38 C
Phnom Penh

តុលាការ​ចាប់ផ្ដើម​ស៊ើប​អង្កេត​បណ្តឹង​របស់​បក្ស​ប្រជាជន​លើ​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​អាដហុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​ស៊ើបអង្កេត​លើ​សំណុំរឿង​បណ្តឹង​បរិហារ​កេរ្តិ៍​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​អាដហុក (Adhoc) ដោយ​កោះហៅ​ភាគី​ទាំង​សងខាង​ចូល​បំភ្លឺ​កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៤។

អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ប្លង់ សុផល បាន​បញ្ជាក់​នៅ​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​ដំណើរការ​នីតិវិធី​នៃ​ការ​ស៊ើបអង្កេត និង​បាន​កោះហៅ​ភាគី​ទាំងអស់ ដើម្បី​ស្តាប់​ចម្លើយ និង​ប្រមូល​ព័ស្តុតាង​ក្នុង​សំណុំរឿង​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​លោក ស៊ឹង សែនករុណា។

យោង​តាម​ដីកា​កោះ​របស់​លោក ប្លង់ សុផល តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អញ្ជើញ​លោក ស៊ឹង សែនករុណា ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៤ វេលា​ម៉ោង ៩​ព្រឹក ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ដែល​លោក សាំង វណ្ណៈ លោក ផូ សុធាផល និង​លោក ម៉ម ចាន់ណែត មេធាវី​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​អាដហុក បន្ទាប់ពី​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន The Cambodia Daily ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​ធ្វើ​ឲ្យ​មាន​ការ​រើសអើង​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។

កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យ​ប្តឹង​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សុំ​ឱ្យ​ធ្វើការ​ពិនិត្យ​សម្រេច​ចោទប្រកាន់ និង​ផ្ដន្ទាទោស​តាម​នីតិវិធី​ជា​ធរមាន និង​ទាមទារ​ឱ្យ​សង​ជំងឺចិត្ត​ជូន​គណបក្ស ២​ពាន់​លាន​រៀល (២០០០០០០០០០​រៀល)។

ក្រោយពី​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង លោក ស៊ឹង សែនករុណា បាន​ចេញ​មក​បញ្ជាក់​ថា រូប​លោក​ធ្វើ​កិច្ច​ការងារ​សព្វថ្ងៃ គឺ​ដើម្បី​ការពារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ។ សម្រាប់​រូប​លោក​ផ្ទាល់ មិន​គាំទ្រ ឬ​លម្អៀង​ទៅ​គណបក្ស​ណា ឬ​អ្នក​នយោបាយ​ណា​មួយ​ឡើយ។

ក្រោយពី​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​លោក ស៊ឹង សែនករុណា នេះ មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន ដូចជា​អង្គការ​អន្តរជាតិ​វេទិកា​អាស៊ី​សម្រាប់​ការ​អភិវឌ្ឍ​សិទ្ធិមនុស្ស (FORUM-ASIA) និង​សម្ព័ន្ធ​ពិភពលោក​សម្រាប់​ការ​ចូលរួម​របស់​ពលរដ្ឋ (CIVICUS) ស្នើ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​លុប​បណ្តឹង​បរិហារ​កេរ្តិ៍​ប្រឆាំង​នឹង​អ្នក​នាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ដែល​ប្តឹង​ដោយ​ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ជា​បណ្តឹង​ដែល​ជាប់​ពាក់ព័ន្ធ​នយោបាយ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា កន្លង​មក​មាន​សមាគម អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន​ជាង ៥០ និង​អង្គការ​អន្តរជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​រួម ដោយ​ធ្វើ​សំណូមពរ និង​អំពាវនាវ​សុំ​ឱ្យ​តុលាការ​ពិនិត្យ​ពិចារណា​ដើម្បី​កុំ​ចោទ​ប្រកាន់​ទៅ​លើ​លោក ស៊ឹង សែនករុណា ជា​សកម្មជន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​យ៉ាង​សកម្ម​នៃ​សមាគម​អាដហុក ប៉ុន្តែ​វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។

លោក អំ សំអាត បាន​បន្ថែម​ទៀត​ថា ករណី​លោក ស៊ឹង សែនករុណា គួរ​តែ​ទទួល​បាន​ការ​យោគយល់ និង​ការ​អនុគ្រោះ ហើយ​ករណី​របស់​លោក គឺជា​បទពិសោធន៍​មួយ​ដែល​ធ្វើ​ឱ្យ​សកម្មជន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​មាន​ការ​ប្រុងប្រយ័ត្ន និង​ពិនិត្យ​មើល​ឡើងវិញ​ក្នុង​ការ​បញ្ចេញមតិ​យោបល់​របស់​ខ្លួន។

សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដើម្បី​កែលម្អ និង​ស្ថាបនា​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស ត្រូវ​បាន​លើក​ទឹកចិត្ត។ រដ្ឋធម្មនុញ្ញ​នៃ​រាជាណាចក្រ​កម្ពុជា ក៏​មាន​ចែង​អំពី​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស