រដ្ឋបាលក្រុងសំពៅលូន ខេត្តកណ្ដាល អះអាងថា ទ័ពវៀតណាម ដែលបានបោះតង់ក្នុងបរិវេណសាលាបឋមសិក្សាកោះទៀវ និងវត្តកោះទៀវ ស្ថិតនៅក្នុងភូមិកោះទៀវ សង្កាត់សំពៅលូន គឺដើម្បីរកអដ្ឋិ ឬឆ្អឹងសពទាហានយៀកណាម ដែលគ្រោងនឹងបញ្ចប់សកម្មភាពនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
យោងតាមសេចក្ដីបំភ្លឺព័ត៌មានពីរដ្ឋបាលក្រុងសំពៅលូន ចេញផ្សាយថ្ងៃទី៤ មីនា គេបានបញ្ជាក់ថា ទាហានវៀតណាម ដែលចូលមកតំបន់នោះ គឺមានការព្រមព្រៀងគ្នាតាមការអនុវត្តកំណត់ហេតុកិច្ចសហប្រតិបត្តិការស្ដីពីផែនការបន្តស្រាវជ្រាវ រុករក ជីកលើកអដ្ឋិកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២៣ រដូវប្រាំងឆ្នាំ២០២៣-២០២៤ រវាងគណៈប្រតិភូគណៈកម្មាធិការថ្នាក់ជាតិវៀតណាម និងគណៈប្រតិភូគណៈកម្មាធិការកម្ពុជា។ ការឯកភាពគ្នានេះ បានចុះហត្ថលេខាតាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
ប្រភពដដែលអះអាងថា ការបកស្រាយនេះ ធ្វើឡើងក្រោយពីអាជ្ញាធរពិនិត្យឃើញមានការចែកចាយព័ត៌មានលើបណ្ដាញសង្គមថា មានកងទ័ពវៀតណាម បានបោះតង់នៅខេត្តកណ្ដាល ក្នុងបរិវេណសាលាបឋមសិក្សាកោះទៀវ និងវត្តកោះទៀវ នៅភូមិកោះទៀវ សង្កាត់សំពៅលូន។
បើតាមរដ្ឋបាលក្រុងសំពៅលូន ការជីកលើកអដ្ឋិនេះចាប់ផ្តើមពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ ក្រោយពីការបំពេញភារកិច្ចបញ្ចប់ ក្រុម K90 វៀតណាម នឹងចាកចេញពីភូមិសាស្ត្រទឹកដីកម្ពុជា ត្រឡប់ចូលប្រទេសវៀតណាមវិញតាមច្រកទ្វារអន្តរជាតិជ្រៃធំ ដូច្នេះរដ្ឋបាលក្រុងសំពៅលូន បានអំពាវនាវទៅមហាជនកុំឱ្យមានការភាន់ច្រឡំ។
រដ្ឋបាលក្រុងសំពៅលូន បានបញ្ជាក់ថា កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល យោធាភូមិភាគពិសេស បានសហការជាមួយក្រុម K90 ភាគីវៀតណាម ចុះស្រាវជ្រាវ រុករក ជីកលើកអដ្ឋិកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបាត់បង់ជីវិតក្នុងសម័យសង្គ្រាមកន្លងមកនៅភូមិសាស្ត្រក្រុងសំពៅពូន។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Prince Sisowath Sithiden បានបង្ហោះសារដោយភ្ជាប់ជាមួយរូបថតជនជាតិវៀតណាម បោះតង់ដោយចោទជាសំណួរថា ជាដំបូង លោកសូមអភ័យទោសដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅឃុំសំពៅពូន បើសិនលោកនិយាយទៅមានការលើសលួសខ្វះខាតដោយប្រការណាមួយ ដោយហេតុលោកនៅឆ្ងាយ និងមិនដឹងសួរអ្នកណា។
ប្រភពដដែលលើកឡើងថា លោកមានសំណួរចង់សួរថា តើទាហានវៀតណាមមកបោះតង់ក្នុងបរិវេណសាលា និងវត្តកោះទៀវ តើភូមិឃុំដឹងឮទេ? ហើយមកក្នុងគោលបំណងអ្វី? លោកមានសំណួរតែប៉ុណ្ណឹងទេ បើខុសឆ្គង សូមថ្នាក់ដឹកនាំយោគយល់ដោយក្តីអនុគ្រោះ។
ប្រធានក្រុមបច្ចេកទេសជីករុករកអដ្ឋិទាហានកងទ័ពវៀតណាម K72 ខេត្តប៊ិញភឿក យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម លោកវរសេនីយ៍ឯក ង្វៀន ង៉ុកអាញ់ បានរាយការណ៍កន្លងមកថា សរុបក្នុងរយៈពេល ២០ឆ្នាំកន្លងមក ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស K70 និង K72 ជីកគាស់យកបានចំនួន ១១៥២អដ្ឋិរួចមកហើយ ចំពោះចំនួនអដ្ឋិដែលនៅសេសសល់មួយចំនួនទៀត កំពុងធ្វើការស្រាវជ្រាវដើម្បីជីកគាស់លើក និងធ្វើមាតុភូមិនិវត្តន៍ជាបន្តទៅទៀតនៅពេលខាងមុខ។
ប្រតិបត្តិការរុករកអដ្ឋិទាហានកងទ័ពវៀតណាម ត្រូវបានធ្វើឡើងជារៀងរាល់រដូវប្រាំង តាំងពីឆ្នាំ២០០០ តាមកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ភាគីវៀតណាម ជឿថាមានទាហានរបស់ខ្លួនចំនួនប្រមាណជាង ២ម៉ឺននាក់បានបាត់បង់ជីវិតក្នុងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ពិសេសក្នុងពេលកងទ័ពវៀតណាម វាយលុកលុយឈ្លានពាន ហើយផ្ដួលរំលំរបបខ្មែរក្រហមរហូតបានជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕