32 C
Phnom Penh

ប្រធានាធិបតី​ថ្មី​ឥណ្ឌូនេស៊ី​អំពាវនាវ​សុំ​ឱ្យ​អ្នក​នយោបាយ​រួបរួម​គ្នា​ដើម្បី​ឥណ្ឌូនេស៊ី​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ ទី​២៤ មេសា គណៈកម្មការ​បោះឆ្នោត​របស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រកាស​ថា លោក Prabowo Subianto គឺជា​ប្រធានាធិបតី​ជាប់​ឆ្នោត។

ការ​ប្រកាស​របស់​ស្ថាប័ន​បោះឆ្នោត​នៃ​ប្រទេស​ដ៏​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​នេះ​បាន​ច្រានចោល​ការ​ចោទ​ទាំងឡាយ​របស់​បេក្ខជន​ពីរ​រូប​ដែល​ចាញ់​ឆ្នោត ហើយ​ដាក់​ពាក្យបណ្ដឹង​ឱ្យ​សើរើ​លទ្ធផល​បោះឆ្នោត​ក្រោម​ការ​សង្ស័យ​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​រាប់​សន្លឹកឆ្នោត។

ប្រទេស​ឥណ្ឌូនេស៊ី បាន​ធ្វើការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​១៤ កុម្ភៈ ដែល​មាន​ប្រជាជន​មាន​សិទ្ធិ​បោះឆ្នោត ២០៤​លាន​នាក់​ក្នុង​ចំនួន​សរុប​ជាង ២៧៧​លាន​នាក់។ ប្រទេស​ដ៏​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ ត្រូវ​បាន​គេ​រាប់​ថា​ជា​ជើងឯក​មួយ​ដែល​ប្រកាន់​យក​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ស្អាតស្អំ​ជាងគេ។

ឋានៈ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ក្នុង​អាណត្តិ​របស់​ប្រធានាធិបតី Joko Widodo លោក Prabowo ប្ដេជ្ញា​ដឹកនាំ​ប្រទេស​ឥណ្ឌូនេស៊ី ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ការ​រួបរួម​ជាមួយ​អ្នក​នយោបាយ​មកពី​គ្រប់​បក្ស​នយោបាយ​ទាំងអស់។

ភ្នាក់ងារ​សារព័ត៌មាន AP បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​ជាប់​ឆ្នោត​ឥណ្ឌូនេស៊ី ថ្មី​រូប​នេះ បាន​ប្រកាស​ថា ឥណ្ឌូនេស៊ី បាន​បង្ហាញ​ពិភពលោក​ជា​ថ្មី​ពី​ការ​ការ​ផ្ទេរ​អំណាច​ប្រកប​ដោយ​សន្តិវិធី ហើយ​ស្ថិត​ក្នុង​ការ​សាមគ្គី​គ្នា​ដោយ​ការ​យល់យោគ​គ្នា​ជា​ធំ។ ក្នុង​នោះ​ដែរ ប្រធានាធិបតី​ជាប់​ឆ្នោត​ក៏​បាន​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ធ្វើការ​រួម​គ្នា ដើម្បី​កសាង​ប្រទេស។ លោក Prabowo នឹង​ចូល​កាន់​តំណែង​ជំនួស​លោក Joko Widodo ដែល​អស់​អាណត្តិ​ជា​ប្រធានាធិបតី។

លោក Prabowo និង​លោក Gibran Rakabuming ដែល​ជា​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត និង​ជា​កូនប្រុស​របស់​លោក Joko Widodo នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២៤ នេះ។ លោក Joko Widodo សន្យា​ថា​លោក និង​គណៈរដ្ឋមន្ត្រី​របស់​លោក នឹង​ធ្វើ​ពិធី​ផ្ទេរ​តំណែង​តាម​គន្លង​ប្រជាធិបតេយ្យ​ទៅ​ឱ្យ​បេក្ខជន​ដែល​ឈ្នះ​ឆ្នោត។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន លោក Prabowo បាន​ថ្លែង​ថា ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​នៅ​អាស៊ី បាន​បង្ហាញ​ពិភពលោក​ពី​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។

លោក Prabowo បាន​ថ្លែង​ដូចនេះ​ជា​ថ្មី​ម្តង​ទៀត​ថា ឥណ្ឌូនេស៊ី​បង្ហាញ​ពិភពលោក​ថា​ជា​ប្រទេស​មាន​សន្តិភាព ហើយ​ការ​ផ្ទេរ​អំណាច​ប្រកប​ដោយ​សន្តិភាព​ផ្លូវចិត្ត។ ជាមួយ​នឹង​ការ​ប្រកាស​ដូចនេះ លោក Prabowo ប្ដេជ្ញា​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ដោយ​បង្កើន​ការងារ​សម្រាប់​ប្រជាជន​ឥណ្ឌូនេស៊ី ជាមួយ​នឹង​ការ​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ។

ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ ឧត្ដមសេនីយ៍​ផ្កាយ​បួន​កិត្តិយស​រូប​នេះ បាន​សន្យា​ដោះស្រាយ​បញ្ហា​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​ថែម​ទៀត និង​បន្ត​ដំណើរការ​ប្រជាធិបតេយ្យ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ប្រទេស​ឥណ្ឌូនេស៊ី ប្រកាស​ថា បេក្ខជន Prabowo ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ ៥៨,៦​ភាគរយ។

នៅ​ពេល​ស្ថាប័ន​បោះឆ្នោត​ប្រកាស​ដូចនេះ ជា​ការ​បង្ហាញ​ថា លោក​បាន​ឈ្នះ​បេក្ខជន ២​រូប​ទៀត​ដែល​មាន​សំឡេង​តាម​ពីក្រោយ​ជិត ២៥% និង​ជាង ១៦% លោក Prabowo ទទួល​អារម្មណ៍​ជា​បេក្ខជន​ឈ្នះ​ឆ្នោត ហើយ​ពិត​ណាស់ លោក​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី លោក​ក៏​បាន​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​គ្រប់​និន្នាការ ធ្វើការ​ជាមួយ​រដ្ឋាភិបាល​របស់​លោក ដើម្បី​ប្រជាជន និង​ប្រទេស​ឥណ្ឌូនេស៊ី​មួយ​ដ៏​ខ្លាំង។

លោក Prabowo Subianto គឺជា​កូនប្រសា​របស់​អតីត​ប្រធានាធិបតី Suharto ដែល​គេ​ស្គាល់​ថា​ជា​មេដឹកនាំ​ដែល​កាន់​អំណាច​ផ្ដាច់ការ ប៉ុន្តែ​លោក Suharto ត្រូវ​បាន​ប្រជាជន​ទាញ​ទម្លាក់​ពី​អំណាច​នៅ​ឆ្នាំ​១៩៩៨។

ក្នុង​រដ្ឋការ​របស់​ឪពុកក្មេក លោក Prabowo ក៏​មាន​ឋានៈ​ខ្ពស់​ក្នុង​ជួរ​កងទ័ព​ផង​ដែរ។ យ៉ាងណា លោក Prabowo ប្ដេជ្ញា​ដឹកនាំ​ប្រទេស​ឥណ្ឌូនេស៊ី​ឱ្យ​ខ្លាំង​ទាំង​សេដ្ឋកិច្ច នយោបាយ​ការទូត និង​ប្រជាធិបតេយ្យ ដែល​នឹង​មិន​ធ្វើ​ឱ្យ​ប្រជាជន​ឥណ្ឌូនេស៊ី គិត​ថា​ឧត្ដមសេនីយ៍​រូប​នេះ​ដឹកនាំ​ប្រទេស​ទៅ​រក​ប្រព័ន្ធ​ផ្ដាច់ការ​ដូច​ឪពុកក្មេក​របស់​លោក​នោះ​ទេ។

បច្ចុប្បន្ន​នេះ លោក Prabowo Subianto មាន​វ័យ ៧២​ឆ្នាំ។ លោក​ធ្លាប់​ជា​បេក្ខជន​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៩ ដោយ​ចាញ់​លោក Joko Widodo។ ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី មាន​អាណត្តិ ៥​ឆ្នាំ ប៉ុន្តែ​មាន​សិទ្ធិ​កាន់​តំណែង ៥​ឆ្នាំ​ទៀត ដោយ​ឆ្លងកាត់​ការ​បោះឆ្នោត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស