30 C
Phnom Penh

លោក សម រង្ស៊ី បន្ត​រិះគន់​ព្រែកជីក​ហ្វូណន​ថា​អត់​ផ្តល់​ប្រយោជន៍​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្មើ​ប្រយោជន៍​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា ទីតាំង​ភូមិសាស្ត្រ​ព្រែកជីក​ហ្វូណន​តេជោ នឹង​ផ្តល់​ផល​ប្រយោជន៍​ដ៏​មហិមា​ឲ្យ​ប្រទេស​ចិន​តែ​មួយ​គត់ មិនមែន​ប្រទេស​កម្ពុជា​ទេ ខណៈ​មន្ត្រី​រាជការ និង​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច បាន​នាំគ្នា​ដូរ​ស៊ុម​ហ្វេសប៊ុក​គាំទ្រ​ឲ្យ​ធ្វើ​ព្រែកជីក​នេះ។

លោក សម រង្ស៊ី បង្ហោះ​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា គម្រោង​នាវាចរណ៍​ថ្មី​នៅ​ប្រទេស​កម្ពុជា​មួយ​នេះ គឺ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​មួយ​ដែល​ភ្ជាប់​គ្នា​មិន​មាន​ដាច់​កន្លែង​ណា​មួយ​នោះ​ទេ ចាប់ពី​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន។

លោក​បន្ថែម​ថា ភូមិសាស្ត្រ​នេះ​ត្រូវ​ឆ្លងកាត់​ប្រទេស​ឡាវ និង​បន្ត​ទៅ​ប្រទេស​កម្ពុជា រហូត​ដល់​សមុទ្រ ដោយ​បញ្ចៀស​ទាំងស្រុង​នូវ​ការ​ឆ្លង​ប្រទេស​វៀតណាម ចាប់តាំងពី​ភាគ​ខាងជើង​រហូត​ដល់​ភាគ​ខាងត្បូង។

លោក សម រង្ស៊ី ថា​បណ្ដាញ​ផ្លូវទឹក​ដ៏​សំខាន់​បំផុត​មួយ​នេះ​មាន​បំណង​ជាក់លាក់​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ដែល​មាន​ទាំង​សម្ភារៈ​សឹក​ពី​ប្រទេស​ចិន តម្រង់​ទៅ​ដែនសមុទ្រ​ក្នុង​ឈូង​សមុទ្រ​ថៃ បន្ត​ឆ្ពោះ​ទៅ​មូលដ្ឋាន​កងទ័ព​ចិន នៅ​កំពង់ផែ​រាម​របស់​ខ្មែរ​ប៉ុណ្ណោះ។

ប្រភព​ដដែល​លើកឡើង​ថា ប្រទេស​ចិន មាន​គម្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ទំនប់ទឹក និង​ទ្វារ​ទឹក​នៅ​ចំណុច​យុទ្ធសាស្ត្រ​តាម​ដង​ទន្លេមេគង្គ ដើម្បី​ឲ្យ​កប៉ាល់​ដឹក​ទំនិញ​របស់​ពួកគេ ចៀស​ផុត​ពី​ចំណុច​ទឹកជ្រោះ​នៅ​ប្រទេស​ឡាវ និង​នៅ​ខេត្ត​ស្ទឹងត្រែង នៃ​ប្រទេស​កម្ពុជា។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​នៃ​ព្រែកជីក​ហ្វូណន​នេះ មាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​តិចតួច​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ដែល​ផ្ទុយ​ពី​ការ​ឃោសនា​របស់​លោក ហ៊ុន សែន ដែល​អះអាង​ថា ព្រែកជីក​នេះ​ជា “អាយុ​ជីវិត” សម្រាប់​ប្រទេស​កម្ពុជា​នោះ។

លោក​គូស​បញ្ជាក់​ថា ការ​ឃោសនា​របស់​លោក ហ៊ុន សែន គឺជា​ការ​ភូតភរ​សុទ្ធសាធ ពីព្រោះ​គាត់​មាន​បំណង​លាក់បាំង​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​នៃ​ព្រែកជីក​នេះ​សម្រាប់​ប្រទេស​ចិន​តែប៉ុណ្ណោះ។

គម្រោង​ព្រែកជីក​ហ្វូណន​តេជោ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative ឬ BRI) នៃ​រដ្ឋាភិបាល​ចិន ដែល​ត្រូវ​សាងសង់​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ដែល​ភាគច្រើន​ជា​សហគ្រាស​រដ្ឋ ក្នុង​ទម្រង់ BOT ដែល​មាន​ប្រវែង ១៨០​គីឡូម៉ែត្រ។

ព្រែកជីក​នេះ លាតសន្ធឹង​ចាប់ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តាឯក នៃ​ទន្លេបាសាក់ ចូល​តាម​ព្រែក​តាហ៊ីង នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន ៤ រួម​មាន​ខេត្ត​កណ្តាល ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​កែប។

គម្រោង​នាវាចរណ៍​នេះ មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង ១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ ៨០​ម៉ែត្រ ជម្រៅ​ប្រមាណ ៥,៤​ម៉ែត្រ និង​មាន​គន្លង​នាវាចរណ៍​ចំនួន ២​គន្លង មាន​សន្ទះ​ទឹក​សម្រាប់​ផ្លូវ​នាវា​ចំនួន ៣​កន្លែង ស្ពាន​ចំនួន ១១​កន្លែង ផ្លូវ​អម​សងខាង​ប្រវែង ២០៨​គីឡូម៉ែត្រ ក្រោម​ទុន​វិនិយោគ​ប្រមាណ ១៧០០​លាន​ដុល្លារ​អាមេរិក ដោយ​ប្រើ​រយៈពេល​សាងសង់ ៤​ឆ្នាំ។

កាលពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ដើម្បី​សាងសង់​ព្រែកជីក​ហ្វូណន ក្នុង​អំឡុង​ខែ​កក្កដា ឬ​ខែ​សីហា ខាងមុខ​នេះ។ លោក​សង្កត់​ធ្ងន់​ថា រាជរដ្ឋាភិបាល​កម្ពុជា​គ្មាន​គម្រោង​រៃ​លុយ​ពី​ប្រជាពលរដ្ឋ​ដើម្បី​សាងសង់​ព្រែកជីក​ហ្វូណន​ទេ។

ជុំវិញ​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​អំពី​ការអភិវឌ្ឍន៍​សង្គម​បណ្ឌិត សេង សារី លើក​ជា​សំណួរ​កាលពី​ពេល​ថ្មីៗ​នេះ​ថា តើ​ការ​សាងសង់​ព្រែកជីក​ហ្វូណន គ្រាន់តែ​ដើម្បី​បញ្ឈប់​ការ​ពឹង​ច្រមុះ​វៀតណាម មក​ជា​ការ​ពឹង​ច្រមុះ​ចិន ដើម្បី​ដក​ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា ឬ​យ៉ាងណា ព្រោះ​កម្ពុជា​នឹង​ជាប់​កិច្ចសន្យា​ប្រគល់​ព្រែក​នេះ​ឱ្យ​ចិន គ្រប់គ្រង​រហូត​ដល់​ជាង ៥០​ឆ្នាំ​ឯណោះ​ត​ទៅ​ថ្ងៃ​មុខ។

លោក​អ្នកនាង​នឹង​បាន​ជ្រាប​ច្បាស់​បន្ថែម​ទៀត​តាម​សេចក្តី​រាយការណ៍​ពិពណ៌នា​លម្អិត​របស់​យើង​នៅ​ក្នុង​កម្មវិធី​ផ្សាយ​សប្តាហ៍​ក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស