នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការលើជនល្មើសដែលបានដុតបំផ្លាញនិងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់អស់ជិត ១ម៉ឺនហិកតា (៧ពាន់ហិកតា) នៅក្នុងតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃព្រះរការ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកដោយបញ្ជាឱ្យនាយករងខុទ្ទកាល័យរបស់ខ្លួន ចុះអនុវត្តវែករកមុខមេខ្លោង និងជនល្មើសដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់នៅក្នុងខេត្តស្ទឹងត្រែង យកមកផ្ដន្ទាទោសឲ្យទាល់តែបាន។
លោកចោទថា ប្រធានអង្គការថែរក្សាការពារធម្មជាតិប្រចាំខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តព្រះវិហារ ឈ្មោះ ពៀច ចាន់ និងមនុស្សមួយចំនួនទៀតត្រូវបានរងនូវការចោទប្រកាន់ថាជាជនល្មើស និងជាមេខ្លោងក្នុងការដុតបំផ្លាញ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ទាំងនេះ។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រោយការស្រាវជ្រាវ បានរកឃើញថា មេខ្លោង និងបក្ខពួកទាំងនោះបានកៀរគរមនុស្សឱ្យមកកាប់ទន្ទ្រានដីព្រៃខុសច្បាប់ជាង ១ម៉ឺនហិកតានៅក្នុងខេត្តស្ទឹងត្រែង ក្នុងនោះ ព្រៃឈើដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខុសច្បាប់នៅតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង បានខូចខាតប្រមាណ ៧ពាន់ហិកតា និងគ្រោងរងការខូចខាតប្រមាណជា ៦ពាន់ទៅ ៧ពាន់ហិកតាបន្ថែមទៀត។
ជាងនេះទៅទៀត ព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប និងព្រៃព្រះរការ បានរងនូវការដុតបំផ្លាញ និងកាប់ទន្ទ្រានអស់ប្រមាណជាង ៦០០ហិកតា និងគ្រោងរងនូវការខូចខាតប្រមាណពី ៥០០ ទៅ ៦០០ហិកតាបន្ថែមទៀតផងដែរ ប៉ុន្តែពេលនេះ សមត្ថកិច្ចខេត្តស្ទឹងត្រែង បានឃាត់ខ្លួនអ្នកទាំងនោះអស់ហើយ ហើយក៏កំពុងកសាង និងបញ្ជូនសំណុំរឿងទៅកាន់តុលាការដែរ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ខណៈមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
ទាក់ទិននឹងការកាប់បំផ្លាញព្រៃឈើក្នុងខេត្តស្ទឹងត្រែង នេះ ប្រភពច្បាស់ការណ៍ពីពលរដ្ឋក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗនេះថា ឧកញ៉ា មិក សាផាណារ៉េត ហៅឧកញ៉ា ជ័យ កំពុងម៉ៅការកាប់ឈើខុសច្បាប់ឱ្យក្រុមហ៊ុនកូរ៉េឈ្មោះ ធី អេស អឹម ដាប់ប៊លយូ (T.S.M.W) ដែលប្រើរូបភាពជាលក្ខណៈវិនិយោគលើផ្ទៃដីជិត ១ម៉ឺនហិកតា (៩០០០ហិកតា) ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង សព្វថ្ងៃនេះ។
ប្រភពពលរដ្ឋដដែលអះអាងថា ក្រុមហ៊ុនកូរ៉េ T.S.M.W ទទួលបានដីវិនិយោគនៅសងខាងទន្លេសេកុងសព្វថ្ងៃនេះ កំពុងប្រតិបត្តិការកាប់ឈើខុសច្បាប់នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យ ដោយគ្មានការអើពើ ឬចាត់វិធានការច្បាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចណាឡើយ។
ប្រភពដដែលរៀបរាប់ថា សព្វថ្ងៃនេះ ក្រុមហ៊ុនកូរ៉េ T.S.M.W កំពុងបន្តកាប់ទន្ទ្រានឈើខុសច្បាប់ពីចំណុចអូរវែង រហូតដល់ភ្នំក្រឡាពស់ ហើយក៏កំពុងរាតត្បាតគ្រប់ច្រកល្ហកដែរនៅទីតាំងភាគខាងកើតនៃទន្លេសេកុងដែរ។ ចំណែកឈើដែលកាប់រួចរាល់ ត្រូវក្រុមហ៊ុនកូរ៉េ T.S.M.W ដឹកយកទៅរក្សាទុកនៅដេប៉ូមួយកន្លែងស្ថិតក្នុងចំណុចអូរត្រកួន ឬត្រពាំងត្រកួន ដែលជាទីតាំងនៅចំណុចកណ្តាលរវាងស្រុកសៀមប៉ាង និងស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានអន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បានចុះផ្សាយថា រយៈពេល ១ឆ្នាំពេញក្នុងឆ្នាំ២០២៣ កម្ពុជាបានបាត់បង់ព្រៃឈើជាង ១សែនហិកតា (១២១ ០០០ហិកតា) ដោយសារតែអំពើពុករលួយដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងឧកញ៉ាគ្រាក់ៗមួយចំនួនដែលជាសែស្រឡាយលោក ហ៊ុន សែន ដូចជា ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា ទ្រី ភាព និងឧកញ៉ា មិក សាផាណារ៉េត ជាដើម ខណៈក្រុមហ៊ុន Angkor Plywood និងក្រុមហ៊ុន Think Biotech ក៏ជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ធ្ងន់ធ្ងរនៅកម្ពុជាដែរ។
សារព័ត៌មានដដែលអះអាងថា ត្រឹមតែ ១ឆ្នាំក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើទំហំប៉ុនទីក្រុង Los Angeles ឬស្មើនឹងជាង ១សែនហិកតា៕