កងទ័ពនាវាជើងទឹកសហរដ្ឋអាមេរិក និងហ្វីលីពីន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នាដោយមានការចូលរួមពីក្រុមនាវាផ្ទុកយន្តហោះ USS Carl Vinson។
សមយុទ្ធនេះ ធ្វើឡើងនៅសមុទ្រចិនខាងត្បូង ក្នុងរយៈពេលពីរថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមករា នេះ។ សមយុទ្ធនេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ប៉ុន្តែជាលើកដំបូងដែលមានក្រុមនាវាផ្ទុកយន្តហោះ USS Carl Vinson អមដោយនាវាចម្បាំងជាច្រើនមកចូលរួម ក្នុងគោលដៅពង្រឹងសមត្ថភាពកងទ័ពរវាងប្រទេសទាំងពីរជាសម្ព័ន្ធមិត្តយោធាជាមួយគ្នា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។
តាមសារព័ត៌មាន Philstar Global សមយុទ្ធសហរដ្ឋអាមេរិក-ហ្វីលីពីន ធ្វើឡើងក្រោយពីចិននៅតែបន្តចោទហ្វីលីពីន បំពានដែនទឹករបស់ចិន នៅតំបន់ប្រជុំកោះស្ព្រាលី នៃលំហសមុទ្រចិនខាងត្បូង។ ជាមួយគ្នានេះ ក្រុងប៉េកាំង គំរាមហ្វីលីពីន ឱ្យទទួលស្គាល់ដែនទឹកប្រវត្តិសាស្ត្ររបស់ចិន។
យ៉ាងណា ការធ្វើសមយុទ្ធរបស់កងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក USS Carl Vinson និងហ្វីលីពីន ពិតណាស់ជាការគំរាមចិន ដ៏ធ្ងន់បំផុត ហើយជាការបង្ខំឱ្យចិន ចូលខ្លួនដោះស្រាយជាមួយហ្វីលីពីន នៅតុលាការមជ្ឈត្តការអន្តរជាតិជាថ្មីទៀត។
ទីក្រុងប៉េកាំង បានហៅសមយុទ្ធអាមេរិក-ហ្វីលីពីន គឺជាសកម្មភាពបង្កហេតុ ដែលប៉ះពាល់ដល់បូរណភាពដែនដីចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងថា ទង្វើរបស់សហរដ្ឋអាមេរិក និងហ្វីលីពីន ធ្វើឡើងក្នុងបំណងបង្ហាញកម្លាំងដើម្បីគ្រប់គ្រងស្ថានការណ៍ និងបំពានដែនអធិបតេយ្យចិន។
កាលពីថ្ងៃពុធ ទី៣ មករា ចិនក៏បានធ្វើសមយុទ្ធនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។ កងនាវាចិន បានប្រកាសថា កងទ័ពជើងទឹក និងកងទ័ពអាកាសចេញល្បាតតាមទម្លាប់របស់ខ្លួន។
តែក្រុងប៉េកាំង មិនបានបញ្ជាក់ថា អំពីទីតាំង និងចំនួនកងនាវា និងយន្តហោះដែលចូលរួមធ្វើសមយុទ្ធនេះទេ។
ការឡើងកម្ដៅយោធានៅសមុទ្រចិនខាងត្បូង ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដែលនាវាចិនបានបាញ់ទឹកដាក់នាវាហ្វីលីពីន ដែលចេញធ្វើបេសកកម្មផ្គត់ផ្គង់ស្បៀងឱ្យក្រុមប្រចាំការនៅប្រជុំកោះថ្មប៉ប្រះទឹក Second Thomas ក្នុងសមុទ្រចិនខាងត្បូង ដែលចិនអះអាងថាជាដែនទឹករបស់ចិន។ នៅពេលនោះ នាវាចិន និងនាវាហ្វីលីពីន បានបុកទង្គិចគ្នា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានបន្តចោទហ្វីលីពីន ថាបានបំពានចូលទឹកដីរបស់ចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង ម្ដងហើយម្ដងទៀត ព្រមទាំងបំប៉ោងបំផ្លើសព័ត៌មានមិនពិត និងបានសមគំនិតជាមួយកម្លាំងខាងក្រៅ ដើម្បីបង្កចលាចលលើផ្ទៃសមុទ្រចិនខាងត្បូង។
សារព័ត៌មានរដ្ឋចិន People Daily បានលើកឡើងថា ហ្វីលីពីនដែលអាងសហរដ្ឋអាមេរិកនៅពីក្រោយ បានបន្តប្រទូសរ៉ាយនឹងចិន ដោយការធ្វើសកម្មភាពដ៏គ្រោះថ្នាក់ និងកំពុងបំផ្លាញដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
តែអ្នកសង្កេតការណ៍ថា ហ្វីលីពីន ពិតជាអាងសហរដ្ឋអាមេរិកមែន ទើបហ៊ានបញ្ជូននាវាល្បាតទៅប្រឈមមុខនឹងនាវាល្បាតចិននៅសមុទ្រចិនខាងត្បូង ដូចជានៅពេលនេះជាដើម ដែលអាមេរិកសម្រេចបញ្ជូនក្រុមនាវាផ្ទុកយន្តហោះដ៏ធំ USS Carl Vinson ទៅកាន់សមុទ្រចិនខាងត្បូង។
អ្នកសង្កេតការណ៍យល់ថាជាព្រឹត្តិការណ៍យោធាចុងក្រោយដែលក្រុងម៉ានីល លេងហ្គេមជាមួយចិន ដើម្បីអូសចិន ទៅកាន់តុលាការអន្តរជាតិជាថ្មីទៀតករណីជម្លោះដែនសមុទ្រ ព្រោះកាលពីឆ្នាំ២០១៦ តុលាការមជ្ឈត្តការអន្តរជាតិជាស្ថាប័នយុត្តិធម៌មួយរបស់អង្គការសហប្រជាជាតិ បានកាត់សេចក្ដីឱ្យក្រុងម៉ានីល មានសិទ្ធិចូលកាន់កាប់នៅប្រជុំកោះមួយចំនួននៅសមុទ្រចិនខាងត្បូង ក្នុងតំបន់នៃប្រជុំកោះស្ព្រាលី។
សេចក្ដីសម្រេចរបស់តុលាការអន្តរជាតិមួយនេះ បានសំអាងលើភស្តុតាង ប្រវត្តិសាស្ត្រ និងតាមនិយាមនៃច្បាប់សមុទ្រឆ្នាំ១៩៨២ ដែលថា ករណីដោះស្រាយជម្លោះដូចនេះ ត្រូវយោងលើរយៈចម្ងាយនៃដែនទឹករបស់ប្រទេសមួយទៅនឹងតំបន់ជម្លោះ។
ដោយសំអាងលើភស្តុតាង ប្រវត្តិសាស្ត្រ និងតាមនិយាមនៃច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២ តុលាការនេះបានសម្រេចថា ប្រទេសហ្វីលីពីន មានប្រៀបខ្លាំងជាងចិន ដោយសាររយៈចម្ងាយពីដែនទឹកហ្វីលីពីនកំពុងគ្រប់គ្រង មានជិតជាងចិន ហើយមានភស្តុតាង ប្រវត្តិសាស្ត្រទៀតផង។
ទោះជាបែបនេះក្ដី ក្រុងប៉េកាំង បានប្រកាសទាត់ចោលសាលដីការបស់តុលាការមជ្ឈត្តការអន្តរជាតិអង្គការសហប្រជាជាតិមួយនេះ ដោយចាត់ទុកថាសេចក្ដីសម្រេចរបស់តុលាការនេះពុំមានយុត្តិធម៌សម្រាប់ចិន ដែលចិនក៏មានភស្តុតាងប្រវត្តិសាស្ត្រផងដែរ ហើយថាចិនជាប្រទេសធំដែលមានដែនអធិបតេយ្យលើសហ្វីលីពីនច្រើនដងទៀត។
ម្យ៉ាងទៀត ក្រុងប៉េកាំង ចាត់ទុកថាតុលាការនេះពុំមានដែនយុត្តាធិការក្នុងការកាត់សេចក្ដីសំណុំរឿងជម្លោះដែនទឹកសមុទ្រនោះទេ។
តែពេលនោះ ចិនដែលដឹងថាខ្លួនអាចចាញ់ក្ដី ក៏សម្រេចមិនបញ្ជូនអ្នកច្បាប់ទៅតតាំងក្ដីជាមួយនឹងហ្វីលីពីននោះទេ។ ករណីនេះ តុលាការមជ្ឈត្តការអន្តរជាតិសម្រេចសេចក្ដីដោយចេញសាលដីកាកាត់ក្ដីដោយគ្មានអ្នកច្បាប់ចិនចូលខ្លួនមកតតាំងក្ដី ក៏បានផ្ដល់សិទ្ធិឱ្យហ្វីលីពីន ចូលទៅកាន់កាប់តំបន់ដែលក្រុងម៉ានីល បានប្ដឹងសុំសិទ្ធិគ្រប់គ្រងនៅតំបន់ជម្លោះនោះ ដែលក្រុងម៉ានីល ហៅថាប្រជុំកោះស្កាបូរ៉ូ ក្នុងតំបន់ប្រជុំកោះស្ព្រាលី នៃសមុទ្រចិនខាងត្បូង។
តែនៅពេលនោះ ចិនក៏បានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនបន្តដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយប្រទេសពាក់ព័ន្ធ និងដោយមិនចាំបាច់មានអ្នកកាត់សេចក្ដី។ ចិនមិនឈឺក្បាលនឹងការសម្រេចរបស់តុលាការនេះទេ។
សម្រាប់ហ្វីលីពីន សង្ឃឹមថា សេចក្តីសម្រេចនេះនឹងបង្កើនគំនាបផ្លូវទូតលើចិន ឱ្យបញ្ឈប់នយោបាយវាតទីរបស់ខ្លួន។ មួយវិញទៀត ហ្វីលីពីនក៏អាចយកសេចក្តីសម្រេចនេះធ្វើជាទុនមួយដើម្បីមានប្រៀបក្នុងការចរចាជាមួយចិន។ តែចង់មិនចង់ ក៏ចិនត្រូវតែទទួលយកហ្គេមរបស់ហ្វីលីពីន ដែលកំពុងលេងជាមួយសហរដ្ឋអាមេរិកតាមរយៈការធ្វើសមយុទ្ធនៅពេលនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

