33 C
Phnom Penh

វៀតណាម​រំលឹក​ការ​ជួយ​ពង្រឹង​ឯករាជភាព​ប្រទេស​កម្ពុជា ខណៈ​បន្ត​ទាមទារ​តម្លាភាព​នៃ​គម្រោង​ព្រែកជីក​ហ្វូណន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​វៀតណាម នៅតែ​បន្ត​រំលឹក​នូវ​កិច្ច​សហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ ដែល​នាំ​ឱ្យ​ប្រទេស​ទាំង​ពីរ​ជិតខាង​នឹង​គ្នា ក្លាយ​ជា​មិត្តភាព​ដ៏​រឹងមាំ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ខណៈ​ខ្លួន​បន្ត​លើក​ឡើង​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដែល​បង្ក​ឡើង​ដោយ​ទឹកសមុទ្រ​ចូល​ព្រែកជីក​ហ្វូណន​តេជោ អាច​ធ្លាយ​ចូល​ទឹក​ទន្លេមេគង្គ ដែល​វៀតណាម នៅ​ខ្សែទឹក​ខាងក្រោម។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម អ្នកស្រី Pham Thu Hang បាន​លើកឡើង​ជា​ថ្មី​ម្ដង​ទៀត​អំពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដោយ​ទាមទារ​ឱ្យ​កម្ពុជា​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ ដើម្បី​ធ្វើការ​វាយតម្លៃ​ពេញលេញ​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដែល​កើត​ចេញពី​ព្រែកជីក​មួយ​នេះ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VN Express កាលពី​ថ្ងៃទី​៥ ឧសភា។

យោង​តាម​ប្រភព​នៃ​សារព័ត៌មាន​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម បាន​ទាមទារ​ឱ្យ​កម្ពុជា​បន្ត​សហការ​ជាមួយ​វៀតណាម ឱ្យ​ជិតស្និទ្ធ រួម​ទាំង​ជាមួយ​ប្រទេស​នៃ​តំបន់​ទន្លេមេគង្គ ដោយ​ចែកចាយ​ព័ត៌មាន និង​ធ្វើការ​វាយតម្លៃ​ពេញលេញ​អំពី​ផល​ប៉ះពាល់​ទៅ​លើ​ធនធាន​ទឹក និង​ប្រព័ន្ធ​អេកូ​បរិស្ថាន​នៃ​អនុតំបន់​មេគង្គ ជាមួយ​នឹង​វិធានការ​គ្រប់គ្រង​មួយ​សមរម្យ ដើម្បី​ធានា​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំងអស់​នៃ​ដង​ទន្លេមេគង្គ។ ជាមួយ​គ្នា​នេះ ធានា​ឱ្យ​បាន​នូវ​ការ​គ្រប់គ្រង​ទឹកទន្លេ​មេគង្គ​មាន​ជា​និរន្ត​ន៍ និង​ជួយ​ដល់​ការ​ការពារ​បរិស្ថាន​នៃ​អាង​ទន្លេមេគង្គ ប៉ុន្តែ​ត្រូវការ​ចុះ​សម្រុង​គ្នា និង​សាមគ្គី​គ្នា​ទាំងអស់​នៃ​ប្រទេស​អនុតំបន់​ទន្លេមេគង្គ​ដែល​ជា​គំរូ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

ជាមួយ​នឹង​ការ​ចោទ​សួរ​របស់​អ្នក​សារព័ត៌មាន អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម អ្នកស្រី Pham Thu Hang បាន​លើកឡើង​ថា វៀតណាម​តែងតែ​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​ប្រទេស​ជិតខាង​ណា​ដែល​ល្អ ក្នុង​ការ​ជួយ​ពង្រឹង​ចំណង​មិត្តភាព​ជា​ប្រពៃណី សំដៅ​បន្ត​កិច្ចសហការ​ស៊ីជម្រៅ ទូលំទូលាយ និង​មាន​ស្ថិរភាព​ល្អ​យូរ​អង្វែង ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ការបរទេស​របស់​ប្រទេស​នោះ ដែល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​មួយ​ដែរ។

អ្នកស្រី​បន្ត​ថា សម្រាប់​វៀតណាម ពិត​ណាស់​ប្រាថ្នា​ចង់​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា​បន្ត​កាន់តែ​ស៊ីជម្រៅ ហើយ​ប្រែ​ក្លាយ​ជា​ប្រទេស​ជិតខាង​នឹង​គ្នា​ដោយ​ជួយ​ធ្វើ​ឱ្យ​មាន​ផល​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

ជាមួយ​គ្នា​នេះ អ្នកស្រី​បន្ត​ថា វៀតណាម​តែងតែ​គោរព​អត្ថប្រយោជន៍​ស្រប​ច្បាប់​នៃ​ប្រទេស​កម្ពុជា ដែល​បាន​មកពី​ធនធាន​ទន្លេមេគង្គ ស្របតាម​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ ដែល​មាន​ចែង​ដោយ​គណៈកម្មការ​ទន្លេមេគង្គ។

អ្នកស្រី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម បញ្ជាក់​ថា មេដឹកនាំ បក្ស និង​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ បាន​អះអាង​យ៉ាង​រឹងមាំ​ថា សាមគ្គីភាព​ជា​ប្រពៃណី​ជា​ប្រវត្តិសាស្ត្រ​រវាង​វៀតណាម និង​កម្ពុជា ជា​កត្តា​សំខាន់​ណាស់ ជា​ធនធាន​ដ៏​ធំធេង សំដៅ​ពង្រឹង​បុព្វហេតុ​អតីតកាល ក្នុង​ការ​រំដោះ​ជាតិ និង​ការពារ​ភាព​ឯករាជ ធ្វើ​ឱ្យ​មាន​ការ​ស្ថាបនា​ប្រទេស​កម្ពុជា​មាន​ការ​រីកចម្រើន​រហូត​មក​ដល់​ពេលនេះ។ ដូច្នេះ វៀតណាម​តែងតែ​គាំទ្រ​សមិទ្ធផល​ប្រទេស​កម្ពុជា ដែល​មាន​តាំងពី​អតីតកាល និង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

ចំណែក Le Anh Tuan ជា​សាស្ត្រាចារ្យ​បាឋកថា​នៃ​មហាវិទ្យាល័យ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៃ​សាកលវិទ្យាល័យ Can Tho នៃ​ប្រទេស​វៀតណាម និយាយ​ថា ការ​បង្កើត​ព្រែកជីក​ហ្វូណន​តេជោ​វា​ពិត​ណាស់​នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ធនធាន​ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេមេគង្គ។

តែ​នៅ​ឯ​សន្និសីទ​មួយ​ស្ដីពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​ធ្វើឡើង​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ Can Tho លោក​សាស្ត្រាចារ្យ Le Anh Tuan បែរ​ជា​លើកឡើង​ថា គម្រោង​ព្រែកជីក​នេះ​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​មនុស្ស ១​លាន ៦​សែន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​វា​នឹង​បង្កើត​បាន​ជា​អាងទឹក​ដ៏​ធំ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ធ្វើ​ឱ្យ​មាន​កំណើន​នៃ​ការ​ដឹក​ភស្តុភារ​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​ទៀត​ផង។

ជាមួយ​គ្នា​នេះ លោក​សាស្ត្រាចារ្យ​ថ្លែង​ថា ប្រសិនបើ​យើង​គិត​ឱ្យ​បាន​ម៉ត់ចត់​វិញ ទឹក​របស់​ព្រែកជីក​នេះ​នឹង​ត្រូវការ​បំពេញ​គោលបំណង​នៃ​ការ​អភិវឌ្ឍ និង​ឧស្សាហកម្ម​ក្នុង​តំបន់ តែ​វា​អាច​ហូរ​ធ្លាក់​ដល់​ដៃទន្លេ​តូច​ពីរ​របស់​វៀតណាម គឺ​ទន្លេ Tien និង​ទន្លេ Hau។ ដៃទន្លេ​ពីរ​នេះ វា​បាន​ត​ភ្ជាប់​ពី​ទន្លេមេគង្គ។

កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៣ គណៈរដ្ឋមន្ត្រី​ប្រទេស​កម្ពុជា បាន​សម្រេច​អនុម័ត​លើ​គម្រោង​ព្រែកជីក​នេះ ដោយ​ចាត់ទុក​ថា​ជា​ខ្សែទឹក​ដ៏​សំខាន់​សម្រាប់​គមនាគមន៍​ដឹកជញ្ជូន ហើយ​ក្រោយពី​សិក្សា​រយៈពេល ២៦​ខែ​ចប់​សព្វគ្រប់ គឺ​ដំណើរការ​ស្ថាបនា​នឹង​ចាប់ផ្ដើម។

ព្រែកជីក​ហ្វូណន​តេជោ មាន​ប្រវែង ១៨០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ឈូង​សមុទ្រ​ថៃ មក​ដល់​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា។ វា​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ដល់​ទៅ ១៧០០​លាន​ដុល្លារ​អាមេរិក ហើយ​ក្រុមហ៊ុន​សាងសង់​មកពី​ប្រទេស​ចិន គឺ​ក្រុមហ៊ុន ផ្លូវ ថ្នល់ និង​ស្ពាន CRBC។ ព្រែកជីក​នេះ​នឹង​ចាប់ផ្ដើម​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៨។

អ្នក​សង្កេតការណ៍​ក្នុង​តំបន់​បាន​ហៅ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ថា​ជា​កត្តា​ចម្រូងចម្រាស​ភូមិសាស្ត្រ​នយោបាយ ទោះជា​វា​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ក៏ដោយ ព្រោះ​គេ​ថា​កម្ចី​របស់​ចិន​ពាន់​លាន​ដុល្លារ ត្រូវតែ​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ចិន ទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ​និង​ឥទ្ធិពល​យោធា​ប្រទេស​ចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស