37 C
Phnom Penh

ហ្វីលីពីន​ចោទ​ប្រទេស​ចិន​ជា​ផ្លូវការ​ចំពោះ​មុខ​មន្ត្រី​ទូត​ចិន ករណី​រំលោភ​បំពាន​ដែន​ទឹក​ហ្វីលីពីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ចន្ទ ទី​២៥ មីនា នេះ បាន​កោះហៅ​អ្នក​ការទូត​ប្រទេស​ចិន ដើម្បី​សម្ដែង​ការ​តវ៉ា​ចំពោះ​អ្វី​ដែល​ក្រុង​ម៉ានីល ចាត់ទុក​ថា​ជា​សកម្មភាព​រំលោភ​បំពាន​ពី​សំណាក់​ឆ្មាំ​ល្បាត​ដែនសមុទ្រ​ចិន នៅ​ឯ​តំបន់​សមុទ្រ​ចិន​ខាងត្បូង កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៥ ខែ​មីនា នេះ។

ក្រសួង​ការបរទេស​ហ្វីលីពីន បាន​ចោទប្រកាន់​ថា ឆ្មាំ​សមុទ្រ​ចិន បាន​បាញ់​ទឹក​ទៅ​លើ​កប៉ាល់​ដឹក​ស្បៀង​របស់​ហ្វីលីពីន ដែល​ដឹក​ទៅ​ផ្គត់ផ្គង់​កងទ័ព​នៅ​ឯ​ចំណុច​ថ្ម​ប៉ប្រះ​ទឹក Second Thomas Shoal កាលពី​ថ្ងៃ​សៅរ៍ ហើយ​ថា​បាន​ធ្វើ​ឱ្យ​ទូក​រង​ការ​ខូចខាត និង​របួស​នាវិក​ទៀត​ផង។

ក្រសួង​ការបរទេស​ហ្វីលីពីន បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការ​បន្ត​ជ្រៀតជ្រែក​ពី​ប្រទេស​ចិន ចំពោះ​ទម្លាប់ និង​សកម្មភាព​ស្រប​ច្បាប់​ខាង​ប្រទេស​ហ្វីលីពីន នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ គឺ​មិន​អាច​ទទួលយក​បាន​ឡើយ។ ក្រុង​ម៉ានីល ចាត់ទុក​ជា​ការ​រំលោភ​លើ​សិទ្ធិ​អធិបតេយ្យ​នៃ​ប្រទេស​ហ្វីលីពីន។

ក្រសួង​ការបរទេស​ហ្វីលីពីន បញ្ជាក់​ទៀត​ថា ក្រុង​ប៉េកាំង ពុំ​មាន​សិទ្ធិ​ក្នុង​ការ​ប្រើ​តំបន់​នៃ​ដែនទឹក​ហ្វីលីពីន នោះ​ទេ។

ប្រធាន​ភ្នាក់ងារ​សន្តិសុខ​ហ្វីលីពីន ក៏​បាន​កោះ​ប្រជុំ​កម្រិត​ខ្ពស់​មួយ​ផង​ដែរ​នៅ​ថ្ងៃ​ចន្ទ នេះ ដើម្បី​រៀបចំ​អនុសាសន៍​ដាក់​ជូន​លោក​ប្រធានាធិបតី Ferdinand Marcos Jr អំពី​វិធី​ឆ្ពោះ​ទៅ​មុខ​ក្នុង​ជម្លោះ។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន Gilberto Teodoro បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា បើ​ចិន មិន​គោរព​ច្បាប់​អន្តរជាតិ ថា​តើ​ចាំបាច់​អ្វី​ត្រូវ​បង្កើត​ច្បាប់ និង​តុលាការ​អន្តរជាតិ។

រដ្ឋមន្ត្រី​ការពារ​ជាតិ Gilberto Teodoro ទំនង​ចង់​ប្រាប់​ចិន ថា តុលាការ​មជ្ឈត្តការ​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៦ បាន​សម្រេច​សេចក្ដី​ឱ្យ​ប្រទេស​ហ្វីលីពីន ប្រើ​សិទ្ធិ​របស់​ខ្លួន​នាំ​ទូក​នេសាទ ឬ​រុករក​ឧស្ម័ន​ដើម្បី​ទៅ​កាន់​ដែន​ជុំ​កោះ​នៃ​ថ្ម​ប៉ប្រះ​ទឹក Second Thomas Shoal នៃ​ប្រជុំ​កោះ​ស្ព្រាតលី តែ​សាលដីកា​របស់​តុលាការ​អង្គការ​សហប្រជាជាតិ មិន​បាន​ធ្វើឡើង​នៅ​ចំពោះ​មុខ​តំណាង​ភាគី​ចិន នោះ​ទេ ខណៈ​ក្រុង​ប៉េកាំង ក៏​មិន​បាន​បញ្ជូន​ភស្តុតាង និង​អ្នក​ច្បាប់​ទៅ​តតាំង​ក្ដី​នោះ​ដែរ។

យ៉ាងណា ចិន​ដែល​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​មជ្ឈត្តការ​អន្តរជាតិ បាន​ទាត់​ចោល​សាលដីកា​នេះ ដោយ​វាយប្រហារ​ថា តុលាការ​នេះ​ពុំ​មាន​សិទ្ធិ និង​សមត្ថកិច្ច​សម្រេច​ការ​កាត់ក្ដី​សំណុំរឿង​ជម្លោះ​ដែនទឹក​របស់​ចិន និង​ហ្វីលីពីន នោះ​ទេ។ ក្រុង​ប៉េកាំង ថា​វា​ជា​ជម្លោះ​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​ដោះស្រាយ​តាម​យន្តការ​ទ្វេភាគី។

ហ្វីលីពីន បាន​ប្រកាស​ថា សេចក្ដី​សម្រេច​របស់​សាលាក្ដី​អន្តរជាតិ​ដែល​គេ​ហៅថា​អាជ្ញាកណ្ដាល​នៃ​មជ្ឈត្តការ​អន្តរជាតិ​ឆ្នាំ​២០១៦ ដែល​សម្រេច​ឱ្យ​ហ្វីលីពីន មាន​សិទ្ធិ​ចូល​ទៅ​គ្រប់គ្រង​ប្រជុំ​កោះ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ​ស្ព្រាលី គឺ​ត្រូវតែ​អនុវត្ត​ទោះ​ក្រុង​ប៉េកាំង ជំទាស់​ក៏ដោយ​នោះ។

រយៈពេល​ចុងក្រោយ​នេះ ដោយសារ​ជម្លោះ​ដែនសមុទ្រ​ជាមួយ​ចិន កាន់តែ​តានតឹង ហើយ​ក្រុង​ប៉េកាំង នៅ​បន្ត​បំពាន​ដែនទឹក​របស់​ហ្វីលីពីន បាន​នាំ​ឱ្យ​ក្រុង​ម៉ានីល សម្រេច​ប្រឈមមុខ​នឹង​មហា​យក្ស​ចិន ទាំង​កងទ័ព ទាំង​ការទូត រហូត​ដល់​កាត់បន្ថយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន ទៀត​ផង។

មិន​តែប៉ុណ្ណោះ ហ្វីលីពីន​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Ferdinand Marcos Jr បាន​សម្រេច​អនុម័ត​ឱ្យ​សហរដ្ឋ​អាមេរិក ដាក់​ពង្រាយ​ទ័ព​នៅ​លើ​ប្រទេស​ហ្វីលីពីន ទៀត​ផង។ បច្ចុប្បន្ន កងទ័ព និង​នាវាចម្បាំង​សហរដ្ឋ​អាមេរិក កំពុង​ធ្វើ​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​កងទ័ព​ម៉ារីន​របស់​ប្រទេស​មហាអំណាច​នេះ ក៏​បាន​ដាក់​ពង្រាយ​រួច​ស្រេច​ហើយ​នៅ​បណ្ដា​ដែន​កោះ​របស់​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង និង​កោះ​មួយ​ចំនួន​នៅ​ក្បែរ​កោះ​តៃវ៉ាន់។

ការ​ថ្លែង​របស់​ប្រធានាធិបតី​ហ្វីលីពីន ក្រោយពី​លោក​ទទួល​បាន​ព័ត៌មាន​ពី​កងកម្លាំង​ឆ្មាំ​ល្បាត​ដែនសមុទ្រ​ហ្វីលីពីន មក​ថា នាវាចម្បាំង​ចិន នៅ​ក្នុង​ដែនទឹក​នៃ​សមុទ្រ​របស់​ហ្វីលីពីន អាច​មាន​ដល់​ទៅ ៥០​គ្រឿង។

លោក​បាន​ប្ដេជ្ញា​ថា នឹង​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ​ហ្វីលីពីន ហើយ​ថា​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​មហាអំណាច​មួយ​នេះ​ដណ្ដើម​យក​អធិបតេយ្យ​ទឹកដី​របស់​ហ្វីលីពីន បាន​ឡើយ សូម្បី​តែ​មួយ​ចំអាម​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស