28 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​បិទ​ក្លឹប​បាញ់​កាំភ្លើង​ពីរ​កន្លែង​និង​ហាម​បើក​ក្លឹប​នេះ​ថ្មី​ទូទាំង​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បញ្ជា​ឱ្យ​បិទ​ក្លឹប​បាញ់​កាំភ្លើង​ពីរ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ និង​ហាម​បើក​ក្លឹប​បាញ់​កាំភ្លើង​ឯកជន​ថ្មី​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស ព្រោះ​វា​នាំ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» នៅ​ព្រឹក​ថ្ងៃទី​៣១ មករា លោក ហ៊ុន ម៉ាណែត អះអាង​ថា បើ​មក​លេង​ខេត្ត​ព្រះសីហនុ ឬ​មក​ដើរ​លេង​តាម​កោះ​នានា មិន​បាច់​មក​បាញ់​កាំភ្លើង​នោះ​ទេ។ លោក​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឈប់​ផ្ដល់​អាជ្ញាបណ្ណ​ដល់​ក្រុមហ៊ុន​ឯកជន​បើក​កន្លែង​បាញ់​កាំភ្លើង​បន្ត​ទៀត។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​បន្ត​ទៀត​ថា មូលហេតុ​ដែល​លោក​មិន​ចង់​ឱ្យ​មាន​កន្លែង​បាញ់​កាំភ្លើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ព្រោះ​វា​នាំ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​ខេត្ត​មាត់សមុទ្រ​មួយ​នេះ និង​កុំ​ឲ្យ​ពួកគេ​មាន​ការ​ភ័យខ្លាច ឬ​ព្រួយបារម្ភ​ពី​សុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន។

លោក​អះអាង​ថា បើ​បន្ត​ឱ្យ​មាន​កន្លែង​បាញ់​កាំភ្លើង វា​ក៏​មាន​ការ​ចរាចរ​ទិញ​គ្រាប់កាំភ្លើង និង​អាវុធ​សម្រាប់​ទីតាំង​អាជីវកម្ម​នោះ​ដែរ។ ដូច្នេះ មិន​គួរ​ឱ្យ​មាន​កន្លែង​បាញ់​កាំភ្លើង​ទេ។ លោក​ថា ការងារ​ប្រើប្រាស់​អាវុធ និង​បាញ់​កាំភ្លើង​ទុក​ឱ្យ​ក្រុម​កងកម្លាំង​ហ្វឹកហាត់​ចុះ មិន​ចាំបាច់​ឱ្យ​ស៊ីវិល ឬ​សាធារណជន​អនុវត្ត​នោះ​ទេ។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន ម៉ាណែត ក៏​បាន​បញ្ជា​ឱ្យ​ក្រុម​ការងារ​របស់​លោក ធ្វើ​សេចក្តី​ព្រាង​សារាចរ​ណែនាំ​ទូទាំង​ប្រទេស​មួយ ដោយ​ឱ្យ​បញ្ឈប់​ការ​ចេញ​លិខិត​បើក​កន្លែង​បាញ់​ស៊ីប​ថ្មី​ត​ទៅ​ទៀត។

កាលពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត បាន​សម្រេច​ឱ្យ​រៀបចំ​ចេញ​អនុក្រឹត្យ​មួយ​ឱ្យ​បញ្ឈប់​ការ​ផ្ដល់​អាជ្ញាបណ្ណ​ថ្មី​ចំពោះ​ទីកន្លែង​បាញ់​កាំភ្លើង​ឯកជន ឬ​ទីកន្លែង​បាញ់​ស៊ីប​នេះ​តែម្ដង។

សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​បាន​រៀបចំ​ការ​ប្រកួត​កីឡា​បាញ់​កាំភ្លើង​ពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ​២០២៤ នៅ​ខេត្ត​មណ្ឌលគិរី ក្នុង​នោះ​មាន​កីឡាករ​ចូលរួម​សរុប ២៧​នាក់ ចែក​ចេញ​ជា ៤​វិញ្ញាសា។

លោក សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​បាន​រួម​ចំណែក​បំផុស​ផ្សព្វផ្សាយ​កីឡា​បាញ់​កាំភ្លើង​ឲ្យ​កាន់តែ​ទូលំទូលាយ និង​រីកចម្រើន ព្រមទាំង​ទទួល​បាន​សាមគ្គីភាព មិត្តភាព និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​គ្នា​ឲ្យ​កាន់តែ​ស្អិតល្មួត​បន្ថែម​ទៀត ជាពិសេស​កីឡា​ទំនើប​មួយ​នេះ​ក៏​ជា​ចលករ​អាច​ស្រូប​ទាញ​កីឡាករ​បរទេស និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​កម្ពុជា​ផង​ដែរ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ស្វាគមន៍​ចំពោះ​វិធានការ​នេះ។ លោក​ថា​តាម​ការ​កត់ចំណាំ​របស់​លោក​កន្លង​មក គឺ​នៅ​ពេល​ដែល​ជនបរទេស​មួយ​ចំនួន​មាន​អាវុធ​ប្រើប្រាស់ គឺ​បាញ់បោះ​ដោយ​សេរី​តាម​ទីប្រជុំជន និង​គ្មាន​ញញើត​ចំពោះ​សមត្ថកិច្ច ហើយ​ជា​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ម្ចាស់​ស្រុក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស