28 C
Phnom Penh

អ្នក​ស្រាវជ្រាវ​អាមេរិក​ថា​នាវាចម្បាំង​ចិន ២​គ្រឿង​ស្ថិត​នៅ​ផែ​មូលដ្ឋាន​ទ័ព​ជើងទឹក​សមុទ្រ​រាម​កម្ពុជា​ជា​អចិន្ត្រៃយ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​ដើម្បី​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​បន្ត​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​មួយ​ថែម​ទៀត ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​ទ័ព​ជើងទឹក​សមុទ្រ​រាម​របស់​កម្ពុជា ដែល​កំពុង​ប្រែ​ក្លាយ​ទៅ​ជា​មូលដ្ឋាន​ទ័ព​ជើងទឹក​ចិន។

ទស្សនាវដី្ត​អង់គ្លេស Newsweek បាន​ស្រង់​ប្រភព​អ្នក​ស្រាវជ្រាវ​ម្នាក់​នៃ​មជ្ឈមណ្ឌល​ដើម្បី​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែ​មេសា ថា គេ​បាន​រក​ឃើញ​នាវា​ចម្បាំង​របស់​ចិន ចំនួន ២​គ្រឿង បាន​មក​ចូល​ចត​នៅ​ប៉ម​ទឹក​ជ្រៅ​នៃ​មូលដ្ឋាន​ទ័ព​ជើងទឹក​សមុទ្រ​រាម​របស់​កម្ពុជា រយៈពេល​ជាង ៤​ខែ​មក​ហើយ។

ក្រុម​ស្រាវជ្រាវ​អន្តរជាតិ​នេះ បាន​ផ្ដិត​រូបភាព​នាវាចម្បាំង​របស់​ចិន ២​គ្រឿង​នោះ ដោយ​យក​បាន​ពី​រូបភាព​ថត​ដោយ​ផ្កាយរណប ហើយ​បោះពុម្ព​ផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែ​មេសា ដោយ​បង្ហាញ​នាវាចម្បាំង​ចិន ទាំង ២​គ្រឿង​នេះ ចូល​ចត​និង​ធ្វើ​សកម្មភាព​នៅ​សមុទ្រ​រាម​របស់​កម្ពុជា​រយៈពេល​ជាង ៤​ខែ​មក​ហើយ។

អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ដើម្បី​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ​លោក Gregory Poling បាន​ឱ្យ​ដឹង​ថា រូបភាព​ដែល​ផ្កាយរណប​ថត​បាន​នោះ បញ្ជាក់​ថា នាវាចម្បាំង​របស់​ចិន ២​គ្រឿង​នេះ​មិន​ទាន់​ចាកចេញ​ពី​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​កម្ពុជា​នៅឡើយ​ទេ ហើយ​នាវា​ទាំង​ពីរ​នេះ បើ​ចាកចេញ​ពី​សមុទ្រ​រាម​កម្ពុជា គឺ​មាន​នាវា​ចិន ២​គ្រឿង​ទៀត​មក​ជំនួស។

នាវាចម្បាំង​របស់​ចិន តាម​មើល​ទៅ​កំពុង​ធ្វើ​សមយុទ្ធ​លើ​លំហ​សមុទ្រ​រាម​របស់​កម្ពុជា។ ក្រុម​នាវា​ចិន​ទាំងនោះ​ទំនង​មក​ដល់​សមុទ្រ​រាម​កម្ពុជា ចន្លោះ​ពី ៤ ទៅ ៥​ខែ​ហើយ ដែល​ជា​សកម្មភាព​ដាក់​ពង្រាយ​ជា​អចិន្ត្រៃយ៍ ហើយ​វត្តមាន​នាវាចម្បាំង​របស់​ចិន ដែល​ចូល​មក​ដល់​សមុទ្រ​រាម​កម្ពុជា ធ្វើ​ឡើង​ទៅ​តាម​ការ​វិវឌ្ឍ​ព្រឹត្តិការណ៍​ក្នុង​តំបន់​ថែម​ទៀត។

កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ កាសែត​អាមេរិក The Wall Street Journal បាន​ឱ្យ​ដឹង​ថា មន្ត្រី​អាមេរិក​បាន​ឃើញ​កិច្ចព្រមព្រៀង​សម្ងាត់​ដែល​អនុញ្ញាត​ឱ្យ​កងទ័ព​ជើងទឹក​រំដោះ​ប្រជាជន​ចិន ចូល​ប្រើប្រាស់​ផ្ដាច់មុខ​មួយ​ភាគ​បី​នៃ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម សម្រាប់​រយៈពេល​រហូត​ដល់ ៣០​ឆ្នាំ។ កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​ឱ្យ​ទីក្រុង​ប៉េកាំង ពង្រីក​បាន​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន នៅ​ក្រៅ​ប្រទេស​ទី​ពីរ បន្ទាប់ពី​មាន​នៅ​ប្រទេស​ជីបូទី នៃ​ទ្វីប​អាហ្វ្រិក។

តែ​បើ​យោង​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ចែង​ថា កាលណា​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​ទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា គឺជា​ការ​បំពាន​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​នេះ​ដែល​ជួយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

តែ​បែប​នេះ​ក្ដី កាលពី​ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បាន​ទទួលស្គាល់​ថា ចិន​កំពុង​ជួយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម គឺជា​ការ​ជួយ​កម្ពុជា​ធ្វើ​ឱ្យ​មាន​ភាព​ទំនើប និង​វិសាលភាព​ធំ​សម្រាប់​កងទ័ព​ជើងទឹក​កម្ពុជា។

តែ​បើ​យោង​តាម​កិច្ចព្រមព្រៀង​កម្ពុជា-ចិន គឺជា​ការ​ផ្ដល់​ឱ្យ​ចិន​ផ្ដាច់មុខ​ក្នុង​ការ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ដែល​នាវាចម្បាំង​ចិន​អាច​ដាក់​ពង្រាយ​ជា​អចិន្ត្រៃយ៍​ដូច​ការ​ស្រាវជ្រាវ​របស់​ក្រុម​មជ្ឈមណ្ឌល​ដើម្បី​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ ដែល​ថា​នាវាចម្បាំង​របស់​ចិន​បាន​ដាក់​ពង្រាយ និង​ចូល​មក​កាន់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ដោយ​មាន​ការ​ដូរ​វេន​គ្នា។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា គឺ​លោក ទៀ សីហា បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​ថា នាវាចម្បាំង​របស់​ចិន មក​ដល់​សមុទ្រ​រាម​របស់​កម្ពុជា​ជា​លើកដំបូង​នៅ​ខែ​ធ្នូ ឆ្នាំ​២០២៣។ កាលនោះ លោក ទៀ សីហា បាន​បញ្ជាក់​ថា កិច្ចសហការ​របស់​ប្រទេស​ចិន ធ្វើឡើង​ក្នុង​គោលដៅ​ជួយ​ពង្រឹង​សមត្ថភាព​របស់​កងទ័ព​ជើងទឹក​កម្ពុជា ហើយ​ក៏​ក្នុង​ក្របខ័ណ្ឌ​ដែល​ប្រទេស​ទាំង​ពីរ​ជា​មិត្ត​នឹង​គ្នា​ដែរ។

លោក​បន្ត​ថា ព្រោះតែ​កម្ពុជា​មាន​ទំនុកចិត្ត​ថា​កម្មវិធី​ហ្វឹកហាត់​ទ័ព​ជើងទឹក​កម្ពុជា​ដោយ​កងទ័ព​ចិន គឺ​ជា​ការ​ពង្រឹង​សមត្ថភាព​ទ័ព​របស់​កម្ពុជា និង​ជា​ការ​រួម​ចំណែក​នៃ​ការ​ជួយ​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​តំបន់​ផង​ដែរ។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ដាក់​ចេញ​ផែនការ​ពង្រីក​មូលដ្ឋាន​ទ័ព​ជើងទឹក​ចិន នៅ​បរទេស ដែល​ងាយ​ធ្វើ​ឱ្យ​កងទ័ព​ចិន ធ្វើ​ចលនា​នៅ​ទូទាំង​ពិភពលោក។ តែ​ចិន ទើប​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ខ្លួន​មួយ​ប៉ុណ្ណោះ​នៅ​ប្រទេស​ជីបូទី ដែល​ចិន​បាន​បញ្ជូន​នាវាចម្បាំង​ដាក់​ពង្រាយ​ជា​អចិន្ត្រៃយ៍​ទៅ​ហើយ​នៅ​ប្រទេស​អាហ្វ្រិក​មួយ​នេះ។ ចំពោះ​វត្តមាន​នាវាចម្បាំង​របស់​ចិន ចំនួន ២​គ្រឿង​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា បើ​ទោះជា​ដូរ​វេន​គ្នា​ក៏ដោយ តែ​វា​ហាក់ដូចជា​ការ​ដាក់​ពង្រាយ​ជា​អចិន្ត្រៃយ៍​ដែរ។

កាលពី​ខែ​មីនា ការិយាល័យ​នៃ​ក្រុម​ចារកិច្ច​ជាតិ​សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​តាមរយៈ​ការ​វាយតម្លៃ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា ចិន​កំពុង​បង្កើន​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​ពង្រីក​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​បរទេស គឺ​ក្រៅពី​ប្រទេស​ជីបូទី និង​កម្ពុជា រដ្ឋាភិបាល​ចិន​កំពុង​សម្របសម្រួល​ឱ្យ​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​ចិន​នៅ​ប្រទេស​ភូមា ប្រទេស Cuba, Equatorial Guinea, Pakistan, Seychelles, Sri Lanka, Tajikistan, Tanzania, និង​ប្រទេស​អារ៉ាប់​រួម​អេមេរ៉េត។

ប៉ុន្តែ​កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៤ នេះ នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត ក៏​បាន​លើកឡើង​អំពី​កង្វល់​ទាំងឡាយ​ចំពោះ​វត្តមាន​នាវា​ប្រទេស​ចិន នៅ​កម្ពុជា​ដែរ។ លោក ហ៊ុន ម៉ាណែត បាន​លើក​យក​មាត្រា​៥៣ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា មក​ធ្វើការ​បកស្រាយ​ថា បើ​យោង​តាម​មាត្រា​នេះ វា​ច្បាស់​ណាស់​ថា​រាជាណាចក្រ​កម្ពុជា មិន​អនុញ្ញាត​ដាច់ខាត​ចំពោះ​វត្តមាន​ទ័ព​បរទេស​នៅ​កម្ពុជា ហើយ​កងទ័ព​កម្ពុជា​ក៏​គ្មាន​មូលដ្ឋាន​ទៅ​លើ​ទឹកដី​ប្រទេស​ណា​មួយ​នោះ​ដែរ។ តែ​លោក​ថា លើកលែងតែ​មាន​វត្តមាន​ក្នុង​ក្របខ័ណ្ឌ​ជា​ទ័ព​បេសកកម្ម​នៃ​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៨ ខែ​មេសា លោក ហ៊ុន សែន កាល​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ថា មូលដ្ឋាន​ទ័ព​ជើងទឹក​រាម និង​សមុទ្រ​រាម​កម្ពុជា ត្រូវតែ​បើក​ចំហ​រាល់​គ្រប់​នាវា​នៃ​ប្រទេស​ណា​ក៏​បាន ឱ្យ​តែ​ចង់​ចូល​សមុទ្រ​រាម​កម្ពុជា គឺ​កម្ពុជា​ស្វាគមន៍​ជានិច្ច ប៉ុន្តែ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​ពេល​នោះ ក៏​ចំ​ពេល​មាន​វត្តមាន​នាវា​ពិឃាត​របស់​ជប៉ុន ២​គ្រឿង​ចូល​មក​ដល់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែល​នៅ​ជិត​នឹង​មូលដ្ឋាន​ទ័ព​ជើងទឹក​សមុទ្រ​រាម​របស់​កម្ពុជា​ដែរ។

កាលពី​ខែ​កុម្ភៈ លោក Tom Shugart មកពី​ក្រុម​នាវិក​នៃ​នាវាមុជទឹក​របស់​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​នៅ​ក្នុង​បណ្ដាញ​សង្គម X (Twitter) ថា​បើ​តាម​រូបភាព​របស់​ផ្កាយរណប​ដែល​ចាប់​រូបភាព​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម គឺ​សំណង់​ជាច្រើន​បាន​សាងសង់​អស់​ទៅ​ហើយ។ លោក Tom Shugart បាន​បញ្ចេញ​រូបភាព​ដែល​មើល​ឃើញ​មាន​ផ្លូវ មាន​អគារ និង​ឃ្លាំង​សម្ភារៈ ត្រូវ​បាន​ស្ថាបនា​រួចរាល់​ហើយ។

តែ​ចំពោះ​សហរដ្ឋ​អាមេរិក នៅតែ​បង្ហាញ​ពី​ក្ដី​បារម្ភ​អំពី​ការ​សង្ស័យ​ពាក់ព័ន្ធ​វត្តមាន​នាវាចម្បាំង​ចិន នៅ​សមុទ្រ​រាម​កម្ពុជា។

កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា ប្រទេស​ចិន​បាន​កំពុង​ចូល​គ្រប់គ្រង​កាន់កាប់​ផ្ដាច់មុខ​នៃ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា​ទៅ​ហើយ។ តែ​ក្រសួង​ការបរទេស​ចិន បាន​អះអាង​ថា សំណង់​ថ្មី​ដែល​ជា​ជំនួយ​របស់​ចិន គឺជា​រឿង​ធម្មតា ហើយ​បាន​ទាត់​ចោល​រាល់​ការ​ព្រួយបារម្ភ​ចំពោះ​កងទ័ព​ចិន មាន​កិច្ចសហការ​ជាមួយ​កងទ័ព​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស