រាជរដ្ឋាភិបាលកម្ពុជាសម្រេចយកថ្ងៃទី៣ ខែមិថុនា ជាថ្ងៃថ្វាយព្រះភ្លើង និងជាថ្ងៃកាន់ទុក្ខផ្លូវការជាលើកទី២ ចំពោះព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ដោយតម្រូវឲ្យគ្រប់ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជន មន្ត្រីរាជការ និងពលរដ្ឋទូទាំងប្រទេស ត្រូវបង្ហូតចុះទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រមួយភាគបីលើដងទង់។
យោងតាមសារាចរណែនាំដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែឧសភា ដែលសារព័ត៌មាន The Cambodia Daily ទើបទទួលបាន ឲ្យដឹងថា ថ្ងៃទី៣ ខែមិថុនា ជាថ្ងៃកាន់ទុក្ខព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ជាលើកទី២។
ប្រភពដដែលបានអះអាងថា ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព រួមទាំងថ្ងៃកាន់ទុក្ខផ្លូវការជាលើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ខាងមុខ ដោយគ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជន មន្ត្រីរាជការ និងពលរដ្ឋទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ចុះក្រោមមួយភាគបី។
សារាចរណែនាំបានឲ្យដឹងទៀតថា ការសម្ដែង និងការចាក់ផ្សាយទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនាថ្ងៃទី៣ ខែមិថុនា ត្រូវតម្រូវឱ្យផ្អាកនៅគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់។ ក្បួនដង្ហែព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជ នៅថ្ងៃថ្វាយព្រះភ្លើង នឹងធ្វើដំណើរចេញពីវត្តឧណ្ណាលោម ដើម្បីឆ្ពោះទៅវាលព្រះមេរុ ឬហៅសាមញ្ញថា វាលមេន នៅខាងមុខវត្តបទុមវតី។
ក្បួនបង្ហែចាប់ផ្ដើមដង្ហែចេញពីវត្តឧណ្ណាលោម តាមបណ្ដោយផ្លូវតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅកាន់រមណីយដ្ឋានវត្តភ្នំ ដែលត្រូវបត់ឆ្វេងតាមវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) បង្សុកូលលើកទី១ នៅមុខវត្តភ្នំ រួចហើយក្បួនឆ្ពោះដំណើរបន្តទៅតាមបណ្ដោយមហាវិថីព្រះនរោត្តម (ផ្លូវលេខ៤១) ដើម្បីបង្សុកូលលើកទី២ នៅមុខធនាគារស្ថាបនា ទិសបស្ចិមវត្តសារាវ័នតេជោ។ បន្ទាប់មក ធ្វើដំណើរបន្តទៅវិមានឯករាជ្យ ដើម្បីបង្សុកូលលើកទី៣ នៅទិសបស្ចិមនៃវិមានឯករាជ្យ។ ក្បួនបន្តធ្វើដំណើរតាមទីសួនមុខវត្តបទុមវតី ដើម្បីរៀបចំកម្មវិធីថ្វាយព្រះភ្លើងព្រះបរមសព តាមបណ្ដោយមហាវិថីព្រះសីហនុ (ផ្លូវលេខ២៧៤) រួចបត់ឆ្វេងតាមបណ្ដោយមហាវិថីសម្ដេចសុធារស (ផ្លូវលេខ៣) ឆ្ពោះទៅទីតាំងប្រារព្ធពិធី។
សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងចូលទិវង្គតនៅវត្តឧណ្ណាលោម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ក្នុងព្រះជន្ម ៩៣ព្រះវស្សាដោយព្រះជរាពាធ ហើយរដ្ឋាភិបាលបានប្រកាសយកថ្ងៃកាន់ទុក្ខនៅថ្ងៃទី២៧ ខែកុម្ភៈ។
តាមការស្រាវជ្រាវអំពីសាវតារសង្ខេបរបស់ព្រះអង្គពីប្រភពផ្សេងៗ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស កើតឆ្នាំ១៩៣២ នៅខេត្តសៀមរាប ចូលរៀននៅសាលាវត្តបូណ៌ ក្នុងជន្មាយុ ១១ឆ្នាំ។ អាយុ ១៦ឆ្នាំ បួសនេន ហើយព្រះជន្ម ២១វស្សា បួសភិក្ខុ។ ព្រះអង្គសឹកក្នុងរបបខ្មែរក្រហម ហើយសាងផ្នួសវិញនៅឆ្នាំ១៩៧៩ បន្ទាប់ពីកងទ័ពយៀកណាម ផ្ដួលរំលំរបបខ្មែរក្រហម។ ព្រះអង្គជាប់ឆ្នោតជាតំណាងប្រជាជនបដិវត្តន៍ប្រចាំខេត្តសៀមរាប ហើយក្លាយជាអនុប្រធានសភាប្រជាជនបដិវត្តន៍នាឆ្នាំ១៩៨១។ សមណសក្តិជាសង្ឃរាជ ពុំមានប្រើទេក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ គេសម្គាល់សមណសក្តិត្រឹមតែប្រធានគណៈសង្ឃប៉ុណ្ណោះ។
ប្រភព Wikipedia សរសេរថា ឧបជ្ឈាបំបួសព្រះអង្គ ទេព វង្ស គឺលោកគ្រូចៅអធិការចាស់វស្សា កែត វ៉ាយ ប៉ុន្តែក្រោយមកក៏លាចាកសិក្ខាបទ ទុកតំណែងចៅអធិការវត្តទៅព្រះអង្គ ទេព វង្ស។ តាមប្រភពពីសាក្សីខ្មែរកម្ពុជាក្រោមមួយចំនួន គេថាព្រះសង្ឃយៀកណាម ដែលធ្លាប់ជាសិស្សសម្ដេចព្រះសង្ឃរាជ ជួន ណាត ហើយរត់គេចពីការមន្ទិលសង្ស័យថាមានទាក់ទងជាមួយចលនាយៀកមិញ ទាមទារឯករាជ្យពីបារាំង ហើយចង់ក្លាយជាសង្ឃនាយកលើខ្មែរក្រោម មកធ្វើជាឧបជ្ឈាបំបួសព្រះអង្គ ទេព វង្ស នាឆ្នាំ១៩៧៩។
ក្នុងរយៈពេលមានព្រះជន្មជាអ្នកបួសជិត ៥០ឆ្នាំ ទ្រទ្រង់ព្រះពុទ្ធសាសនាតាំងពីក្នុងរបបគ្រប់គ្រងបែបកុម្មុយនីស្ត មកដល់រាជាណាចក្រជារបបរាជាធិបតេយ្យអាស្រ័យធម្មនុញ្ញ ព្រះអង្គក៏បានទទួលការរិះគន់ពីពុទ្ធសាសនិកខ្មែរច្រើនណាស់ដែរ។ ខ្មែរខ្លះហៅព្រះអង្គជាសម្តេចសង្ឃ ៧មករា ខ្លះទៀតហៅព្រះអង្គ សង្ឃអាយ៉ង ពីព្រោះមានរូបភាពដែលព្រះអង្គសម្ដែងការគោរពកោតក្រែងសំពះជនជាតិយៀកណាម ទាំងប្រុសទាំងស្រី ហាក់បីដូចជាអ្នកមានគុណូបការៈលើព្រះអង្គឥតមានអ្វីប្រៀប។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែតភ្នំពេញប៉ុស្តិ៍ នាខែកក្កដា ឆ្នាំ២០០៦ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស មានបន្ទូលថា៖ ព្រះអង្គជាអ្នកបួសក្នុងព្រះពុទ្ធសាសនាប្រកបដោយក្តីសុខស្ងប់រំងាប់ក្នុងកាយ ហើយចង់ឲ្យអ្នកដទៃបានប្រកបនឹងក្តីសុខស្ងប់រំងាប់ដូចព្រះអង្គដែរ។
ទោះជាយ៉ាងណាក៏ដោយ ចំពោះអំពើ និងទង្វើរំលោភសិទ្ធិមនុស្សជាពុទ្ធសាសនិកខ្មែរពីសំណាក់រាជរដ្ឋាភិបាលដែលដំឡើងសមណសក្តិព្រះអង្គនោះ សម្តេច ទេព វង្ស មិនដែលសម្ដែងធម្មទេសនារំឭកដាស់តឿនអ្នកដឹកនាំនយោបាយខ្មែរឲ្យប្រកាន់ព្រះពុទ្ធោវាទតាមព្រហ្មវិហារធម៌ ឬតាមនាយកធម៌ឡើយ ពោលគឺព្រះអង្គធ្វើមិនឃើញ ធ្វើមិនដឹងមិនឮ ហាក់បីដូចជាការពារបិទបាំងកោតស្ញប់ស្ញែងអំពើទុច្ចរិតទៅវិញ។ ព្រះអង្គបានទទួលព្រះធម្មនាមជា ឧបេក្ខាសម្ពោជ្ឈង្គិកោ មានព្រះបរមងារក្នុងសមណស័ក្តិជា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ជាសម្តេចព្រះមហាសុមេធាធិបតីដូចសម្តេចសង្ឃរាជជំនាន់មុន ដូចជាសម្តេចសង្ឃរាជ ប្រាក់ ហ៊ិន ជួន ណាត ហួត តាត ដែរ ដែលសុទ្ធតែជាអ្នកប្រាជ្ញខ្មែរខាងពុទ្ធសាសនាថេរវាទ។ ចំពោះព្រះនាម ឧបេក្ខាសម្ពោជ្ឈង្គិកោ មានអ្នកចេះធម៌អាថ៌ខ្លះមិនអាចទទួលយកបាន ពីព្រោះឧបេក្ខាក្នុងព្រហ្មវិហារធម៌ទាំងបួន មានន័យថា៖ ផ្សាយសេចក្តីស្មោះស្មើទៅរកសព្វសត្វ (ឥតលម្អៀង) ពោលគឺខុសថាខុស ត្រូវថាត្រូវ (មិនខាន់ខាងណា) ដើម្បីឲ្យមានយុត្តិធម៌ក្នុងសង្គមជាតិ។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែតភ្នំពេញប៉ុស្តិ៍ ផ្សាយក្នុងសប្តាហ៍ពីថ្ងៃទី១៥-ទី១៨ ខែធ្នូ ឆ្នាំ២០០៦ ព្រះអង្គឆ្លើយនឹងសំណួរថា តើនាទីនៃព្រះពុទ្ធសាសនាក្នុងសង្គមមានអ្វីខ្លះ? ថាព្រះអង្គហាមប្រាមអ្នកនយោបាយមិនឲ្យធ្វើជាមនុស្សអាក្រក់។
សំណួរ៖ តើព្រះអង្គឈ្វេងយល់ដូចម្តេចចំពោះគណបក្សនយោបាយសព្វថ្ងៃនេះ?
“ព្រះអង្គឆ្លើយថា ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា គាំទ្រឲ្យមានបក្សច្រើន តែមិនឲ្យមានរបបច្រើន ដូច្នេះព្រះអង្គស្នើឲ្យបក្សតូចៗក្មេងខ្ចី ឬបក្សជាភ្ញៀវ កុំប្រឆាំងហួសព្រំដែននឹងម្ចាស់ផ្ទះ និងលទ្ធផល ៧មករា (១៩៧៩)។ ព្រះអង្គបន្តថា សាសនាត្រូវត្រួតពិនិត្យ កំណត់ និងពិចារណាធ្វើសហប្រតិបត្តិការនឹងរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយអំណាចពលរដ្ឋដែលឈានទៅរកការធ្វើកូដកម្ម បាតុកម្ម ភេរវកម្ម និងរដ្ឋប្រហារ។ ព្រះអង្គបន្ថែមទៀតថា មានតែបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបាននាំព្រះពុទ្ធសាសនាមកវិញ និងការពារព្រះពុទ្ធសាសនា។”
មកពីហេតុនេះហើយ បានជាមានពុទ្ធសាសនិកខ្មែរជាច្រើនចោទព្រះអង្គថាជា «សង្ឃ៧មករា» ព្រះអង្គបាត់បង់ធម៌ឧបេក្ខា ពីព្រោះព្រះអង្គលម្អៀងទៅខាងបក្សកាន់អំណាច ដែលប្រគេនឋានៈ និងគោរមងារដល់ព្រះអង្គ។ ជាមួយគ្នានោះ ព្រះអង្គក៏បានបញ្ជាឲ្យចាប់ផ្សឹកព្រះសង្ឃឯទៀត ដែលជួយយកអាសាសង្ឃរងទុក្ខបុកម្នេញភៀសកាយពីដែនដីកម្ពុជាក្រោម និងសង្ឃសកម្មជួយកិច្ចការសង្គមជាតិឲ្យគេយកទៅដាក់គុក៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

