31 C
Phnom Penh

ឧក្រិដ្ឋជន​ចិន​សញ្ជាតិ​ខ្មែរ​ខាង​លាង​លុយ​ខ្មៅ ត្រូវ​បាន​អាជ្ញាធរ​សិង្ហបុរី​និរទេស​មក​ដល់​កម្ពុជា​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧក្រិដ្ឋជន​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ ដែល​ជាប់​ទោស​ពី​បទ​លាង​លុយ​ខ្មៅ​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ ដែល​សមត្ថកិច្ច​សិង្ហបុរី ចាប់​ខ្លួន​បាន​ឈ្មោះ Su Wenqiang និង​ឈ្មោះ Wang Baosen នោះ ត្រូវ​បាន​និរទេស​ឱ្យ​ចូល​ទៅ​ក្នុង​ទឹកដី​កម្ពុជា​រួចរាល់​ហើយ​នៅ​ពេលនេះ។

សារព័ត៌មាន​ប្រទេស​សិង្ហបុរី CNA (Channel News Asia) បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា ឧក្រិដ្ឋជន​លាង​លុយ​ខ្មៅ​ជនជាតិ​ចិន សញ្ជាតិ​ខ្មែរ​ពីរ​នាក់ ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទ​លាង​លុយ​កខ្វក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​សិង្ហបុរី កាលពី​ឆ្នាំ​២០២៣ ត្រូវ​បាន​បញ្ជូន​ឱ្យ​ចូល​ទៅ​កាន់​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​ហើយ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ប៉ូលិស​អន្តោប្រវេសន៍​របស់​ប្រទេស​សិង្ហបុរី មិន​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ត្រូវ​បញ្ជូន​ឧក្រិដ្ឋជន​លាង​លុយ​កខ្វក់​ទាំង​ពីរ​នាក់​នេះ​ទៅ​កម្ពុជា​វិញ​នោះ​ទេ ប៉ុន្តែ​សមត្ថកិច្ច​របស់​សិង្ហបុរី គ្រាន់តែ​បញ្ជាក់​ថា ឧក្រិដ្ឋជន​ទាំង​ពីរ​នាក់​នេះ​មាន​លិខិត​ឆ្លងដែន​កម្ពុជា ដែល​នៅ​មាន​សុពលភាព​តែប៉ុណ្ណោះ។

ជនជាតិ​ចិន ឈ្មោះ Wang Baosen និង​ឈ្មោះ Su Wenqiang ជា​បក្ខពួក​ក្នុង​ចំណោម​ឧក្រិដ្ឋជន ៨​នាក់​ផ្សេង​ទៀត​ដែល​សមត្ថកិច្ច​សិង្ហបុរី ត្រូវ​ចាប់​ខ្លួន​ពី​បទ​ពាក់ព័ន្ធ​នឹង​ករណី​លាង​លុយ​កខ្វក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​សិង្ហបុរី កាលពី​អំឡុង​ឆ្នាំ​២០២៣ កន្លង​ទៅ ដែល​ត្រូវ​គេ​ចាត់ទុក​ជា​ប្រតិបត្តិការ​លាង​លុយ​ខ្មៅ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក។

ជនជាតិ​ចិន ឈ្មោះ Su Wenqiang ជា​ជន​សង្ស័យ​ទី​១ ដែល​សារភាព​កំហុស​ក្នុង​សំណុំរឿង​លាង​លុយ​កខ្វក់​នេះ ក្នុង​នោះ រូប​គេ​ក៏​បាន​សារភាព​ទៀត​ថា ខ្លួន​បាន​ជាប់​ចោទ​ពី​បទ​លាង​លុយ​កខ្វក់​ចំនួន ១១​ករណី​រួច​ទៅ​ហើយ ដោយ​ការ​កាន់កាប់​ប្រាក់ចំណូល​ពី​បទល្មើស​ល្បែង​ស៊ីសង​អនឡាញ​ដោយ​ខុស​ច្បាប់​ថែម​ទៀត។

តុលាការ​បាន​កាត់ទោស​ឱ្យ​ជនជាតិ​ចិន ឈ្មោះ Su Wenqiang ជាប់​ពន្ធនាគារ​រយៈពេល ១៣​ខែ និង​ត្រូវ​បាន​រឹបអូស​ទ្រព្យសម្បត្តិ​ជាង ៥,៩​លាន​ដុល្លារ​សិង្ហបុរី ដែល​ស្មើ​នឹង ៤,៤​លាន​ដុល្លារ​អាមេរិក រួម​ទាំង​រថយន្ត​ទំនើប វត្ថុ​ប្រណិត និង​ស្រា​ថ្លៃៗ​ជាច្រើន ដាក់​ចូល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ កាលពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៤ កន្លង​ទៅ។

ចំណែក​ឧក្រិដ្ឋជន​ជនជាតិ​ចិន ឈ្មោះ Wang Baosen ត្រូវ​បាន​កាត់ទោស​កាលពី​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៤ បន្ទាប់ពី​រូបគេ​បាន​សារភាព​កំហុស​ពី​បទ​កាន់កាប់​ប្រាក់ចំណូល​ខុស​ច្បាប់​ជិត ៦​សែន​ដុល្លារ​សិង្ហបុរី និង​ការ​លាង​លុយ​កខ្វក់​ជិត ២​លាន​ដុល្លារ​សិង្ហបុរី (១,៤៨​លាន​ដុល្លារ​សិង្ហបុរី) ជុំវិញ​ប្រតិបត្តិការ​ទិញ​ផ្ទះល្វែង​ប្រណិត Park Nova នៅ​លើ​ផ្លូវ Tomlinson ជាដើម ខណៈ​ការ​ចោទប្រកាន់​ជុំវិញ​បទល្មើស​ចំនួន ៦​ករណី​ផ្សេង​ទៀត ក៏​ត្រូវ​បាន​ពិចារណា​ក្នុង​ការ​កាត់ទោស​ដែរ។

ទ្រព្យសម្បត្តិ​ជាង ៨​លាន​ដុល្លារ​សិង្ហបុរី ដែល​ជា​កម្មសិទ្ធិ​របស់​ឧក្រិដ្ឋជន​ឈ្មោះ Wang Baosen គឺ​បូក​បញ្ចូល​ជាមួយ​សាច់ប្រាក់ យានយន្ត ទ្រព្យសម្បត្តិ និង​របស់របរ​ជាច្រើន​ផ្សេង​ទៀត ក្នុង​នោះ​ក៏​រាប់​បញ្ចូល​ទាំង​ទ្រព្យសម្បត្តិ​ដែល​គេ​បាន​ប្រើ​ឈ្មោះ​ប្រពន្ធ​ជា​ម្ចាស់​ផង​ដែរ។

ជនបរទេស ១០​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លាង​លុយ​នេះ រួម​មាន​ឈ្មោះ Wang Huoqiang មាន​សញ្ជាតិ​ខ្មែរ ឈ្មោះ Su Baolin មាន​សញ្ជាតិ​ខ្មែរ ឈ្មោះ Chen Qingyuan មាន​សញ្ជាតិ​ខ្មែរ ចំណែក​ឧក្រិដ្ឋជន​ជនជាតិ​ចិន ៧​នាក់​ផ្សេង​ទៀត​មាន​សញ្ជាតិ​តួកគី សញ្ជាតិ​សាយប្រឺស និង​សញ្ជាតិ​វ៉ានូអាទូ ផង​ដែរ ដែល​ត្រូវ​សមត្ថកិច្ច​សិង្ហបុរី ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ ឧសភា នេះ​ថា លោក​ជឿជាក់​ថា នា​ពេល​អនាគត​ឆាប់ៗ​នេះ បន្ទាប់ពី​បរិច្ចាគ​លុយ​រាប់​លាន​ដុល្លារ​ដល់​កាកបាទ​ក្រហម​កម្ពុជា​របស់​អ្នកស្រី ប៊ុន រ៉ានី ព្រមទាំង​បរិច្ចាគ​លុយ​រាប់​លាន​ដុល្លារ​ដល់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទណ្ឌិត​ជនជាតិ​ចិន​កាន់​សញ្ជាតិ​ខ្មែរ ២​នាក់​នេះ នឹង​ក្លាយ​ជា​ឧកញ៉ា​នៅ​កម្ពុជា ហើយ​ក៏​នឹង​ក្លាយ​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដូច​ឧក្រិដ្ឋជន​ចិន លោក ចេន ហ្ស៊ី ដែរ។

ក្រុម​ការងារ​ហិរញ្ញវត្ថុ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង (Financial Action Taskforce) ហៅ​កាត់​ថា FATF នៅតែ​បន្ត​ដាក់​កម្ពុជា​ឱ្យ​ស្ថិត​ក្នុង «បញ្ជី​ប្រផេះ» នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​ការ​លាង​លុយ​កខ្វក់។

ក្រោយ​កម្ពុជា​ជាប់​ឈ្មោះ​ក្នុង «បញ្ជី​ប្រផេះ» នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ ទាំង​សហភាព​អឺរ៉ុប និង​ទាំង​ស្ថាប័ន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ ឬ​ហៅ​កាត់​ថា FinCEN របស់​សហរដ្ឋ​អាមេរិក សុទ្ធតែ​បាន​ដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ឃ្លាំមើល​របស់​ខ្លួន​ដែល​តម្រូវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ បង្កើន​ការ​ឃ្លាំមើល​ចំពោះ​ប្រភព​លុយ​ចេញ​ចូល​ប្រទេស​កម្ពុជា​ទាំងអស់។

អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ធ្លាប់​បាន​លើកឡើង​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ហា​ធំៗ​ពីរ គឺ​ធ្លាក់​ក្នុង​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ខាង​លាង​លុយ​កខ្វក់ និង​ធ្លាក់​ក្នុង​ប្រទេស​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស ដែល​ត្រូវ​ពិភពលោក​បង្កើន​ការ​តាមដាន​កាន់តែ​ខ្លាំង ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា និង​សេដ្ឋកិច្ច​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស