះ។

កូរ៉េខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​នូវ​គោលជំហរ​មិន​ងាករេ​ឡើយ​ក្នុង​ការ​ទទួលយក​សង្គ្រាម​វាយលុក​របស់​កងទ័ព​កូរ៉េខាងជើង បើ​ទោះជា​ដឹង​ថា​ក្រុង​ព្យុងយ៉ាង អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ។

ដើម្បី​ការពារ​ខ្លួន កូរ៉េខាងជើង​ចាត់ទុក​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ គឺជា​ខែល​ដើម្បី​ការពារ​ដ៏​រឹងមាំ​នូវ​អធិបតេយ្យភាព​របស់​ខ្លួន​ក្នុង​ការ​ទប់ទល់​ជាមួយ​មហាអំណាច​នុយក្លេអ៊ែរ គឺ​សហរដ្ឋ​អាមេរិក។

កាលពី​ខែ​សីហា ក្នុង​ឆ្នាំ​២០២៣ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ព្រមាន​ថា បើ​សង្គ្រាម​ផ្ទុះឡើង​នៅ​កូរ៉េ វា​ពិត​ណាស់​ត្រូវ​រួម​គ្នា​បញ្ចប់​របប​ផ្ដាច់ការ​នៅ​ក្រុង​ព្យុងយ៉ាង។ លោក បៃដិន ថា​គ្មាន​នរណា​អត់ឱន​ឱ្យ​ប្រទេស​នេះ​សាកល្បង​ជា​ថ្មី​ទៀត​នូវ​ការ​បាញ់​មីស៊ីល​បំពាក់​ដោយ​គ្រាប់បែក​នុយក្លេអ៊ែរ​នោះ​ឡើយ។

ភ្លាមៗ​នោះ កូរ៉េខាងជើង ក៏​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​មាន​ឈ្មោះ​ថា Scorched Earth ដោយ​បាន​បាញ់​មីស៊ីល​បាលិស្ទិច Tactic ចំនួន ២​គ្រាប់ ដែល​គេ​ថា​វា​ដូចជា​មីស៊ីល​សិប្បនិម្មិត​បាញ់​គ្រាប់​នុយក្លេអ៊ែរ​ដាក់​ទៅ​លើ​កូរ៉េខាងត្បូង។

Scorched Earth មាន​ន័យ​ថា ផែនដី​ឆេះ​ខ្លោច ដែល​ក្រុង​ព្យុងយ៉ាង បាញ់​មីស៊ីល​បាលិស្ទិច​តាក់ទិក​ទាំង​កណ្តាល​យប់​កាលពី​ខែ​សីហា កន្លង​ទៅ​នេះ គឺ​ពិត​ណាស់​ក្រុង​ព្យុងយ៉ាង ឆ្លើយតប​ចំពោះ​ការ​ព្រមាន​របស់​លោក ចូ បៃដិន។

កូរ៉េខាងជើង​បាន​និយាយ​ថា ការ​ធ្វើ​សមយុទ្ធ Scorched Earth គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​សហរដ្ឋ​អាមេរិក​ដែល​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B ឱ្យ​ហោះ​នៅ​លើ​តំបន់​ឧបទ្វីប​កូរ៉េ​ក្នុង​ការ​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​កូរ៉េខាងត្បូង ដែល​ចូលរួម​ដោយ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក។

រំលង​បាន ៣​ខែ​ប៉ុណ្ណោះ គឺ​ក្តី​បារម្ភ​ខ្លាចក្រែង​មាន​ការ​ផ្ទុះ​សង្គ្រាម​លើ​ឧបទ្វីប​កូរ៉េ ក៏​បាន​មក​ដល់​មែន។ កូរ៉េខាងជើង​ចាប់​យក​អាវុធ​ដ៏​ភ័យខ្លាច​ដោយ​បាញ់​មីស៊ីល​ផ្លោង​អន្តរទ្វីប ICBM កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ហើយ​បើ​ទោះជា​វា​ហោះ​ធ្លាក់​ក្នុង​ចម្ងាយ​ជិត ១​ពាន់​គីឡូម៉ែត្រ​ក៏​ពិត​មែន តែ​មីស៊ីល​នេះ​វា​អាច​ហោះ​ទៅ​លើ​កម្ពស់ ៦០០០​គី​ម៉ែត្រ ហើយ​រត់​បាន​ចម្ងាយ​ដល់​ទៅ ១​ម៉ឺន ៥​ពាន់​គីឡូម៉ែត្រ គឺ​មិន​ថា​ឡើយ​កោះ​ហាវ៉ៃ របស់​អាមេរិក​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នោះ​ទេ គឺ​អាច​បាញ់​ដល់​គ្រប់​រដ្ឋ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក។

សេចក្តី​ថ្លែងការណ៍​របស់​ទីបញ្ជាការដ្ឋាន​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក និយាយ​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ការពារ​កូរ៉េខាងត្បូង និង​ជប៉ុន នៅតែ​មាន​ភាព​រឹងមាំ​ដោយ​ព្រមាន​ថា ប្រសិនបើ​កូរ៉េខាងជើង​វាយប្រហារ​ដោយ​គ្រាប់​នុយក្លេអ៊ែរ​ដាក់​លើ​សហរដ្ឋ​អាមេរិក ឬ​លើ​ប្រទេស​ជា​សម្ព័ន្ធមិត្ត នឹង​ត្រូវ​ប្រឈម​ការ​វាយ​តបត​មក​វិញ​យ៉ាង​លឿន និង​ក៏​ជា​ការ​ឈាន​បញ្ចប់​ដល់​របប​ដឹកនាំ​កូរ៉េខាងជើង​ដែរ។

ដោយ​ឆ្លើយតប​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​កងទ័ព​អាមេរិក មន្ត្រី​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងជើង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​តាមរយៈ​ទីភ្នាក់ងារ​សារព័ត៌មាន KCNA ដោយ​ព្រមាន​វិញ​ថា ការ​ប៉ុនប៉ង​ណា​មួយ​ក្នុង​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​កូរ៉េខាងជើង នឹង​ត្រូវ​ប្រឈម​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។

បើ​ឧបទ្វីប​កូរ៉េ​ផ្ទុះ​សង្គ្រាម​មែន វា​គឺជា​សង្គ្រាម​ទី​២ ហើយ បន្ទាប់ពី​បាន​ផ្ទុះឡើង​រវាង​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣ ដែល​នាំ​ឱ្យ​ដែនដី​កូរ៉េ​ពុះ​ច្រៀក​ទឹកដី​ជា​ពីរ​រហូត​មក​ដល់​ពេលនេះ ហើយ​នឹង​ក្លាយ​ជា​សង្គ្រាម​ធំ​ទី​៣ ខណៈ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​សង្គ្រាម​សងសឹក​របស់​អ៊ីស្រាអែល លើ​ពួក​ហាម៉ាស នៅ​តំបន់​ហ្កាហ្សា កំពុង​ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ធ្ងន់ធ្ងរ​បំផុត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស