39 C
Phnom Penh

លោក អ៊ុំ សំអាន ថា​គ្រួសារ​ត្រកូល​ហ៊ុន​កំពុង​រៀបចំ​ការ​គ្រប់គ្រង​អំណាច​ជា​ប្រព័ន្ធ​ក្ដោប​ក្ដាប់​កម្ពុជា​ផ្ដាច់មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ក្លែងក្លាយ​បន្ត​អំណាច​ពី​ឪពុក​លោក ហ៊ុន ម៉ាណែត កំពុង​រៀបចំ​ការ​គ្រប់គ្រង​អំណាច​ជា​ប្រព័ន្ធ​ក្នុង​រង្វង់​គ្រួសារ​របស់​ខ្លួន​ឱ្យ​កាន់តែ​ចាក់​ជ្រៅ និង​មាន​អំណាច​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ក្នុង​ការ​ក្តោប​ក្តាប់​ទឹកដី​ខ្មែរ​ដោយ​ផ្ដាច់មុខ។

លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៦ កុម្ភៈ នេះ​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​បង​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​នាយករដ្ឋមន្ត្រី និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អនុប្រធាន​បក្ស ចំណែក​លោក ហ៊ុន ម៉ានិត ជា​ប្អូន​ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា។ រីឯ​លោក ហ៊ុន ម៉ានី ដែល​ជា​ត្រូវ​ជា​ប្អូនប្រុស​របស់​លោក ហ៊ុន ម៉ាណែត ម្នាក់​ទៀត​ដែរ​នោះ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ក្នុង​ជួរ​រដ្ឋាភិបាល ប៉ុន្តែ​បាន​ស្នើសុំ​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​បន្ថែម​ទៀត ខណៈ​តំណែង​ក្នុង​ជួរ​គណបក្ស គឺជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​ដែល​មាន​តួនាទី​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក)។

លោក អ៊ុំ សំអាន អះអាង​ថា ត្រកូល​ហ៊ុន​នឹង​មាន​អំណាច​កាន់តែ​រឹងមាំ​ទាំង​នៅ​ក្នុង​បក្ស និង​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​រក្សា​អំណាច​ប្រមូលផ្ដុំ​ក្នុង​ដៃ​ត្រកូល​ហ៊ុន​ដូច្នេះ គឺ​មាន​ន័យ​ថា ប្រទេស​កម្ពុជា​ក៏​នឹង​លែង​ជា​កម្មសិទ្ធិ​របស់​ប្រជារាស្ត្រ​ខ្មែរ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀត​ដែរ ហើយ​ក៏​មិនមែន​ជា​កម្មសិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ប៉ុន្តែ​ប្រទេស​ក្រីក្រ​ដ៏​តូច​កម្សត់​មួយ​នេះ កំពុង​ក្លាយ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​តែ​មួយ​គត់ ចំណែក​វាសនា​របស់​ពលរដ្ឋ​ខ្មែរ​ទាំងមូល​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វង្ស​ត្រកូល​មួយ​នេះ ក៏​ដូច​គ្នា​ទៅ​នឹង​ការ​គ្រប់គ្រង​ក្រោម​របប​ខ្មែរក្រហម​ដូច្នោះ​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​របស់​លោក ហ៊ុន សែន កំពុង​ចងក្រង​អំណាច​កាន់តែ​ជ្រៅ​ទៅៗ​ក្នុង​ការ​ក្តោប​ក្តាប់​ប្រទេស​កម្ពុជា​ទាំងមូល​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ខ្លួន​សព្វថ្ងៃ​នេះ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា កម្ពុជា​ជា​ព្រះរាជាណាចក្រ​ដែល​ប្រតិបត្តិ​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ប៉ុន្តែ​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ​កំពុង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម​ដូច​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ទៅ​ហើយ។

ជុំវិញ​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​បង្ហាញ​ថា ក្រុម​គ្រួសារ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ​បាន​បែងចែក​គ្នា​កាន់​តួនាទី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ពេញ​ដៃ ក្នុង​នោះ លោក ហ៊ុន សែន កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ផង ជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ផង នឹង​គ្រោង​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា​ផង។

សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា បាន​លាតត្រដាង​ក្នុង​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា ពួកគេ​បាន​រក​ឃើញ​សែស្រឡាយ​បក្ខពួក​របស់​លោក ហ៊ុន សែន ជាច្រើន​នាក់​តាមរយៈ​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រហូត​ដល់​ទៅ​ជិត ១​ភាគ​៤ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ចូល​ទៅ​កាន់​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៧ នេះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា កម្ពុជា​នៅ​ពេលនេះ​ប្រៀប​ដូចជា​ក្រុមហ៊ុន​ឯកជន​មួយ​របស់​គ្រួសារ​អ្នក​មាន​អំណាច​អ៊ីចឹង​ដែរ ព្រោះ​ពួកគេ​បាន​ដោះដូរ និង​តែងតាំង​កូនៗ​របស់​ពួកគេ​ឱ្យ​ជំនួស​តំណែង​ខ្លួន​តាម​អំពើ​ចិត្ត ខណៈ​ម្ចាស់​ប្រទេស​ត្រូវ​រស់នៅ​ក្រោម​ការ​គាបសង្កត់ និង​រង​នូវ​ការ​ភ័យ​ខ្លាច និង​ភាព​អត់ឃ្លាន​គ្រប់​ពេលវេលា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស