ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី បានរងនូវការចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទឆបោកពីតុលាការខេត្តកំពង់ធំ និងពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពីតុលាការក្រុងភ្នំពេញ ខណៈលោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តពោធិ៍សាត់ ក្នុងពេលបច្ចុប្បន្ននេះ។
សាលាដំបូងខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៣ ឧសភា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា នេះថា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានផ្ទេរសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងជនត្រូវចោទឈ្មោះ ស៊ុន ចន្ធី ទៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញ ដើម្បីបន្តចាត់ការជាសមត្ថកិច្ចតាមរយៈលិខិតចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌។
សេចក្តីប្រកាសព័ត៌មានដដែលនេះរៀបរាប់ថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ លោក ស៊ុន ចន្ធី បានរងនូវបណ្តឹងពីសមាជិកគណបក្សភ្លើងទៀន ចំនួន ១៩នាក់ ជុំវិញការប្រមូលលុយសម្រាប់ធ្វើការឃោសនាបោះឆ្នោត ក្នុងនោះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបើកការស៊ើបអង្កេត និងស្នើឱ្យដាក់ករណីនេះក្រោមការត្រួតពិនិត្យពីបទឆបោកតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ប្រភពដដែលបញ្ជាក់ថា លុះដល់ថ្ងៃទី៩ ខែឧសភា កន្លងទៅថ្មីៗនេះ ឈ្មោះ ស៊ុន ចន្ធី ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសមួយករណីទៀត ដូច្នេះដើម្បីធានាដល់ប្រយោជន៍សាធារណៈ សុវត្ថិភាពសន្តិសុខសង្គម និងដំណើរការល្អ ក៏ដូចជាភាពឆាប់រហ័សនៃយុត្តិធម៌ សាលាដំបូងខេត្តកំពង់ធំ សម្រេចផ្ទេរសំណុំរឿងជនត្រូវចោទឈ្មោះ ស៊ុន ចន្ធី ទៅឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញ។
ការចាប់ខ្លួនលោក ស៊ុន ចន្ធី ធ្វើឡើងបន្ទាប់ពីលោកបានលើកឡើងពីការចែកបណ្ណសមធម៌ ឬបណ្ណក្រីក្រដែលមានការរើសអើង។ ជាងនេះទៅទៀត អំឡុងពេលដែលលោកជួបជុំជាមួយអ្នកគាំទ្ររបស់លោកក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី៥ ខែឧសភា នោះ លោកក៏បានរិះគន់ពីការអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។
បន្ទាប់ពីការលើកឡើងបែបនេះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោកក៏ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុងតែម្តង ក្រោមបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានចាំទទួលតាំងពីថ្ងៃទី៧ ខែឧសភា មកម្ល៉េះ។
ជាងនេះទៀត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានប្រតិបត្តិខេត្តកំពង់ធំ របស់គណបក្សភ្លើងទៀន លោក ស៊ន ស៊ុនហេង និងជាតំណាងឱ្យជនរងគ្រោះ ៩នាក់ផ្សេងទៀត ក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពង់ធំ ប្តឹងប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ពីបទឆបោកផងដែរ។
លោក ស៊ន ស៊ុនហេង បានស្នើតុលាការបង្គាប់ឱ្យប្រធានគណបក្សកម្លាំងជាតិរូបនេះសងលុយចំនួន ១២លាន ៨០សែនរៀលដល់ពួកគេវិញ ព្រមទាំងសងជំងឺចិត្តជុំវិញការចំណាយលើការងារគណបក្សដែលដឹកនាំដោយលោក ស៊ុន ចន្ធី កន្លងមកក្នុងចំនួន ៥ពាន់ដុល្លារអាមេរិកផងដែរ។
លោក ស៊ន ស៊ុនហេង បានរៀបរាប់ថា មុននឹងក្លាយជាប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី គឺជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ធំ។ លោកបន្តថា នៅពេលនោះ លោក ស៊ុន ចន្ធី បានប្រមូលថវិកាពីសមាជិកចំនួន ១៩នាក់ ក្នុងម្នាក់ៗចំនួន ១លាន ៦សែនរៀល (១ ៦០០ ០០០រៀល) សម្រាប់ប្រើការឃោសនាបោះឆ្នោតជាតិឆ្នាំ២០២៣ ក្នុងនោះ សមាជិកខ្លះបានបង់លុយគ្រប់ចំនួន ខណៈសមាជិកខ្លះទៀតបង់លុយបានពាក់កណ្ដាល។
ប្រភពដដែលបញ្ជាក់ថា ក្រោយការចូលរួមពីសមាជិក លោក ស៊ុន ចន្ធី ប្រមូលថវិកាបានចំនួន ១២លាន ៨សែនរៀល ប៉ុន្តែបុគ្គលរូបនេះបានសន្យាថា បើគណបក្សភ្លើងទៀន មិនបានធ្វើការឃោសនាបោះឆ្នោតនៅឆ្នាំ២០២៣ ទេ ខ្លួននឹងប្រគល់ប្រាក់ដែលសមាជិកចូលរួមទាំងនេះឱ្យពួកគេវិញ ប៉ុន្តែចាប់តាំងពីលោក ស៊ុន ចន្ធី ប្រកាសលាឈប់ពីប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ធំ មក លោកមិនបានសងថវិកាដែលប្រមូលបាននោះឱ្យសមាជិកដែលបានបង់កាលពីពេលនោះឡើយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ ឧសភា នេះថា ការចោទប្រកាន់លើលោក ស៊ុន ចន្ធី នៅពេលនេះ គឺជារឿងនយោបាយប៉ុណ្ណោះ មិនមែនរឿងញុះញង់ ឬជារឿងឆបោកអ្វីនោះទេ។
យ៉ាងណាក៏ដោយ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ធ្លាប់លើកឡើងថា គណបក្សភ្លើងទៀន បានរៀបចំសេណារីយ៉ូប្តឹងរូបលោកក្នុងនាមជាប្រធានគណបក្សកម្លាំងជាតិ នៅពេលនេះ គឺក្នុងហេតុផលនយោបាយ ប៉ុន្តែលោកមិនបានបញ្ជាក់ថា លោកបានប្រមូលលុយនោះមែនឬក៏អត់នោះទេ។
លោក ស៊ុន ចន្ធី ត្រូវគេស្គាល់ថាជាមនុស្សម្នាក់ដែលស្និទ្ធនឹងអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ប៉ុន្តែក្រោយទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ លោក ស៊ុន ចន្ធី បានដាក់ពាក្យស្នើសុំបង្កើតគណបក្សកម្លាំងជាតិ ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ គណបក្សកម្លាំងជាតិ ត្រូវបានអនុញ្ញាតជាផ្លូវការ ខណៈលោក ស៊ុន ចន្ធី ក៏បានដឹកនាំគណបក្សនេះ និងក្លាយជាប្រធានស្របច្បាប់ក្រោយសមាជកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនោះដែរ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

