33 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​ចាប់ផ្តើម​អនុវត្ត​វិធានការ​បង្ក្រាប​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​បន្ត​ពី​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី លើកឡើង​ថា ក្រោយ​ឡើង​កាន់​អំណាច​បាន​ជាង ៤​ខែ រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត បាន​ចេញ​វិធានការ​បណ្តើរៗ​ហើយ​នៅ​ឆ្នាំ​២០២៤ នេះ ក្នុង​ការ​បង្ក្រាប​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​ទង្វើ​នេះ​បង្ហាញ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​ថ្មី​នេះ​កំពុង​បន្ត​បេសកកម្ម​ពី​លោក ហ៊ុន សែន ក្នុង​ការ​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។

ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី លោក ហុង លីម សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា នៅ​ថ្ងៃទី​១០ មករា នេះ​ថា ក្នុង​រយៈពេល​ត្រឹមតែ ៧​ថ្ងៃ​នៅ​ដើម​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៤ នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ចេញ​មុខ​ដោយ​ផ្ទាល់​ក្នុង​ការ​រំលោភ​បំពាន​លើ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ដល់​ទៅ ២​ករណី ដែល​នេះ​គឺជា​ភស្តុតាង​បញ្ជាក់​បន្ថែម​ថា លោក ហ៊ុន ម៉ាណែត កំពុង​បន្ត​បេសកកម្ម​ពី​ឪពុក​របស់​គាត់​ក្នុង​ការ​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ដែល​និន្នាការ​នេះ​នឹង​បង្កើត​នូវ​ភាព​អយុត្តិធម៌​សង្គម និង​ភាព​ក្រីក្រ​ថែម​ទៀត​ទៅ​លើ​ពលរដ្ឋ​ខ្មែរ។

ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​រូប​នេះ​លើកឡើង​ថា ករណី​ទី​១ ជុំវិញ​ចាប់​ខ្លួន​សកម្មជន​សង្គម​លោក នី ណាក់ បន្ទាប់ពី​គាត់​រិះគន់​រដ្ឋាភិបាល​ទាក់ទិន​នឹង​វិស័យ​កសិកម្ម​កម្ពុជា ដែល​ត្រូវ​បាន​ចោទប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ពេលនេះ និង​ករណី​ទី​២ ជុំវិញ​ការ​នាំ​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទៅ​សួរ​នាំ​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ឱ្យ​មាន​ការ​ចូលរួម​ថែរក្សា​កោះកុង​ក្រៅ គឺជា​ការ​រំលោភ​បំពាន​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ទង្វើ​បែប​នេះ​បាន​កើត​មាន​ជា​ហូរហែ​រហូត​មក​ក្នុង​ជំនាន់​ដឹកនាំ​របស់​លោក ហ៊ុន សែន។

លោក ហុង លីម អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ចូលរួម​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា និង​បន្ត​នាំគ្នា​បដិសេធ​អំពើ​រំលោភ​បំពាន​របស់​រដ្ឋាភិបាល​ដែល​តែងតែ​បំបិទ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​កន្លង​មក។

កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៤ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ បាន​ចាប់​ខ្លួន​អ្នកជំនាញ​កសិកម្ម​លោក នី ណាក់ ដោយ​ចោទ​ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់ បន្ទាប់ពី​សកម្មជន​សង្គម​រូប​នេះ​សរសេរ​លើ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន រិះគន់​ពី​របាយការណ៍​ដែល​ក្រសួង​ការងារ​បាន​ចេញ​ផ្សាយ​អំពី​តួលេខ​ក្រុមហ៊ុន​ឯកជន​ដែល​ទើប​បើក​ថ្មី​នៅ​ដើម​ឆ្នាំ​២០២៤ នេះ។

ជាង​នេះ​ទៀត បន្ទាប់ពី​ចាប់​ខ្លួន​លោក នី ណាក់ បាន​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ នេះ ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ ក៏​ត្រូវ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ឃាត់​ខ្លួន​យក​ទៅ​ណែនាំ​ផង​ដែរ បន្ទាប់ពី​ពួកគេ​នាំគ្នា​ផ្សព្វផ្សាយ​ឱ្យ​មាន​ការ​ការពារ​កោះកុង​ក្រៅ ដោយ​ការ​ពាក់​អាវ​ដែល​សរសេរ​អក្សរ​មាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​កោះកុង​ក្រៅ ក្នុង​នោះ ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​សួរ​ចម្លើយ​អស់​ជាច្រើន​ម៉ោង ទើប​ត្រូវ​បាន​ដោះលែង​វិញ។

មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ ស្ដីពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ ចែង​ថា ប្រទេស​កម្ពុជា​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ជាដើម។

យ៉ាងណាក៏ដោយ ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន និង​កំពុង​បន្ត​មក​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​បន្ត​រំលោភ​បំពាន​ច្បាប់ រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​មិន​ខុសពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នោះ​ឡើយ។

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ឡើង​កាន់​អំណាច​ជំនួស​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ចាប់តាំងពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ មក ដូច្នេះ បើ​គិត​មក​ទល់​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ នេះ គឺ​មាន​រយៈពេល ១៤២​ថ្ងៃ​ហើយ។

ប៉ុន្តែ​ក្នុង​រយៈពេល​កាន់​អំណាច ៤​ខែ ២០​ថ្ងៃ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​រូប​នេះ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​របស់​កម្ពុជា​ដែល​ជាប់​គាំង ឬ​កំពុង​រីក​រាលដាល​ដែល​បន្សល់​ពី​ឪពុក​របស់​គាត់​បាន ១​ករណី​នៅឡើយ​ទេ ប៉ុន្តែ​គេ​មើល​ឃើញ​ថា លោក ហ៊ុន ម៉ាណែត កំពុង​អនុវត្ត​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​ដូច​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​គាត់​ទៅវិញ។

សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការ​អាដហុក ក៏​បាន​ដាក់​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ដែរ​ថា កម្ពុជា​នៅតែ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស សិទ្ធី​ដីធ្លី ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ រឹតត្បិត​លំហ​សេរីភាព​នយោបាយ លំហ​សេរីភាព​សារព័ត៌មាន និង​រំលោភ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ជាដើម ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អនុវត្ត​ទៅ​តាម​យន្តការ​ដើម្បី​ពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៣ (UPR) របស់​អង្គការ​សហប្រជាជាតិ កាលពី​ដើម​ខែ​មករា ឆ្នាំ​២០១៩ កន្លង​ទៅ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស