សាលាដំបូងខេត្តកំពង់ធំ កោះហៅប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ឱ្យចូលខ្លួនបំភ្លឺដោយផ្ទាល់នៅថ្ងៃទី១៤ ខែមីនា ខាងមុខនេះ ជុំវិញការចោទប្រកាន់ពីបទ ឆបោកលុយចំនួន ១២លាន ៨សែនរៀល (១២ ៨០០០០០រៀល) ដែលស្មើនឹងប្រមាណជា ៣ពាន់ដុល្លារសហរដ្ឋអាមេរិក ពីសមាជិកគណបក្សភ្លើងទៀនខេត្តកំពង់ធំ ដែលជាអតីតសហការីរបស់ខ្លួន។
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក ផៃ តុងហួរ បានចេញដីកាកោះកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៦ មីនា នេះ បញ្ជាឱ្យប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវតែចូលខ្លួនទៅបំភ្លឺជុំវិញករណីដែលចោទប្រកាន់ពីបទឆបោកនេះជាកំហិត នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ តាមបណ្តឹងពីដើមបណ្ដឹងចំនួន ១០នាក់ ដែលបានដាក់ពាក្យប្តឹងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនោះ។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានប្រតិបត្តិខេត្តកំពង់ធំ របស់គណបក្សភ្លើងទៀន លោក ស៊ន ស៊ុនហេង និងជាតំណាងឱ្យជនរងគ្រោះ ៩នាក់ផ្សេងទៀត បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពង់ធំ ប្តឹងប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ពីបទឆបោក ដោយស្នើឱ្យតុលាការបង្គាប់ឱ្យប្រធានគណបក្សកម្លាំងជាតិរូបនេះសងលុយចំនួន ១២លាន ៨០សែនរៀលដល់ពួកគេវិញ ព្រមទាំងសងជំងឺចិត្តជុំវិញការចំណាយលើការងារគណបក្សដែលដឹកនាំដោយលោក ស៊ុន ចន្ធី កន្លងមកក្នុងចំនួន ៥០០០ដុល្លារសហរដ្ឋអាមេរិកទៀតផង។
លោក ស៊ន ស៊ុនហេង បានរៀបរាប់ក្នុងពាក្យបណ្តឹងខាងលើថា មុននឹងក្លាយជាប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី គឺជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ធំ ហើយក្នុងការដឹកនាំរបស់គាត់នៅពេលនោះ លោក ស៊ុន ចន្ធី បានប្រមូលថវិកាពីសមាជិកចំនួន ១៩នាក់ ក្នុងម្នាក់ៗចំនួន ១លាន ៦សែនរៀល (១៦០០០០០រៀល) សម្រាប់ប្រើការឃោសនាបោះឆ្នោតជាតិឆ្នាំ២០២៣ ក្នុងនោះ សមាជិកខ្លះបានបង់លុយគ្រប់ចំនួន ខណៈសមាជិកខ្លះទៀតក៏បង់លុយបានពាក់កណ្ដាលដែរ។
ប្រភពដដែលលើកឡើងថា ក្រោយការចូលរួមពីសមាជិក លោក ស៊ុន ចន្ធី ប្រមូលថវិកាបានចំនួន ១២លាន ៨សែនរៀល ប៉ុន្តែបុគ្គលរូបនេះបានសន្យាថា បើគណបក្សភ្លើងទៀនមិនបានធ្វើការឃោសនាបោះឆ្នោតនៅឆ្នាំ២០២៣ ទេ ខ្លួននឹងប្រគល់ប្រាក់ដែលសមាជិកចូលរួមទាំងនេះឱ្យពួកគេវិញ ប៉ុន្តែចាប់តាំងពីលោក ស៊ុន ចន្ធី ប្រកាសលាឈប់ពីប្រធានប្រតិបត្តិគណបក្សភ្លើងទៀន មក បុគ្គលរូបនេះមិនដែលបានសងថវិកាដែលប្រមូលបាននោះឱ្យសមាជិកដែលបានបង់កាលពីពេលនោះនៅឡើយទេ ដូច្នេះដើមបណ្ដឹងដែលជាម្ចាស់លុយទាំង ១០នាក់នេះ ស្នើឱ្យតុលាការផ្ដន្ទាទោសបុគ្គលរូបនេះតាមផ្លូវច្បាប់ជាកំហិត។
ទោះជាយ៉ាងណាក៏ដោយ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៦ មីនា ថា គណបក្សភ្លើងទៀនបានរៀបចំសេណារីយ៉ូប្តឹងរូបលោកក្នុងនាមជាប្រធានគណបក្សកម្លាំងជាតិ នៅពេលនេះ គឺក្នុងហេតុផលនយោបាយសុទ្ធសាធ។
ក្នុងសេចក្តីដ៏ខ្លីនោះ លោក ស៊ុន ចន្ធី មិនបានបញ្ជាក់ថា តើលោកពិតជាបានប្រមូលលុយដូចការចោទប្រកាន់មែន ឬក៏អត់នោះទេ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា គណបក្សកម្លាំងជាតិ និងគណបក្សភ្លើងទៀន កំពុងលេងល្បែងប្រខាំគ្នាឯងតាមល្បិចកលនយោបាយបំបែកបំបាក់ក្រុមប្រឆាំងពីបក្សកាន់អំណាច ខណៈកម្លាំងគាំទ្រគណបក្សទាំងពីរដែលបែកចេញពីគ្នានៅពេលនេះ ក៏ជាការចង់ឃើញពីគណបក្សប្រជាជនកម្ពុជាដែរ ហើយបក្សកាន់អំណាចក៏ចង់ឱ្យពួកគេបន្តឈ្លោះគ្នាឥតឈប់រហូតទាល់តែរលាយកម្លាំងគាំទ្ររៀងៗខ្លួនផងដែរ។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី គឺជាអតីតសមាជិកអចិន្ត្រៃយ៍របស់គណបក្សភ្លើងទៀន ដែលបានលាឈប់ពីគណបក្សចាស់មកបង្កើតបក្សថ្មីដោយខ្លួនឯង បន្ទាប់ពីគណបក្សភ្លើងទៀន ត្រូវបានរារាំងមិនឱ្យចូលរួមការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
លោក ស៊ុន ចន្ធី ត្រូវគេស្គាល់ថាជាមនុស្សម្នាក់ដែលស្និទ្ធនឹងអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងធ្លាប់បានចូលរួមជាមួយគណបក្សសង្គ្រោះជាតិ តាំងពីតុលាការកំពូលមិនទាន់ប្រកាសរំលាយមកម្ល៉េះ ហើយលោកក៏ជាមនុស្សម្នាក់ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំជាង ១០០នាក់ខាងគណបក្សសង្គ្រោះជាតិដែរដែលត្រូវបានដកសិទ្ធិមិនឲ្យធ្វើនយោបាយ ៥ឆ្នាំ ប៉ុន្តែនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកក៏ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីបានដាក់ពាក្យស្នើសុំទៅរាជរដ្ឋាភិបាល។
ក្រោយទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ លោក ស៊ុន ចន្ធី បានដាក់ពាក្យស្នើសុំបង្កើតគណបក្សកម្លាំងជាតិ ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវបានអនុញ្ញាតឱ្យបង្កើតគណបក្សនេះកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ខណៈលោក ស៊ុន ចន្ធី ក៏បានដឹកនាំគណបក្សនេះ និងក្លាយជាប្រធានគណបក្សកម្លាំងជាតិ ស្របច្បាប់ ក្រោយសមាជកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនោះ។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី សុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបាននៅឡើយទេ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

