33 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ប្រកាស​ផ្តល់​ក្របខ័ណ្ឌ​ជូន​សាច់ញាតិ​បង្កើត​របស់​យោធិន​ពលី​ទាំង​២០​នាក់​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​នឹង​ផ្តល់​ក្របខ័ណ្ឌ​ជូន​ដល់​សាច់ញាតិ​បង្កើត​របស់​យោធិន​ពលី​ទាំង ២០​នាក់ ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​នៅ​យោធភូមិភាគ​ទី​៣ ខេត្ត​កំពង់ស្ពឺ។

តាមរយៈ​សារ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា លោក​នឹង​ផ្តល់​ក្របខ័ណ្ឌ​ជូន​ដល់​សាច់ញាតិ​បង្កើត​របស់​យោធិន​ពលី​ទាំង ២០​នាក់ អាច​ជា​កូន ជា​ចៅ ឬ​ជា​បងប្អូន​បង្កើត​ទាំង​ប្រុស​ទាំង​ស្រី ដែល​ចង់​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព បន្ទាប់ពី​លោក​បាន​ឃើញ​សារ​របស់​យុវជន​ម្នាក់​ឈ្មោះ ជាសំណាង រស្មីសត្យា កូនបង្កើត​របស់​វរសេនីយ៍ទោ ជា សំណាង យោធិន​ដែល​បាន​ពលី​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​នៅ​យោធភូមិភាគ​ទី​៣។

ប្រភព​ដដែល​អះអាង​ថា យុវជន​រូប​នោះ​បាន​ស្នើសុំ​ក្របខ័ណ្ឌ​ចូល​បម្រើ​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​បាន​បន្ត​វេន​ត​ពី​ឪពុក ព្រោះ​ខ្លួន​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​១២ ហើយ ហើយ​ខ្លួន​មាន​បំណង​ក្នុង​ការ​បន្ត​វេន​ពី​ឪពុក​តាមរយៈ​ការ​ចូល​បម្រើ​ការងារ​យោធា​នៅ​ខេត្ត​កោះកុង ដើម្បី​បាន​ប្រាក់ខែ​ចិញ្ចឹម​ម្តាយ ប្អូនៗ និង​ជីដូន​ចាស់​ជរា។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា លោក​មិនមែន​ស្វាគមន៍​ត្រឹមតែ​យុវជន រស្មីសត្យា នោះ​ឡើយ តែ​រាល់​សាច់ញាតិ​បង្កើត​របស់​យោធិន​ពលី​ទាំងអស់​តែម្តង។

កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៤ កងទ័ព​ជើងគោក​យោធភូមិភាគ​ទី​៣ បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ថា ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​ដែល​បាន​កើត​ឡើង​នៅ​ទីតាំង​ឃ្លាំង​គ្រាប់​បច្ចេកទេស​យោធភូមិភាគ​ទី​៣ បាន​បណ្តាល​ឱ្យ​នាយទាហាន ២០​នាក់​ស្លាប់ រួម​មាន​នាយទាហាន​ខេត្ត​កោះកុង ១៥​នាក់ និង​នាយទាហាន​នៃ​ទីបញ្ជាការ​ភូមិភាគ​ទី​៣ ចំនួន ៥​នាក់​ផង​ដែរ។

ករណី​នេះ បង្ក​ឱ្យ​មាន​ការ​ខូចខាត​រថយន្ត ៥​គ្រឿង ខូចខាត​អគារ​ធ្ងន់ធ្ងរ​ចំនួន ៤​ខ្នង ក្នុង​នោះ​អគារ​ដែល​ជា​ឃ្លាំង​គ្រាប់ ៣​ខ្នង និង​អគារ​ស្នាក់នៅ ១​ខ្នង ព្រមទាំង​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ចំនួន ២៥​ខ្នង​ថែម​ទៀត។

ទាក់ទង​ទៅ​នឹង​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​នេះ ក្រសួង​ការពារ​ជាតិ បាន​ស្នើ​ដល់​សាធារណជន ព្រមទាំង​អ្នក​សារព័ត៌មាន ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ធ្វើការ​សន្និដ្ឋាន ឬ​យល់​ឃើញ​ណា​មួយ​ដោយ​បុគ្គល​ផ្ទាល់ខ្លួន​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ឬ​មាន​ចេតនា​បង្ក​ចលាចល​ញុះញង់ បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់ សេដ្ឋកិច្ច​សង្គម ដែល​ឈាន​ទៅ​ដល់​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

ក្រសួង​ការពារ​ជាតិ បាន​ច្រានចោល​ការ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​បាន​ភ្ជាប់​ករណី​ផ្ទុះ​គ្រាប់​នៅ​យោធភូមិភាគ​ទី​៣ ក្នុង​ខេត្ត​កំពង់ស្ពឺ ទៅ​នឹង​ចលនា​បះបោរ​របស់​កងទ័ព។ ករណី​ផ្ទុះ​គ្រាប់ គឺជា​បញ្ហា​បច្ចេកទេស ដោយសារ​ប្រភេទ​អាវុធ​ជាតិ​ផ្ទុះ​ចាស់ៗ ខូច​គុណភាព រួម​ជាមួយ​អាកាសធាតុ​ឡើង​កម្ដៅ មិនមែន​ជា​បញ្ហា​កងទ័ព​បះបោរ អំពើ​ភេរវកម្ម ឬ​ចេតនា​របស់​បុគ្គល​ណា​មួយ​ឡើយ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា ការ​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ គឺជា​ការ​ធ្វើ​ឡើង​ដោយ​ចលនា​ប្រដាប់​អាវុធ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រឆាំង​ត្រកូល​ហ៊ុន ដើម្បី​ទាមទារ​ឲ្យ​ដក​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ចេញពី​អំណាច​ដែល​កំពុង​ត្រួតត្រា​កម្ពុជា​ត​ជំនាន់​នៅ​ពេលនេះ។

លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​រៀបចំ​ឲ្យ​ផ្ទុះ​ឃ្លាំង​គ្រាប់​ក្បែរ​ទីក្រុង​ភ្នំពេញ គឺជា​ទង្វើ​នៃ​ការ​ប្រកាស​ប្រឆាំង​របស់​ចលនា​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ដើមកំណើត​ពី​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​អំណាច​លោក ហ៊ុន សែន និង​កូន​របស់​គាត់​ប៉ុណ្ណោះ។

លោក សម រង្ស៊ី អះអាង​ថា លោក ហ៊ុន សែន កំពុងតែ​ភ័យ​ស្លន់ស្លោ​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​លែង​ទុកចិត្ត​អង្គរក្ស​ដែល​ធ្លាប់​ការពារ​គាត់​កន្លង​មក​ដែរ ព្រោះ​លោក ហ៊ុន សែន បាន​ទៅ​ពឹងពាក់​ចិន​កុម្មុយនីស្ត ឲ្យ​ជួយ​ការពារ​អាយុជីវិត​របស់​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ជំនួស​ឱ្យ​អង្គរក្ស​ទាំងអស់​នោះ​រួច​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស