29 C
Phnom Penh

អ្នកឧកញ៉ា ហ៊ុន តូ ឈរ​ឈ្មោះ​បង្កើត​ក្រុមហ៊ុន​ជាច្រើន​ជាមួយ​ជនជាតិ​ចិន​ជាប់​ពាក់ព័ន្ធ​បណ្ដាញ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​លាង​លុយ​កខ្វក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទ​ដោយ៖ លោក តាំង សារ៉ាដា

ក្មួយប្រុស​ជា​អ្នក​លេង និង​ល្បី​ឈ្មោះ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន ដែល​ជាប់​ទាក់ទិន​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន រឿង​បើក​ក្រុមហ៊ុន​ឆបោក និង​ជួញដូរ​មនុស្ស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា​លោក ហ៊ុន សែន គឺ​អ្នកឧកញ៉ា ហ៊ុន តូ។

បុរស​រូប​នេះ ដំបូង​ឡើយ​ឈរឈ្មោះ​វិនិយោគ​ជាមួយ​តែ​អ្នក​វិនិយោគទុន​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៨ មក លោក ហ៊ុន តូ ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាប់ផ្តើម​ដៃគូ​វិនិយោគ​ជាមួយ​វិនិយោគទុន​ជនជាតិ​ចិន ចង​គ្នា​ជា​បណ្ដាញ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន ដែល​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ពីងពាង​ក្នុង​បំណង​លាង​លុយ​កខ្វក់​ខ្នាត​ធំ។

អ្នកឧកញ៉ា ហ៊ុន តូ

បុរស​ម្នាក់​ដែល​ល្បីល្បាញ​ខាង​អាក្រក់ និង​ល្បីល្បាញ​ខាង​មាន​ឈ្មោះ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដែល​ជាប់​ទាក់ទិន​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន រឿង​បើក​ក្រុមហ៊ុន​ឆបោក និង​ជួញដូរ​មនុស្ស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា​លោក ហ៊ុន សែន គឺ​អ្នកឧកញ៉ា ហ៊ុន តូ កំពុង​ប្រើ​ជីវិត​ហ៊ឺហា​ជិះ​ឡាន​ទំនើបៗ រស់នៅ​ក្នុង​ភូមិគ្រឹះ​ដ៏​ប្រណិត​ក្នុង​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី។

តំណាង​សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី កន្លងមក ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រទេស​អូស្ត្រាលី បើក​ការ​ស៊ើប​អង្កេត​លើ​ប្រភព​ចំណូល​របស់​ឧកញ៉ា ហ៊ុន តូ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​បង្កើត​ក្រុមហ៊ុន​ថ្មីៗ​ជាច្រើន​នៅ​កម្ពុជា​ជាមួយ​ជនជាតិ​ចិន ដែល​ម្នាក់ៗ​មាន​តំណែង​ជា​នាយក​ក្រុមហ៊ុន​ជិត ១០ ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២ កន្លងទៅ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ប្រឈម​នូវ​បញ្ហា​សេដ្ឋកិច្ច​ទូទាំង​ប្រទេស​ដោយសារតែ​វិបត្តិ​សកល​ជំងឺ​កូវីដ-១៩។

អ្នកឧកញ៉ា ហ៊ុន តូ ដំបូង​ឡើយ​ត្រូវ​គេ​ដឹង​ថា​បាន​ឈរឈ្មោះ​វិនិយោគ​ជាមួយ​តែ​អ្នក​វិនិយោគទុន​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៨ មក អ្នកឧកញ៉ា​រូប​នេះ​បាន​ចាប់ផ្តើម​ដៃគូ​វិនិយោគ​ជាមួយ​ដៃគូ​វិនិយោគទុន​ជនជាតិ​ចិន។

អ្នកឧកញ៉ា ហ៊ុន តូ (ពី​ឆ្វេង​រូប​ទី​ពីរ) ចូលរួម​ពិធី​បញ្ចប់​គ្រោង​អគារ​សណ្ឋាគារ​ផ្កាយ​ប្រាំ និង​ខុនដូ​វីនដាម ដែល​បាន​សាងសង់​ដល់​ជាន់​ដំបូល កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២១។

យោង​តាម​ឯកសារ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩ អ្នកឧកញ៉ា ហ៊ុន តូ បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា PANDA COMMERCIAL BANK PLC ស្ថិតនៅ​លេខ​៣១ ផ្លូវ​លេខ​២៤៥ សង្កាត់​បឹងកេងកងទី១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ ដោយ​អ្នកឧកញ៉ា​បាន​ឈរឈ្មោះ​ជា​នាយក​ក្រុមហ៊ុន​ជាមួយ​ប្អូនស្រី​របស់​ខ្លួន​ឈ្មោះ ហ៊ុន គីមឡេង និង​ជាមួយ​ជនជាតិ​ចិន ឈ្មោះ Li XIONG ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​នាយក​ក្រុមហ៊ុន។

អ្នកស្រី ហ៊ុន គីមឡេង ដែល​ជា​ប្អូនស្រី​របស់​អ្នកឧកញ៉ា ហ៊ុន តូ និង​ជា​ភរិយា​របស់​លោក នេត សារឿន អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០២៣ ហើយ​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត។

អ្នកស្រី ហ៊ុន គីមឡេង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​នាយក​ក្រុមហ៊ុន​ជាច្រើន​ដូចជា៖

  1. ក្រុមហ៊ុន HKLCH IMPORT EXPORT CO., LTD. ,
  2. ក្រុមហ៊ុន WORLDWIDE INVESTMENT INCORPORATION C0., LTD ,
  3. ក្រុមហ៊ុន WORLDWIDE INVESTMENT GROUP CO., LTD. ,
  4. និង​ក្រុមហ៊ុន HD ROCK CAFÉ & SHOP CO., LTD.។

កន្លង​ទៅ សារព័ត៌មាន Reuters បាន​រក​ឃើញ​អ្នកស្រី ហ៊ុន គីមឡេង បាន​ទទួល​សញ្ជាតិ​សាយប្រើស (Cyprus) ហើយ​ស្វាមី​របស់​អ្នកស្រី គឺ​លោក​ឧត្ដមសេនីយ៍ នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​កូនស្រី​របស់​លោក ក៏​កំពុង​ស្នើសុំ​សញ្ជាតិ​នេះ​ដែរ។

អ្នកស្រី ហ៊ុន គីមឡេង ត្រូវ​គេ​ដឹង​ថា​បាន​ទិញ​ផ្ទះល្វែង​មួយ​នៅ​កណ្ដាល​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ឆ្នាំ​២០១០ ក្នុង​តម្លៃ​ប្រហែល ២,៥​លាន​ដុល្លារ​អាមេរិក ដែល​រហូត​មក​ដល់​ឥឡូវ​អាច​មាន​តម្លៃ​ប្រហែល ៤,៥​លាន​ដុល្លារ​អាមេរិក។

អ្នកស្រី​ក៏​មាន​ផ្ទះល្វែង​តម្លៃ​រាប់​លាន​ដុល្លារ​ផ្សេង​ទៀត​នៅ​ប្រទេស​សិង្ហបុរី ផង​ដែរ។ ជាង​នេះ​ទៀត កូនស្រី​ច្បង​របស់​អ្នកស្រី ឈ្មោះ នេត ធីតាវិឈុណា ដែល​មាន​អាយុ ៣០​ឆ្នាំ ក៏​មាន​ផ្ទះល្វែង​តម្លៃ​ប្រហែល ៧​លាន​ដុល្លារ​នៅ​ក្បែរ​ផ្ទះ​ម្តាយ​របស់​ខ្លួន​ក្នុង​ទីក្រុង​ឡុងដ៍ ផង​ដែរ។

អ្នកឧកញ៉ា ហ៊ុន តូ នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ដើម​ឆ្នាំ​២០១៨។

នៅ​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៩ អ្នកឧកញ៉ា ហ៊ុន តូ ត្រូវ​គេ​ដឹង​ថា​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ XH BRIDGE INVESTMENT CO., LTD. (អិចអេច ប្រ៊ីដ អ៊ិនវេសម៉ិន ឯ.ក) មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ផ្ទះ​លេខ​៤៧ អគារ​ពាណិជ្ជកម្ម​អ៊ែតវូត មហាវិថី​សហព័ន្ធ​រុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដោយ​ឈរឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​នាយក​ក្រុមហ៊ុន​ជាមួយ​ជនជាតិ​ចិន ឈ្មោះ Li XIONG និង​ជនជាតិ​ខ្មែរ​ឈ្មោះ យ៉ាន សត្យា (Yan SATHYA) ដែល​ឈ្មោះ យ៉ាន សត្យា ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ចំនួន​ពីរ​ផ្សេង​ទៀត គឺ​ក្រុមហ៊ុន (ហួយ​វ័ន) HUIONE PAY PLC. និង​ក្រុមហ៊ុន HUIONE INSURANCE PLC.។

នៅ​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៩ ដដែល អ្នកឧកញ៉ា ហ៊ុន តូ ក៏​បាន​បង្កើត​ក្រុមហ៊ុន​មួយ​បន្ថែម​ទៀត​ឈ្មោះ​ថា LIXIN DEVELOPMENT CO., LTD. (លីស៊ីន ឌីវេឡុបម៉ិន ឯ.ក) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដី​ឡូត៍​លេខ C3-3 ផ្លូវ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧មករា ដែល​អ្នកឧកញ៉ា​ឈរឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​នាយក​ក្រុមហ៊ុន​ជាមួយ​ជនជាតិ​ចិន​ឈ្មោះ Hsu MING-CHAO។

អ្នក​វិនិយោគ​ជនជាតិ​ចិន​ឈ្មោះ Hsu MING-CHAO ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​នាយក​ក្រុមហ៊ុន​ជាច្រើន ដូចជា​៖

  1. ក្រុមហ៊ុន T W YA DA TRADING CO. LTD.
  2. ក្រុមហ៊ុន LIXIN LAND CO. LTD.
  3. ក្រុមហ៊ុន HOLYTECH INVESTMENT MANAGEMENT CO. LTD.
  4. ក្រុមហ៊ុន HOLYTECH INVESTMENT MANAGEMENT CO. LTD.
  5. ក្រុមហ៊ុន LIXIN HOTEL LX MANAGEMENT CO., LTD.
  6. ក្រុមហ៊ុន YUNGXINHE TOURISM INVESTMENT DEVELOPMENT CO., LTD. ,
  7. និង​ក្រុមហ៊ុន LIXIN CONSTRUCTION CO.,LTD.។

បន្ទាប់​មក​ទៀត នៅ​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ដដែល អ្នកឧកញ៉ា ហ៊ុន តូ បាន​បង្កើត​ក្រុមហ៊ុន​បន្ថែម​ទៀត​ឈ្មោះ​ថា HENG HE CAMBODIA COMMERCIAL BANK PLC ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​៦៤ មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​១៧៨ សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ ដែល​ក្រុមហ៊ុន​នេះ​ជាប់​សង្ស័យ​ថា​ជា​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក និង​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ដែល​សហការ​ជាមួយ​ឧក្រិដ្ឋជន​ជនជាតិ​ចិន។ នៅ​ក្នុង​ក្រុមហ៊ុន​នេះ អ្នកឧកញ៉ា ហ៊ុន តូ ត្រូវ​គេ​ដឹង​ថា​បាន​ឈរឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​នាយក​ក្រុមហ៊ុន​ជាមួយ​ជនជាតិ​ចិន​ឈ្មោះ Su LIANG-SHENG។

វិនិយោគិន​ជនជាតិ​ចិន ឈ្មោះ Su LIANG-SHENG គ្រប់គ្រង​ក្រុមហ៊ុន​ចំនួន ៨ ផ្សេង​ទៀត ដូចជា៖

  1. ក្រុមហ៊ុន DA JIN ZHAI (CAMBODIA) INVESTMENT CO., LTD.,
  2. ក្រុមហ៊ុន HENG HE INVESTMENT & DEVELOPMENT GROUP (CAMBODIA) CO., LTD.,
  3. ក្រុមហ៊ុន HENG HE BAVET PROPERTY CO., LTD. ,
  4. ក្រុមហ៊ុន HENG HE REAL ESTATE CO., LTD. ,
  5. ក្រុមហ៊ុន HENG HE JULONG TOWN REAL ESTATE CO., LTD.,
  6. ក្រុមហ៊ុន HENG LONG XIANG INVESTMENT & DEVELOPMENT CO., LTD.
  7. ក្រុមហ៊ុន HENG HE INVESTMENT & DEVELOPMENT GROUP (CAMBODIA) CO., LTD.,
  8. ក្រុមហ៊ុន HENG ZUAN YULE INVESTMENT CO., LTD.,។

ចំណែកឯ​ជនជាតិ​ខ្មែរ​ឈ្មោះ សេង សោភ័ណ្ឌ (Seng SORPHORN) ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ពីរ គឺ​ក្រុមហ៊ុន PROSUR INSURANCE PLC. ដែល​ពី​មុន​ឈ្មោះ​ថា ប្រូសួរ ម៉ាកក្រូ អ៊ិនសួរេន ម.ក, ហ្វូណន ម៉ាកក្រូ អ៊ិនសួរេន ភីអិលស៊ី និង​ក្រុមហ៊ុន Thai JJJ LLC។

អ្នកឧកញ៉ា ហ៊ុន តូ ក៏​បាន​បង្កើត​ក្រុមហ៊ុន​ថ្មី​បន្ថែម​ទៀត​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដោយ​សហការ​ជាមួយ​ជនជាតិ​ចិន និង​អ្នក​វិនិយោគ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា ក្រុមហ៊ុន ហួយ​វ័ន ឡាយហ្វ៍ អ៊ិនសួរេន ម.ក (HUIONE LIFE INSURANCE PLC) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​២៣ ជាន់​ទី​៣ ផ្លូវ​លេខ​២០០៧ ភូមិ​តាងួន១ សង្កាត់​កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ អ្នកឧកញ៉ា ហ៊ុន តូ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​នាយក​ក្រុមហ៊ុន​ជាមួយ​ជនជាតិ​ចិន​ឈ្មោះ Lan JIANPING, Li XIONG, Tia THOMAS, និង​ឈ្មោះ យ៉ាន ណារ៉ុង។

នៅ​ថ្ងៃ​ខែ​និង​ឆ្នាំ​ដដែល អ្នកឧកញ៉ា​រូប​នេះ​ក៏​បាន​បង្កើត​ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា ហួយ​វ័ន អ៊ិនសួរេន ម.ក (HUIONE INSURANCE PLC.) ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​២៣ ជាន់​ទី​២ ផ្លូវ​២០០៧ ភូមិ​តាងួន១ សង្កាត់​កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ អ្នកឧកញ៉ា ហ៊ុន តូ ជា​នាយក​ក្រុមហ៊ុន​ជាមួយ​នឹង​អ្នកជំនួញ​ជនជាតិ​ខ្មែរ និង​មួយ​ចំនួន​ទៀត ដូចជា Li XIONG ប្រធាន​ក្រុមប្រឹក្សាភិបាល និង​នាយក​ក្រុមហ៊ុន លោក Liu ZHIHAO ប្រធាន​ក្រុមហ៊ុន លោក Tao XIN និង​អ្នកជំនួញ​ជនជាតិ​ខ្មែរ​លោក យ៉ាន បូរិទ្ធ។

អ្នកជំនួញ​ជនជាតិ​ខ្មែរ​លោក យ៉ាន បូរិទ្ធ ជា​នាយក​ក្រុមហ៊ុន GCCT CO., LTD និង​លោក យ៉ាន សត្យា ជា​នាយក​ក្រុមហ៊ុន XH BRIDGE INVESTMENT CO., LTD., និង​ក្រុមហ៊ុន HUIONE PAY PLC.។

នៅ​ខែ​មេសា ឆ្នាំ​២០១៨ អ្នកឧកញ៉ា ហ៊ុន តូ ក៏​បាន​ឈរឈ្មោះ​បង្កើត​ក្រុមហ៊ុន​ឈ្មោះ HUIONE PAY PLC ដែល​មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ​៦២ មហាវិថី​ព្រះ​នរោត្តម សង្កាត់​ជ័យជម្នះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ជាមួយ​អ្នកជំនួញ​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន ដូចជា​លោក យ៉ាន សត្យា ជា​នាយក​ក្រុមហ៊ុន XH BRIDGE INVESTMENT CO., LTD។ លោក Li XIONG និង​លោក Shen WUDA ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ផង និង​ជា​នាយក​ក្រុមហ៊ុន​ផង។

លោក Shen WUDA ក៏​ជា​នាយក​ក្រុមហ៊ុន​បី​ផ្សេង​ទៀត ដូចជា៖

  • ក្រុមហ៊ុន CAMBO TECHNOLOGY (I.S.P) COMPANY LIMITED
  • និង​ក្រុមហ៊ុន EXCELLENCE MAPPING CO., LTD ដែល​សហការ​ជាមួយ​លោក Shen Heath Jason។

រីឯ​លោក Shen HEATH JASON ជា​នាយក​ក្រុមហ៊ុន​ជាច្រើន ដូចជា៖

  • ក្រុមហ៊ុន PVN INTERNATIONAL LLC (នៅ California សហរដ្ឋ​អាមេរិក)
  • ក្រុមហ៊ុន HIGHSEAS COMMUNICATIONS GROUP (CAMBODIA) CO., LTD
  • ក្រុមហ៊ុន ROYALCOMPRADORE TECHNOLOGIES CO., LTD
  • ក្រុមហ៊ុន NEOCOM ISP LIMITED (Cambodia)
  • ក្រុមហ៊ុន ROYAL COMPRADORE TECHNOLOGIES CO., LTD
  • ក្រុមហ៊ុន IMPRINT (CAMBODIA) CO., LTD
  • ក្រុមហ៊ុន SUMMER GOLD INVESTMENT PRIVATE LIMITED
  • ក្រុមហ៊ុន NEOGEN (CAMBODIA) CO., LTD
  • ក្រុមហ៊ុន YOSEMITE INVESTMENT (CAMBODIA) CO.,LTD ដែល​សហការ​ជាមួយ​លោក អ៊ុន សាវុន (Un SAVORN)។

លោក អ៊ុន សាវុន (Un SAVORN) ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​នាយក​ក្រុមហ៊ុន​ជាច្រើន ដូចជា៖

  • ក្រុមហ៊ុន WANBAO GARMENT (CAMBODIA) CO., LTD
  • ក្រុមហ៊ុន DOMREY ANGKOR LOGISTIC CO., LTD
  • ក្រុមហ៊ុន WAN BAO YUAN INVESTMENT CO., LTD
  • ក្រុមហ៊ុន KOH PUOS (CAMBODIA) INVESTMENT GROUP LTD
  • ក្រុមហ៊ុន KOH PUOS PROPERTY INVESTMENT CO., LTD
  • និង​ក្រុមហ៊ុន DOMREY ANGKOR AIRLINE CO., LTD។

នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៨ អ្នកឧកញ៉ា ហ៊ុន តូ ក៏​បាន​ឈរឈ្មោះ​បង្កើត​ក្រុមហ៊ុន​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា អិលអិលអេចអេច អ៊ិនវេសម៉ិន ឯ.ក (LLHH INVESTMENT CO., LTD) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​៤៩ AE0 ផ្លូវ​លេខ​១៣៤ ក្រុម​ទី​២០ ភូមិ​៥ សង្កាត់​ផ្សារដេប៉ូ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ជាមួយ​អ្នក​វិនិយោគទុន​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន ដូចជា៖

  • Guan YANG,
  • Vincent (VINCENT),
  • Liu GUODONG
  • និង​លោក​ឧកញ៉ា ឡេង ហួរ (LENG HOUR)។

លោក​ឧកញ៉ា ឡេង ហួរ (LENG HOUR) ជា​នាយក​ក្រុមហ៊ុន អេចធីធីអេច អាយលែន អ៊ិនវេសម៉ិន ឯ.ក (HTTH ISLAND INVESTMENT CO., LTD) ដែល​វិនិយោគ​ជាមួយ​អ្នកឧកញ៉ា ហ៊ុន តូ និង​ក្រុមហ៊ុន​ប្រេង LHR ដែល​វិនិយោគ​ជាមួយ​អ្នកឧកញ៉ា ហ៊ុន តូ។

លោក​ឧកញ៉ា ហ៊ុន តូ ក៏​បាន​ឈរឈ្មោះ​បង្កើត​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ អូលែរ អ៊ីមផត អិចផត ឯ.ក (OLAIR IMPORT EXPORT CO., LTD) មាន​ទីតាំង​នៅ​ភូមិ​វាល ឃុំ​បូសមន ស្រុក​រំដួល ខេត្ត​ស្វាយរៀង ជាមួយ​អ្នក​វិនិយោគ​ជនជាតិ​ខ្មែរ ដូចជា អ៊ាង ចន្ថា (Eang CHANTHA)។

អ៊ាង ចន្ថា (Eang CHANTHA) គ្រប់គ្រង​ក្រុមហ៊ុន​ជាច្រើន ដូចជា៖

  • ក្រុមហ៊ុន SEA FREIGHT LOGISTICS (CAMBODIA) CO.,LTD
  • ក្រុមហ៊ុន CAM FAIR LOGISTICS CO., LTD
  • ក្រុមហ៊ុន OLAIR WORLDWIDE LOGISITICS CO., LTD។

ចំណែក​ឈ្មោះ ហ៊ុយ វួចលាង (Huy VOUCHLEANG) ដែល​គ្រប់គ្រង​ក្រុមហ៊ុន​ជាច្រើន​ដូចជា៖

  • ក្រុមហ៊ុន HENG ZUAN YULE (JU LONG TOWN) CO., LTD
  • ក្រុមហ៊ុន HENG HE JULONG TOWN REAL ESTATE CO., LTD
  • និង​ក្រុមហ៊ុន O.L.Y.M DIAMOND CO., LTD។

នៅ​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០១៣ ដែល​ពុំ​ទាន់​មាន​អ្នក​វិនិយោគ​ចិន​ចូល​មក​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ឧកញ៉ា ហ៊ុន តូ បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ អេច.ធី.ធី.ខេ (H.T.T.K. CO., LTD) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​៦៩ E0, ១០០ ភូមិ​៩ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ ភ្នំពេញ ជាមួយ​លោក តាន់ ឃុន។

នៅ​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០០៦ អ្នកឧកញ៉ា ហ៊ុន តូ បាន​ឈរឈ្មោះ​បង្កើត​ក្រុមហ៊ុន​ឈ្មោះ អិល.អេច.អ អាស៊ាន អ៊ិនវេសមេន (L.H.R ASEAN INVESTMENT CO., LTD) ជាមួយ​អ្នក​វិនិយោគ​ជនជាតិ​ខ្មែរ ដែល​អ្នកឧកញ៉ា​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ហើយ​ឧកញ៉ា ឡេង ហួរ (LENG HOUR) ជា​នាយក​ក្រុមហ៊ុន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​៤៩​CE0 ផ្លូវ​១៣៤ ផ្សារ​ដេប៉ូ២ សង្កាត់​ទួលគោក ភ្នំពេញ។

ក្រៅ​តែ​អំពី​គ្រប់គ្រង​ជំនួញ​ធំៗ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្មួយប្រុស​របស់​លោក ហ៊ុន សែន ចាប់ផ្តើម​ល្បី​ឈ្មោះ​រឿង​អាស្រូវ​ទុច្ចរិត​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី តាមរយៈ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ ដែល​បាន​ធ្វើការ​លាតត្រដាង​ថា អ្នកឧកញ៉ា ហ៊ុន តូ ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាច្រើន និង​ការ​លាង​លុយ​កខ្វក់​រវាង​កម្ពុជា និង​អូស្ត្រាលី។

សារព័ត៌មាន ឌឹ អូស្ត្រាលាន (The Australian) បាន​ចេញ​ផ្សាយ​អត្ថបទ​ជា​បន្តបន្ទាប់​កន្លង​មក​ពាក់ព័ន្ធ​នឹង​សែស្រឡាយ​កូន​ចៅ​អ្នក​ធំ​ខ្មែរ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​លាង​លុយ​កខ្វក់ និង​ពង្រីក​ឥទ្ធិពល​នយោបាយ​នៅ​លើ​ទឹកដី​អូស្ត្រាលី។

កាសែត ឌឹ អូស្ត្រាលាន បាន​ផ្សាយ​អត្ថបទ​មួយ​ដោយ​ដាក់​ចំណងជើង​ធំៗ​ថា «ក្មួយប្រុស​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ជាប់​សង្ស័យ​ជា​ថ្មី​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក និង​ជួញដូរ​មនុស្ស​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា ដែល​សហការ​ជាមួយ​ឧក្រិដ្ឋជន​ជនជាតិ​ចិន»

ចំណែក​ទូរទស្សន៍ អាល់ចាហ្សីរ៉ា (Al Jazeera) បាន​ផ្សាយ​កន្លង​មក​ដោយ​រក​ឃើញ​ថា លោក ហ៊ុន តូ គឺជា​នាយក​ក្រុមហ៊ុន​ជាច្រើន​នៅ​កម្ពុជា​ដែល​ជាប់​ទាក់ទិន​នឹង​ការ​ជួញដូរ​មនុស្ស​មក​ពី​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី ដោយ​បង្ខិតបង្ខំ ការ​ឃុំឃាំង និង​ការ​ធ្វើ​ទារុណកម្ម​វាយ​ដំ និង​ប្រើ​ដំបង​ឆក់ ដើម្បី​ធ្វើការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​មាន​គោលដៅ​ជុំវិញ​ពិភពលោក។

ក្រុមហ៊ុន​ទាំងនោះ រួម​មាន៖

  • ធនាគារ​ពាណិជ្ជកម្ម ហេង ហ៊ី (HENG HE (Cambodia) Commercial Bank PLC)
  • ក្រុមហ៊ុន ហេង ហ៊ី ជីឡុង ថោន រៀលអ៊ីស្ទេត (HENG HE Julong real estate)
  • និង​ក្រុមហ៊ុន ហេង ជ័ន អ៊ីឡឹ (ជី ឡុង ថោន) (HENG ZUAN Yule (JU Long Town)) ដែល​មាន​ឧក្រិដ្ឋជន​ជនជាតិ​ចិន​ម្នាក់​ទៀត​ជា​អ្នក​គ្រប់គ្រង។

ប៉ុន្តែ​លោក ហ៊ុន តូ បាន​ឆ្លើយតប​ជាមួយ​ទូរទស្សន៍ អាល់ចាហ្សីរ៉ា (Al Jezera) ថា លោក​មិន​បាន​ដឹង​អំពី​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​នោះ​ទេ។

ចំណែកឯ​កាសែត ឌឹ អូស្ត្រាលាន បាន​សរសេរ​ផង​ដែរ​ថា អាជ្ញាធរ​អូស្ត្រាលី មាន​កង្វល់​ចំពោះ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដ៏​មាន​ឥទ្ធិពល​របស់​ចិន អាច​ប្រច្រៀត​ចូល​ប្រទេស​អូស្ត្រាលី​បាន​តាមរយៈ​ក្រុម​អ្នក​មាន​កម្ពុជា​ដែល​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​របប​លោក ហ៊ុន សែន ដែល​ពុករលួយ​ដុះ​ស្នឹម។

កាសែត ឌឹ អូស្ត្រាលាន (The Australian) ក៏​បាន​បង្ហាញ​រូបថត​លោក ហ៊ុន តូ ធ្វើ​ខួប​កំណើត​ជុំ​គ្រួសារ និង​រថយន្ត​ទំនើប ម៉ាក់ក្លារ៉េន ភីវ័ន (Mclaren P1) តម្លៃ ១​លាន ៥​សែន​ដុល្លារ (១ ៥០០ ០០០​ដុល្លារ) នៅ​កម្ពុជា និង​រថយន្ត​សេរី​ទំនើប ឡាំប៉ូហ្គីនី (Lamborghini) តម្លៃ ៤​សែន ៥​ម៉ឺន​ដុល្លារ (៤៥០ ០០០​ដុល្លារ) នៅ​អូស្ត្រាលី។

អ្នកឧកញ៉ា ហ៊ុន តូ និង​ឡាន​ទំនើប​របស់​គាត់។

បន្ទាប់ពី​កាសែត​ល្បីៗ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ចេញ​ផ្សាយ​ថា អ្នកឧកញ៉ា ហ៊ុន តូ ជាប់​ទាក់ទិន​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន រឿង​បើក​ក្រុមហ៊ុន​ឆបោក និង​ជួញដូរ​មនុស្ស​លំដាប់​ពិភពលោក​ចេញពី​ទឹកដី​កម្ពុជា តំណាង​សហគមន៍​ខ្មែរ​កន្លង​មក​ធ្លាប់​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រទេស​អូស្ត្រាលី ស៊ើប​អង្កេត​លើ​ប្រភព​លុយ​របស់​ឧកញ៉ា ហ៊ុន តូ ដែល​ពួកគាត់​សង្ស័យ​ថា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​លុយ​ខ្មៅ​កខ្វក់ ហើយ​លាក់​ទុក​នៅ​ប្រទេស​អូស្ត្រាលី។

កន្លង​មក សារព័ត៌មាន The Australian បាន​សរសេរ​ថា លោក ហ៊ុន តូ ក្មួយប្រុស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា លោក ហ៊ុន សែន នៅ​ទីក្រុង​មែលប៊ន គឺជា​នាយក​ក្រុមហ៊ុន​មួយ​ដែល​ត្រូវ​សង្ស័យ​ថា​មាន​ទំនាក់ទំនង​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន។

សារព័ត៌មាន​ដដែល​បាន​សរសេរ​ថា អាជ្ញាធរ​អូស្ត្រាលី​បាន​បង្ហាញ​ពី​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ចិន កំពុង​ទទួល​បាន​ភាព​ងាយស្រួល​ក្នុង​ការ​ចូល​ប្រទេស​អូស្ត្រាលី តាមរយៈ​អ្នក​មាន​ខ្មែរ​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​នឹង​របប​លោក ហ៊ុន សែន ដែល​ពុករលួយ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា អ្នក​កាសែត​ស៊ើប​អង្កេត​របស់​អូស្ត្រាលី​ដ៏​ល្បី​ឈ្មោះ គឺ​អ្នកស្រី Mary Ann Jolley បាន​បង្ហាញ​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត​ដ៏​ធំ​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ការ​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ទៅ​ប្រទេស​អូស្ត្រាលី។ អ្នកស្រី​បាន​រក​ឃើញ​ថា បុគ្គល​ដែល​ត្រូវ​បាន​គេ​ជួញដូរ​នោះ​មាន​ចំនួន​រាប់​ពាន់​នាក់ ត្រូវ​បាន​បង្ខំ​ឱ្យ​បោកប្រាស់​ទៅ​តាម​គោលដៅ​នានា​ជុំវិញ​ពិភពលោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ទោះជា​យ៉ាងណា ឧកញ៉ា ហ៊ុន តូ ធ្លាប់​បាន​ថ្លែង​ទៅ​កាន់​អ្នកស្រី Mary Ann Jolley ដោយ​បាន​និយាយ​ថា លោក​មិន​បាន​ដឹង​អំពី​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​នោះ​ទេ។ លោក​ក៏​មិន​បាន​ឆ្លើយតប​នឹង​សំណើ​របស់​កាសែត The Australian សម្រាប់​ការ​ធ្វើ​អត្ថាធិប្បាយ​នោះ​ដែរ។

អគ្គនាយក​ក្រុមហ៊ុន L.H.R ASEAN Investment CO. LTD កាលពី​ឆ្នាំ​២០១២ ត្រូវ​បាន​កាសែត The Sydney Morning Herald និង​កាសែត The Age បាន​ចុះផ្សាយ​ដោយ​ដកស្រង់​ការ​ស៊ើបអង្កេត​ពី​គណៈកម្មការ​ឧក្រិដ្ឋកម្ម​អូស្ត្រាលី ថា អាជ្ញាធរ​អូស្ត្រាលី​បាន​តាមដាន​ការ​ផ្ទេរ​លុយ​ដោយ​សង្ស័យ​ថា​ជា​លុយ​បាន​ពី​ការ​រត់​ពន្ធ​គ្រឿងញៀន​ចេញពី​បនល្បែង​កាស៊ីណូ Crown នៅ​ទីក្រុង​ម៉ែលប៊ន ដែល​គេ​សង្ស័យ​ថា​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​លោក ហ៊ុន តូ។

ប្រតិបត្តិការ​តាមដាន​សំដៅ​លើ​លោក ហ៊ុន តូ រក​ឃើញ​ការ​ដឹក​គ្រឿងញៀន​ប្រភេទ​ហេរ៉ូអ៊ីន​ចូល​ប្រទេស​អូស្ត្រាលី ដោយ​បង្កប់​ក្នុង​ឈើ​ដែល​បាន​អារ​រួច។ គ្រឿងញៀន​ដឹក​ចូល​អូស្ត្រាលី មាន​ទឹកប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ការ​តាមដាន​របស់​អាជ្ញាធរ​អូស្ត្រាលី ធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​អូស្ត្រាលី​ចាប់ និង​ផ្ដន្ទាទោស​ជនជាតិ​ខ្មែរ​មួយ​រូប​ឈ្មោះ ថៃ ផែនី កាល​ឆ្នាំ​២០០៥ ដែល​ជា​មនុស្ស​របស់​លោក ហ៊ុន តូ។ លោក ថៃ ផែនី គឺជា​បងប្អូន​ជីដូនមួយ​របស់​ភរិយា​លោក ហ៊ុន តូ គឺ​លោកស្រី Jackie Thai

សារព័ត៌មាន​ដដែល​បាន​រាយការណ៍​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ដែល​មាន​ខ្លឹមសារ​ថា អាជ្ញាធរ​អូស្ត្រាលី​មាន​គម្រោង​ចាប់​ខ្លួន​ឧកញ៉ា ហ៊ុន តូ ក៏ប៉ុន្តែ​ត្រូវ​បាន​អាក់ខាន​ទៅ​វិញ ដោយសារតែ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ មិន​បាន​ផ្តល់​ទិដ្ឋាការ​ដល់​លោក ហ៊ុន តូ ដោយ​ខ្លាច​ប៉ះពាល់​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អូស្ត្រាលី។

សារព័ត៌មាន​ក្នុង​ស្រុក​របស់​អូស្ត្រាលី​ខ្លះ​បាន​រក​ឃើញ​ថា លោកស្រី Jackie Thai ដែល​ជា​ភរិយា​លោក ហ៊ុន តូ កំពុង​កាន់កាប់​ភូមិគ្រឹះ​ជាច្រើន​កន្លែង​នៅ​ជុំវិញ​ក្រុង​មែលប៊ន ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។ នៅ​ក្នុង​ឆ្នាំ​២០១៦ លោកស្រី​បាន​ទម្លាក់​លុយ​ជិត ១​លាន​ដុល្លារ​អូស្ត្រាលី ឬ​ស្មើ​នឹង​ជាង ៨​សែន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ដី​ឡូត៍​ពីរ​កន្លែង​ជាប់​គ្នា ហើយ​បាន​សាងសង់​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​នៅ​ទីនោះ។

ផ្ទះ​តម្លៃ ១,៥​លាន​ដុល្លារ​របស់​អ្នកឧកញ៉ា ហ៊ុន តូ នៅ Berwick។ (ABC News: Simon Winter)

លោកស្រី Jackie Thai បាន​បង្កើត​មុខជំនួញ​នៅ​អូស្ត្រាលី​ជា​លើកដំបូង​មួយ​របស់​លោកស្រី​កាលពី​ឆ្នាំ​២០១៥ ហើយ​បាន​បង្កើត​មុខជំនួញ​ចំនួន​ពីរ​បន្ថែម​ទៀត​រួម​គ្នា​ជាមួយ​ប្តី​ក្នុង​ឆ្នាំ​២០២០ ដោយ​បាន​ដាក់​ឈ្មោះ​អាជីវកម្ម​មួយ​នោះ​ថា J & H Capital Investment Pty Ltd។

អ្នក​សង្កេតការណ៍​ខ្លះ​អះអាង​ថា ឧកញ៉ា ហ៊ុន តូ គឺជា​ថៅកែ​ធំ​ក្នុង​លំដាប់​ដែល​គ្មាន​ច្បាប់​ណា និង​ស្ថាប័ន​ណា​នៅ​កម្ពុជា​នៅ​ពី​លើ​គាត់ ឬ​អាច​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​គាត់​បាន​នោះ​ឡើយ ទោះបី​គាត់​ធ្វើ​ជំនួញ​អ្វី តូច​ឬ​ធំ​ប៉ុនណា​ក៏ដោយ។

លោក គឹម សុខ ដែល​ជា​អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​និយាយ​ថា កុំ​ថា​ឡើយ​លោក ហ៊ុន តូ សូម្បីតែ​ក្រុម​មនុស្ស​ដែល​ស្ថិត​ក្នុង​បណ្ដាញ​របស់​លោក ហ៊ុន តូ ទោះជា​ជនជាតិ​ខ្មែរ ជនជាតិ​ចិន វៀតណាម ឬ​ជនបរទេស​ណា​ក៏ដោយ ក៏​ពុំ​មាន​សមត្ថកិច្ច​កម្ពុជា​រូប​ណា​ហ៊ាន​ប៉ះពាល់​ដែរ។

អ្នក​ឃ្លាំមើល​រូប​នេះ​និយាយ​ថា លោក ហ៊ុន តូ និង​លោក ហ៊ុន សែន មាន​ឥទ្ធិពល​ដូចជា​អាទិទេព​ដែល​អាច​ចាត់ចែង​ទ្រព្យ​របស់​ប្រទេស​កម្ពុជា​តាម​ទំនើង​ចិត្ត​របស់​ពួកគាត់។

ប្រភព​ដដែល​បន្ត​ទៀត​ថា បើ​និយាយ​ដោយ​សាមញ្ញ លោក ហ៊ុន តូ ជា​អាទិទេព​ជំនួញ​ដែល​រកស៊ី​មិន​បាច់​មាន​ដើមទុន និង​មិន​ចេះ​ខាត ទោះ​សេដ្ឋកិច្ច​ពិភពលោក​ជួប​វិបត្តិ ហើយ​សេដ្ឋកិច្ច​កម្ពុជា​ក្រឡាប់​ចាក់​បែប​ណា​ក៏ដោយ។ គាត់​មាន​ភាព​ល្បីល្បាញ​ណាស់​ក្នុង​ការ​ច្បាម​យក​ធនធាន​ធម្មជាតិ​របស់​ប្រទេស និង​ជំនួញ​លាង​លុយ​កខ្វក់។

រហូត​មក​ទល់​ពេលនេះ ពុំ​មាន​ទិន្នន័យ​អំពី​ទឹក​លុយ​ជា​ផ្លូវការ​របស់​លោក ហ៊ុន តូ នោះ​ទេ ប៉ុន្តែ​លោក គឹម សុខ អះអាង​ថា លោក ហ៊ុន តូ អាច​ជា​អ្នក​មាន​លុយ​ច្រើន​ជាងគេ​លំដាប់​លេខ​១ នៅ​កម្ពុជា ប៉ុន្តែ​បើ​គាត់​នៅ​ចំណាត់ថ្នាក់​លេខ​២ នោះ​អ្នក​លេខ​១ ពុំ​មាន​អ្នក​ណា​ក្រៅពី​លោក ហ៊ុន សែន ឬ​កូនស្រី​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា នោះ​ទេ។

អ្នកឧកញ៉ា ហ៊ុន តូ និង​អ្នកឧកញ៉ា គិត ម៉េង។

លោក គឹម សុខ បន្ត​ថា អ្នកឧកញ៉ា ហ៊ុន តូ ជា​លោក​ម្ចាស់​ថៅកែ​ជំនួញ​ផង និង​ជា​ថៅកែ​រដ្ឋាភិបាល​ផង។ មាន​ន័យ​ថា លុយ​របស់​គាត់​ធ្វើ​មាន​ធ្វើ​បាន​សម្រាប់​គ្រួសារ​របស់​គាត់​មួយ​ចំណែក និង​មួយ​ចំណែក​ទៀត​ជួយ​ចិញ្ចឹម​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន គឺ​ជួយ​ទប់​ក្រែង​ដួល​ឆាប់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) នៃ​អង្គការ​សហប្រជាជាតិ កាលពី​ដើម​ខែ​កញ្ញា បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​មួយ​ដោយ​រក​ឃើញ​ថា យ៉ាងហោច​ណាស់​មាន​មនុស្ស ១​សែន​នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា។

របាយការណ៍​ដដែល​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ថា រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ខកខាន​មិន​បាន​ចាត់​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​បាន​ឡើយ ហើយ​ថា​រដ្ឋាភិបាល​មិន​បាន​ឆ្លើយតប​គ្រប់គ្រាន់​ទៅ​នឹង​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​នោះ​ទេ។

របាយការណ៍​របស់ អ.ស.ប កត់ត្រា​ប្រវត្តិ​ដើមទង​នៃ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​តំបន់​ដែល​កើតឡើង​ទន្ទឹម​គ្នា​នឹង​ប្រជាប្រិយភាព​កើន​ឡើង​នៃ​ល្បែង​ស៊ីសង​តាម​អនឡាញ និង​កាស៊ីណូ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ របាយការណ៍​ដដែល​លើកឡើង​ថា ចំនួន​កាស៊ីណូ​នៅ​កម្ពុជា​កើន​ឡើង​ស្ទើរតែ ៣​ដង គឺ​កើន​ពី ៥៧​កន្លែង​នៅ​ឆ្នាំ​២០១៤ ដល់ ១៥០​កន្លែង​នៅ​ក្នុង​ឆ្នាំ​២០១៩។ កន្លែង​ជាច្រើន​នៅ​ក្នុង​តំបន់​ដែល​មនុស្ស​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​សកម្មភាព​ឧក្រិដ្ឋកម្ម​អនឡាញ គឺ​ជា​កន្លែង​ដែល​មាន​អភិបាលកិច្ច និង​នីតិរដ្ឋ​ទន់​ខ្សោយ។

ប្រភព​ដដែល​អះអាង​ថា វិបត្តិ​ជំងឺ​ឆ្លង​រាលដាល​បាន​នាំ​ឱ្យ​ឧក្រិដ្ឋជន​ផ្ដោត​គោលដៅ​ទៅ​លើ​ពលករ​ចំណាកស្រុក​ដែល​គ្មាន​ការងារ​ធ្វើ និង​ធ្វើ​ដំណើរ​ទៅ​ណា​មិន​រួច ដើម្បី​ឱ្យ​ធ្វើការ​នៅ​ក្នុង​អគារ​ប្រតិបត្តិការ​ឆបោក។

លោក ហ៊ុន ជា លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន តូ

គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០២៣ យ៉ាងហោចណាស់​មាន​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កើន​ឡើង​នៅ៖

ការ​រក​ឃើញ​របស់​ភ្នាក់ងារ​នៃ​អង្គការ​សហប្រជាជាតិ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការបរទេស​អាមេរិក កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​ក្នុង​នោះ​អាមេរិក​បាន​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​២ (Tier 2 Watch List) ទៅ​កម្រិត​បី​ដែល​ជា​កម្រិត​ដ៏​អាក្រក់​មួយ និង​អាច​រង​ទណ្ឌកម្ម។ ការ​ទម្លាក់​កម្ពុជា​មក​កម្រិត​៣ នេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា កម្ពុជា​មាន​កិច្ច​ខិតខំ​តិចតួច និង​មិន​បាន​គោរព​តាម​ស្តង់ដារ​នៃ​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស។

បើ​តាម​របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក បញ្ជាក់​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី​៣ ដែល​អាច​ធ្វើ​ឱ្យ​មាន​ការ​រឹតត្បិត​លើ​ជំនួយ​បរទេស បើ​ទោះបីជា​នេះ​មិនមែន​ជា​ការ​ចាំបាច់ និង​ជា​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏ដោយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស