29 C
Phnom Penh

ក្រុមប្រឹក្សា​សន្តិសុខ UN មិន​អាច​ធ្វើ​សេចក្ដី​សម្រេច​បាន​ក្នុង​ការ​ថ្កោលទោស​កូរ៉េខាងជើង​ដែល​បាញ់​មីស៊ីល ICBM

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អង្គារ​ក្នុង​សប្ដាហ៍​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ជួប​រឿង​បរាជ័យ​ជា​ថ្មី​ទៀត ដោយ​មិន​សម្រេច​បាន​នូវ​មតិ​រួម​ជាមួយ​គ្នា​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​កូរ៉េខាងជើង ដែល​បាន​បាញ់​គ្រាប់​មីស៊ីល​ផ្លោង​ប៉ាលិស្ទិច​អន្តរ​ទ្វីប ICBM ដែល​មីស៊ីល​នោះ​វា​បាន​ហោះ​ចេញពី​តំបន់​មួយ​ក្បែរ​ទីក្រុង​ព្យុងយ៉ាង ដោយ​ធ្លាក់​ទៅ​សមុទ្រ​នៃ​ប្រទេស​ជប៉ុន។

ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋ​អាមេរិក ភ្លាមៗ​នោះ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថ្កោលទោស​កូរ៉េខាងជើង ដោយ​ហៅ​ក្រុង​ព្យុងយ៉ាង បំពាន​ធ្ងន់ធ្ងរ​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដោយសារ​បាន​បាញ់​អាវុធ​ដែល​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ហាមប្រាម។

មីស៊ីល​ផ្លោង​អន្តរ​ទ្វីប ICBM ដែល​កូរ៉េខាងជើង បាន​បាញ់​ជាប់ៗ​គ្នា​ដល់​ទៅ ២​គ្រាប់ កាលពី​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែ​ធ្នូ គឺ​វា​ហោះ​ក្នុង​កម្ពស់ ៦​ពាន់​ម៉ែត្រ តែ​វា​រត់​បាន​ជិត ១​ពាន់​គីឡូម៉ែត្រ ហើយ​ធ្លាក់​នៅ​ក្នុង​សមុទ្រ​ជប៉ុន។

ជប៉ុន កូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក ភ្លាមៗ​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ធ្វើ​សេចក្ដី​សម្រេច​ចុងក្រោយ​មួយ​ទៀត ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាត់​វិធានការ​ទៅ​លើ​ទីក្រុង​ព្យុងយ៉ាង ដែល​បាន​បំពាន​សេចក្ដី​សម្រេច​អន្តរជាតិ​នេះ។

តែ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ The Korea Herald នៅ​ថ្ងៃ​ពុធ ទី​២០ ធ្នូ នេះ បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ដែល​មាន ១៥​ប្រទេស មិន​អាច​រក​មតិ​រួម​ជាមួយ​គ្នា​បាន​ទេ បាន​ត្រឹមតែ​ថ្កោលទោស​របប​ក្រុង​ព្យុងយ៉ាង ប៉ុណ្ណោះ។

ប្រទេស​ដែល​ប្រើ​សិទ្ធិ​រាំង​ខ្ទប់​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ គឺ​ក្រុម​ប្រទេស​សមាជិក​អចិន្ត្រៃយ៍ ៥​ប្រទេស គឺ​សហរដ្ឋ​អាមេរិក រុស្ស៊ី ចិន អង់គ្លេស និង​បារាំង។

យោង​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ថា បើ​ប្រទេស​ណា​មួយ​ប្រើ​សិទ្ធិ​បោះឆ្នោត​វេតូ (Veto) គឺ​សេចក្ដី​សម្រេច​ទាំងឡាយ​មិន​អាច​ក្លាយ​ទៅ​ជា​វិធានការ​បាន​នោះ​ទេ។ ប្រភព​ដដែល​នេះ​បញ្ជាក់​ថា ប្រទេស​រុស្ស៊ី និង​ចិន បាន​សម្រេច​ជំទាស់​មិន​ឲ្យ​មាន​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​កូរ៉េខាងជើង នោះ​ទេ។

តំណាង​របស់​ប្រទេស​ពីរ​នេះ​មិន​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ខ្លួន​ប្រើ​សិទ្ធិ Veto នោះ​ទេ គឺ​គ្រាន់តែ​បញ្ជាក់​ថា ចង់​ឃើញ​ឧបទ្វីប​កូរ៉េ​ពុំ​មាន​ការ​ពង្រឹង​ទ័ព ឬ​ក៏​ធ្វើ​សមយុទ្ធ ទោះបី​ភាគី​ណា​ក៏ដោយ​នោះ។

តំណាង​របស់​សហរដ្ឋ​អាមេរិក និង​តំណាង​របស់​ប្រទេស​អង់គ្លេស បាន​ព្យាយាម​ឲ្យ​ចិន និង​រុស្ស៊ី យល់ព្រម​ថ្កោលទោស​កូរ៉េខាងជើង តែ​ចិន​និង​រុស្ស៊ី បដិសេធ។

តំណាង​ប្រទេស​អង់គ្លេស និង​អាមេរិក បាន​ថ្លែង​ថា បើ​គ្មាន​កម្លាំង​ឯកភាព​គ្នា​នៅ​ក្នុង​ចំណោម​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ គឺ​កូរ៉េខាងជើង អាច​នឹង​សាកល្បង​ថែម​ទៀត មិន​ត្រឹម​តែ​បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប ICBM នោះ​ទេ គឺ​អាច​បាញ់​មីស៊ីល​ផ្លោង​ប្រភេទ​នេះ​ដោយ​ភ្ជាប់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៀត​ផង។

យោង​តាម​ប្រភព​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា កូរ៉េខាងជើង អាច​នឹង​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​ការ​សាកល្បង​ជា​ថ្មី​ទៀត​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ ឬ​នៅ​ដើម​ឆ្នាំ​២០២៤។

លោក ចូ បៃដិន ប្រធានាធិបតី​របស់​ប្រទេស​មហាអំណាច គឺ​សហរដ្ឋ​អាមេរិក បាន​ព្រមាន​ទីក្រុង​ព្យុងយ៉ាង ថា កុំ​សាកល្បង​ឲ្យ​សោះ​ការ​បាញ់​គ្រាប់​នុយក្លេអ៊ែរ ព្រោះ​វា​បំពាន​ធ្ងន់ធ្ងរ​ណាស់​លើ​បំរាម​របស់​អង្គការ​សហប្រជាជាតិ។ លោក ចូ បៃដិន ធ្លាប់​បាន​ព្រមាន​កូរ៉េខាងជើង ថា បើ​ផ្ទុះ​សង្គ្រាម​លើ​ឧបទ្វីប វា​អាច​ទៅ​រក​សង្គ្រាម​ដែល​បិទ​បញ្ចប់​របប​ផ្ដាច់ការ​នៅ​ទីក្រុង​ព្យុងយ៉ាង។

ចំណែក​កូរ៉េខាងត្បូង គឺ​ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ព្រមាន​ថា កូរ៉េខាងត្បូង​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាជន​របស់​ខ្លួន ហើយ​បាន​សម្រេច​រួច​ហើយ​ក្នុង​ការ​កសាង​កម្លាំង​សាមគ្គីភាព​រវាង​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង។

ចុងក្រោយ​នេះ ក្រោយពី​កូរ៉េខាងជើង​បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប ICBM កាលពី​ថ្ងៃ​អង្គារ នៅ​ពេលនេះ សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន បើក​ធ្វើ​សមយុទ្ធ​ទ័ព​អាកាស​រួម​គ្នា​នៅ​លើ​លំហ​នៃ​សមុទ្រ​កូរ៉េខាងត្បូង និង​ជប៉ុន។ ការ​ធ្វើ​សមយុទ្ធ​នេះ គឺ​ជា​ការ​បង្ហាញ​កម្លាំង​ទ័ព​ត្រីភាគី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង។

ប៉ុន្តែ​សំណួរ​សួរ​ថា ហេតុ​អ្វី​បាន​ជា​កូរ៉េខាងជើង​ចេះតែ​រំលោភ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ? អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា អ្វី​ដែល​ក្រុង​ព្យុងយ៉ាង ហ៊ាន​បំពាន​ដូចនេះ គឺ​គ្មាន​អ្វី​ក្រៅពី​រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នេះ អាង​ចិន អាង​រុស្ស៊ី នៅ​ពីក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស