អ្នកឃ្លាំមើលសង្គម លើកឡើងថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិទី៥ នេះ មិនត្រឹមតែជាលទ្ធផលនៃការបោះឆ្នោតទេ តែក៏ជាការបង្ហាញពីលទ្ធផលនៃជម្លោះនយោបាយរបស់អ្នកប្រជាធិបតេយ្យដែរ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលគណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ។
អ្នកប្រឹក្សាយោបល់ខាងអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ កុម្ភៈ នេះថា ការឈ្លោះបែកបាក់សាមគ្គីគ្នាឯងក្នុងចំណោមអ្នកប្រជាធិបតេយ្យ មិនមែនជាមធ្យោបាយក្នុងការកសាងកម្លាំងសម្រាប់ប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចទេ ប៉ុន្តែវាជាការបង្ហាញអំពីកម្សោយរបស់ក្រុមអ្នកប្រជាធិបតេយ្យក្នុងការដឹកនាំនយោបាយឱ្យគណបក្សប្រជាជនកម្ពុជាបានឃើញ និងធ្វើឱ្យពលរដ្ឋ ឬសមាជិករបស់ខ្លួនបាត់បង់ទំនុកចិត្ត។
លោក សេក សុជាតិ លើកឡើងថា មន្ត្រីបក្សក្រៅរដ្ឋាភិបាល ដូចជា គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ជាដើម តែងលើកឡើងអំពីឧបសគ្គខាងក្រៅដែលតែងញាំញី និងធ្វើទុក្ខបុកម្នេញទៅលើខ្លួន ប៉ុន្តែក្នុងចង្កោមអ្នកប្រជាធិបតេយ្យខ្លួនឯង ក៏តែងតែបង្ហាញពីការធ្វើទុក្ខបុកម្នេញដោយជម្លោះមិនចេះចប់មិនចេះហើយដែរ ដូច្នេះលទ្ធផលដែលពួកគេបាត់កៅអីក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅពេលនេះ ក៏ជាមេរៀនសម្រាប់ពួកគេដើម្បីធ្វើការសិក្សាឡើងវិញដែរ សម្រាប់កែប្រែរបៀបដឹកនាំនយោបាយរបស់អ្នកទាំងនោះទៅថ្ងៃមុខ។
អ្នកប្រឹក្សាយោបល់ខាងអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ចាប់ពីពេលនេះតទៅ បើក្រុមអ្នកប្រជាធិបតេយ្យនៅតែបន្តចរន្តនយោបាយធ្វើឱ្យបែកបាក់ផ្ទៃក្នុងខ្លួនឯងទៀត សូមកុំសង្ឃឹមថានឹងអាចកសាងកម្លាំងនយោបាយឡើងវិញបានឱ្យសោះ ផ្ទុយទៅវិញ គឺមានតែចុះអន់ថយទៅបន្តិចម្តងៗប៉ុណ្ណោះ។
លោក សេក សុជាតិ បញ្ជាក់ថា ការបង្កជម្លោះក្នុងទម្រង់ណាក៏ដោយ ក៏មិនផ្តល់ផលចំណេញសម្រាប់ខ្លួនឯងដែរ ដូច្នេះបើដឹកនាំនយោបាយដែលប្រកាសខ្លួនថាជាអ្នកប្រជាធិបតេយ្យ តែបែរជាបន្តដឹកនាំនយោបាយបង្កតែជម្លោះ នោះពួកគេមិនអាចប្រមូលផ្ដុំកម្លាំងអ្នកប្រជាធិបតេយ្យបានឡើយ ខណៈគណបក្សដៃគូប្រជែងនយោបាយ ក៏នឹងទទួលផលប្រយោជន៍ពីជម្លោះនេះដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលទើបនឹងបញ្ចប់ បានបង្ហាញថា គណបក្សប្រឆាំងបានបាត់បង់សមាជិកព្រឹទ្ធសភាបន្ថែមទៀតនៅអាណត្តិទី៥ នេះ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គ.ជ.ប បានប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ នេះថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ក្រោមសំឡេងឆ្នោតជាង ១ម៉ឺនសំឡេង (១០០៥២សំឡេង) ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ ក្រោមសំឡេងគាំទ្រជាង ១ពាន់សំឡេង (១៣៩៤សំឡេង) ក្នុងចំណោមអាសនៈព្រឹទ្ធសភាសរុប ៥៨អាសនៈ ខណៈគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងភូមិភាគទាំង៨ នៅទូទាំងប្រទេស ក្នុងនោះរួមមាន៖
- ភូមិភាគទី១ គឺរាជធានីភ្នំពេញ មាន ៦អាសនៈ
- ភូមិភាគទី២ មាន ២ខេត្ត ដូចជាខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន ៨អាសនៈ
- ភូមិភាគទី៣ មានខេត្តកណ្ដាល មាន ៥អាសនៈ
- ភូមិភាគទី៤ មាន ៥ខេត្តដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ និងខេត្តប៉ៃលិន មាន ១០អាសនៈ
- ភូមិភាគទី៥ មាន ៣ខេត្ត ដូចជាខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន ៧អាសនៈ
- ភូមិភាគទី៦ មាន ២ខេត្ត ដូចជាខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន ៧អាសនៈ
- ភូមិភាគទី៧ មាន ៥ខេត្ត ដូចជាខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន ៩អាសនៈ
- និងភូមិភាគទី៨ មាន ៦ខេត្ត ដូចជាខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន ៦អាសនៈ។
អង្គបោះឆ្នោតដែលបានចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាក្នុងអាណត្តិទី៥ នេះ មានចំនួនជាង ១ម៉ឺននាក់ (១១៧៤៧នាក់) រួមមានសមាជិករដ្ឋសភាក្នុងតំណែងចំនួន ១២៥នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងជាង ១ម៉ឺននាក់ផងដែរ (១១៦២២នាក់)។
នៅមុនការបោះឆ្នោតមកដល់ មេដឹកនាំគណបក្សឆន្ទៈខ្មែរ និងមេដឹកនាំគណបក្សកម្លាំងជាតិ អះអាងថា ប្រសិនបើអង្គបោះឆ្នោតរបស់បក្សភ្លើងទៀនរួមគ្នាបោះឆ្នោតឱ្យគណបក្សណាមួយ នោះពួកគេអាចនឹងទទួលបានចំនួន ៩អាសនៈនៅក្នុងព្រឹទ្ធសភានេះ ប៉ុន្តែបើទោះបីជាគណបក្សនយោបាយទាំងពីរព្យាយាមចរចាគ្នារកច្រកចេញមុនថ្ងៃបោះឆ្នោតព្រឹទ្ធសភាក៏ដោយ ក៏បក្សប្រឆាំងទាំងពីរនេះមិនអាចស្វែងរកចំណុចរួមមួយសម្រាប់ការបោះឆ្នោតនេះឡើយ គឺបានត្រឹមតែដណ្តើមយកក្រុមប្រឹក្សារបស់បក្សភ្លើងទៀន ឱ្យបោះឆ្នោតឱ្យគណបក្សរបស់ពួកគេ ក្រោមហេតុផលរៀងៗខ្លួនតែប៉ុណ្ណោះ។
ក្រោយបញ្ចប់ដំណើរការបោះឆ្នោត ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រកាសកាលពីថ្ងៃទី២៥ កុម្ភៈ ថា ប្រសិនបើគ្មានពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងលទ្ធផលបណ្ដោះអាសន្ននេះទេ នោះលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាចនឹងប្រកាសនៅចន្លោះពីថ្ងៃទី៤ និងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ៕