28 C
Phnom Penh

ប្រទេស​វៀតណាម តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​ជា​ប្រធានាធិបតី​បន្ត​វេន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សន្តិសុខ​កំពូល​ប្រទេស​វៀតណាម គឺ​លោក To Lam ត្រូវ​បាន​បញ្ជាក់​ថា គឺជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ​ហើយ។

សភា​ជាតិ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២២ ឧសភា បាន​បញ្ជាក់​ថា លោក To Lam ដែល​ជា​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ ឡើង​កាន់​តំណែង​បន្ត​វេន​ពី​ប្រធានាធិបតី​មុន​ដែល​បាន​ចុះចេញ​ពី​តំណែង​ដោយ​ការ​លាលែង​ចំ​ពេល​វៀតណាម បើក​យុទ្ធនាការ​បោស​សម្អាត​អំពើពុករលួយ។

លោក To Lam ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​សភា​វៀតណាម ក្នុង​សំឡេង ៤៧២ លើ ៤៧៣​សំឡេង។ ការ​បោះឆ្នោត​អនុម័ត​ជា​ផ្លូវការ​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លង​ទៅ បាន​ផ្តល់​អនុសាសន៍​ឱ្យ​រដ្ឋសភា​វៀតណាម បោះឆ្នោត​ជ្រើសតាំង​លោក To Lam អាយុ ៦៦​ឆ្នាំ ឱ្យ​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី ក្រោយ​តំណែង​នេះ​ត្រូវ​បាន​ទុក​ឱ្យ​នៅ​ទំនេរ​រយៈពេល​ប្រមាណ​ជា ២​ខែ​មក​ហើយ បន្ទាប់ពី​លោក Vo Van Thuong លាលែង​ពី​តំណែង។

លោក To Lam បាន​ស្បថ​ចូល​កាន់​តំណែង​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​ការ​សន្យា​ថា​នឹង​ស្មោះត្រង់​ចំពោះ​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម ព្រមទាំង​សន្យា​បន្ត​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ។

លោក To Lam ដែល​បច្ចុប្បន្ន​អាយុ ៦៦​ឆ្នាំ ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នកជំនាញ​ផ្នែក​ចារកម្ម និង​ជា​មេ​ប៉ូលិស​អស់​រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ តែ​ក្រុម​សិទ្ធិមនុស្ស​អះអាង​ថា បុគ្គល​រូប​នេះ​ជា​អ្នក​នៅ​ពីក្រោយ​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​ជា​ប្រព័ន្ធ ដែល​បំពាន​ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។

ប្រវត្តិ​លោក To Lam

លោក To Lam កើត​នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​១៩៥៤ ក្នុង​ស្រុក Van Giang ខេត្ត Hung Yen ភាគ​ខាងជើង​ប្រទេស​វៀតណាម។ លោក​បាន​ចូល​រៀន​នៅ​សាលា​ប៉ូលិស​វៀតណាម ក្នុង​ឆ្នាំ​១៩៧៤ និង​បាន​ចូលរួម​ជាមួយ​គណបក្ស​កុម្មុយនីស្ត​វៀតណាម នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​១៩៨១ ហើយ​បាន​ក្លាយ​ជា​សមាជិក​ផ្លូវការ​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​១៩៨២។

លោក​គឺជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​មជ្ឈិម​នៃ​គណ​បក្ស​កុម្មុយនីស្ត​វៀតណាម សម្រាប់​នីតិកាល​ទី​១១-១២ និង​ទី​១៣។ លោក​បាន​ក្លាយ​ជា​សមាជិក​ការិយាល័យ​នយោបាយ​ក្នុង​នីតិកាល​ទី​១២ និង​ទី​១៣ និង​ជា​ប្រតិភូ​សភា​វៀតណាម នីតិកាល​ទី​១៤ និង​ទី​១៥។ ក្រោយ​មក លោក​បាន​ចូល​បំពេញ​ការងារ​នៅ​ឯ​នាយកដ្ឋាន​គាំពារ​នយោបាយ​ទី​១ និង​ត្រូវ​បាន​ដំឡើង​តំណែង​ជា​នាយករង​នៃ​នាយកដ្ឋាន​គាំពារ​នយោបាយ​ទី​១ ហើយ​ក្រោយ​មក ទើប​បាន​ក្លាយ​ជា​នាយក​នៃ​នាយកដ្ឋាន​គាំពារ​នយោបាយ​ទី​៣ នៃ​អគ្គនាយកដ្ឋាន​សន្តិសុខ។

លោក​ត្រូវ​បាន​នាយករដ្ឋមន្ត្រី​វៀតណាម តែងតាំង​ក្នុង​ឆ្នាំ​២០០៩ ឱ្យ​កាន់​តំណែង​ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ទី​១ និង​ជា​អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ នៅ​ខែ​សីហា ឆ្នាំ​២០១០។ រហូត​ដល់​ខែ​មេសា ឆ្នាំ​២០១៦ លោក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​វៀតណាម។

លោក To Lam ក៏​ជា​អនុប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong។

លោក Lam គឺជា​មនុស្ស​ម្នាក់​ដែល​នៅ​ក្រោយ​ការ​ស៊ើបអង្កេត​លើ​អ្នក​នយោបាយ​ធំៗ​ក្នុង​ប្រទេស​វៀតណាម ក្នុង​នោះ​រួម​មាន​លោក Vo Van Thuong ផង​ដែរ។

ជា​រួម​ទៅ លោក To Lam បាន​ចំណាយ​ពេល​ជាង ៤០​ឆ្នាំ​នៅ​ក្នុង​វិស័យ​សន្តិសុខ​សាធារណៈ មុន​នឹង​ក្លាយ​ទៅ​ជា​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​នៅ​ក្នុង​ឆ្នាំ​២០១៦។ ការ​ឡើង​កាន់​តំណែង​របស់​លោក ស្ថិត​ក្នុង​ពេល​ដែល​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​បាត់បង់​សមាជិក ៦​នាក់​ក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍​ចំនួន ១៨​នាក់ ដោយ​មូលហេតុ​នៃ​ការ​ដកហូត​អំណាច ចុះចេញ​ពី​អំណាច​ដោយ​ការ​ចោទប្រកាន់ ខណៈ​យុទ្ធនាការ​នៃ​ការ​បោស​សម្អាត​អំពើពុករលួយ។

លោក To Lam ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​ស៊ើបអង្កេត​រក​មុខ​អ្នក​នយោបាយ​ល្បីៗ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ។

ប្រទេស​វៀតណាម មិន​ដល់​មួយ​ឆ្នាំ​នោះ​ទេ មាន​ប្រធានាធិបតី ២​រូប​បាន​លាលែង​ពី​តំណែង។ តំណែង​ប្រធានាធិបតី​វៀតណាម ជា​តំណែង​ដ៏​ធំ​មួយ​ក្នុង​តំណែង​ចំនួន​៤ និង​មាន​ឱកាស​ជាងគេ​ក្នុង​ការ​ក្លាយ​ជា​ប្រធាន​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​ជា​តំណែង​កំពូល​បំផុត​ក្នុង​ប្រទេស​សង្គម​និយម​មួយ​នៅ​អាស៊ី​អាគ្នេយ៍។

ប្រធាន ឬ​អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម គឺ​លោក Nguyen Phu Trong ដែល​បាន​កាន់​អំណាច ៣​អាណត្តិ​មក​ហើយ គិត​ពី​ឆ្នាំ​២០២១ មក។ បច្ចុប្បន្ន លោក ង្វៀង ភូ ទ្រង់ មាន​អាយុ ៨០​ឆ្នាំ​ហើយ។ លោក​នឹង​មិន​បន្ត​តំណែង​នេះ​នៅ​អាណត្តិ​ទី​៤ ឆ្នាំ​២០២៦ ទៀត​នោះ​ទេ។

សម្រាប់​កៅអី​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ដែល​ទំនេរ គឺ​លោក Tran Quoc To ជា​អ្នក​បន្ដ​វេន។

ប្រទេស​វៀតណាម ដែល​មាន​អ្នក​នយោបាយ​លាលែង​ពី​តំណែង​ជា​បន្តបន្ទាប់ ត្រូវ​បាន​វាយតម្លៃ​ថា អាច​ប៉ះពាល់​ដល់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ដែល​បន្ថែម​ពី​លើ​ហានិភ័យ​នៃ​ការ​វិនិយោគ ដោយ​ថ្មីៗ​នេះ​មាន​ឧកញ៉ា​មួយ​រូប​ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត​ដោយ​បទ​សូកប៉ាន់។

ប្រទេស​វៀតណាម ល្បី​ថា​ជា​ប្រទេស​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ដ៏​ធំ​មួយ​ដែរ ជា​ប្រទេស​ដែល​មាន​ការ​វិនិយោគ​ខ្ពស់​ក្រោយពី​សហរដ្ឋ​អាមេរិក​កាត់បន្ថយ​រោងចក្រ​ជាច្រើន​នៅ​ប្រទេស​ចិន។ ប្រទេស​នេះ​កំពុង​ជំរុញ​ការ​ផលិត​សម្ភារៈ High-tech ដូចជា​ទូរសព្ទ​ឆ្លាតវៃ និង​កុំព្យូទ័រ ដែល​គេ​រំពឹង​ថា​អាច​នឹង​ចូលរួម​ជា​ខ្លា​អាស៊ី​ទី​៥ ដែល​រួម​មាន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង និង​តៃវ៉ាន់ ដែល​ប្រទេស​សេដ្ឋកិច្ច​បួន​នេះ​មាន​កំណើន​ខ្ពស់ និង​មាន​ការ​លូតលាស់​ខ្លាំង​នូវ​ឧស្សាហកម្ម​រោងចក្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស