29 C
Phnom Penh

ក្រុម​អ្នកវិភាគ​ថា​ព្រែកជីក​ហ្វូណន​ជួយ​ទាំង​សេដ្ឋកិច្ច​និង​ឯករាជភាព​របស់​កម្ពុជា​ពី​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​លើកឡើង​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន មិន​ត្រឹមតែ​អាច​ជួយ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រែកជីក​នេះ​ក៏​នឹង​ក្លាយ​ជា​របត់​ភូមិសាស្ត្រ​នយោបាយ​ថ្មី​មួយ​ដែល​ជួយ​ឱ្យ​កម្ពុជា​រួច​ផុត​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៩ ខែ​មេសា ថា ការ​រើ​បម្រះ​ចេញពី​មនោគមន៍​ត្រួតត្រា​របស់​វៀតណាម គឺ​ស្ថិត​នៅ​លើ​ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន តែ​ម្នាក់​គត់ ថា​តើ​គាត់​ហ៊ាន​ធ្វើការ​លះបង់​ដោយ​ធានា​ឱ្យ​មាន​ការ​លើកកម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ឬ​ក៏​អត់​តែប៉ុណ្ណោះ។

លោក​បន្ថែម​ថា បើ​គាត់​ចង់​ដក​ខ្លួន​ចេញពី​ការ​គ្រប់គ្រង​របស់​វៀតណាម ប៉ុន្តែ​គាត់​នៅតែ​ចង់​រក្សា​អំណាច​ផ្ដាច់មុខ​ដូច​គាត់​ធ្លាប់​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជាង ៤០​ឆ្នាំ​កន្លង​មក គាត់​ក៏​មិន​អាច​ដក​ខ្លួន​ចេញពី​នឹម​ត្រួតត្រា​របស់​វៀតណាម បាន​ដែរ ពីព្រោះ​គាត់​នៅតែ​ត្រូវការ​វៀតណាម ឱ្យ​ជួយ​ការពារ​អំណាច​របស់​គាត់​បន្ត​ទៀត។

លោក គឹម សុខ លើកឡើង​ថា ដើម្បី​បញ្ជាក់​ថា​លោក ហ៊ុន សែន មាន​បំណង​ដក​ខ្លួន​ចេញពី​រដ្ឋាភិបាល​វៀតណាម មែន គាត់​ត្រូវតែ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ស្នើ​ឱ្យ​ប្រកាស​ធ្វើ​មោឃភាព​នូវ​សន្ធិសញ្ញា​ខុស​ច្បាប់​នានា​រវាង​កម្ពុជា និង​វៀតណាម នា​ពេល​កន្លង​មក ក្នុង​នោះ​ក៏​ត្រូវ​ប្រកាស​ដក​កម្ពុជា​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV) ជាបន្ទាន់​ផង​ដែរ។

លោក​បន្ត​ថា ជាង​នេះ​ទៀត រដ្ឋាភិបាល​ក៏​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ទៅ​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ម៉ឺងម៉ាត់​ដែរ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ដក​ខ្លួន​ចេញពី​វៀតណាម លោក ហ៊ុន សែន គ្មាន​ជម្រើស​ផ្សេង​ណា​ក្រៅពី​ស្វែងរក​ការ​បង្រួបបង្រួម​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ​នោះ​ទេ ដែល​នេះ​គឺជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​កម្ពុជា។ ផ្ទុយទៅវិញ បើ​គាត់​មិន​អាច​ផ្សះផ្សា​ជាតិ​បាន​ទេ គាត់​ក៏​គ្មាន​សង្ឃឹម​ថា​នឹង​ដក​ខ្លួន​ចេញពី​វៀតណាម បាន​ដែរ។

លោក គឹម សុខ បញ្ជាក់​ថា បើ​គាត់​អាច​បង្រួបបង្រួម​ជាតិ​បាន គាត់​មិន​ត្រឹមតែ​អាច​ដក​ខ្លួន​ចេញពី​វៀតណាម ដោយ​សុវត្ថិភាព​ទេ ថែមទាំង​ទទួល​បាន​ឈ្មោះ​ជា​វីរបុរស​ជាតិ​ពេញ​មុខ​ថែម​ទៀត ព្រោះ​ពេលនេះ គាត់​គឺ​ចំណុច​កំពូល​តែ​មួយ​គត់​ដែល​ត្រូវ​ឆ្លាក់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ហើយ​ប្រវត្តិ​ល្អ ឬ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ទៅ​ថ្ងៃ​មុខ គឺ​អាស្រ័យ​លើ​ខ្លួន​គាត់​ទាំងស្រុង។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​លោក សារ៉ូ សូវិជ័យ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា គ្មាន​បុគ្គល​ណា​ម្នាក់​ចង់​រស់នៅ​ក្រោម​អំណាច​បុគ្គល​មួយ​ផ្សេង​ទៀត​ទេ ដូច្នេះ​លោក​យល់​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក៏​មិន​ចង់​បន្ត​ដឹកនាំ​កម្ពុជា​ក្រោម​ឥទ្ធិពល​របស់​វៀតណាម ដែរ ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា តើ​គាត់​អាច​ស្វែងរក​ការ​ឯកភាព​ជាតិ​ខ្មែរ​បាន​ឬ​ក៏​អត់​ប៉ុណ្ណោះ។

លោក សារ៉ូ សូវិជ័យ បញ្ជាក់​ថា ដើម្បី​ស្វែងរក​ការ​ឯកភាព​ជាតិ​បាន ទាល់តែ​ភាគី​ទាំងអស់​មាន​ទំនុក​ចិត្ត​ជាមួយ​គ្នា​ដោយ​មិន​ចោទប្រកាន់​គ្នា​បន្ត​ទៀត ដូចជា ការ​ចោទ​ថា​ភាគី​បក្ស​កាន់​អំណាច​បម្រើ​នយោបាយ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ចំណែក​ភាគី​បក្ស​កាន់​អំណាច​ចោទ​ថា​ភាគី​បក្ស​ប្រឆាំង​បម្រើ​នយោបាយ​ឱ្យ​សហរដ្ឋ​អាមេរិក ជាដើម ទើប​ជម្លោះ​ត្រូវ​បាន​បញ្ចប់ ហើយ​ការ​ឯកភាព​ជាតិ​នឹង​កើត​មាន​ឡើង។

កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ទេ ហើយ​ក៏​មិនមែន​ដើម្បី​បម្រើ​ប្រយោជន៍​ឱ្យ​កងទ័ព​ជើងទឹក​ចិន ដូច​ការ​ចោទប្រកាន់​របស់​វិទ្យាស្ថាន​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​បូព៌ា​របស់​ប្រទេស​វៀតណាម ដែរ។

លោក ហ៊ុន សែន លើកឡើង​ថា ព្រែកជីក​នេះ​បម្រើ​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​តែ​មួយ​មុខ​គត់ ហើយ​ក៏​ជួយ​ឱ្យ​កម្ពុជា​រួច​ផុត​ពី​ការ​គាបសង្កត់​របស់​វៀតណាម ដែរ ព្រោះ​ថា​កន្លង​មក ពេល​វៀតណាម សប្បាយ​ចិត្ត ទំនិញ​កម្ពុជា​ដែល​ត្រូវ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម អាច​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​បាន ប៉ុន្តែ​បើ​ខាង​វៀតណាម មិន​សប្បាយ​ចិត្ត​វិញ ទំនិញ​របស់​កម្ពុជា​នឹង​ជាប់​គាំង​ទាំងអស់។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម បែប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​លើក​ទី​១ ហើយ បន្ទាប់ពី​លោក ហ៊ុន សែន ត្រូវ​កងទ័ព​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​តាំងពី​ឆ្នាំ​១៩៨៥ មក ហើយ​ការ​ប្រតិកម្ម​បែប​នេះ ត្រូវ​គេ​សន្និដ្ឋាន​ថា លោក ហ៊ុន សែន ទំនង​ជា​មាន​ចេតនា​ចង់​ដក​ខ្លួន​ពី​ការ​គ្រប់គ្រង​របស់​វៀតណាម បន្ទាប់ពី​ទទួល​បាន​ការ​ធានា​ការពារ​ពី​រដ្ឋាភិបាល​ចិន។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន បាន​ប្រកាស​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ មហា​យក្ស​កុម្មុយនីស្ត​ចិន បញ្ជាក់​ថា កម្ពុជា​និង​ចិន នៅតែ​ជា​មិត្ត​ដែកថែប​ដែល​តែងតែ​នៅ​ក្បែរ​គ្នា និង​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ជានិច្ច។

យ៉ាងណា​ក៏ដោយ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា គម្រោង​ព្រែកជីក​ហ្វូណន​ជា​គម្រោង​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ចិន​ទៅវិញ ហើយ​ព្រែកជីក​នេះ​ក៏​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រែកជីក​ហ្វូណន​នេះ​ដែរ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ផាទ្រីក ម័រហ្វី (W. Patrick Murphy) បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សកាលវិទ្យាល័យ South East Asia ក្នុង​ទី​រួម​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៩ ខែ​មេសា ថា រដ្ឋាភិបាល​អាមេរិក មិន​ជ្រៀតជ្រែក​កម្ពុជា​នៅ​ក្នុង​គម្រោង​ព្រែកជីក​ហ្វូណន​នេះ​ទេ ប៉ុន្តែ​កម្ពុជា​គួរតែ​អនុវត្ត​គម្រោង​ព្រែកជីក​នេះ​ប្រកប​ដោយ​តម្លាភាព និង​បន្ត​ពិភាក្សា​ជាមួយ​ប្រទេស​ជិតខាង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស