36 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ទម្លាយ​ថា​លោក ហ៊ុន ម៉ាណែត នឹង​មិន​ដោះស្រាយ​វិវាទ​ការងារ​កូដករ​ណាហ្គា​វើលដ៍​ដាច់ខាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា មន្ត្រី​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត នឹង​មិន​ដោះស្រាយ​វិវាទ​ការងារ​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដាច់ខាត ក្រោម​ហេតុផល​ថា ប្រសិនបើ​គាត់​ដោះស្រាយ​វិវាទ​នេះ គឺ​ដូចជា​លើក​ទឹកចិត្ត​ឱ្យ​កម្មករ​និយោជិត​នៅ​តាម​បណ្តា​ក្រុមហ៊ុន​នានា​ចេញ​មុខ​តវ៉ា​កាន់តែ​ច្រើន។

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​១៥ មករា នេះ​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន មាន​ផែនការ​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​គ្រប់​ផ្នែក​ទាំងអស់​ក្នុង​អាណត្តិ​ដំបូង​នៃ​ការ​កាន់​អំណាច​របស់​លោក ហ៊ុន ម៉ាណែត ដើម្បី​ធានា​នូវ​ស្ថិរភាព​នៃ​ការ​ក្តោប​ក្តាប់​អំណាច​ឱ្យ​បាន​រឹងមាំ ព្រោះ​ថា​គាត់​ដឹង​ថា ទាំង​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ កំពុង​ចាំ​មើល​សមត្ថភាព​ដឹកនាំ​ប្រទេស​របស់​គាត់​ក្នុង​អាណត្តិ​ទី​១ នេះ។

ប្រភព​មន្ត្រី​ខាងលើ​លើកឡើង​ថា ទាំង​មន្ត្រី​រាជការ និង​មន្ត្រី​រដ្ឋាភិបាល​ចាស់ៗ​ដែល​លោក ហ៊ុន សែន ប្រមូល​យក​ទៅ​ទុក​ចោល​ដើម្បី​បើក​ផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត តែងតាំង​ជា​មន្ត្រី​រដ្ឋាភិបាល​ថ្មី​សព្វថ្ងៃ​នេះ គឺ​សុទ្ធតែ​មិន​ពេញ​ចិត្ត​នឹង​កំណែ​ទម្រង់​របស់​លោក ហ៊ុន ម៉ាណែត ដែល​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​លោក ហ៊ុន សែន នោះ​ទេ។

ប្រភព​ដដែល​បន្ថែម​ថា ពួកគេ​មិន​ជឿជាក់​លើ​សមត្ថភាព​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ទេ។ ម្យ៉ាង​វិញ​ទៀត ពួកគេ​ក៏​មិន​ពេញ​ចិត្ត​នឹង​ការ​រៀបចំ​ឱ្យ​មាន​ការ​គ្រប់គ្រង​បែប​តំណ​ពូជ​ដូច​ដែល​លោក ហ៊ុន សែន កំពុង​រៀបចំ​ដូច​ពេល​នេះ​ដែរ ព្រោះ​ការ​រៀបចំ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​ផល​ប្រយោជន៍​ដែល​ខ្លួន​ធ្លាប់​ទទួល​បាន​ពី​មុន ព្រោះ​តែ​ផល​ប្រយោជន៍​ទាំងនោះ​នឹង​ត្រូវ​ធ្លាក់​តែ​ទៅ​លើ​ខ្សែ​បក្ខពួក​ដែល​ជិតស្និទ្ធ​នឹង​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ លោក ហ៊ុន សែន កំពុង​ជួយ​រៀបចំ​កៅអី​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត យ៉ាង​ម៉ត់ចត់​បំផុត ដើម្បី​កុំ​ឱ្យ​លេច​ចេញ​នូវ​ចរន្ត​តវ៉ា​ណា​មួយ​ក្នុង​ដំណាក់កាល​នេះ ក្នុង​នោះ ការ​តវ៉ា​របស់​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ក៏​ពួកគេ​ចាត់ទុក​ជា​ចរន្ត​មួយ​ដែល​នាំ​ទៅ​ដល់​ភាព​រង្គោះរង្គើ​នៃ​ផែនការ​ឱបក្រសោប​អំណាច​របស់​លោក ហ៊ុន ម៉ាណែត ដែរ ព្រោះ​ថា​បើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ណាហ្គា​វើលដ៍​នោះ ចរន្ត​នៃ​ការ​តវ៉ា​តាម​រោងចក្រ​ផ្សេង​ទៀត ក៏​នឹង​ងើប​ឡើង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​នេះ​ពិបាក​គ្រប់គ្រង ឬ​ទប់ស្កាត់​ចរន្ត​នៃ​ការ​តវ៉ា​ទាំងនោះ​ទៅ​ថ្ងៃ​ក្រោយ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត មិន​ដែល​លើកឡើង​សូម្បី​តែ​ម្តង​ពី​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​របស់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​អស់​រយៈពេល​ជាង ២​ឆ្នាំ​កន្លង​មក​នេះ។

កាលពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៤ ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជិត ៤០​នាក់ (៣៦​នាក់) បន្ត​ធ្វើ​កូដកម្ម​ទាមទារ​យុត្តិធម៌​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ ដែល​ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ដោះស្រាយ​ឱ្យ​ពួកគេ​បាន​ចូល​បម្រើ​ការងារ​វិញ និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ព្រមទាំង​ទម្លាក់​ចោល​បទ​ចោទ​មក​លើ​សមាជិក​សហជីព​របស់​ពួកគេ​ផង​ដែរ។

ក្រុម​កូដករ​ខាងលើ​ប្រមូលផ្ដុំ​គ្នា​ដោយ​ការ​ឈរ​លើក​បដា ដែល​សរសេរ​ថា មាន​សហជីព ទើប​មាន​សិទ្ធិ​ការងារ​ពេញលេញ​នៅ​កន្លែង​ការងារ។ ជាង​នេះ​ទៀត ពួកគេ​បាន​ផ្លុំ​ត្រែ និង​វាយ​ស្គរ ជាដើម ក្នុង​នោះ​ក៏​មាន​ក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន​ប្រហែល ១០​នាក់ និង​មាន​ក្រុម​ជនស៊ីវិល​ប្រមាណ​ជិត ១០​នាក់​តាម​ថត​រូប​ក្រុម​កូដករ និង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ដែល​បាន​ចូលរួម​តាមដាន​នៅ​ពេល​នោះ​ថែម​ទៀត។

កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ការ​តវ៉ា​ទាមទារ​របស់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ គឺ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​សហជីព ដោះលែង​កញ្ញា ឈឹម ស៊ីថរ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​សមាជិក​សហជីព​នានា ព្រមទាំង​ទទួល​យក​បុគ្គលិក​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់ ឱ្យ​ចូល​ធ្វើការ​វិញ​ប៉ុណ្ណោះ មិន​មែន​មាន​ចេតនា​ផ្តួល​រំលំ​រដ្ឋាភិបាល​ដូច​ការ​ចោទប្រកាន់​កន្លង​មក​ឡើយ។

សេចក្តី​ថ្លែងការណ៍​ខាងលើ​បញ្ជាក់​ថា រយៈពេល ២​ឆ្នាំ​មក​នេះ វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិន​ត្រូវ​បាន​ដោះស្រាយ​សូម្បី​តែ​មួយ​ចំណុច។ ផ្ទុយទៅវិញ ក្រុម​កូដករ​ដែល​ភាគច្រើន​ជា​ស្ត្រី ត្រូវ​បាន​រង​នូវ​អំពើ​ហិង្សា និង​ការ​បៀតបៀន​ពី​សំណាក់​កងកម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​បែប​យ៉ាង រហូត​បង្ក​ទៅ​ជា​របួស​ស្នាម​លើ​ក្រុម​កូដករ ទាំង​រូប​រាងកាយ និង​ផ្លូវចិត្ត ក្នុង​នោះ​កូដករ​ដែល​ជា​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ក៏​រលូត​កូន​ក្នុង​ផ្ទៃ​ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​របស់​សមត្ថកិច្ច​ដែរ។

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ កន្លង​ទៅ ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​បញ្ឈប់​កម្មករ​និយោជិត​ជាង ១​ពាន់​នាក់ (១៣២៩​នាក់) ក្នុង​បំណង​រំលាយ​ក្រុម​សហជីព​តែម្តង ប៉ុន្តែ​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ កម្មករ​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ ក៏​បាន​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​យុត្តិធម៌​តែម្តង ប៉ុន្តែ​រហូត​ដល់​ពេលនេះ​អស់​រយៈពេល​ជាង ២​ឆ្នាំ​ហើយ វិវាទ​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល ខណៈ​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន និង​ក្រុម​កូដករ​មួយ​ចំនួន​ផ្សេង​ទៀត កំពុង​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ​សព្វថ្ងៃ​នេះ។

បច្ចុប្បន្ន​នេះ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចំនួន ៩​នាក់ កំពុង​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ ក្រោម​បទ​ចោទ “ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” ដូចជា ប្រធាន​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់​ដឹកនាំ​សហជីព កញ្ញា ឈឹម សុខ និង​សកម្មជន​សហជីព​អ្នកស្រី រី សុវណ្ណឌី ជាដើម ក្រោយ​ក្រុម​កូដករ​ទាំងនោះ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ខ្លួន​នា​ពេល​កន្លង​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស