26.3 C
Phnom Penh

វៀតណាម​គ្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្នុង​ទំហំ​ទឹកប្រាក់ ៦៧​ពាន់​លាន​ដុល្លារ​ដោយ​មិន​ខ្ចី​បុល​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ប្រទេស​សិង្ហបុរី Channel News Asia ប្រទេស​វៀតណាម បាន​ដាក់​ចុះ​នូវ​ផែនការ​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្នុង​ទំហំ​ទឹកប្រាក់ ៦៧​ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​មិន​ចាំបាច់​ខ្ចី​បុល​បរទេស​ឡើយ។

តាម​អ្នកជំនាញ ប្រទេស​វៀតណាម​ដែល​កំពុង​ក្លាយ​ជា​ប្រភព​កម្លាំង​សេដ្ឋកិច្ច ឧស្សាហកម្ម​ដ៏​មាន​សក្ដានុពល​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​កំណត់​យុទ្ធសាស្ត្រ​ជាតិ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ប្រាក់កម្ចី​បរទេស​លើ​គម្រោង​ផ្លូវ​រថភ្លើង​ដ៏​ទំនើប​មួយ​នេះ គឺជា​ការ​បង្ហាញ​ថា​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​មាន​ភាព​ខ្លាំង​ក្នុង​ការ​គ្រប់គ្រង​ប្រាក់ចំណូល​របស់​ជាតិ ជាមួយ​នឹង​ការ​ទប់ស្កាត់​បាន​ភាព​អសកម្ម​ដែល​នាំ​ឱ្យ​ប្រទេស​ខ្វះ​ទុន​បម្រុង​របស់​ខ្លួន ដែល​មិន​ដូច​ប្រទេស​ជិតខាង​ឡើយ។

បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ដឹកជញ្ជូន​វៀតណាម ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ វា​ត​ចេញពី​រដ្ឋធានី​ហាណូយ ឆ្ពោះ​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង ហូ ជី មិញ (Ho Chi Minh) ដែល​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​បំផុត​របស់​ប្រទេស​វៀតណាម ជាមួយ​នឹង​ការ​ចំណាយ​ទុន​បម្រុង​របស់​ជាតិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ។ គម្រោង​នេះ នឹង​ស្ថាបនា​រួចរាល់​ក្នុង​ឆ្នាំ​២០៣៥។

ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​មាន​ចម្ងាយ ១៥៤១​គីឡូម៉ែត្រ។ ចំពោះ​រថភ្លើង​ដ៏​ទំនើប វា​អាច​រត់​លើ​ផ្លូវ​របស់​វា​ដោយ​ល្បឿន ៣៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

អនុរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​វៀតណាម Nguyen Danh Huy បាន​និយាយ​ថា ជាមួយ​នឹង​ស្មារតី​ឯករាជ្យ​ជាតិ និង​ផ្អែក​លើ​កម្លាំង​សេដ្ឋកិច្ច​របស់​ខ្លួន ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​មិន​បាន​សម្រេច​ឱ្យ​រដ្ឋាភិបាល​ខ្ចី​បុល​ប្រទេស​ក្រៅ​ឡើយ។

បើ​តាម​លោក​អនុរដ្ឋមន្ត្រី មូលនិធិ​ដែល​បាន​មកពី​ចំណូល​របស់​ជាតិ គឺជា​ការ​ចាំបាច់​ណាស់​ត្រូវ​ប្រើប្រាស់​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ថា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​ត្រូវតែ​មាន​ស្ដង់ដា​ខ្ពស់។ ចំពោះ​ប្រាក់កម្ចី​បរទេស បើ​តាម​លោក​អនុរដ្ឋមន្ត្រី Nguyen Danh Huy មិន​ស្ថិត​ក្នុង​ភាព​ចាំបាច់​ឡើយ។ លោក​អនុរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​ចង់​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​បរទេស​ឡើយ។

វៀតណាម បាន​ទម្លាក់​បំណុល​សាធារណៈ​មក​ត្រឹម ១៩​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ក្រសួង​សេដ្ឋកិច្ច​វៀតណាម។

វៀតណាម ជា​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន​កម្លាំង​សេដ្ឋកិច្ច​ដ៏​ខ្លាំង

រដ្ឋ​កុម្មុយនីស្ត​វៀតណាម កំពុងតែ​គ្រប់គ្រង​ប្រជាជន​ជាង ១០០​លាន​នាក់។ នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ដាក់​ផែនការ​បង្ក្រាប​ករណី​ពុករលួយ ស៊ីសំណូក​សូកប៉ាន់​យ៉ាង​ខ្លាំង ដែល​សូម្បី​នាយករដ្ឋមន្ត្រី ប្រធានាធិបតី ត្រូវ​បង្ខំ​ឱ្យ​ចុះចេញ​ពី​តំណែង បើ​សង្ស័យ​ថា​មាន​ភាព​មិន​ស្អាតស្អំ​ចំពោះ​មុខ​បក្ស។

ប្រទេស​វៀតណាម មាន​សន្ទុះ​ខ្លាំង​ក្នុង​ការ​លើក​ស្ទួយ​កម្រិត​ជីវភាព​របស់​ប្រជាជន និង​មន្ត្រី​រដ្ឋការ ដោយ​ចំណាយ​ទៅ​លើ​វិស័យ​របស់​រដ្ឋ និង​វិស័យ​សង្គមកិច្ច ដែល​ក្នុង​មួយ​ឆ្នាំៗ ប្រទេស​កុម្មុយនីស្ត​នេះ​បាន​ប្រើប្រាស់​ប្រាក់ចំណូល​ជាតិ​ដល់​ទៅ ៥៦០០​លាន​ដុល្លារ។ ក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​វៀតណាម បាន​ចំណាយ​ដល់​ទៅ ២០​ភាគរយ​នៃ​ថវិកា​ចំណូល​របស់​ជាតិ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក។

បើ​តាម​អ្នកជំនាញ​កិច្ចការ​ភស្តុភារ គឺ Nguyen Hung នៃ​សាកលវិទ្យាល័យ​វៀតណាម RMIT ការ​ដែល​ប្រទេស​វៀតណាម សម្រេច​ប្រើប្រាស់​ទុន​បម្រុង​របស់​ខ្លួន​យ៉ាង​សម្បើម​ក្នុង​ការ​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដោយ​មិន​ខ្ចី​បុល​បរទេស ឬ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​ណា​មួយ​ដែល​បញ្ជាក់​ថា​ក្រុង​ហាណូយ កំពុងតែ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ភូមិសាស្ត្រ​នយោបាយ​សេដ្ឋកិច្ច​ក្នុង​តំបន់ នៅ​ក្រោម​គោលការណ៍​ឯករាជ្យ​ទាំង​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ការ​កសាង និង​ការ​អភិវឌ្ឍ​ជាតិ ដោយ​រាប់​បញ្ចូល​ផង​ដែរ​នូវ​ការ​ពង្រឹង​កម្លាំង​កសាង​ជាតិ ដែល​ជាតិ​ទាំងមូល​មាន​ការ​សាមគ្គី​គ្នា​យ៉ាង​រឹងមាំ ដែល​ជា​ការ​បង្ហាញ​ពី​អភិបាលកិច្ច​នៃ​ការ​ដឹកនាំ​របស់​មេដឹកនាំ​គ្រប់​ជាន់​ថ្នាក់។

តែ​អ្នកជំនាញ​រូប​នេះ​គិត​ថា វៀតណាម​អាច​រក​ប្រាក់​កម្ចី​បន្ថែម​តិចតួច​ប៉ុណ្ណោះ​ពី​ដៃគូ​សេដ្ឋកិច្ច​ដ៏​ខ្លាំង​មាន​ដូចជា ប្រទេស​ជប៉ុន សហរដ្ឋ​អាមេរិក ចិន អាល្លឺម៉ង់ ជាដើម។

វៀតណាម មាន​ផលិតផល​ឧស្សាហកម្ម​កើន​ឡើង ៧,៥% ហើយ​ការ​វិនិយោគ​បរទេស​កើន​ឡើង​ខ្ពស់​ចំនួន ៨,២ បើ​ធៀប​នឹង​ឆមាស​ទី​២ នៃ​ឆ្នាំ​២០២៣។ ក្នុង​ឆមាស​ទី​១ ឆ្នាំ​នេះ ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បាន​ចំណេញ ១៩០​ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​នាំចេញ​ទំនិញ​ឧស្សាហកម្ម​ដោយ​កើន​ឡើង​ជាង ១៤,៥% ប្រៀបធៀប​នឹង​ឆ្នាំ​២០២៣។ គោលដៅ​ទីផ្សារ​នាំចេញ​ធំ​ជាងគេ​របស់​វៀតណាម គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។ នេះ​បើ​យោង​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF។

សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម គឺជា​សេដ្ឋកិច្ច​ទីផ្សារ​ចម្រុះ ដែល​តម្រង់​ទិស​សង្គម​និយម។ ជា​ប្រទេស​ធំ​ជាងគេ​ទី​២៣ នៅ​លើ​ពិភពលោក ដែល​មាន​សន្ទុះ​ខ្លាំង​ក្នុង​ការ​ផលិតផល​ក្នុង​ប្រទេស។

វៀតណាម ជា​សមាជិក​មួយ​ដ៏​ចម្បង​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក ក្នុង​ចំណោម​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។

ប្រទេស​វៀតណាម បាន​ទទួល​ពន្ធ​អនុគ្រោះ​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពី​សហភាព​អឺរ៉ុប ពី​សហរដ្ឋ​អាមេរិក ជប៉ុន អាល្លឺម៉ង់ កូរ៉េខាងត្បូង ចិន និង​ប្រទេស​ជាច្រើន​ទៀត។ វៀតណាម​គឺជា​ប្រទេស​កុម្មុយនីស្ត តែ​មិន​អាច​កាន់​អំណាច​ក្រោម​គោលការណ៍​សន្តតិវង្ស​ឡើយ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស