នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត លើកឡើងថា រដ្ឋាភិបាលអាណត្តិទី៧ បានបន្តកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នេះ។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចេញផ្សាយវីដេអូផ្លូវការមួយដើម្បីអបអរសាទរខួបលើកទី១១៣ នៃទិវាសិទ្ធិនារី ៨មីនា ក្រោមមូលបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នេះថា ក្រោមប្រធានបទនេះ រដ្ឋាភិបាលអាណត្តិទី៧ ដែលលោកដឹកនាំមានគោលបំណងរំលេចអំពីសក្ដានុពល និងសារសំខាន់នៃការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីនៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជាជាអាទិភាព។
លោក ហ៊ុន ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តបង្កើនការវិនិយោគលើរបៀបវារៈយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យនានា ដូចជា វិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាឱ្យមានប្រសិទ្ធភាពផងដែរ។ ជាងនេះទៀត រដ្ឋាភិបាលនឹងបន្តអនុវត្តកម្មវិធីនយោបាយឆ្លើយតបនឹងយេនឌ័រ ដើម្បីការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្ត្រី និងក្មេងស្រីឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
ការអះអាងនេះ ធ្វើឡើងដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារី ៨មីនា ខួបលើកទី១១៣ ក្នុងឆ្នាំ២០២៤ នេះ ខណៈអង្គការសមាគមនានាក៏ចូលរួមប្រារព្ធពិធីអបអរសាទរទិវានេះក្រោមប្រធានបទផ្សេងៗផងដែរ។
ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារី ៨មីនា ខួបលើកទី១១៣ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នេះ អង្គការសមាគមចំនួន ២០ស្ថាប័ន ដូចជា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ជាដើម នាំគ្នាប្រារព្ធពិធីមួយនៅទីលានប្រជាធិបតេយ្យ ក្រោមប្រធានបទ «ធានាសិទ្ធិសេរីភាពស្ត្រី និងក្មេងស្រីដើម្បីស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។
អង្គការសមាគមទាំង ២០ ខាងលើ អះអាងថា ការប្រារព្ធកម្មវិធីនេះមានគោលបំណងដើម្បីពង្រឹងសាមគ្គីភាពរវាងអង្គការសង្គមស៊ីវិល សមាគម សហជីព កម្មករ និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ ក្នុងការធានានូវសិទ្ធិសេរីភាពរបស់ស្ត្រី និងក្មេងស្រីដើម្បីស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម ព្រមទាំងបង្កើតឱកាសដល់អ្នកចូលរួម និងការចូលរួមពីសាធារណជនក្នុងការលើកឡើងពីតម្រូវការ ឆ្លើយតបទៅនឹងយេនឌ័រ និងអនុសាសន៍ដល់ភាគីពាក់ព័ន្ធក្នុងការពិនិត្យឡើងវិញ និងអនុវត្តគោលការណ៍ឱ្យមានប្រសិទ្ធភាពផងដែរ។
មុននឹងប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារី ៨មីនា ខួបលើកទី១១៣ សមាគមការពារសិទ្ធិមនុស្សអាដហុក ក៏បានធ្វើយុទ្ធនាការផ្សព្វផ្សាយពីតម្រូវការរបស់ស្ត្រីតាមបណ្ដាញសង្គមហ្វេសប៊ុកចាប់តាំងពីថ្ងៃទី១ ខែមីនា មកផងដែរ ដូចជា រដ្ឋាភិបាលត្រូវតែចាត់វិធានការឱ្យមានប្រសិទ្ធភាពចំពោះអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់មកលើស្ត្រីដោយគ្មានការលើកលែង កំណែទម្រង់មធ្យោបាយដឹកជញ្ជូនកម្មករក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើង និងលក្ខខណ្ឌជាច្រើនផ្សេងទៀត។
ជុំវិញខួបលើក១១៣ នៃទិវាសិទ្ធិនារី ៨មីនា នេះ អ្នកគ្រប់គ្រងផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៨ មីនា នេះថា ភាពអយុត្តិធម៌នៅតែកើតមានគ្រប់នាទីចំពោះស្ត្រីនៅក្នុងវិស័យការងារ ជាពិសេសចំពោះស្ត្រីដែលជាសកម្មជនការពារសិទ្ធិមនុស្សដែលសកម្មក្នុងការចូលរួមលើកកម្ពស់នីតិរដ្ឋ។
លោក ឃុន ថារ៉ូ បញ្ជាក់ថា ពួកគាត់គួរតែត្រូវបានការការពារ លើកកម្ពស់ និងទទួលស្គាល់ពីគុណតម្លៃជាពលរដ្ឋសកម្មដោយអាជ្ញាធររដ្ឋ ជាជាងការលាបពណ៌ និងធ្វើទុក្ខបុកម្នេញ គំរាមកំហែង ចោទប្រកាន់តាមផ្លូវតុលាការដូចពេលកន្លងមក។
សិទ្ធិស្ត្រីនៅកម្ពុជា ត្រូវបានគេមើលឃើញថា តែងរងនូវការរំលោភបំពានពីសំណាក់រដ្ឋាភិបាលជានិច្ច។ ជាក់ស្តែង ក្រុមស្ត្រីដែលធ្វើការតស៊ូមតិ ស្ត្រីជាសកម្មជនដីធ្លី ស្ត្រីជាសកម្មជនបរិស្ថាន និងក្រុមស្ត្រីថ្ងៃសុក្រ ជាដើម តែងរងនូវការរំលោភបំពាន ការធ្វើទុក្ខបុកម្នេញ ការប្រើប្រាស់អំពើហិង្សានៅទីសាធារណៈ រហូតឈានដល់ការចាប់ឃុំខ្លួនជាបន្តបន្ទាប់ ដោយគ្រាន់តែពួកគេធ្វើការសម្ដែងមតិស្របតាមរដ្ឋធម្មនុញ្ញដែលមានចែងប៉ុណ្ណោះ។
ជាក់ស្តែង សកម្មជនសិទ្ធិមនុស្សកញ្ញា សេង ធារី និងមេដឹកនាំសហជីពនៃបុគ្គលិកកម្មករខ្មែរ កញ្ញា ឈឹម ស៊ីថរ កំពុងត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌ បន្ទាប់ពីពួកគេចេញមុខទាមទារឱ្យកម្មករ និងពលរដ្ឋរងគ្រោះ។ ជាងនេះទៀត សកម្មជននយោបាយ ដូចជា កញ្ញា កឹម តុលា ដែលជាអតីតមេឃុំគណបក្សសង្គ្រោះជាតិ ក៏ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៨ខែ រួមជាមួយសកម្មជនដែលជាស្ត្រីជាច្រើនផ្សេងទៀត។
លើសពីនេះ ស្ត្រីអ្នកសារព័ត៌មានដែលជាបុគ្គលិករបស់អង្គភាពសារព័ត៌មាន វីអូឌី ដែលត្រូវបានបិទ ក៏ត្រូវរងនូវការប្រមាថកេរខ្មាសពីអ្នកសារព័ត៌មានដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលផងដែរ ខណៈមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ក៏បង្ហាញនូវការគាំទ្រនូវទង្វើប្រមាថស្ត្រីនេះថែមទៀត។
ទិវាសិទ្ធិនារីបានចាប់ផ្តើមឡើងកាលពីអំឡុងឆ្នាំ១៩០៩ ដែលគេហៅថា ទិវាជាតិនៃស្ត្រី (National Women’s Day) ដែលដឹកនាំបំផុសបំផុលដោយគណបក្សសង្គមនិយមរបស់សហរដ្ឋអាមេរិក ក្រោមការប្រឹងប្រែងរបស់ស្ត្រីសកម្មជនទាមទារសិទ្ធិសេរីភាពដ៏ឆ្នើមម្នាក់ គឺអ្នកស្រី Theresa Malkiel ដែលបានធ្វើការតស៊ូទាមទារឲ្យមានការកែលម្អលក្ខខណ្ឌការងារជាច្រើនរបស់ពលការិនី និងកម្មការិនីនៅតាមរោងចក្រនានាលើទឹកដីសហរដ្ឋអាមេរិក។
កាលពីខែកញ្ញា ឆ្នាំ១៩៩៥ អង្គការសហប្រជាជាតិបានរៀបចំសន្និសីទនារីពិភពលោកនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ សមភាព វឌ្ឍនភាព និងសន្តិភាព ដែលបានលើកឡើងនូវកង្វល់មួយចំនួនរបស់នារី រួមមាន ការអប់រំ អំពើហិង្សា នារីក្នុងរចនាសម្ព័ន្ធនយោបាយ យន្តការលើកកម្ពស់ការរីកចម្រើនរបស់នារី និងសិទ្ធិនារីលើប្រព័ន្ធផ្សព្វផ្សាយ ជាដើម៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

