33 C
Phnom Penh

តុលាការ​ប្រជាជន​វៀតណាម ផ្ដន្ទាទោស​ប្រហារ​ជីវិត​សេដ្ឋិនី​រកស៊ី​បោក​ប្រាក់​ខ្ទង់​ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ណា​មិន​ដឹង​ទេ តែ​សម្រាប់​ប្រទេស​វៀតណាម មិន​អនុគ្រោះ​ដាច់ខាត​ទោះ​ជា​បុគ្គល​នោះ​មាន​ប្រាក់​មហាសាល​ក៏ដោយ ឱ្យ​តែ​កិបកេង​បោក​ប្រាក់​ឆបោក ដើម្បី​ក្លាយ​ខ្លួន​ជា​សេដ្ឋី ត្រូវតែ​មាន​ទោស។

នៅ​ថ្ងៃទី​១១ មេសា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC News បាន​ចុះផ្សាយ​ថា មហា​សេដ្ឋិនី​ម្នាក់​ឈ្មោះ Truong My Lan អាយុ ៦៧​ឆ្នាំ អ្នកជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ មេសា នេះ ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ប្រហារ​ជីវិត​ក្នុង​សំណុំរឿង​ពុករលួយ​ឆបោក​ដ៏​ធំ​បំផុត​មួយ។

នេះ​ជា​សំណុំរឿង​ដ៏​អាស្រូវ​បំផុត​ចំពោះ​បុគ្គល​មាន​ប្រាក់​មហាសាល​រូប​នេះ ក្នុង​ដែនដី​មួយ​ដែល​ប្រកាន់​ប្រព័ន្ធ​ដឹកនាំ​កុម្មុយនីស្ត​មួយ​នេះ។

រដ្ឋអាជ្ញា​វៀតណាម និយាយ​ថា ទំហំ​ទឹកប្រាក់​សរុប ២៧​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​រក​ឃើញ​ថា មហា​សេដ្ឋីនី​រូប​នេះ​មាន​ក្នុង​កុង​ធនាគារ​របស់​ខ្លួន ប៉ុន្តែ​អ្នកស្រី Truong My Lan បាន​រង​ការ​ចោទប្រកាន់​ពី​បទ​គៃបន្លំ​យក​ប្រាក់​ចំនួន ១២​ពាន់ ៥០០​លាន​ដុល្លារ។

ក្រុម​រដ្ឋអាជ្ញា​វៀតណាម អះអាង​ថា ការ​ខូចខាត​សរុប​ដែល​បង្ក​ឡើង​ដោយ​អំពើ​ឆបោក​របស់​អ្នកស្រី My Lan មាន​ទំហំ ២៧​ពាន់​លាន​ដុល្លារ ដែល​ស្មើ​នឹង ៦​ភាគរយ​នៃ​អត្រា GDP របស់​ប្រទេស​វៀតណាម។ អ្នកស្រី My Lan បាន​ច្រានចោល​ការ​ចោទប្រកាន់​ទាំងអស់ និង​បាន​ទម្លាក់​កំហុស​ទៅ​លើ​កូនចៅ​របស់​ខ្លួន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​វៀតណាម បាន​រាយការណ៍​ថា គណៈវិនិច្ឆ័យ​នៅ​ទីក្រុង​ហូជីមីញ បាន​ច្រាន​ចោល​ការ​លើក​ហេតុផល​ការពារ​ខ្លួន​ទាំងអស់​របស់​អ្នកស្រី Truong My Lan ដែល​មាន​ឋានៈ​ជា​អគ្គនាយិកា​នៃ​ក្រុមហ៊ុន​អភិវឌ្ឍ​ចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​វៀតណាម Van Thinh Phat Holdings Group ដោយ​រក​ឃើញ​ថា មហា​សេដ្ឋិនី​រូប​នេះ​ពិត​ជា​មាន​ទោស​កំហុស​ពី​បទ​បោកប្រាស់​លុយ​ពី​ធនាគារ​ពាណិជ្ជ Saigon Commercial Bank អស់​រយៈពេល​ប្រមាណ​ជា ១​ទសវត្សរ៍។

ក្រុម​រដ្ឋអាជ្ញា និង​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​នៃ​ប្រទេស​វៀតណាម បាន​បញ្ជាក់​ថា ទង្វើ​របស់​អ្នកស្រី Truong My Lan បាន​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​ការ​ជឿ​ទុកចិត្ត​របស់​ប្រជាជន​មក​លើ​ការ​ដឹកនាំ​របស់​បក្ស និង​រដ្ឋាភិបាល​វៀតណាម។

តាម​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ មនុស្ស ៨៥​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ជួយ​ផ្ដល់​គំនិត​ទុច្ចរិត​ជាមួយ​អ្នកស្រី My Lan ប៉ុន្តែ​ក្រុម​រដ្ឋអាជ្ញា​ថា​អ្នកស្រី My Lan គឺជា​មេខ្លោង។ មនុស្ស ៨៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន កាត់ទោស​រួច​ទៅ​ហើយ​កាលពី​ប្រាំ​សប្ដាហ៍​កន្លង​មក​នេះ។

ក្នុង​សំណុំរឿង​របស់​មហា​សេដ្ឋីនី​ឈ្មោះ Truong My Lan ប៉ូលិស​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​មាន ៤២០០០​នាក់។

ក្នុង​រយៈពេល​ជាង ៣​ឆ្នាំ​មក​នេះ មនុស្ស​ជាង ៤៤០០​នាក់ ត្រូវ​បាន​ផ្ដន្ទាទោស​ក្រោយពី​ស្រាវជ្រាវ​ក្នុង​យុទ្ធនាការ​បោស​សម្អាត​អំពើពុករលួយ​នៅ​ប្រទេស​វៀតណាម។ ការ​ស្រាវជ្រាវ​របស់​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ គឺ​មាន​ជាង ១៧០០​សំណុំរឿង គិត​ចាប់តាំងពី​ឆ្នាំ​២០២១ មក​ទល់​នឹង​ពេលនេះ។

កាលពី​ខែ​មីនា កន្លង​ទៅ មហាសេដ្ឋី​ផ្នែក​ចលនទ្រព្យ គឺ​លោក Do Anh Dung ដែល​ជា​អគ្គនាយក​សម្ព័ន្ធ​ក្រុមហ៊ុន Tan Hoang ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ ក្រោយ​រក​ឃើញ​ថា បុរស​នេះ​បាន​ប្រព្រឹត្ត​អំពើ​ឆបោក​លើ​វិនិយោគិន​ក្នុង​ទឹកប្រាក់​ចំនួន ៣៥៥​លាន​ដុល្លារ។

កាលពី​ថ្ងៃទី​២១ មីនា បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ប្រកាស​ឱ្យ​ដឹង​ថា ប្រធានាធិបតី​វៀតណាម លោក Vo Van Thuong ដែល​បាន​ចុះចេញ​ពី​តំណែង ព្រោះតែ​លោក​បណ្ដោយ​ឱ្យ​ថ្នាក់​ក្រោម​លោក​ស៊ី​សំណូក​សូកប៉ាន់​កាលពី​លោក​កាន់​តំណែង​អគ្គលេខាបក្ស​ខេត្ត Quang Ngai។

យ៉ាងណាក៏ដោយ បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ចេញ​សេចក្ដី​ប្រកាស​នេះ​ដោយ​ប្រើ​ពាក្យពេចន៍​ថា ការ​រំលោភ​បំពាន​ច្បាប់​ដោយ​លោក Vo Van Thuong ជា​ការ​បន្សល់​ឱ្យ​មាន​នូវ​ស្នាម​អាក្រក់​ដល់​កេរ្តិ៍ឈ្មោះ​គណបក្ស​កុម្មុយនីស្ត។

ការ​ចុះចេញ​ពី​តំណាង​របស់​បុរស​រដ្ឋ​រូប​នេះ កើត​ឡើង​ក្រោយពី​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក​មុខ​តែ​នឹង​ត្រូវ​បណ្ដេញ​ចេញពី​តំណែង បើសិនជា​មិន​ចុះចេញ​ដោយ​ខ្លួនឯង ព្រោះ​លោក​ទទួល​សញ្ញា​ព្រមាន​ក្នុង​ពេល​ប្រជុំ​វិសាមញ្ញ​នៃ​សភា​បក្ស ហើយ​ប៉ូលិស​វៀតណាម ក៏​បាន​តាម​ចាប់​ខ្លួន​អតីត​អភិបាល​ខេត្ត Quang Ngai និង​ជា​ប្រធាន​បក្ស​កុម្មុយនីស្ត​ខេត្ត​នេះ​ដែល​ជាប់​ការ​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​លោក Vo Van Thuong ផង​ដែរ។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ករណី​ប្រធានាធិបតី​វៀតណាម ចុះចេញ​ពី​តំណែង​នេះ បាន​ធ្វើ​ឱ្យ​ប្រទេស​វៀតណាម ក្នុង​រយៈពេល​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​មាន​ប្រធានាធិបតី​ដល់​ទៅ​ពីរ​រូប​សម្រេច​លាលែង​ពី​តំណែង​កំពូល​របស់​ប្រទេស។

ប៉ុន្តែ​ការ​កាត់ទោស​មន្ត្រី​បក្ស​ពុករលួយ និង​បុគ្គល​ក្រៅ​បក្ស​ប្រព្រឹត្ត​អំពើពុករលួយ​សម្រាប់​ប្រទេស​ជិតខាង​រាជាណាចក្រ​កម្ពុជា​មួយ​នេះ តុលាការ​រដ្ឋ និង​បក្ស​របស់​ប្រទេស​មួយ​នេះ មិន​បាន​អត់ឱន​ដោយសារ​ដឹងគុណ​ជន​ពុករលួយ​ឆបោក​នេះ​ម្ដង​ណា​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស