35 C
Phnom Penh

គ.ជ.ប អំពាវនាវ​ដល់​គ្រប់​បក្ស​នយោបាយ​ឱ្យ​គោរព​ច្បាប់​ពេល​ឃោសនា​រើស​សមាជិក​ព្រឹទ្ធសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​ដែល​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​បាន​កំណត់ នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​១០ រហូត​ដល់​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ។

យោង​តាម​សេចក្តី​អំពាវនាវ​របស់ គ.ជ.ប ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ គ.ជ.ប អំពាវនាវ​ដល់​គណបក្ស​នយោបាយ បេក្ខជន សមាជិក និង​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវតែ​គោរព​តាម​វិធាន បទប្បញ្ញត្តិ និង​គោលការណ៍​ដែល​បាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​គោរព​តាម​ក្រមសីលធម៌ និង​គោលការណ៍​នានា​ដែល​បាន​កំណត់ ដើម្បី​ធានា​ការ​ឃោសនា​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី អហិង្សា សន្តិសុខ និង​សុវត្ថិភាព។

ប្រភព​ដដែល​បាន​លើកឡើង​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ មាន​រយៈពេល ១៤​ថ្ងៃ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ រហូត​ដល់​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

គ.ជ.ប ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត ឥត​លម្អៀង​ក្នុង​សកម្មភាព​ការងារ​របស់​ខ្លួន និង​សម្របសម្រួល​ទីកន្លែង ផ្លូវ ពេលវេលា ដើម្បី​គណបក្ស​នយោបាយ​នីមួយៗ​អាច​អនុវត្ត​កម្មវិធី និង​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើភាព​គ្នា។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ឆ្នាំ​២០២៤ ដែល​មាន​គណបក្ស​ចំនួន ៤ ចូលរួម​ប្រកួតប្រជែង ដូចជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ។

កន្លង​មក គណបក្ស​ភ្លើង​ទៀន បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការ​ធ្វើ​ឲ្យ​រាំងស្ទះ​ក្នុង​ការ​ផ្លាស់ប្ដូរ ឬ​ដោះដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​មកពី​គណបក្ស​របស់​ខ្លួន បន្ទាប់ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​នេះ ដោយ​ចាត់ទុក​ថា​អាជ្ញាធរ​ហាក់ដូចជា​មាន​ចេតនា​ក្នុង​ការ​បំបាក់​ស្មារតី​អង្គ​បោះឆ្នោត។ គណបក្ស​ភ្លើង​ទៀន សម្ដែង​នូវ​ការ​បារម្ភ និង​ខកចិត្ត​ចំពោះ​ការ​ធ្វើ​ឲ្យ​រាំងស្ទះ​ក្នុង​ការ​ផ្លាស់ប្ដូរ ឬ​ដោះដូរ​នេះ។

ប្រភព​ដដែល​បាន​លើកឡើង​ថា ទង្វើ​របស់​អាជ្ញាធរ​ហាក់ដូចជា​មាន​ចេតនា​ក្នុង​ការ​បំបាក់​ស្មារតី​អង្គ​បោះឆ្នោត ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គណបក្ស​ភ្លើង​ទៀន បំពាន​លើ​មាត្រា​១៦ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់ និង​មិន​ស្រប​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ។

ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មក ប្រទេស​កម្ពុជា​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោយ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ និង​មន្ត្រី​នៅ​មូលដ្ឋាន​របស់​ខ្លួន ដូចជា​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ជាដើម ដែល​មាន​អាណត្តិ ៥​ឆ្នាំ​ដូចៗ​គ្នា។

ប្រទេស​កម្ពុជា បោះឆ្នោត​ជា​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ បាន ៣​ដង​រួច​មក​ហើយ ខណៈ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បាន​ធ្វើ​ឡើង ៧​អាណត្តិ ចំណែក​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា បាន​ធ្វើ​ឡើង​បាន ៣​ដង​ដែរ ចំណែក​ឯ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​បាន​ធ្វើ​ឡើង ៦​ដង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស