កាលពីថ្ងៃអាទិត្យ ទី១៩ ឧសភា ឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានធ្លាក់បណ្តាលឲ្យស្លាប់អ្នកដំណើរទាំងអស់នៅក្នុងឧទ្ធម្ភាគចក្រនោះ។
បណ្ដាញផ្សាយព័ត៌មានរបស់ប្រទេសអ៊ីរ៉ង់ បានចុះផ្សាយនៅថ្ងៃទី២០ ឧសភា នេះថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amirabdollahian ដែលជិះឧទ្ធម្ភាគចក្រតែមួយរួមគ្នា បានទទួលមរណភាពហើយ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ពួកគាត់បានធ្លាក់នៅពេលហោះឆ្លងកាត់តំបន់ព្រៃភ្នំមួយស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយ Azerbaijan កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា។
ប្រព័ន្ធផ្សព្វផ្សាយនៃទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលលោក Ebrahim Raisi ពិតជាបានធ្លាក់ដោយបណ្ដាលមកពីអាកាសធាតុចុះអ័ព្ទយ៉ាងខ្លាំង។
ប្រធានអឌ្ឍចន្ទក្រហមប្រទេសអ៊ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញឧទ្ធម្ភាគចក្ររបស់លោកប្រធានាធិបតី Ebrahim Raisi។
ប្រមុខអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ លោក Pirhossein Koolivand បានគូសបញ្ជាក់ដូច្នេះថា «ឧទ្ធម្ភាគចក្រត្រូវបានរកឃើញហើយ។ ឥឡូវ យើងកំពុងឆ្ពោះទៅកាន់ឧទ្ធម្ភាគចក្រ។ លោកបន្ថែមថាស្ថានភាពមិនល្អនោះទេ។
ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាបានធ្លាក់ បានដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងឲ្យមេដឹកនាំកំពូលអ៊ីរ៉ង់ សង្គ្រាជ Ayatollah Ali Khamenei ប្រចាំខេត្ត East Azerbaijan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ IRNA។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានផ្សាយថាមិនមានសញ្ញាណាមួយបង្ហាញថាលោកប្រធានាធិបតី លោក Ebrahim Raisi រួមទាំងអ្នកជិះនៅលើឧទ្ធម្ភាគចក្រនោះ នៅរស់រានមានជីវិតនោះទេ។
លោក Ebrahim Raisi និងក្រុមមន្ត្រីអមដំណើរលោក បានធ្វើដំណើរត្រឡប់មកពីធ្វើទស្សនកិច្ចនៅឯតំបន់ព្រំដែនអ៊ីរ៉ង់ ជាមួយនឹងប្រទេស Azerbaijan កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធទំនប់ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាហ្សេបៃហ្សង់ លោក Ilham Aliyev។ មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ សង្គ្រាជ Ayatollah Ali Khamenei បានប្រកាសឱ្យមានការកាន់ទុក្ខសរុបរយៈពេល ៥ថ្ងៃនៅទូទាំងប្រទេស ជូនវិញ្ញាណក្ខន្ធប្រធានាធិបតី លោក Ebrahim Raisi ដែលបានបាត់បង់ជីវិត។
លោក Khamenei បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយដោយបានប្រកាសឱ្យមានការកាន់ទុក្ខជាសាធារណៈរយៈពេល ៥ថ្ងៃ ហើយលោកសូមសម្ដែងការចូលរួមរំលែកទុក្ខទៅកាន់ប្រជាជនអ៊ីរ៉ង់។ លោក Khamenei បានបន្តថា ដោយស្របតាមមាត្រា១៣១ នៃរដ្ឋធម្មនុញ្ញរបស់អ៊ីរ៉ង់ អនុប្រធានាធិបតី លោក Mohammad Mokhber នឹងត្រូវទទួលបន្ទុកជាស្តីទីដឹកនាំស្ថាប័ននីតិប្រតិបត្តិ ហើយលោក Mokhber ក៏ត្រូវធ្វើការជាមួយប្រធានស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័នតុលាការ ដើម្បីរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅក្នុងរយៈពេល ៥០ថ្ងៃ ចាប់ពីពេលនេះទៅ។
បណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា បានចូលរួមកាន់ទុក្ខជាមួយប្រជាជនអ៊ីរ៉ង់។ ប្រទេសជាច្រើនទៀតក៏បានបញ្ចេញប្រតិកម្មជុំវិញការស្លាប់ប្រធានាធិបតីអ៊ីរ៉ង់ ផងដែរ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ហៅការស្លាប់លោក Ebrahim Raisi ជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជនអ៊ីរ៉ង់។ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានហៅលោក Ebrahim Raisi ថាជាមិត្តស្មោះត្រង់នឹងរុស្ស៊ី ដែលបានចូលរួមចំណែកដ៏ធំធេងក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគី។
តាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន CNN ឧទ្ធម្ភាគចក្រដែលដឹកប្រធានាធិបតីអ៊ីរ៉ង់ ជាប្រភេទ Bell-212 ផលិតនៅសហរដ្ឋអាមេរិក សម្រាប់ប្រើប្រាស់ក្នុងរជ្ជកាលព្រះចៅ Shah Mohammad Reza Pahlavi ដែលមានវ័យចំណាស់ តាំងពីទសវត្សរ៍១៩៦០ ហើយរើរោងចក្រទៅផលិតនៅប្រទេសកាណាដា នាឆ្នាំ១៩៨៦៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

