32.3 C
Phnom Penh

លោក អ៊ុំ សំអាន ថា​ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម​នឹង​ក្លាយ​ជា​វិមាន​ទី​ពីរ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រំលឹក​គុណ​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម ដែល​បាន​កសាង​ចំនួន ៣​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​រួច​មក​ហើយ​នេះ នឹង​ក្លាយ​ជា​វិមាន​ទី​២ សម្រាប់​ទុក​ឱ្យ​ពលរដ្ឋ​ខ្មែរ​រំលឹក​ដឹងគុណ​វៀតណាម បន្ទាប់ពី​ការ​កសាង​ស្តូប​វៀតណាម ដើម្បី​រក្សា​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​កន្លង​មក​នោះ។

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា ពិធី​សម្ពោធ​ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម ក្នុង​ខេត្ត​ប៉ៃលិន ស្ថិត​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន ដែល​ជា​ទឹកដី​របស់​ខ្មែរ បែរ​ជា​ដាក់​សុទ្ធតែ​អក្សរ​វៀតណាម ដែល​គ្មាន​អក្សរ​ខ្មែរ​សូម្បី​តែ​មួយ​តួ​ទៅ​វិញ ខណៈ​ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម នេះ បាន​សាងសង់​ក្នុង​ខេត្ត​ចំនួន ៣ រួច​មក​ហើយ ដូចជា​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ធំ។

លោក អ៊ុំ សំអាន អះអាង​ថា ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម នេះ និង​ស្តូប​ចំណង​មិត្តភាព​កម្ពុជា-វៀតណាម គឺ​តំណាង​ឱ្យ​និមិត្តរូប និង​អត្តសញ្ញាណ​របស់​ប្រទេស​វៀតណាម​នៅ​កម្ពុជា​យ៉ាង​ច្បាស់​ក្រឡែត ហើយ​ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម​នេះ ក៏​ទំនង​ជា​នឹង​សាងសង់​នៅ​គ្រប់ ២៥​រាជធានី-ខេត្ត​ដូច​ស្តូប​វៀតណាម ដែល​បាន​សាងសង់ ២៥​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា​ដូច្នោះ​ដែរ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​លើក​ជា​សំណួរ​ថា អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​អាមេរិក​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​បញ្ជូន​ទៅ​សហរដ្ឋ​អាមេរិក​វិញ ចុះ​ហេតុ​អ្វី​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម​ដែល​ឈ្លានពាន​ទឹកដី​ខ្មែរ បែរ​ជា​ធ្វើ​អគារ​តម្កល់​ទុក​នៅ​កម្ពុជា ដោយ​មិន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ​បែប​នេះ?

កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤ មេបញ្ជាការ​រង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ លោក ឯក សំអូន បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ព្រះវិហារ​វៀតណាម ដើម្បី​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម នៅ​ខេត្ត​ប៉ៃលិន ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន ស្ថិត​ក្នុង​សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​មាន​ទំហំ ៥​ម៉ែត្រ​គុណ​នឹង ៨​ម៉ែត្រ ជា​អំណោយ​របស់​អគ្គ​កុងស៊ុល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដែល​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រដ្ឋាភិបាល​ខ្មែរ​តែង​ប្រកាស​រឹត​បន្តឹង​ចំណង​មិត្តភាព​រវាង​កម្ពុជា និង​វៀតណាម ឱ្យ​កាន់តែ​រឹងមាំ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ខ្មែរ​សាងសង់​សំណង់​តំណាង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​នៅ​លើ​ទឹកដី​វៀតណាម ដូចជា​វៀតណាម សាងសង់​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ទេ ព្រោះ​ថា​សព្វថ្ងៃ​នេះ ក្រៅពី​ការ​សាងសង់​ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ចំនួន ៣​ខេត្ត​កន្លង​មក រដ្ឋាភិបាល​ខ្មែរ​ក៏​បាន​អនុញ្ញាត​ឱ្យ​សាងសង់​ស្តូប​ដឹងគុណ​វៀតណាម នៅ​គ្រប់​ខេត្ត​ក្រុង​របស់​កម្ពុជា​រួច​ហើយ​ដែរ។

ប្រភព​ខាងលើ​បញ្ជាក់​ថា ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ដែល​ត្រូវ​បាន​សាងសង់​តាំងពី​ឆ្នាំ​១៩៨០ តាម​បណ្តា​ខេត្ត​នានា​មាន​ចំនួន ២៣​ខេត្ត​ហើយ​នៅ​ទូទាំង​ប្រទេស​សព្វថ្ងៃ​នេះ ដូចជា​ខេត្ត​ប៉ៃលិន ខេត្ត​ព្រៃវែង ខេត្ត​ឧត្ដរមានជ័យ ខេត្ត​ត្បូងឃ្មុំ និង​នៅ​រាជធានី​ភ្នំពេញ ជាដើម សុទ្ធតែ​មាន​ទីតាំង​នៅ​កណ្តាល​ក្រុង​ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០១៧ សារព័ត៌មាន​វៀតណាម VN បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​វៀតណាម បាន​ចំណាយ​ទឹកប្រាក់​ចំនួន​ជិត ៨​លាន​ដុល្លារ​អាមេរិក (៧​លាន ៨​សែន​ដុល្លារ) ដើម្បី​ជួសជុល​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ចំនួន ១៧​កន្លែង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។

ទាក់ទិន​នឹង​បញ្ហា​នេះ គ្រូបង្រៀន​ខេត្ត​ប៉ៃលិន ម្នាក់ ធ្លាប់​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ប៉ៃលិន និង​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍» ព្រមទាំង​ពី​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ផង​ដែរ បន្ទាប់ពី​មន្ត្រី​រាជការ​ស៊ីវិល​រូប​នេះ​រិះគន់​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ដោយ​រៀបរាប់​ថា កម្ពុជា​នឹង​មាន​ទង់ជាតិ​ពីរ​បង្ហូត​ឡើង​ក្នុង​ពេល​តែ​មួយ​ដូច​ប្រទេស​ឡាវ ដែរ​ទៅ​ថ្ងៃ​មុខ ឱ្យ​តែ​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម នេះ​បន្ត​សាងសង់​បែប​នេះ​បន្ត​ទៀត។

យ៉ាងណាក៏ដោយ កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២២ កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ស្តូប​អនុស្សាវរីយ៍​ទាំងអស់​ត្រូវ​សរសេរ​ឲ្យ​មាន​គ្រប់​លក្ខណៈ ក្នុង​ខ្លឹមសារ​សំដៅ​ឲ្យ​ឃើញ​អំពី​ការ​ដែល​ប្រជាជន​កម្ពុជា​ជួយ​ប្រជាជន​វៀតណាម ទៅ​រក​ការ​ឯកភាព​ជាតិ និង​ការ​អភិវឌ្ឍ ហើយ​ស្តូប​នេះ​ក៏​កសាង​ឡើង​ដើម្បី​ឲ្យ​ឃើញ​អំពី​ការ​ជួយ​របស់​វៀតណាម ឲ្យ​ប្រជាជន​កម្ពុជា​ចេញ​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស