29 C
Phnom Penh

វៀតណាម​កំពុង​ឈាន​ដល់​ការ​ទិញ​យន្តហោះ​ដឹកជញ្ជូន​យោធា C-130 ខ្នាត​ធំ​បំផុត​ពី​សហរដ្ឋ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ទីក្រុង​ហាណូយ បាន​កំពុង​ឈាន​ដល់​កិច្ចព្រមព្រៀង​ការ​ទិញ​យន្តហោះ​ដឹកជញ្ជូន​យោធា C-130 ខ្នាត​ធំ​បំផុត​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​សារព័ត៌មាន​សិង្ហបុរី The Strait Times ដែល​ស្រង់​ប្រភព​ព័ត៌មាន​មន្ត្រី​សេតវិមាន ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ ខែ​កក្កដា។

សហរដ្ឋ​អាមេរិក និង​វៀតណាម ជា​អតីត​គូ​សត្រូវ​នឹង​គ្នា​កាលពី​សង្គ្រាម​វៀតណាម នៅ​ទសវត្ស​ទី​៦០ និង ៧០។ ប្រទេស​ទាំង​ពីរ​នេះ​បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា​ក្រោយពី​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​នៅ​ក្នុង​ទសវត្ស​១៩៩០។

បើ​តាម​ប្រភព​មន្ត្រី​សហរដ្ឋ​អាមេរិក ២​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ដឹង​ថា កិច្ចពិភាក្សា​អំពី​ការ​ស្នើ​ទិញ​យន្តហោះ​យោធា C-130 ជា​ប្រភេទ​យន្តហោះ​ដ៏​ធំ​បំផុត​សម្រាប់​ដឹកជញ្ជូន​ភស្តុភារ​កងទ័ព អាច​នឹង​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​នៅ​ក្នុង​ឆ្នាំ​២០២៤ នេះ ដែល​វៀតណាម បាន​ស្នើ​ទិញ​តាំងពី​ចុង​ឆ្នាំ​២០២២ ដើម្បី​ជួយ​ការ​ដឹកជញ្ជូន​សម្រាប់​កងទ័ព​វៀតណាម។

C-130 ជា​យន្តហោះ​ដឹកជញ្ជូន​បាន​ទាំង​កងទ័ព ទាំង​អាវុធ និង​ស្បៀង​សម្រាប់​កងទ័ព​ផង និង​ប្រើ​ក្នុង​សេវាកម្ម​ស៊ីវិល​ទៀត​ផង។ តាម​ប្រភព​របស់​មន្ត្រី​សេតវិមាន សហរដ្ឋ​អាមេរិក​នឹង​ជួយ​ជួសជុល ថែរក្សា ក្នុង​ការ​ចំណាយ ១០​លាន​ដុល្លារ។ នៅ​ពេលនេះ រដ្ឋាភិបាល​ក្រុង​ហាណូយ នៅតែ​ស្នើ​ឱ្យ​ក្រុង​វ៉ាស៊ីនតោន កំណត់​តម្លៃ​របស់​យន្តហោះ C-130 ដើម្បី​កំណត់​ថា​ក្រុង​ហាណូយ អាច​ទិញ​បាន​ប៉ុន្មាន​គ្រឿង។

ចាប់តាំងពី​សហរដ្ឋ​អាមេរិក លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​លក់​អាវុធ​ពី​ឆ្នាំ​២០១៦ ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ផ្ដល់​នាវា​ល្បាត​ទៅ​ឱ្យ​វៀតណាម ដែល​ក្រុង​ហាណូយ ត្រូវការ​ដើម្បី​ល្បាត​សមុទ្រ​របស់​វៀតណាម នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​តុងកឺង។ លំហ​សមុទ្រ​ទាំង​ពីរ​នេះ​វា​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម និង​ចិន កំពុង​មាន​ជម្លោះ​ករណី​ព្រំដែន​ទឹក​ត្រួត​ស៊ី​គ្នា។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters រដ្ឋាភិបាល​វៀតណាម កំពុង​ពិភាក្សា​ផង​ដែរ​ជាមួយ​មន្ត្រី​សហរដ្ឋ​អាមេរិក ដើម្បី​សុំ​ទិញ​យន្តហោះ​ចម្បាំង F-16 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin អាមេរិក។

តាម​ប្រភព​ដដែល​នេះ ការ​ចរចា​កំពុង​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង ព្រោះ​សហរដ្ឋ​អាមេរិក​កំពុង​បើក​ឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​វៀតណាម កាន់តែ​ស៊ីជម្រៅ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា។ តែ​ការ​អនុម័ត​របស់​សភា​សហរដ្ឋ​អាមេរិក​អំពី​ការ​លក់​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​វៀតណាម អាច​មាន​ភាព​ស្មុគស្មាញ​ជាង​ការ​លក់​យន្តហោះ​យោធា C-130។

សហរដ្ឋ​អាមេរិក​មាន​យន្តហោះ​ចម្បាំង F-16 ជាង ៣០០០​គ្រឿង។ ប្រទេស​ជាច្រើន​បាន​ទិញ F-16 ជាច្រើន​គ្រឿង ដើម្បី​បម្រុង​ករណី​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាម និង​ការ​យក​មក​បង្ហាត់​ទ័ព​ជើង​អាកាស​របស់​ប្រទេស​ទាំងនោះ។ តែ​យ៉ាងណា នៅ​ពេល​វៀតណាម មាន​យន្តហោះ​យោធា C-130 សម្រាប់​ការ​ដឹកជញ្ជូន​ជួយ​ក្នុង​វិស័យ​ការពារ​ជាតិ ទំនង​វៀតណាម ជា​ប្រទេស​ទី​១ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​យន្តហោះ​ប្រភេទ​ខ្នាត​ធំ​បំផុត​របស់​សហរដ្ឋ​អាមេរិក។

បើ​និយាយ​រួម​ទៅ វៀតណាម​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​សហរដ្ឋ​អាមេរិក មាន​បី​កត្តា គឺ​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។ វៀតណាម និង​សហរដ្ឋ​អាមេរិក ពង្រីក​ដៃគូ​ពាណិជ្ជកម្ម​ហក់​ឡើង​យ៉ាង​ខ្លាំង​រហូត​វៀតណាម ទទួល​បាន​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហរដ្ឋ​អាមេរិក​ទៀត​ផង។

ក្នុង​ការ​វិវត្ត​នេះ បាន​នាំ​ឱ្យ​ទំហំ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​វៀតណាម ហក់​ឡើង​ដល់​កម្រិត​កំពូល​មាន​ទំហំ ១១១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣។ វៀតណាម បាន​ហៅ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​សហរដ្ឋ​អាមេរិក​ថា​មាន​ភាព​រឹងមាំ និង​គ្រប់​ជ្រុងជ្រោយ។

កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ក្រោយពី​លោក​ចូលរួម​ជំនួប​កំពូល​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា។

លោក បៃដិន ជា​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ទី​៤ ហើយ​ដែល​បាន​ទៅ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើ​ទឹកដី​ប្រទេស​សង្គម​និយម​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ខណៈ​មន្ត្រី​កំពូលៗ​សហរដ្ឋ​អាមេរិក​ជាច្រើន​នាក់​តែង​ទៅ​កាន់​ប្រទេស​នេះ​ផង​ដែរ​ក្នុង​រយៈពេល ៣​ទសវត្ស​មក​នេះ ក្រោយពី​ក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ហាណូយ បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា។

ក្នុង​ដំណើរ​មក​ដល់​វៀតណាម របស់​លោក ចូ បៃដិន គេ​សង្កេត​ឃើញ​អតីត​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong បាន​រៀបចំ​កម្មវិធី​យ៉ាង​អធិកអធម​ដើម្បី​ទទួល​ស្វាគមន៍​លោក បៃដិន ឋានៈ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម របស់​លោក បៃដិន ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ហាណូយ ទាំង​ផ្នែក​ពាណិជ្ជកម្ម និង​បញ្ហា​សន្តិសុខ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស​បញ្ហា​ជម្លោះ​ដែនសមុទ្រ​រវាង​ចិន ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​វៀតណាម ក៏​ជា​ប្រទេស​មួយ​ផង​ដែរ​កំពុង​មាន​ជម្លោះ​ករណី​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស