31 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​ថា​មិន​ប៉ះ​នយោបាយ​បរទេស​ទេ ទោះ​ជា​មេដឹកនាំ​លាលែង​តំណែង​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Bui Thanh Son បាន​និយាយ​ថា ការ​លាលែង​ពី​តំណែង​នៃ​ប្រធានាធិបតី​វៀតណាម ២​រូប​ក្នុង​រយៈពេល​ត្រឹម​ជាង ១​ឆ្នាំ​មក​នេះ មិន​បាន​ប៉ះពាល់​ដល់​គោលនយោបាយ​ការបរទេស ឬ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​វៀតណាម ឡើយ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​២៧ ខែ​មីនា ថា ការ​ឆ្លើយតប​របស់​លោក Bui Thanh Son រដ្ឋមន្ត្រី​ការបរទេស​វៀតណាម នៅ​ឯ​វេទិកា​មួយ​នៃ​វិទ្យាស្ថាន​គ្រឹះស្ថាន​ស្រាវជ្រាវ Brookings ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ខណៈ​លោក​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក។

ប្រមុខ​ការទូត​វៀតណាម បាន​លើកឡើង​ថា ការ​លាលែង​ពី​តំណែង​របស់​ប្រធានាធិបតី​វៀតណាម ២​រូប​កន្លង​មក​នេះ វា​មិន​បាន​ជះ​ផល​ប៉ះពាល់​ចំពោះ​គោលនយោបាយ​ការបរទេស​របស់​វៀតណាម ឬ​ក៏​គោលនយោបាយ​ស្ដីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឡើយ។

ប្រសិនបើ​គេ​ក្រឡេក​មើល​ស្ថានការណ៍​នៅ​វៀតណាម គឺ​វៀតណាម​មាន​ថ្នាក់​ដឹកនាំ​បែប​សមូហភាព​គោលនយោបាយ​ការបរទេស​បែប​សមូហភាព ហើយ​ការ​សម្រេច​ចិត្ត​ក្នុង​លក្ខណៈ​សមូហភាព​អំពី​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ ដូច្នេះ​ប្រសិនបើ​បុគ្គល​ម្នាក់ ឬ​ពីរ​នាក់​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​លាលែង​ពី​តំណែង​ក៏ដោយ វា​នឹង​មិន​ធ្វើ​ឱ្យ​មាន​ការ​កែប្រែ​ស្ថានការណ៍​ឡើយ។

លោក Thanh Son បាន​និយាយ​ថា វៀតណាម​កំពុង​បន្ត​ធ្វើ​យុទ្ធនាការ​បោស​សម្អាត​អំពើពុករលួយ ដែល​ត្រូវ​បាន​ស្វាគមន៍​ដោយ​សហគមន៍​អន្តរជាតិ និង​វិស័យ​ធុរកិច្ច។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក លោក​ប្រមុខ​ការទូត​វៀតណាម ក៏​បាន​ពិភាក្សា​ផង​ដែរ​ជាមួយ​សមភាគី Antony Blinken ទីប្រឹក្សា​សន្តិសុខ​ជាតិ Jake Sullivan និង​ប្រធាន​ទីភ្នាក់ងារ​ជំនួយ​អន្តរជាតិ USAID អ្នកស្រី Samantha Power។ ក្នុង​ជំនួប​នោះ លោក Bui Thanh Son លើកឡើង​ថា វៀតណាម សង្ឃឹម​ថា​ទីក្រុង​វ៉ាស៊ីនតោន ឆាប់ៗ​នេះ​នឹង​វាយតម្លៃ​សេដ្ឋកិច្ច​វៀតណាម ជា​កម្លាំង​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ពង្រីក​ថែម​ទៀត​ទំហំ​វិនិយោគទុន​នៅ​វៀតណាម។

កាលពី​ថ្ងៃទី​២១ មីនា បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ប្រកាស​ឱ្យ​ដឹង​ថា ប្រធានាធិបតី​វៀតណាម លោក Vo Van Thuong បាន​ចុះ​ចេញ​ពី​តំណែង ខណៈ​បុរស​រដ្ឋ​រូប​នេះ​ទើប​ចូល​កាន់​តំណែង​បាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

នៅ​ក្នុង​ពេលនេះ ប្រទេស​វៀតណាម កំពុង​ធ្វើ​យុទ្ធនាការ​បោស​សម្អាត​អំពើពុករលួយ​ដោយ​មាន​មន្ត្រី​ច្រើន​រូប​ត្រូវ​បាន​ដកហូត​តំណែង ហើយ​មន្ត្រី​ជាន់ខ្ពស់​ច្រើន​រូប​ទៀត​ក្លាយ​ជា​ជន​ជាប់ចោទ ប៉ុន្តែ​សម្រាប់​លោក​ប្រធានាធិបតី​វៀតណាម នេះ គឺ​លោក​សុំ​ចុះ​ចេញ​ពី​តំណែង​ដោយ​ខ្លួនឯង។

យ៉ាងណា​ក៏ដោយ​ក្ដី បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ចេញ​សេចក្ដី​ប្រកាស​នេះ​ដោយ​ប្រើ​ពាក្យពេចន៍​ថា ការ​រំលោភ​បំពាន​ច្បាប់​ដោយ​លោក Vo Van Thuong ជា​ការ​បន្សល់​ឱ្យ​មាន​នូវ​ស្នាម​អាក្រក់​ដល់​កេរ្តិ៍ឈ្មោះ​គណបក្ស​កុម្មុយនីស្ត។

ចំពោះ​លោក​ប្រធានាធិបតី​វៀតណាម Thuong ដែល​មាន​វ័យ ៥៤​ឆ្នាំ​នេះ បាន​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០២៣ ក្រោយ​រយៈពេល​ពីរ​ខែ​បន្ទាប់ពី​អតីត​ប្រធានាធិបតី​វៀតណាម Nguyen Xuan Phuc ចុះ​ចេញ​ពី​តំណែង​ក្រោយពី​ករណី​រឿងអាស្រូវ​ពុករលួយ​អំឡុង​ពេល​រីក​រាលដាល​ជំងឺ​កូវីដ-១៩។ លោក Thuong គឺជា​ប្រធានាធិបតី​ក្មេង​បំផុត​ដែល​ឡើង​កាន់​តំណែង​កំពូល​នេះ​ភ្លាមៗ​ក្នុង​កាលៈទេសៈ​ប្រទេស​ទើប​ផុត​ពី​សង្គ្រាម​ត្រជាក់​ឆ្នាំ​១៩៧៥។

នៅ​ប្រទេស​វៀតណាម ប្រធានាធិបតី​ជា​បុរស​រដ្ឋ​លំដាប់​ទី​បី​ផ្នែក​នយោបាយ ដោយ​បុរស​រដ្ឋ​ទី​១ គឺ​អគ្គលេខាធិការ​បក្ស ហើយ​បុរស​រដ្ឋ​ទី​២ គឺ​នាយករដ្ឋមន្ត្រី។

ការ​លាលែង​ពី​តំណែង​ប្រធានាធិបតី​របស់​លោក Vo Van Thuong បាន​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​វៀតណាម ដ្បិត​រូបលោក​ទើប​តែ​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​កាលពី​ជាង ១​ឆ្នាំ​មុន ជំនួស​លោក Nguyen Xuan Phuc ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​លាលែង​ពី​តំណែង​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា។

យោង​តាម​ក្រុម​អ្នកវិភាគ ស្ថិរភាព​ដែល​ត្រូវ​ធានា​បាន​រាប់​ទសវត្សរ៍​មក​ហើយ​ដោយ​គណបក្ស​កុម្មុយនីស្ត​វៀតណាម ឥឡូវ​នេះ​ហាក់​មិន​សូវ​មាន​ភាព​ប្រាកដប្រជា​ដូច​មុន​ឡើយ ប៉ុន្តែ​ពួកគេ​ទទួលស្គាល់​ថា ការ​ប្រែប្រួល​នៃ​ថ្នាក់ដឹកនាំ​វៀតណាម នា​ពេលនេះ គឺ​នឹង​មិន​ប៉ះពាល់​ដល់​គោលនយោបាយ​សំខាន់ៗ​របស់​វៀតណាម ទេ ដូចជា​គោលនយោបាយ​ការទូត ដែល​មាន​គោលដៅ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក និង​ចិន ជា​ប្រទេស​ធំ​ពីរ​កំពុង​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ី​អាគ្នេយ៍។

តែ​ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Bui Thanh Son បាន​សង្កត់​ធ្ងន់​ថា វៀតណាម ត្រូវការ​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​មហាអំណាច​ទាំងអស់​ដែល​វៀតណាម​ស្វាគមន៍​ការ​ខិតខំ​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​រវាង​មហាអំណាច​ពីរ ចិន និង​សហរដ្ឋ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស